អំពី​ខ្លែង​ខ្មែរ

ជាបឋម​សូមជម្រាបថា ជានិច្ចកាល ការហោះហើរ​ដើរ​លើ​អាកាស ជាការ​ស្រមៃ​ឬ​សេចក្តីប៉ងប្រាថ្នា របស់​មនុស្ស​គ្រប់​សញ្ជាតិ​ទាំងអស់​ ដូចជា​ជនជាតិ​ក្រិច​បុរាណ​ក្នុងករណី អ៊ី​កា​រ៍ (Icare) ជាដើម ក៏ប៉ុន្តែ​មិនបាន​ជោគជ័យ​ជា​ស្ថាពរ​នោះទេ ។ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៩០៤ ទើប​គម្រោងការ​នេះ ទទួលបាន​នូវ​ជោគជ័យ​ជា​លើកដំបូង​បង្អស់ ។ តាមពិតទៅ​គឺ​កងទ័ពជើងគោក​អង់គ្លេស​ទេ ដែល​បាន​បង្កើត​មុនគេ​នូវ​ខ្លែង​មួយ​យ៉ាង​ធំ ដើម្បី​សង្កេតការណ៍ ដោយមាន​ផ្ទុក​មនុស្ស​នៅ​ជាមួយ​ផង ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ជោគជ័យ​នេះ​មិនមែនជា​សមិ​ទ្ធ​ផល​របស់​ជនជាតិ​អង់គ្លេស​តែម្នាក់ឯង​នោះទេ​។ ដោយហេតុថា ខ្លែង​ត្រូវ​បានប្រសូត​ឡើង​នៅលើ​ទឹកដី​ចិន​ឯណោះ​ ​ជា​លើកដំបូង​បង្អស់​។​

​ការផ្តួចផ្តើម​ប្រើ​ខ្លែង​លើកដំបូង ត្រូវបាន​អនុវត្ត​ឡើង​ជាង ២០០០​ឆ្នាំ មក​ហើយដោយ​ជនជាតិ​ចិន ដើម្បី​បញ្ជូន​សញ្ញា​ឬ​សារ​ ជំនួស​ការប្រើ​ផ្សែងភ្លើង រវាង​កងទ័ព​ជិត​ឆ្ងាយ ។ ជាពិសេស​ក្នុង​រជ្ជកាល​ហាន់ (២០០​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ ដល់ ២០០​ឆ្នាំ ក្រោយ​គ្រឹ​ស្ត​សករាជ កងទ័ព​ចិន​បាន​ផលិត​ខ្លែង​ចម្បាំង អមដោយ​បំពង់​ឫស្សី ដែល​ពេល​ហោះ​បញ្ចេញ​នូវ​សម្លេង ដើម្បី​បំបាក់ស្មារតី​បច្ចាមិត្ត ពិសេសចំពោះទា​ហាន ដែល​ទើបតែ​ចូល​បម្រើ​ថ្មីៗ​ក្នុង​ជួរ​ទ័ព  ជាហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​រត់​ខ្ចាត់ខ្ចាយ ព្រោះ​ខ្វះ​បទពិសោធន៍​ និង​សេចក្តី​អង់អាច​ក្លាហាន ។​
​    ​នៅ​សម័យ​នគរ​ភ្នំ​កាលពីដើម​ស​.​វ​ទី​១ ដល់​ស​.​វ​ទី​៧ នៃ​គ​.​ស ជនជាតិខ្មែរ​ក៏​ចេះ​បង្ហោះ​ខ្លែង​ដែរ ដោយ​យក​ខ្លែង​ចិន​ជា​តួយ៉ាង ។ គឺ​ក្នុង​អន្តរកាល​នេះហើយ ដែល​កប៉ាល់​ប៉ាស៊ីហ្វិក ប្រទេស​ឥណ្ឌា​និង​ប្រទេស​អឺរ៉ុប​មួយចំនួន បានទទួល​ប្រពៃណី​ខ្លែង​នេះ​ពី​ចិន​ដែរ ។ ការផ្សព្វផ្សាយ​វប្បធម៌​ខ្លែង​នេះ​បាន​ធ្វើឡើង​ដោយសារ វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ​និង​តាមផ្លូវ​ទូក រវាង​ប្រទេស​ចិន​និង​ប្រទេស​ទាំងអស់នោះ ។ នៅ​សតវត្សរ៍​ទី​១២ ជនជាតិ​អឺរ៉ុប​ថែមទាំង​ចេះ​ធ្វើ​ខ្លែង បញ្ចេញ​សម្លេង​ជា​ភ្លេង​ផង ដោយ​ចោះ​រន្ធ​ខ្យល់​និង​រិត​បន្តឹង​ខ្សែ​លើ​តួ​ខ្លែង ម្ល៉ោះហើយ​នៅពេលដែល​ប៉ះ​នឹង​ខ្យល់ ក៏​បង្កើតបានជា​សម្លេង​តូរ្យតន្ត្រី​តែម្តង ។​

