ទទួលស្វាគមន៍គណៈប្រតិភូមានលោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះសាលា; សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលា; បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងសាលា; សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងសាលា និងបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សាពិគ្រោះសាលា ព្រមទាំងតំណាងថ្នាក់ដឹកនាំអង្គភាពចំណុះសាលា។
ផ្នែកខាងគណៈប្រតិភូមានឯកឧត្តម កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យចេនឡា; បណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការរងសាកលវិទ្យាល័យចេនឡា និងក្រុមការងារនៃសាកលវិទ្យាល័យចេនឡា ព្រះរាជាណាចក្រកម្ពុជា។
សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលាថ្លែងសុន្ទរកថា
សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលាមានប្រសាសន៍ថា៖ សាកលវិទ្យាល័យត្រាវិញចាប់ផ្តើមបណ្តុះបណ្តាលនិស្សិតកម្ពុជានៅឆ្នាំ ២០១២។ មកដល់ពេលនេះ សាលាបាននិងកំពុងបណ្តុះបណ្តាលនិស្សិតកម្ពុជាបានជាង១០០នាក់ដែលកំពុងសិក្សាទៅលើមុខជំនាញខុសៗគ្នា ក្នុងនោះមានមុខជំនាញផ្នែកសុខាភិបាល ដែលមាននិស្សិតជាច្រើនបានបញ្ចប់ការសិក្សា ទទួលសញ្ញាប័ត្រ និងត្រឡប់មកកម្ពុជាវិញ បំពេញការងារទាំងក្នុងប្រព័ន្ធរាជរដ្ឋាភិបាល ក៏ដូចជាឯកជន។ នេះគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សាលា រួមជាមួយនឹងការគាំទ្រដ៏មានតម្លៃពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសគឺក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។ សាលាតែងតែយកចិត្តទុកដាក់ក្នុងការកែលម្អ និងធ្វើបច្ចុប្បន្នភាពគុណភាពនៃកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអន្តរជាតិ។ សាលាតែងយកចិត្តទុកដាក់ដ៏ពិសេសចំពោះនិស្សិតអន្តរជាតិ ដើម្បីជួយអោយប្អូនៗ សម្របសម្រួលខ្លួនបានល្អទៅនឹងបរិយាកាសបណ្តុះបណ្តាលនៅសាកលវិទ្យាល័យត្រាវិញ បង្កើនឱកាសការងារសម្រាប់និស្សិតអន្តរជាតិបន្ទាប់ពីបញ្ចប់ការសិក្សា។ ប្រធានក្រុមប្រឹក្សាភិបាលសាលាសង្ឃឹមថា នាពេលអនាគត អង្គភាពទាំងពីរនឹងមានការរីកចម្រើនថែមទៀតលើកិច្ចសហប្រតិបត្តិការ។
ឯកឧត្តម កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យចេនឡា ថ្លែងសុន្ទរកថាក្នុងអង្គប្រជុំ
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យចេនឡា បានមានប្រសាសន៍ថា៖ កម្ពុជាតែងតែយកចិត្តទុកដាក់លើការថែទាំសុខភាពជូនប្រជាជន និងសហគមន៍ ហេតុដូច្នេះហើយការផ្តោតទៅលើលើកកម្ពស់សេវាវេជ្ជសាស្រ្តបម្រើជូនប្រជាជន និងការបណ្តុះបណ្តាល ធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងវិស័យថែទាំសុខភាព គឺជាភារកិច្ចចម្បងរបស់ក្រសួងសុខាភិបាល។ សាកលវិទ្យាល័យចេនឡា ជាគ្រឹះស្ថានបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា សាលាតែងតែខិតខំពង្រឹងធនធានមនុស្សក្នុងវិស័យសុខាភិបាល ដើម្បីនាំមកនូវផលប្រយោជន៍ជូនដល់សហគមន៍។
រដ្ឋលេខាធិការក្រសួងសុខាភិបាលសង្ឃឹមថា អនុស្សរណៈកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាពីមុនរវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យត្រាវិញនឹងត្រូវបានអនុវត្តជាបណ្តើរៗ នេះជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនៃការស្រាវជ្រាវ ផ្លាស់ប្តូរនិស្សិត គ្រូឧទ្ទេស និងផ្លាស់ប្ដូរបទពិសោធន៍រវាងអង្គភាពទាំងពីរ ក៏ដូចជាពង្រឹងថែមទៀតនូវចំណងមិត្តភាពកម្ពុជា-វៀតណាម។
ក្នុងកិច្ចប្រជុំនេះ សាកលវិទ្យាល័យត្រាវិញបានរាយការណ៍អំពីស្ថានភាពកិច្ចការជម្រើសនិស្សិត និងការបណ្តុះបណ្តាលនិស្សិតផ្នែកសុខាភិបាលនៅសាលា។ គណៈគ្រប់គ្រងនិស្សិតអន្តរជាតិនៃសាកលវិទ្យាល័យត្រាវិញ ផ្តល់គាំទ្រពីកន្លែងស្នាក់នៅ និងដោះស្រាយទាន់ពេលការលំបាកដល់និស្សិតកម្ពុជាដែលកំពុងសិក្សា និងស្នាក់នៅសាកលវិទ្យាល័យត្រាវិញ។ សាលាតែងតែរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ក្នុងឱកាស បុណ្យទានម្ដងៗ ផ្តល់ជូនអាហារូបករណ៍ដល់និស្សិតអន្តរជាតិ និងសកម្មភាពជាច្រើនទៀតដើម្បីជួយនិស្សិតកម្ពុជាសម្របខ្លួនក្នុងបរិយាកាសសិក្សា និងការរស់នៅនៅសាកលវិទ្យាល័យត្រាវិញ។
ភាគីទាំងពីរបានពិភាក្សាពីកម្មវិធីបណ្ដុះបណ្ដាលផ្នែកសុខាភិបាល និងផែនការអនុវត្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យត្រាវិញ ក្នុងការផ្លាស់ប្តូរនិស្សិត និងគ្រូឧទ្ទេស ចែករំលែកបទពិសោធន៍ក្នុងការសិក្សា ការបង្រៀន និងស្រាវជ្រាវវិទ្យាសាស្រ្ត...។
ថ្ងៃនេះដដែល គណៈប្រតិភូបានទៅទស្សនានៅមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ មហាវិទ្យាល័យ អង្គភាពចំណុះ និងទៅទស្សនារមណីយដ្ឋាននៅក្រុងត្រាវិញ។
លោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះនៃសាកលវិទ្យាល័យត្រាវិញ បានជូនវត្ថុអនុស្សាវរីយ៍ដល់ ឯកឧត្តម កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យចេនឡា និងលោកជំទាវ វ៉ាន់ សុផល សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យចេនឡា។
ឯកឧត្តម កែ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យចេនឡា ជូនផ្ទាំងគំនូរអនុស្សាវរីយ៍ដល់សាកលវិទ្យាល័យត្រាវិញ។
បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងសាកលវិទ្យាល័យត្រាវិញបានជូនវត្ថុអនុស្សាវរីយ៍ដល់បណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការរងសាកលវិទ្យាល័យចេនឡា។
អត្ថបទនិងរូបភាពដោយ៖ Tran Tram - Quang Vinh
ប្រែសម្រួលដោយ៖ Sa Phone