រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មាននិស្សិតប្រមាណជាង១២០០នាក់ បានចូលរួមសំណេះសំណាលផ្ទាល់ជាមួយនឹងគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាសាកលវិទ្យាល័យ គណៈអធិការសាកលវិទ្យាល័យ សម្ពន្ធយុវជន សមាគមនិស្សិត គណៈគ្រប់គ្រងនៃបណ្តាការិយាល័យ មហាវិទ្យាល័យ មជ្ឈមណ្ឌលក្រោមចំណុះ។ លោកបណ្ឌិត សាស្ត្រាចារ្យរង ផាម ទៀត ខាញ់ សាកលវិទ្យាធិការនិងជាលេខាធិការគណៈកម្មាធិការបក្សសាកលវិទ្យាល័យ បានអញ្ជើញចូលរួមនិងទទួលស្តាប់យោបល់ ព្រមទាំងដោះស្រាយនូវចម្ងល់ក៏ដូចជាបំណងប្រាថ្នារបស់ប្អូនៗនិស្សិត ។
មានប្រសាសន៍បើកអង្គជំនួប លោកបណ្ឌិតសាកលវិទ្យាធិការ មានបំណងចង់ឱ្យប្អូនៗនិស្សិតបញ្ចេញនូវបំណងប្រាថ្នា បញ្ហាចំណាប់អារម្មណ៍ក្នុងដំណើរការសិក្សា ស្រាវជ្រាវនៅសាកលវិទ្យាល័យ ឆ្លងតាមរយៈនោះ គណៈចាងហ្វាងសាកលវិទ្យាល័យ និងថ្នាក់ដឹកនាំបណ្តាការិយាល័យ មហាវិទ្យាល័យមានកំណែតម្រូវបន្ត ដើម្បីបង្កើនគុណភាពបម្រើការសិក្សារបស់ប្អូនៗកាន់តែប្រសើរឡើង។
ឆ្លើយតបបំណងរបស់លោកសាកលវិទ្យាធិការ ប្អូនៗនិស្សិតបានពិភាក្សាយ៉ាងរួសរាយនិងបញ្ចេញយោបល់បង្ហាញពីភាពជាក់ស្តែង ក៏ដូចជាផ្ដល់គំនិតរបស់ខ្លួនចំពោះសកម្មភាពបណ្ដុះបណ្ដាល និង អភិវឌ្ឍសាកលវិទ្យាល័យ ឱ្យកាន់តែរីកចម្រើន។
ទាក់ទងជាមួយសកម្មភាពបណ្ដុះបណ្ដាល និស្សិតជាច្រើនរូបមានចម្ងល់អំពីរបៀបសិក្សាតាមក្រេឌិត សិក្សានូវបណ្តាវិញ្ញសាដើម្បីបញ្ចប់កម្មវិធីសិក្សាមុនពេលកំណត់។
ក្នុងបញ្ហានេះ លោកអនុបណ្ឌិត ផាម ទ្រុង អៀនប្រធានការិយាល័យសិក្សាបានឱ្យដឹងថាសិក្សាតាមក្រេឌិត អាចនឹងកាត់បន្ថយរយៈពេលសិក្សា។ ម៉្លោះហើយ និស្សិតអាចចុះឈ្មោះរៀនមុខវិជ្ជាមួយចំនួនក្នុងឆ្នាំសិក្សាទី១ជាមុន ហើយបំពេញដំណាក់កាលសិក្សាចុងក្រោយក្នុងឆ្នាំសិក្សាទី៣។ ប៉ុន្តែ លោកក៏បានបញ្ជាក់ និស្សិតគប្បីរៀបចំពេលវេលាសមស្រប ដើម្បីធានាជំរឿនការសិក្សា ហើយសាកលវិទ្យាល័យ នឹងផ្តល់ការទទួលស្គាល់បញ្ចប់កម្មវិធីសិក្សាតាមនីតិវិធី។
ការបង់ប្រាក់សាលា ក៏ជាបញ្ហាមួយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់និស្សិត អាណាព្យាបាល ក៏ដូចជាប្អូនៗជាបេក្ខសិស្សមានបំណងចូលសិក្សានៅទីនេះដែរ ក្នុងដំណាក់កាលសាកលវិទ្យាល័យត្រាវិញគ្រប់គ្រងថវិកាដោយខ្លួនឯង។
ប្អូន ឡេ ធី ហៀន ជានិស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសួរថា តើបច្ចុប្បន្នការប្រមូលប្រាក់សាលាត្រូវបានអនុវត្តដូចម្តេច?
