(TVU) - នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា និងគណៈប្រតិភូបានមកធ្វើការនៅសាកលវិទ្យាល័យត្រាវិញ ពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ប្រឹក្សាពិគ្រោះ ការស្រាវជ្រាវវិទ្យាសាស្ត្រ ដោះដូរ និងផ្សព្វផ្សាយវប្បធម៌នៃប្រទេសទាំងពីរ។ សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលា និងតំណាងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាលាបានស្វាគមន៍បដិសណ្ឋារៈ។
ថ្លែងសុន្ទរកថាក្នុងកិច្ចជំនួប សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh មានទំនុកចិត្តថា ស្ថានកុងស៊ុលឥណ្ឌាប្រចាំការនៅទីក្រុងហូជីមិញ នឹងបន្តសហការ ឧបត្ថម្ភគាំទ្រថែមទៀត ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ប្រឹក្សាពិគ្រោះ ស្រាវជ្រាវវិទ្យាសាស្ត្រ ដោះដូរ និងផ្សព្វផ្សាយវប្បធម៌រវាងប្រទេសទាំងពីរមួយថ្ងៃកាន់តែប្រសើរឡើង។
សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលាថ្លែងសុន្ទរកថាក្នុងកិច្ចជុំនួប
ភាគីទាំងពីរបន្តកិច្ចពិភាក្សាអនុវត្តផែនការសហប្រតិបត្តិការជាក់លាក់នាពេលខាងមុខ ស្តីពីការផ្លាស់ប្តូរនិស្សិត និងបុគ្គលិក គ្រូឧទ្ទេស រវាងសាកលវិទ្យាល័យត្រាវិញ និងវិទ្យាស្ថាន សាកលវិទ្យាល័យនៅប្រទេសឥណ្ឌា។ ផ្ដល់ជូនអាហារូបករណ៍បណ្ដុះបណ្ដាលវគ្គខ្លី និងវគ្គបណ្ដុះបណ្ដាលរយៈពេលវែងនៅគ្រប់កម្រិតសិក្សាសម្រាប់និស្សិត និងគ្រូឧទ្ទេសទៅសិក្សានិងស្រាវជ្រាវនៅប្រទេសឥណ្ឌា។ ជំរុញកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈស្តីពីការអប់រំ និងបណ្តុះបណ្តាល ប្រឹក្សាពិគ្រោះ និងស្រាវជ្រាវលើវិស័យវិស្វកម្មមេកានិច បច្ចេកវិទ្យាព័ត៌មាន សុខាភិបាល។ល។ សហការគ្នារៀបចំព្រឹត្តិការណ៍ និងកម្មវិធីជជែក ជាពិសេសរៀបចំពិធីតាំងពិព័រណ៍វប្បធម៌ «ទិវាឥណ្ឌា» នៅសាកលវិទ្យាល័យត្រាវិញ នៅចុងខែមីនា ឬដើមខែមេសា តាមទម្រង់អនឡាញ និងដោយផ្ទាល់។
លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញ និងអង្គភាពឥណ្ឌា ហើយនឹងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីអនុវត្ត លើកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានពិភាក្សានាពេលខាងមុខ។
លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា (ខាងឆ្វេង)
ក្នុងឱកាសនេះដែរ លោក Madan Mohan Sethi និងគណៈប្រតិភូបានទៅទស្សនាបរិវេណសាកលវិទ្យាល័យត្រាវិញ និងជ្រុងទីតាំងប្រទេសឥណ្ឌា នៅមជ្ឈមណ្ឌលឯកសារ និងអភិវឌ្ឍន៍ការបង្រៀន និងរៀន។
អត្ថបទដោយ៖ Hạnh Nguyen – Hoang Tinh
ប្រែសម្រួលដោយ៖ Sa Phone