ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំ២០២១ សាកលវិទ្យាល័យត្រាវិញបានសហការជាមួយវិទ្យាល័យជំនាញ Nguyen Thien Thanh បង្កើតនូវកម្មវិធី «បំប៉នវិជ្ជាសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យតាមប្រព័ន្ធអនឡាញ» ក្នុងគោលបំណងគឺជំនួយដល់សិស្សានុសិស្សក្នុងនិងក្រៅខេត្តត្រាវិញអាចនឹងរំលឹកឡើងវិញចំណេះដឹងសម្រាប់ក្រុមមុខវិជ្ជាខាងវិទ្យាសាស្ត្រធម្មជាតិ ក៏ដូចជាបង្កលក្ខណៈឱ្យសិស្សអាចបន្ស៊ាំជាបណ្ដើរៗជាមួយការសិក្សាតាមប្រព័ន្ធអនឡាញ ជាពិសេសគឺក្នុងស្ថានភាពដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺកូវិដ-១៩។
កម្មវិធីសិក្សានិងខ្លឹមសារបណ្ដាមុខវិជ្ជាដូច គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យាគឺត្រូវបានរៀបចំដោយគ្រូបង្រៀននៃវិទ្យាល័យជំនាញ Nguyen Thien Thanh និងសាកលវិទ្យាល័យត្រាវិញ។
យោងទៅតាមកម្មវិធីសិក្សាគោល សិស្សានុសិស្សនៃវិទ្យាល័យជំនាញ Nguyen Thien Thanh និងនិស្សិតសាកលវិទ្យាល័យត្រាវិញបានធ្វើឡើងនូវវិដេអូជាច្រើនដើម្បីជួយឱ្យអ្នកសិក្សាអាចរៀនបានងាយស្រួលជាង ហើយវិដេអូទាំងអស់នេះក៏ត្រូវបានបង្ហោះទៅលើបណ្ដាញ Youtube ផងដែរសម្រាប់ជាឯកសារសិក្សាដល់សិស្សានុសិស្សក្នុងនិងក្រៅខេត្តអាចសិក្សាបានផងដែរ។
ទន្ទឹមនឹងនោះ គឺមានការបង្កើតនូវកម្មវិធីល្បែងសម្រាប់កម្សាន្តតាមប្រព័ន្ធអនឡាញដែលហៅថា «ឆ្លើយបណ្ដៅទទួលរង្វាន់»ដែលមានខ្លឹមសារទាក់ទងនឹងមុខវិជ្ជាទាំងនោះផងដែរ។ ការបង្កើតនូវល្បែងកម្សាន្តនេះទៀតសោតក៏បង្កបាននូវភាពទាក់ទាញ និងក្នុងគោលបំណងដើម្បីរំលឹកឡើងវិញនូវចំណេះដឹងដែលខ្លួនបានសិក្សា។
កម្មវិធីនេះបានទាក់ទាញសិស្សានុសិស្សជាច្រើនរូបដែលមកពីក្នុងនិងក្រៅខេត្តចូលរួម ព្រមទាំងមានអ្នកចូលចិត្តជាងមួយពាន់អ្នក និងជាងមួយម៉ឺនបីពាន់អ្នកទស្សនាវិដេអូក៏ដូចជាដោះដូរយោបល់៕
អត្ថបទ៖ Vu An
ប្រែសម្រួល៖ Sê Ha Thach