គំនូរ​ក្លែង​ទាំង​បួន​ប្រភេទ របស់​ខ្មែរ រូបថត​របស់​នាយក​ដ្ឋា​ន​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តសៀមរាប និង រូបភាព : Far Eastern Economic Review 8 may 1989, BKK
ជនជាតិដាច់ឆ៍ (Dutch) ពេញនិយមខ្លែង​យ៉ាងខ្លាំង​ ។ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៧៤៩ ទើប​មាន​ការប្រើ​ខ្លែង​ក្នុង​ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដោយ​លោក អា​ឡែក​សាន់ដឺ​ វិ​លសុន​ (Alexander Wilson) នៃ​ប្រទេស​ស្កុ​ត​លែន (Scotland) និង​លោក តូម៉ាស ​ម៉ែ​ល​វិល (Thomas Melwill) ដែល​បាន​ប្រើ​ខ្លែង​ធ្វើជា​ឧបករណ៍​វាស់​អាកាសធាតុ​។ 
​សូម​រំលឹកថា នៅ​ស​.​វ​ទី​១៣-១៤ លោក ម៉ា​ក់កូ ប៉ូ​ឡូ (Marco Polo) ក៏បាន​ពិពណ៌នា​អំពី​ការនិយម​ខ្លែង​ដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ភូមិភាគ​អាស៊ីអាគ្នេយ៍​។​
​សព្វថ្ងៃនេះ​តួនាទី​របស់​ខ្លែង ដែលជា​ឧបករណ៍​សង្កេតការណ៍​ក្នុង​ជួរ​ទ័ព ត្រូវបាន​បញ្ចប់​ដោយ​ការលូតលាស់​ខាង​វិ​ទ្យ​សាស្ត្រ ហើយ​ខ្លែង​គ្រាន់តែ​នៅ​រក្សា​តួនាទី​ជា​ល្បែង​លេង​កំសាន្ត​ចិត្ត​ប៉ុណ្ណោះ ។​

 

​អំពី​ប្រភេទ​ខ្លែង​ខ្មែរ​

​    ​ដូច​ពោល​ខាងលើ​ខ្លែង​មាន​ប្រភព ចេញពី​ប្រទេស​ចិន​យ៉ាង​ប្រាកដ ហើយ​បាន​មកដល់​ប្រទេស​ខ្មែរ តាម​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​សម័យ​វប្បធម៌​នគរ​ភ្នំ ឬ​ហ្វូណន  ហើយ​ចាប់ពី​នោះមក ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​ ការ​បង្ហោះ​ខ្លែង ក៏​ក្លាយជា​ទំនៀមទម្លាប់​របស់​ខ្មែរ​ទៅ ។​
​    ​ដូចនេះ​ប្រភព​ចិន​នៃ​ខ្លែង​ខ្មែរ មិនមែនជា​សម្មតិកម្ម​ទេ ក៏ប៉ុន្តែ​ជា​ព្រឹត្តិការណ៍​ពិត ដែល​បាន​កន្លងផុត​ទៅក្នុង​អតីតកាល​ដ៏​យូរលង់​។ អ្វីដែល​សំខាន់​នោះ គឺ​ជនជាតិខ្មែរ​ដែល​ប្រកបដោយ​ប្រាជ្ញា​វាងវៃ បាន​កែច្នៃ​ខ្លែង​មកពី​នាយ​ឲ្យ​សម​ស្របតាម​លក្ខណៈ​ជាតិ​របស់ខ្លួន​។ ដូច្នេះហើយ​បានជា​ខ្លែង​ខ្មែរ មាន​លក្ខណៈ​ខុសពី​ខ្លែង​ចិន​យ៉ាង​ប្រាកដ ។ កុំភ្លេចថា នៅ​ចុង​ស​.​វ​ទី​៦ សិលាចារឹក​នៅ​វាល​កន្ទេល ចារ​ឡើង​ក្នុង​រាជ​របស់​ព្រះបាទ​ភ​វ​វរ្ម័នទី​១ បាន​ឲ្យ​ដឹងថា មាន​ដ​ង្វា​យ​ជា​ខ្លែង​និង​ព្រះគម្ពីរ​ពីរ គឺ​រឿង​រាមកេរ្តិ៍ និង​មហាភារតៈ ទៅ​ចំពោះ​ព្រះអាទិទេព​នៃ​ព្រហ្មញ្ញសាសនា​ផងដែរ ។​
​    ​ជាទូទៅ ខ្លែង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បង្ហោះ​មាន ៤ ប្រភេទ គឺ​ខ្លែងឯក ឬ​ខ្លែង​ព្នង ខ្លែង​ប្រ​ម៉​ង់ ខ្លែង​ហៅ​ប៉ៅ និង​ខ្លែង​កណ្តូង ។ ដូច្នេះ​តទៅ​នេះ យើង​នឹង​សូម​អ​ធិ​ប្យា​យ​នូវ​ប្រភេទ​ខ្លែង​នីមួយៗ ។​