ឆ្លើយតបសំនួរនេះ លោកស្រី ង៉ោ សុភាអនុប្រធានការិយាល័យផែនការ ហិរញ្ញកិច្ច បានឱ្យដឹងថា៖ សាកលវិទ្យាល័យត្រាវិញ ត្រូវបាននាយករដ្ឋមន្រ្តីប្រគាល់អនុវត្តជាគំរូនូវបន្លាស់ប្តូរបែបបទគ្រប់គ្រង មានន័យថា សាកលវិទ្យាល័យ បានឈានចូលដំណាក់កាលគ្រប់គ្រងថវិកាដោយផ្ទាល់ខ្លួន។ ការប្រមូលប្រាក់សាលា ត្រូវបានអនុវត្តជាទួទៅ ក្នុងកម្រិតក្រោមពី៧០%នៃកំណត់របស់រដ្ឋាភិបាល។ ជាក់ស្តែង កម្រិតប្រាក់សិក្សាគឺ ១.៧៥០.០០០ដុង/ខែ ប៉ុន្តែ សាកលវិទ្យាល័យគ្រាន់តែតម្រូវឱ្យនិស្សិតបង់ប្រាក់សិក្សា ១.០៥០.០០០ដុង/ខែ។
ចំពោះឯកទេសពិសេសដូចជា វេជ្ជសាស្ត្រ ឱសថ សាកលវិទ្យាល័យ ប្រមូលក្រោម ៥០% នៃកម្រិត ជាក់ស្តែងគឺ សាកលវិទ្យាល័យ គ្រាន់តែតម្រូវឱ្យនិស្សិតបង់ចំនួន ១.៦០០.០០០ដុង/ខែ ប្រៀបនឹងចំនួន ៤.៤០០.០០០ដុង បើតាមកំណត់។
លោកសាកលវិទ្យាធិការបានឱ្យដឹងថា មុនពេលអនុវត្តការគ្រប់គ្រងថវិកាដោយផ្ទាល់ខ្លួន សាកលវិទ្យាល័យត្រាវិញត្រូវបានក្រុមបឹក្សាប្រជាជនខេត្តតម្រូវឱ្យប្រមូលប្រាក់សិក្សាក្នុងកំណត់របស់រដ្ឋ តែសាកលវិទ្យាល័យ គ្រាន់តែប្រមូលពី៨០% ដល់ ៩០%នៃកំណត់ប៉ុណ្ណោះ។ ពេលអនុវត្តការគ្រប់គ្រងដោយខ្លួនឯង សាកលវិទ្យាល័យ ក៏នៅតែតម្រូវឱ្យនិស្សិតបង់ប្រាក់សិក្សាក្រោមកំណត់ ដើម្បីផ្តល់ឱកាសរៀនសូត្រកម្រិតបរិញ្ញាសម្រាប់និស្សិតមានក្របខណ្ឌ និស្សិតក្រីក្រ និស្សិតខ្មែរជាដើម។
ក្នុងកម្មវិធីក៏មានយោបល់ទាក់ទិនជាមួយការកសាងមូលដ្ឋានសម្ភារៈបម្រើការបណ្ដុះបណ្ដាល ដូចជា អន្តេវាសិកដ្ឋាន បន្ទប់ពិសោធន៍ត្រូវបានលោកគ្រូ អ្នកគ្រូដោះស្រាយជូនដែរ។ ជាពិសេស ប្អូនៗនិស្សិតមានបំណងចូលរួមចែករំលែកគំនិត បំពេញយោបល់ក្នុងកិច្ចស្ថាបនា អភិវឌ្ឍសាកលវិទ្យាល័យផងដែរ ។
ភុក ប៊ិញ ជានិស្សិតឆ្នាំទី៤ផ្នែកភាសាអង់គ្លេស បានឱ្យដឹងថា បណ្ដាគម្រោងការនិងសំណង់ផ្សេងៗបានផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការសិក្សាស្រាវជ្រាវរបស់និស្សិត ប្អូនក៏មានបំណងចែករំលែកគំនិតនិងវិធានការមួយចំនួនដើម្បីបង្កបរិយាកាសសិក្សាមួយថ្ងៃកាន់តែជិតស្និទ្ធជាង។
ក្នុងខ្លឹមសារខាងលើដែរ លោក ហ្វិញ វ៉ាន់ មើយ ម៉ោកប្រធានការិយាល័យគ្រប់គ្រងសម្ភារៈ បានវាយតម្លៃខ្ពស់នូវយោបល់របស់និស្សិត ក៏ដូចជាលើកទឹកចិត្តប្អូនៗឱ្យផ្តល់គំនិតផ្សេងៗ ដើម្បីអនុវត្តជាបន្តការកែលម្អបណ្ដាសំណង់នានា ទីធ្លាស្អាត ជិតស្និទ្ធ បង្កបរិយាកាសសិក្សាល្អបំផុតសម្រាប់ប្អូនៗនិស្សិត។
