បុណ្យកឋិនទាន
- សេចក្ដីលម្អិត
- ជំពូក៖ ឯកសារស្រាវជ្រាវ
- ចេញផ្សាយនា 30 ឧសភា 2013
- ចុចដង៖ 5840
ចាប់តាំងពីថ្ងៃ០១រោចខែអស្សុជ ដល់ថ្ងៃពេញបូណ៌មីខែកត្តិក ពុទ្ធសាសនិកជនតែងនាំគ្នាធ្វើកឋិនទានដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈកាល៣ខែ។
បុណ្យកិឋិនទានជាបុណ្យពុទ្ធានុញ្ញាតមួយ ព្រោះព្រះសង្ឃមានស្បង់ចីវរមិនស្អាតដោយប្រលាក់ភក់ ទទឹកទឹកភ្លៀង នៅពេលដែលលោកនិមន្តបិណ្ឌបាតនៅរដូវចេញវស្សា ទើបព្រះពុទ្ធទ្រង់អនុញ្ញាតឱ្យព្រះសង្ឃទទូលត្រៃចីវរអំពីទាយកទាយិកាដែលស្ម័គ្រចិត្តវេរប្រគេន។
ហេតុនេះទើបនៅក្នុងបុណ្យកឋិនមានត្រៃចីវរជាប្រធានលើគ្រឿងបរិក្ខារឯទៀតទាំងអស់ មានបាត្រ គ្រែ កន្ទេល ខ្នើយ មុង ចាននិងប្រដាប់សម្រាប់ព្រះសង្ឃប្រើប្រាស់ជាដើម។
ដោយពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងស្មារតីភ្ញាក់រលឹកយល់ត្រូវក្នុងការបរិច្ចាគទានសន្សំកុសល ឯកជនឬក្រុមគ្រួសារណាមួយ អាចនាំគ្នាប្រមូលលុយកាសដើម្បីហែអង្គកឋិនទៅចូលវត្តណាមួយដែលខ្លួនស្ម័គ្រ ហើយបានទៅទាក់ទង ទូលព្រះចៅអធិការវត្តទុកជាមុន កុំឱ្យព្រះអង្គទទូលគេទៀត។ វត្តនិមួយៗ មានអំណាចទទូលបានតែកឋិនមួយទេក្នុងមួយឆ្នាំ។ ធម្មតាគេច្រើនរើសរកវត្តណាដែលខ្សត់ខ្សោយជាងគេ។
មុនថ្ងៃចូលបុណ្យពីរបីថ្ងៃ សាមីដើមបុណ្យនិងអ្នកស្រុកជិតខាងបានសាមគ្គីគ្នារៀបចំរោងបុណ្យតាមទំនៀមទំលាប់ខ្មែរ។ នៅរាត្រីថ្ងៃចូលបុណ្យគេនិមន្តព្រះសង្ឃចំរើនព្រះបរិត សម្តែងធម៌ទេសនា ពុទ្ធពិសេក។ ព្រឹកស្អែកឡើងនិមន្តព្រះសង្ឃទទូលភត្តឧទ្ទិសភាគផល លុះដល់ម៉ោង១១ថ្ងៃត្រង់ គណៈកម្មការនឹងរៀបចំក្បួនដង្ហែអង្គកឋិនឆ្ពោះទៅកាន់វត្តដើម្បីវេរប្រគេនព្រះសង្ឃ។ អ្នកទៅបុណ្យស្លៀកពាក់យ៉ាងល្អៗ យុវ័ន យុវតី កុមារារីស្លៀកពាក់ថ្មីៗ ដៃកាន់ស្លាធម៌ កាន់ទង់សាសនា ទ្រង់ក្រពើ ឧបាសក-ឧបាសិកាស្ពាយ បាត្រ ទូលត្រ័យ ដោយទឹកចិត្តបរិសុទ្ធរួមគ្នាកសាងកុសលបូជាព្រះរតនត្រ័យ ដើម្បីប្រាថ្នាសុំឱ្យបានសេចក្តីសុខ សេចក្តីចំរើន អាយុយឺនយូរ មានទ្រព្យសម្បត្តិ និងសុំឱ្យទៅកើតក្នុងទេវលោក។
ពេលទៅដល់វត្ត គេហែអង្គកឋិនប្រទក្សិណព្រះវិហារ៣ជុំ ដោយមានក្រុមឆៃយ៉ាំ និងក្រុមភ្លេងពិណពាទ្យយ៉ាងឱឡារិក។ ហែប្រទក្សិណគ្រប់៣ជុំហើយ ក្បួនហែចូលទៅក្នុងព្រះវិហារ គេរៀបបរិក្ខារទាំងអស់ចំពោះមុខព្រះភ័ក្រ្តព្រះសង្ឃ។ ទាយកទាយិកានាំគ្នានមស្ការព្រះរតនត្រ័យ រួចអារាធនាសមាទានសិល។ បន្ទាប់មកអាចារ្យរៀបវេរអង្គកឋិនព្រមទាំងគ្រឿងបរិក្ខារជាបរិវារកឋិនប្រគេនព្រះសង្ឃ ព្រះសង្ឃទទូលហើយក៏ធ្វើកិច្ចបង្វែរប្រគេនចំពោះភិក្ខុសង្ឃមួយអង្គ ដែលចេះដឹងយល់ច្បាស់ក្នុងកិច្ចក្រាលគ្រងកឋិនឱ្យទទូលបំពេញកិច្ចនោះតាមច្បាប់វិន័យជាកិច្ចឆ្លងបុណ្យ។