និស្សិត​ ឡេ ថាញ់ ហៅ ធ្វើ​អាជីវកម្ម​​តាំង​ពី​នៅ​កំពុង​សិក្សា

ដោយ​មាន​ទឹក​ចិត្ត​​ស្រ​ឡាញ់​វិស័យ​អាជីវកម្ម មិត្ត​ ឡេ ថាញ់ ហៅ​ ជា​និស្សិត​កំពុង​សិក្សា​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ បាន​កំ​ណត់​ទិស​ដៅ​នឹង​ដើរ​លើ​វិ​ថី​ធ្វើ​អាជីវកម្ម​។ មក​ដល់​ថ្ងៃ​នេះ គាត់​បានបង្កើត​ប្រព័ន្ធ​លក់​ដុំ​​នំ​ដូង តាម​បណ្តា​ខេត្ត​ទាំង​ ១៣ នៅ តី ណាម បូ​។ ​

IMG 20180622 163905

​មិត្ត ឡេ ថាញ់ ហៅ​ មានកំ​ណើត​នៅ​ស្រុក យ្វៀន ហាយ ខេត្ត​ត្រា​វិញ។ គាត់​មាន​ក្តី​ស្រ​មៃ​តាំង​ពីនៅ​ក្មេងថា​ អនាគត​ចង់​ក្លាយ​ជា​អាជីវករជោគ​ជ័យមួយ។ ហេតុ​ដូច្នោះ ក្នុង​​ពេលដែលគាត់​កំពុង​សិក្សានៅសាកលវិទ្យា​ល័យ​ គាត់​ក៏​មាន​បំណង​ធ្វើ​អាជីវកម្ម​ដោយ​​ផ្ទាល់​ខ្លួន។

ឆ្នាំ ២០១៧ នៅ​ពេល​​ ថាញ់ ហៅ​ ចូល​រួម​​វគ្គ​សិក្សា​​“Awake your power” គាត់​ចាប់​ផ្តើម​មាន​គម្រោង​​អំពី​​ការ​លក់​នំដូង​អាំង – ​ ដែល​ជា​ផលិតផល​ពិសេសរបស់​ ក្វាង​ ណាម។ វាជាការ​ងារ​ធម្មតា​​មែន​តែ​មាន​​អត្ថន័យ​យ៉ាង​សំ​ខាន់។​

ថាញ់ ហៅ ចែករំលែកថា៖​ “ទៅលក់​ទំនិញ​ សំខាន់​គឺ​យើង​ត្រូវ​ជំ​នះ​ឱ្យ​បាន​នូវ​​ភាព​ខ្មាស​អៀន ​​ឧបសគ្គ​រារាំង​ ​ ប្រ​សិន​បើ​មិន​ជំ​នះ​​នូវ​ភាព​​ខ្មាស​អៀន​នោះទេ យើងនឹង​មិន​អាច​​ទទួល​បាន​ភាព​ជោគ​ជ័យ។ ត្រូវ​តែ​ក្លា​ហាន ជឿជាក់​លើ​​ខ្លួន​ឯង សាក​ល្បង​ទើប​យើង​អាច​ដឹង​ថា​ខ្លួន​ឯង​មាន​សមត្ថភាព​ដល់​កម្រិត​ណា”។

ដោយ​មាន​ទេពកោសល្យ​ធ្វើ​អាជីវកម្ម​ គាត់​ក៏រក​បាន​ប្រាក់​ចំណូលចំនួន​៣០​លាន​ដុង​ជារៀង​រាល់​ខែក្នុង​ការ​លក់​នំដូង​​អាំង។

ការ​ជោគ​ជ័យ​នោះ មិន​ធ្វើ​ឲ្យ​​និស្សិត​វ័យ​ក្មេង​មួយ​រូប​នេះ​សម្រេច​បំ​ណង​និង​បញ្ឈប់ត្រឹមនេះ​​ឡើយ។ ថាញ់ ហៅ មាន​បទ​ពិសោធន៍​ខាង​លក់​ទំ​និញក្នុង​មួយ​រយៈនោះហើយ​គាត់ក៏​ផ្តើមមាន​គំនិតថ្មីទៀត៖ “ហេតុ​អ្វី​យើង​មិន​ពង្រីក​ការ​បង្កើត​ប្រ​ព័ន្ធ​លក់​នំ​ដូង​ធំ​ជាង​នេះ? ការ​ងារ​អាច​នឹង​លំបាក​ជាង ឧបសគ្គ​អាច​ធំ​ជាង​ ប៉ុន្តែ​មាន​តែ​វិ​ធី​នោះ​ទើបការ​​ធ្វើ​អាជីវកម្ម​បាន​ជោគ​ជ័យ”។ ​ព្រោះលក់​នំ​ដូង​ជា​ការ​ងារ​ងាយ​ស្រួល ប្រ​សើរ​មួយ​​ដែល​ត្រូវ​ការ​ដើម​ទុន​តិច​និង​ស្ថិត​នៅ​ក្នុង​សមត្ថ​ភាព​របស់​ខ្លួន។​​

