ជាមួយនឹងស្ថានភាពដ៏ស្មុគស្មាញនៃការរាតត្បាតជំងឺCovid-១៩ ចាប់តាំងពីថ្ងៃឈប់សម្រាកគឺថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១ សាកលវិទ្យាល័យត្រាវិញបានប្តូរទៅការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញសម្រាប់និស្សិតដើម្បីធានាបាននូវវឌ្ឍនភាពនៃការបណ្តុះបណ្តាល។ ការសិក្សាតាមប្រព័ន្ធអនឡាញអស់រយៈពេលយូរបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អារម្មណ៍របស់និស្សិត ជាពិសេសនិស្សិតថ្មីនៃជំនាន់សិក្សាឆ្នាំ ២០២១។
ដោយមើលឃើញពីកង្វល់ និងក្ដីបារម្ភរបស់និស្សិត និងអាណាព្យាបាលសិស្ស សាលាបានរៀបចំស្វាគមន៍ប្អូនៗនិស្សិតវិលត្រឡប់មកសិក្សាផ្ទាល់វិញកាលពីមុនចូលឆ្នាំ២០២២។ ស្ថិតិស្តីពីចំនួនសិស្សដែលបានចាក់វ៉ាក់សាំងគ្រប់ដូសក៏ដូចជាសិស្ស F0 បានជាសះស្បើយពីជំងឺក៏ត្រូវបានសាលាយកចិត្តទុកដាក់ផងដែរ។
ជាក់ស្តែងចាប់ពីថ្ងៃទី៩ ខែកុម្ភៈ និស្សិតនៅបណ្ដាខេត្តឆ្ងាយៗ នឹងចាប់ផ្តើមវិលមកសាលាវិញ ហើយកាលវិភាគរៀនផ្ទាល់នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈ។ សិស្សមានពេលជិតមួយសប្តាហ៍ដើម្បីលំនឹងទីលំនៅ និងពិនិត្យសុខភាពខ្លួនឯងមុនពេលចូលរៀន។ ដោយមានការគិតគូររៀបចំកន្លែងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន សម្ភារៈបង្រៀន និងបន្ទប់រៀនទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្លាប់មេរោគ។ លើសពីនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ ក៏ស្ថិតក្នុងស្មារតីត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពដែលអាចកើតមានឡើងដោយយថាហេតុ។
កាលពីថ្ងៃទី ១០ ខែកុម្ភៈ សាលាបានរៀបចំដើម្បីទទួលនិស្សិតអន្តរជាតិត្រឡប់មកសាលាវិញ។ ការទទួលត្រូវបានរៀបចំដោយយកចិត្តទុកដាក់តាំងពីដំណាក់កាលទទួលពួកគេនៅច្រក
ព្រំដែនរហូតមកកាន់អន្តេវាសិកដ្ឋានតែម្ដង។ ពួកគេត្រូវបានអនុវត្តន៍ការវាស់កម្ដៅ ធ្វើតេស្តរហ័ស ក៏ដូចជាការត្រួតពិនិត្យតាមដានសុខភាពដោយខ្លួនឯងក្នុងរយៈពេលបីថ្ងៃនៅអន្តេវាសិកដ្ឋាន។
ប្អូន Chhun Lyporជានិស្សិតមកពីកម្ពុជា បច្ចុប្បន្នកំពុងសិក្សាជំនាញពេទ្យឆ្នាំទី៣ មានប្រសាសន៍ថា៖ “ប្អូនរីករាយណាស់ដែលសាលាបានជួយសម្របសម្រួលនីតិវិធីសម្រាប់ពួកប្អូន ក្នុងការវិលត្រលប់មកសិក្សាដោយផ្ទាល់វិញ និងបានបញ្ជូនឡានមកទទួលពួកប្អូននៅច្រកព្រំដែន ជួយឱ្យពួកប្អូនមានអារម្មណ៍សុវត្ថិភាព ក្នុងការរៀបចំចូលរៀនផ្ទាល់។ ប្អូនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាលា និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ និងជួយដល់និស្សិតអន្តរជាតិដូចពួកប្អូន»។