លោកថ្លែងថា សាកលវិទ្យាល័យមានប្រព័ន្ធទទួលសំណើបំពេញយោបល់របស់និស្សិតជាច្រើន ម្យ៉ាងវិញទៀត ការិយាល័យគ្រប់គ្រងសម្ភារៈក៏បានបង្កើតគេហទំព័របម្រើការគ្រប់គ្រង តាមរយៈនោះ នៅមានពត៌មាន អាសយដ្ឋានច្បាស់លាស់ ដើម្បីប្អូនៗនិស្សិតបញ្ចេញយោបល់ គំនិតរបស់ខ្លួនក្នុងការអភិវឌ្ឍគុណភាពបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យ។
ក្នុងការកសាងមូលដ្ឋានសម្ភារៈបម្រើការសិក្សា លោកបណ្ឌិត សាកលវិទ្យាធិការ បានមានប្រសាសន៍ថា បច្ចុប្បន្ន សាកលវិទ្យាល័យបានសម្រេចនិងបំពេញការកសាងឱ្យបានសម្រេចជាស្ថាពរនូវបណ្តាសំណង់ផ្សេងៗដើម្បីអនុវត្តត្រឹមត្រូវតាមទិសដៅអភិវឌ្ឍ សំណង់មួយចំនួនត្រូវបានកសាងសម្រេចនិងដាក់ឱ្យប្រើប្រាស់ដូចជា មហាសាល ១០០០ កន្លែង អន្តេវាសិកដ្ឋាន អាគារពិសោធន៍ បណ្ណាល័យអេឡិចត្រូនិចជាដើម ។
លោក ផាម ទៀត ខាញ់ ស្នើឱ្យបណ្តាអង្គភាពក្រោមចំណុះរបស់សាកលវិទ្យាល័យ ជាពិសេសគឺ មហាវិទ្យានានា ត្រូវពង្រឹងបន្តនូវប្រព័ន្ធពត៌មានរវាងសាកលវិទ្យាល័យ និងនិស្សិត ដើម្បីទទួលយោបល់ សំនើរបស់ប្អូនៗ តាមរយៈនោះ ក៏មានដំណោះស្រាយនិងកំណែតម្រូវសមស្របក្នុងសកម្មភាពបណ្ដុះបណ្ដាល។ ការិយាល័យពត៌មានផ្សព្វផ្សាយសហគមន៍ ត្រូវពង្រឹងបណ្តាប្រព័ន្ធទទួលយោបល់និងពត៌មានរបស់ប្អូនៗនិស្សិត ហើយប្អូនៗក៏អាចផ្តល់យោបល់តាមរយៈប្រអបសារផ្ទាល់របស់សាកលវិទ្យាធិការដែរ ។
ចំពោះការយកចិត្តទុកដាក់របស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ បានបញ្ជាក់ឱ្យឃើញថា សកម្មភាពបណ្ដុះបណ្ដាល កិច្ចបម្រើការបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យ ជានិច្ចកាលតែងតែឆ្ពោះទៅរកកម្មសិក្សាការី ហើយនេះ ក៏ជាទិសស្លោកសម្រាប់ការកសាងនិងការអភិវឌ្ឍនៃសាកលវិទ្យាល័យត្រាវិញដែរ។
ក្នុងចំណោមបញ្ហាត្រូវបានលើកឡើង ប្អូនៗនិស្សិតក៏ផ្តោតសំខាន់ចំពោះបញ្ហាការងារនិងផ្តើមអាជីពនៅសាកលវិទ្យាល័យត្រាវិញ។