មាន​ក្តី​ស្រ​មៃ​នឹង​ពង្រីក​ប្រ​ព័ន្ធ​លក់​ទំ​និញ ថាញ់ ហៅ បាន​ចុះទៅខេត្ត បេនត្រែ តៀន​ហ្យាង និង​បណ្តា​​ខេត្ត​ផ្សេងៗ​ដើម្បី​បោះដុំ​នំដូង អាទិភាព​មុន​ដំបូង​នោះ​គឺ​​​ចំណត់​ឡាន​​និង​ទី​ប្រ​ជុំ​ជន​។ គាត់​បាន​ពន្យល់​ថា៖ “​នៅ​​ចំណត់​ឡាន អតិថិជន​តែង​ទិញ​នំ​តាម​ហូប​នៅ​លើ​ឡាន​​និង​ទិញ​សម្រាប់​​ជា​កាដូរ​ផង​ដែរ​។ម្យ៉ាង​វិញ​ទៀត​មាន​លក់​នៅ​ទី​ផ្សារ ហាង​លក់​គ្រឿង​​ក្លែម ការ៉ាសសាំងប៉ុន្តែ​ចំនួន​ទិញរបស់​អតិថិជន​មិនបានច្រើន​ដូច​​ចំណត់​ឡាន”។ ទោះ​បី​ជា​ជំហ៊ាន​មុន​ដំបូង​មានការ​លំបាក​ច្រើនតែថាញ់ ហៅ​ ក៏​ស្វែង​រក​បាន​រាប់​រយ​ទីកន្លែង​ដាក់​លក់​ផលិត​ផល​តាម​បណ្តា​​ខេត្តទាំង ១៣​ ​នៅ ​តី ណាម បូ។ រៀង​រាល់​ខែ គាត់​ទទួលបាន​ប្រាក់​ចំ​ណូល​​ឡើង​ដល់ ៨០ - ៩០ លាន​ដុង​​។​

ថាញ់ ហៅ​ បាន​អោយ​ដឹង​ថា ទន្ទឹម​នឹង​ភាព​ងាយ​ស្រួល​​នោះ ក៏​ជួប​ប្រទះ​ឧបសគ្គ​មិន​តិច​ដែរ។​​ ផ្នែក​ស្វែង​រក​អតិថិជន ផ្នែក​ធានា​ផ្គត់​ផ្គ​ង់​ដើម​ទំនិញ បុគ្គលិក គ្រប់​គ្រង​ដើម​ទុន។ល។​ គ្រប់​យ៉ាងគឺ​គាត់​​ត្រូវ​សិក្សាស្វែង​រក​​ទី​ផ្សារ​ និងចំ​ណេះ​ដឹង​បទ​ពិសោធន៍ដែល​បាន​រៀន​។ ថាញ់ ហៅ ឱ្យ​ដឹង​ថា៖ “ពេល​ខ្លះ​យើង​ត្រូវ​ស្តាប់​យោបល់​ និង​ទប់ចិត្តចំពោះ​​អតិថិជន​ដែល​ពិបាក មាន​ករណី​ខ្លះ​យើង​ត្រូវ​អតិថិជននោះបដិសេធតែ​ទី​បំ​ផុត​​គាត់​ក្លាយ​ជា​អតិថិជន​ធំ​របស់​យើងវិញ”។

