TVU ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តប្រគល់តួនាទីអោយសាកលវិទ្យាល័យត្រាវិញបណ្តុះបណ្ដាលឯកទេសកម្រិតទី១ចំពោះឯកទេសចំនួន៥គឺ វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ សម្ភព-រោគស្ត្រី ជំងឺកុមារ និងទន្តវទនសាស្ត្រ។
មុននោះនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ គណៈកម្មការវាយតម្លៃសមត្ថភាពបណ្ដុះបណ្ដាលឯកទេសកម្រិតទី១របស់ក្រសួងសុខាភិបាលដឹកនាំដោយលោកបណ្ឌិត Pham Van Tac - អនុប្រធានក្រុមប្រឹក្សាវេជ្ជសាស្ត្រជាតិ ប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្ដុះបណ្ដាល ជាមួយនឹងសមាជិកគណៈកម្មការបានអញ្ជើញមកសាកលវិទ្យាល័យត្រាវិញដើម្បីវាយតម្លៃសមត្ថភាពបណ្ដុះបណ្ដាលឯកទេសកម្រិតទី១ ចំពោះឯកទេសវេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ សម្ភព-រោគស្ត្រី ជំងឺកុមារ និងទន្តវទនសាស្ត្រ។ គណៈកម្មការបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីសិក្សាឯកទេសកម្រិតទី១ចំនួនទាំង៥របស់សាលា ហើយកម្មវិធីសិក្សាទាំងនេះ ជាកម្មវិធីសិក្សាស្នូលក្នុងវិស័យសុខាភិបាល។
ជាច្រើនឆ្នាំកន្លងមក សាកលវិទ្យាល័យត្រាវិញខំប្រឹងឥតឈប់ឈរក្នុងការអភិវឌ្ឍប្រព័ន្ធធានាគុណភាពបណ្ដុះបណ្ដាលរបស់សាលា។ លទ្ធផលនៃការប្រឹងប្រែងទាំងនោះបាននាំអោយសាកលវិទ្យាល័យត្រាវិញក្លាយជាសាកលវិទ្យាល័យឈានមុខគេនៅតំបន់វាលរាបទន្លេគឺវឡុង ដោយមានកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ស្របតាមស្ដង់ដារអន្តរជាតិដូចជា FIBAA, ABET, AUN-QA។ មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សាចំនួន ១៣ ត្រូវបានទទួលស្គាល់អំពីគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារអន្តរជាតិដូចAUN-QAFIBAA និង ABET។ ក្នុងនោះមានកម្មវិធីសិក្សាចំនួន៥ បានសម្រេចស្របតាមស្តង់ដារ AUN-QA គឺ បរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រវារីវប្បកម្ម បសុពេទ្យ បរិញ្ញាបត្រគិលានុបដ្ឋាក និង បរិញ្ញាបត្រភាសាខ្មែរ។ ក្រៅពីនោះ មានកម្មវិធីសិក្សាចំនួន៧ទៀត ដែលស្របតាមស្តង់ដារគុណភាពបណ្ដុះបណ្ដាល FIBAA រួមមាន៖បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រហិរញ្ញវត្ថុធនាគារ បរិញ្ញាបត្រនីតិសាស្ត្រ ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច។ ពិនិត្យវាយតម្លៃគុណភាពកម្មវិធីសិក្សាស្របតាមស្តង់ដារABET សម្រាប់បរិញ្ញាបត្របច្ចេកវិទ្យាពត៌មាន។ នៅពេលខាងមុខនេះ សាកលវិទ្យាល័យត្រាវិញនឹងបន្តការដាក់អោយពិនិត្យវាយតម្លៃគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារ AUN-QA ចំពោះកម្មវិធីសិក្សាវិទ្យាសាស្ត្រសុខាភិបាល និងស្តង់ដារABET ចំពោះកម្មវិធីសិក្សាវិស្វកម្មនិងបច្ចេកវិទ្យា។
អត្ថបទដោយ៖ Tin Di – Vinh Đông
ប្រែសម្រួលដោយ៖ Sa Phone