បន្ទាប់ពីរៀនតាមអនឡាញអស់រយៈពេលយូរ ការទៅសាលារៀនដោយផ្ទាល់ធ្វើឱ្យសិស្សជាច្រើនរំភើបចិត្តជាខ្លាំង ប៉ុន្តែប្អូនៗនិស្សិត និងគ្រួសារជាច្រើនក៏បានបង្ហាញពីការបារម្ភ ជាពិសេសសិស្សថ្មីជំនាន់ឆ្នាំ២០២១នៅពេលពួកគេចាប់ផ្តើមសិក្សាផ្ទាល់ជាលើកដំបូង។
ប្អូន Tang Ngoc Diep ជានិស្សិតឆ្នាំទី២ ផ្នែកភាសាអង់គ្លេស ចែករំលែកថា៖ «ដោយសារខ្ញុំត្រូវសិក្សាតាមប្រព័ន្ធអនឡាញយូរដូច្នេះមិនទាន់បានឱកាសជួបលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិដោយផ្ទាល់ពេលនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានឮថាខ្ញុំអាចទៅរៀនដោយផ្ទាល់នៅសាលាវិញ។ ជាងនេះទៅទៀត ខ្ញុំឃើញថាសាលាបានរៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងការស្វាគមន៍សិស្សវិលត្រឡប់មកវិញ ដូច្នេះខ្ញុំក៏មានសុវត្ថិភាពផងដែរ»។
ប្អូន Bich Huyen ជំនាញគរុកោសល្យបឋមសិក្សា បានចែករំលែកថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរៀនដោយផ្ទាល់ចាប់តាំងពីបានប្រឡងជាប់ ដូច្នេះខ្ញុំមានអារម្មណ៍ភ័យខ្លាំងណាស់។ ប៉ុន្តែពេលដែលខ្ញុំមកដល់ខ្លោងទ្វារសាលា ខ្ញុំទទួលបានការស្វាគមន៍ពីអ្នកស្ម័គ្រចិត្តយ៉ាងយកចិត្តទុកដាក់ព្រមទាំងទទួលបានការជំនួយដោយអស់ពីចិត្តទាក់ទងនឹងនីតិវិធីនៃការចូលរៀននិង ការចុះឈ្មោះចូលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដូច្នេះហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងបានត្រៀមខ្លួនជាស្រេចសម្រាប់ការចូលរៀន”។
អ្នកស្រី Nguyen Thi Lan ជាអ្នកម្ដាយរបស់និស្សិតមកពីខេត្តCa Mau បានមានប្រសាសន៍ថា៖ “គ្រួសាររបស់ខ្ញុំបានចេញដំណើរពីក្រុង Ca Mau ដោយម៉ូតូនៅពេលព្រលឹមដើម្បីឲ្យកូនមកបំពេញបែបបទចូលរៀន និងចុះឈ្មោះចូលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ដំបូង គ្រួសារមានអារម្មណ៍ភ័យណាស់ ប៉ុន្តែពេលមកដល់ខ្លោងទ្វារសាលា យើងខ្ញុំទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងពីអ្នកស្ម័គ្រចិត្ត។ ខ្ញុំឃើញថាទីនេះមានបរិយាកាសល្អ ត្រជាក់ត្រជំ និងមានភាពស្និទ្ធស្នាល មានការទទួលស្វាគមន៍សិស្សដោយយកចិត្តទុកដាក់យ៉ាងខ្លាំង អន្តេវាសិកដ្ឋានត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារនិងមានផាសុកភាពសម្រាប់សិស្ស ខ្ញុំមានអារម្មណ៍ថាសុវត្ថិភាព និងពេញចិត្តខ្លាំងណាស់»។
អត្ថបទដោយ៖Đong Lam
ប្រែសម្រួលដោយ៖Van Thon