ហេតុ​ដូច្នោះ ចំពោះ​ ថាញ់ ហៅ ការ​អត់​ធ្មត់​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ។ ថាញ់ ហៅ មាន​​ចំណាប់​​អា​រម្មណ៍នឹង​ពាក្យ​របស់​លោក​បណ្ឌិត ឡេ ថឹម យឿង៖ “ទប់ចិត្ត​ជា​កម្លាំង កម្លាំង​ជា​ការ​ទប់ចិត្ត។ ពេល​ដែល​គេ​​ទះចូល​មុខយើង គឺ​យើង​ត្រូវ​តែ​ហ្វឹកហាត់​ដល់​កម្រិត យើង​មិន​ទះតប​គេ – ​ពេល​នេះ​កម្លាំង​នឹង​ចាប់​ផ្តើម​​បំផុស​ឡើង។ អ្នក​ដទៃ​ជះ​ទឹកមាត់​ចូល​​មុខ​យើង យើង​ទប់​ចិត្ត​រួច​ជូត​ទឹក​មាត់​នោះ​ចោល –ជាមហាកម្លាំង។ គេ​ជះ​ទឹកមាត់​ចូល​មុខ​យើង យើង​មិនជូត –ជាកម្លាំងដ៏​អស្ចារ្យ”។

ចំពោះ​យុទ្ធសាស្ត្រ​​នៃ​ការ​លក់​ដុំ​ ថាញ់ ហៅ ថ្លែង​ឱ្យ​ដឹង​ថា​​ យើង​ត្រូវ​បង្ហាញ​ឱ្យ​អតិថិជន​ឃើញ​នូវ​សក្តានុពល​នៃ​ចំ​ណង់​ចំ​ណូល​ចិត្ត​ទំ​និញ​របស់​យើង​។ យើង​ត្រូវ​មាន​បំណិននៃ​ការ​លក់​ទាក់​ទាញ​អតិថិជន​ថ្មី​និង​​រក្សា​អតិថិជន​ចាស់​។ ការ​ប្រើ​ប្រាស់​ផលិតផល​ជា​កត្តា​សម្រេច​យុទ្ធ​សាស្ត្រ​ ពេល​ខ្លះ​​ហាង​នំ ​លក់​ដាច់ខ្លាំង​អាច​​ខ្វះ​នំ​ដើម្បី​ផ្គត់​ផ្គង់​ទី​ផ្សារ​។ ប៉ុន្តែ​យើង​ត្រូវ​រក្សា​កិត្តិសព្ទ​ ធា​នា​នំ​គ្រប់​ផ្គត់​ផ្គង់​ដល់​អតិថិជន។ ចំ​ណុច​នេះ​ក៏​ជា​ឧបសគ្គខាង​ដើម​មួយ​ដែរ​ ​ព្រោះ​ខ្វះ​ធន​ធាន​មនុស្ស​និង​មធ្យោបាយ​ដឹក​ជញ្ជូន។ ដើម្បី​ធានា​ការ​អភិវឌ្ឍ​អាជីវកម្ម​បាន​និរន្តរភាព​ និង​ឆ្ពោះ​ទៅ​អនាគត​ ថាញ់​ ហៅ​ មាន​បំ​ណង​សហការ​ជា​មួយ​មិត្ត​ភក្តិ​បង្កើត​ក្រុមហ៊ុន​ឯកជន​ផង​ដែរ។​

«បើ​មាន​គំនិត​ប្រ​សើរ​ គប្បី​ខិត​ខំ​អនុវត្ត​ឱ្យ​បាន​ កុំ​គប្បី​រាថយ​បើ​មាន​ឧបសគ្គ​»

លំ​នាំ​ធ្វើ​អាជីវកម្ម​របស់​ ថាញ់ ហៅ ខាង​លើ​ គឺ​ជា​គំ​និត​យ៉ាង​សកម្ម​មួយ​​ ហ៊ាន​គិត​ហ៊ាន​អនុវត្ត​ មិន​ដើរ​តាម​គន្លង​ចាស់​ដែល​និស្សិត​ជា​ច្រើន​​គិត​ថា​ចាំ​រៀន​ចប់​ទើប​ស្វែង​រក​ការ​ងារ​តាម​ការ​បំ​រុង​ទុក​​របស់​ឪពុក​ម្តាយ​។ ថាញ់ ហៅ​ បានកំ​ណត់​គោល​ដៅដោយ​ខ្លួន​ឯង​​ចំ​ពោះ​អនាគត​។

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​ ឡេ ថាញ់ ហៅ ធ្វើ​អាជីវកម្ម​​តាំង​ពី​នៅ​កំពុង​សិក្សា