​    ​ក​- ខ្លែងឯក​ ឬ​ខ្លែង​ព្នង​    ​
​    ​ចំពោះ​ខ្លែង​នេះ ដែល​សំខាន់​ជាង​ប្រភេទ​ខ្លែង​ដ៏ទៃទៀតៗ ដោយ​ទំហំ​របស់​វា​មានតែ​មនុស្ស​ម​ជ្ឈឹ​ម​វ័យ ឬ​មាន​ចំណាស់​ទេ ដែល​អាចធ្វើ​និង​បង្ហោះ​វា​បាន ។ ដើម្បី​ធ្វើ​ខ្លែងឯក គេ​ត្រូវការ​នូវ​ចំណាយ​ជាច្រើន ពីព្រោះ​វា​ពិបាកធ្វើ​ណាស់ ។ សូមបញ្ជាក់ថា បុព្វហេតុ ដែល​បណ្តាល​ឲ្យ​គេ​ហៅ​ឯក គឺ​មកពី​ខ្លែង​នោះ​អាច​បន្លឺសម្លេង​បាន ដោយសារ​ប៉ី​ឯក ដែល​គេ​ដាក់​លើ​ក្បាល​ខ្លែង ដើម្បី​បញ្ចេញ​សម្លេង​ដ៏​ពិ​រោះ​រណ្តំ​តាម​ចង្វាក់​ពាក្យ ៥.៦.​ឬ​៧ ។​

ខ្លែង​ព្នង ឬ ខ្លែងឯក រូបថត​របស់​នាយក​ដ្ឋា​ន​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តសៀមរាប​


​    ​ខ​- ខ្លែង​ប្រ​ម៉​ង់ ខ្លែង​ហៅ​ប៉ៅ និង​ខ្លែង​កណ្តូង     ​
​    ​ខ្លែង​ប្រ​ម៉​ង់ ភាគច្រើន​បង្ហោះ​លេង​ដោ​យក​ម្លោះ ឬ​កុមារ​នៅ​រដូវរំហើយ ពី​ខែបុស្ស​ដល់​ខែ​ផល​គ្គុណ ពោលគឺ​ក្រោយពី​ច្រូតកាត់​រួច ។ តែ​បុរស​ក៏​និយម​ដែរ​សម្រាប់​ល្បួង​គូសង្សា​របស់គេ​ ដោយ​បង្ហោះ​ខ្លែង​ទៅជិត​ផ្ទះ​ស្ត្រី អមដោយ​ចម្រៀង​ស្នេហា​ផង ។ 

ខ្លែង​ប្រ​ម៉​ង់ ខ្លែង​ហៅ​ប៉ៅ និង ខ្លែង​កណ្តូង រូបថត​របស់​នាយក​ដ្ឋា​ន​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តសៀមរាប​


រីឯ​ពាក្យពេចន៍​ដ៏​ពិ​រោះ​នោះ​មាន​ដូចតទៅ ៖ 
​    ​១- ខ្លែង​អើយ ឱ​ពាក្យ​ខ្លែង (២​ដង​) បង​បន្លាយ​ឲ្យ​ខ្លែង​វែង​តាមចិត្ត​ខ្លែង​ប្រឹង​
​    ​២- បើ​ហែក ឱ​ក្រដាស​ឲ្យ​នៅសល់តែ​ឆ្អឹង (២​ដង​) តាមចិត្ត​ខ្លែង​ប្រឹង ទាន់​ជំនោរ​ក​ក្តិ​ក​ថ្មី ។​ល​។​៕F
(​ម​.​ត្រា​ណេ​)

ទីតាំង​របស់​អ្នក៖ ទំព័រដើម ឯកសារ​ស្រាវ​ជ្រាវ អំពី​ខ្លែង​ខ្មែរ