ប្អូន ថាច់ ធី ឡាញ់ និស្សិតនៃមហាវិទ្យាល័យសេដ្ឋកិច្ច នីតិសាស្ត្រ មានចម្ងល់ក្នុងបញ្ហាការងារនិងផ្តើមអាជីព ក៏ដូចជាការងារក្រៅម៉ោងនៅសាកលវិទ្យាល័យដែរ។ បញ្ហានេះ ត្រូវបានលោកគ្រូ ង្វៀន យ្វី នាយករងនៃមជ្ឈមណ្ឌលសេវាការងារ និងលោកគ្រូ ង្វៀន វ៉ាន់ វ៉ូវ អាង អនុលេខាធិការនៃសម្ពន្ធយុវជនសាកលវិទ្យាល័យធ្វើការដោះស្រាយនិងផ្តល់ពត៌មានជាច្រើនទៀត។ ឱកាសនេះដែរ លោកបណ្ឌិត ង្វៀន មិញ ហ្វា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យា ក៏បានផ្តល់ពត៌មានបន្ថែមឱ្យប្អូនៗអំពីឱកាសការងារនៅប្រទេសជប៉ុនចំពោះឯកទេសមួយចំនួននៅសាកលវិទ្យាល័យផងដែរ។
ពិធីនេះ បានទទួលសំនួរប្រមាណជិត៣០ សំនួរ ដោយផ្តោតសំខាន់លើបញ្ហាដូចជា សកម្មភាពបណ្តុះបណ្តាល កំណត់ប្រាក់សិក្សាត្រូវបានអនុវត្តក្នុងពេលបច្ចុប្បន្ន បញ្ហាការងារ ផ្តើមអាជីព បញ្ហាសិក្សាក្រៅប្រទេស មូលដ្ឋានសម្ភារៈ ជាដើម។ បណ្តាបញ្ហាទាំងនោះត្រូវបានតំណាងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យចូលរួមដោះស្រាយយ៉ាងល្អិតល្អន់។
បានដឹងថា មុននេះ បណ្តាមហាវិទ្យាល័យក្រោមចំណុះ ក៏បានប្រារព្ធអង្គជំនួបសំណេះសំណាលរវាងគណៈគ្រប់គ្រងនៃមហាវិទ្យាល័យជាមួយនិស្សិតដែរ កម្មវិធីបានផ្តល់នូវចំណងពត៌មានទាក់ទងនឹងសកម្មភាពបង្ហាត់បង្រៀននៅមហាវិទ្យាល័យ។ គណៈរៀបចំក៏បានទទួលប្រមាណជិត ៩០ សំនួរ របស់ប្អូនៗនិស្សិតដែលបានផ្ញើឡើងក្នុងកម្មវិធី។
មានប្រសាសន៍បិទអង្គជំនួប លោក ផាម ទៀត ខាញ់ អបអរសាទរចំពោះស្មារតីសំណេះសំណាលយ៉ាងសកម្ម ក៏ដូចជាយោបល់របស់ប្អូនៗ ក្នុងបញ្ហាផ្សេងៗ។ លោកក៏បានកត់សម្គាល់នូវយោបល់របស់និស្សិត ព្រមទាំងបញ្ជាឱ្យបណ្តាអង្គភាពក្រោមចំណុះទទួលស្តាប់និងពិចារណាចំពោះយោបល់ទាំងនោះ ដើម្បីមានវិធានការដោះស្រាយសមស្របនិងពង្រឹងការឧទ្ទេសនាមការងារសម្រាប់និស្សិត ពង្រឹងនិងអភិវឌ្ឍគម្រោងផ្តើមអាជីព ជម្រុញប្អូនៗនិស្សិតចូលរួមការស្រាវជ្រាវវិទ្យាសាស្ត្រ ព្រមទាំងផ្តល់ឱកាសសិក្សាក្រៅប្រទេសដើម្បីលើកកម្ពស់សមត្ថភាពជំនាញ។
កិច្ចសំណេះសំណាលនេះ ជាឱកាសមួយសម្រាប់និស្សិតបានជួបនិងបញ្ចេញយោបល់ផ្ទាល់ចំពោះគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ។ តាមរយៈនោះថ្នាក់ដឹកនាំអាចដោះស្រាយចម្ងល់ ទទួលយោបល់ គំនិតផ្លាស់ប្ដូរ ដើម្បីពង្រឹងពង្រីកគុណភាពបណ្ដុះបណ្ដាល ផ្តល់បរិយាកាសសិក្សា ស្រាវជ្រាវល្អបំផុតសម្រាប់ប្អូនៗនិស្សិត។
ចន្ថា