ខាងក្រុមហ៊ុន Yakult វៀតណាម មានការចូលរួមរបស់លោកស្រី Quach Thi Thu Suong នាយិកាក្រុមហ៊ុន Yakult វៀតណាមប្រចាំទីក្រុងកឹនធើ; លោកស្រី Nguyen Thi My Huyen ប្រធានការិយាល័យទូរគមនាគមន៍និងវិទ្យាសាស្រ្ត; លោកស្រី Huynh Thi Minh Thu ទទួលបន្ទុកខាងទូរគមនាគមន៍និងវិទ្យាសាស្រ្ត និងលោក Phan Tan Thanh គ្រប់គ្រងអគារលក់ដូរ Yakult នៅត្រាវិញ។
ទទួលគណៈប្រតិភូមានអនុបណ្ឌិត Nguyen Van Tho ព្រឹទ្ធបុរសរងមហាវិទ្យាល័យកសិកម្មនិងវារីវប្បកម្ម; លោកស្រី Nguyen Thi Hong Tham នាយិកាមជ្ឃមណ្ឌលបច្ចេកវិទ្យាក្រោយប្រមូលផល មួយអន្លើដោយគ្រូឧទ្ទេសមហាវិទ្យាល័យកសិកម្មនិងវារីវប្បកម្ម ព្រមទាំងនិស្សិតបណ្ដាថ្នាក់បរិញ្ញាបច្ចេកវិទ្យាចំណីអាហារ បច្ចេកវិទ្យាជីវសាស្រ្ត និងបសុពេទ្យ។
អនុបណ្ឌិត Nguyen Van Tho ព្រឹទ្ធបុរសរងមហាវិទ្យាល័យកសិកម្មនិងវារីវប្បកម្មថ្លែងអំណរគុណដល់ក្រុមហ៊ុន Yakult វៀតណាមដែលមានកិច្ចផ្ដល់ប្រឹក្សាឧទ្ទេសនាមការងារនិងពិគ្រោះដោះដូរជាមួយនិស្សិតសាកលវិទ្យាល័យត្រាវិញ។ ក្នុងពេលអនាគត សាលាមានបំណងនឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីបង្កលក្ខណៈឲ្យនិស្សិតធ្វើកម្មសិក្សា ធ្វើទស្សនាកិច្ចសិក្សានូវបរិស្ថានធ្វើការរបស់ក្រុមហ៊ុន។
ក្នុងឱកាសនេះ លោកស្រី Huynh Thi Minh Thu បានឧទ្ទេសនាមពីប្រវត្តិនៃការបង្កើត ទម្រង់សកម្មភាព គោលនយោបាយ បរិស្ថានធ្វើការ បទប្បញ្ញត្តិ លក្ខន្តិកៈ លក្ខខណ្ឌ នីតិវិធីនៃការជម្រើសបុគ្គលិក តួនាទីនៃការងារសម្រាប់បេក្ខជនសូមចូលធ្វើការក្នុងក្រុមហ៊ុននិងសង្ឃឹមថាក្នុងពេលខាងមុខ ក្រុមហ៊ុននឹងជម្រើសនិស្សិតឆ្នើមៗនៃសាកលវិទ្យាល័យត្រាវិញ។
នៅក្នុងពិធីចែករំលែក គ្រូឧទ្ទេសនិងនិស្សិតបានការណែនាំទស្សនាក្រុមហ៊ុន Yakult វៀតណាមតាមបណ្ដាញអនឡាញ។ ស្វែងយល់ពីបណ្ដាជំហានផលិតទឹកដោះជូរ Yakult និងផ្ដល់ចំណេះដឹងអំពី Probiotic ប្រសិទ្ធភាពជំនួយសុខភាពរបស់ Yakult ដល់អ្នកប្រើប្រាស់។ ទន្ទឹមនោះ បណ្ដានិស្សិតចូលរួមដោះដូរ ស្ដាប់ផ្ដល់ប្រឹក្សាអំពីឱកាសការងារនិងរបៀបដាក់ពាក្យជម្រើសចូលបណ្ដាការងារក្នុងក្រុមហ៊ុន Yakult វៀតណាម។
និស្សិត Lam Ngoc Chau ថ្នាក់បរិញ្ញាបច្ចេកវិទ្យាចំណីអាហារឆ្នាំ២០២១ បានចែករំលែកថា៖ “កម្មវិធីផ្ដល់ប្រឹក្សាឧទ្ទេសនាមការងាររបស់ក្រុមហ៊ុន Yakult បានផ្ដល់ឲ្យប្អូននូវពត៌មានយ៉ាងសំខាន់អំពីទីផ្សារការងារ ឱកាសអាជីព និងតម្រូវការអំពីការងារក្នុងការផលិត។ តាមរយៈនោះ ជួយឲ្យប្អូនដឹងច្បាស់ពីគោលដៅជាក់ស្ដែងនិងត្រៀមផែនការសម្រាប់ការងារក្នុងពេលអនាគត។”
Yakult Honsha ជាក្រុមហ៊ុនមួយក្នុងបណ្ដាក្រុមហ៊ុនចម្បងនៃប្រទេសជប៉ុនហើយជាក្រុមហ៊ុនឈានមុខក្នុងវិស័យ Probiotics. Yakult បានបង្កើតចេញដោយអ្នកវិទ្យាសាស្រ្តជំប៉ុន Minoru Shirota ជាអ្នកបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Kyoto នាឆ្នាំ១៩៣០។ ឆ្នាំ១៩៣៥ លោកចាប់ផ្ដើមផលិតនិងលក់ Yakult។ បច្ចុប្បន្ន Yakult Honsha កំពុងធ្វើអាជីវកម្មផលិតផលទាំង៣ធុនជាចម្បងគឺ ចំណីអាហារនិងភេសជ្ជៈគ្រឿងថែរក្សាសម្ផស្ស និងឱសថ។ Yakult បានលក់ចេញ ចំនួន៣៨ប្រទេសលើពិភពលោក។
អត្ថបទដោយ៖Hanh Nguyen
ប្រែសម្រួលដោយ៖ Son Van Dong