(TVU)-ព្រឹកថ្ងៃទី០៥ ខែមិថុនា សិស្សានុសិស្សជាច្រើនដែលធ្វើដំណើរមកពីសាលាវិទ្យាល័យនានាទាំងក្នុងនិងក្រៅខេត្តបានចុះមកធ្វើកម្មសិក្សានិងទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យត្រាវិញ។ ក្នុងចំណោមប្អូនៗដែលចូលរួមក្នុងដំណើរចុះកម្មសិក្សានិងទស្សនកិច្ចសិក្សានៅTVU មានសិស្សជាច្រើនបាន
សម្តែងឱ្យឃើញពីការពេញចិត្តយ៉ាងខ្លាំងពេលបានទស្សនាដោយផ្ទាល់នូវបន្ទប់ពិសោធន៍ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងបណ្តុះបណ្តាលមានដូចជា៖
មហាវិទ្យាល័យទន្តវទនសាស្រ្ត មហាវិទ្យាល័យវេជ្ជសាស្រ្ត - ឱសថសាស្ត្រ មន្ទីរពេទ្យ មហាវិទ្យាល័យកសិកម្ម - ជលវប្បកម្ម មហាវិទ្យាល័យបច្ចេកទេសនិងបច្ចកវិទ្យា មហាវិទ្យាល័យសេដ្ឋកិច្ច-នីតិសាស្ត្រ របស់សាកលវិទ្យាល័យត្រាវិញ។ បន្ទាប់ពីនោះ ប្អូនៗបានទៅទស្សនាអន្តេវាសិកដ្ឋានដើម្បីស្វែងយល់ពីជីវភាពរបស់និស្សិតដែលរស់នៅទីនេះ។
ប្អូន Nguyen Thai Baoជាសិស្សវិទ្យាល័យ Mac Đinh Chi (Ben Tre)បានសម្រាកនៅអន្តេវាសិកដ្ឋានមួយយប់ ប្អូនបានអោយដឹងថា៖ ប្អូននិងមិត្តភ័ក្តិបានធ្វើដំណើរមកកាន់សាកលវិទ្យាល័យត្រាវិញមុនមួយយប់ដើម្បីចូលរួមកម្មវិធីសិល្បៈ។
ប្អូនៗបានសាលារៀបចំអោយសម្រាកនៅអន្តេវាសិកដ្ឋាន ហើយក៏បានបងៗនិស្សិតនៅទីនេះទទួលរាក់ទាក់ដោយអស់ពីចិត្ត។ ពេលមកដល់អន្តេវាសិកដ្ឋាន ប្អូនមិននឹកស្មានថាវាធំដូច្នេះសោះ។ ប្អូនធ្លាប់បានទៅទស្សនានៅសាកលវិទ្យាល័យដទៃទៀតដែរ ពេលមកដល់សាកលវិទ្យាល័យត្រាវិញ បានញ៉ាំអោយប្អូនមានអារម្មណ៍សប្បាយរីករាយពេលបានឃើញបរិស្ថានបៃតង និងជិតស្និទ្ធ។
ចែករំលែកពីក្តីរីករាយពេលចូលរួមដំណើរទស្សនកិច្ចសិក្សា ប្អូន Tran Thi Lan ជាសិស្សវិទ្យាល័យ Chau Thanh 2 (Đong Thap) បានអោយដឹងថា៖ “ចាប់ពីឈានជើងចុះពីរថយន្ត ប្អូនមានចំណាប់អារម្មណ៍ពីភាពស្រស់ស្អាត ត្រជាក់ត្រជំរបស់សាលា ព្រមទាំងកម្មវិធីបណ្តុះបណ្តាលខុសគ្នា ឧបករណ៍ទំនើប អន្តេវាសិកដ្ឋានប្រកបដោយផាសុកភាពទៀតផង។ ជាពិសេស បងៗនិស្សិត លោកគ្រូអ្នកគ្រូមានភាពជិតស្និទ្ធ និងអស់ពីចិត្ត។ ប្អូនមានគោលបំណងចង់រៀនផ្នែកគ្រប់គ្រងទេសចរណ៍។ ថ្ងៃនេះពិតជាមានសំណាងល្អណាស់ ដោយបានបងៗកំពុងរៀនផ្នែកនេះណែនាំទៅទស្សនា ប្រការនេះជួយឱ្យប្អូនមានកម្លាំងបន្ថែម ដើម្បីជ្រើសរើសសិក្សាមុខជំនាញនេះ ក្នុងពេលអនាគត ប្អូនមានបំណងនឹងក្លាយជានិស្សិតរបស់សាកលវិទ្យាល័យត្រាវិញ”។
ប្អូន Nguyen Thi Anជាសិស្សវិទ្យាល័យជំនាញ Nguyen Thien Thanh (Tra Vinh) បានអោយដឹងថា៖ “បងៗនិស្សិតបានទទួលរាក់ទាក់ដោយអស់ពីចិត្ត ហើយបានជូនប្អូនៗទៅទស្សនាទីតាំងបណ្តុះបណ្តាលជាច្រើនកន្លែង និងស្វែងយល់ពីមុខជំនាញផ្សេងៗដែលមានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ។ ប្អូននិងមិត្តភ័ក្តិពេញចិត្តខ្លាំងណាស់ចំពោះបរិយាកាសដ៏ស្រស់បៃតង ត្រជាក់ត្រជំរបស់សាលា និងភាពស្វាហាប់ សកម្មរបស់បងៗនិស្សិតនៅទីនេះ”។
ប្អូន Thi Anបានអោយដឹងបន្ថែម៖ “ថ្ងៃនេះ ពួកប្អូនមានក្តីរំភើបយ៉ាងក្រៃលែង ពេលមានឱកាសចុះមកធ្វើកម្មសិក្សានៅសាកលវិទ្យាល័យត្រាវិញដើម្បីទស្សនាផ្ទាល់នូវឧបករណ៍ពិសោធ និងសម្ភារៈប្រើប្រាស់ក្នុងការបណ្តុះបណ្តាល។ បានពិសោធបណ្តុះជាលិកាដោយផ្ទាល់ដៃនៅបន្ទប់អនុវត្តកោសិការុក្ខជាតិ។ ប្អូនសូមថ្លែងអំណរគុណដល់សាលាដែលបានបង្កលក្ខណៈដើម្បីប្អូននិងមិត្តភ័ក្តិបានអនុវត្តផ្ទាល់នៅទីនេះ”។
អនុវត្តការពិសោធន៍គីមីសាស្រ្តនៅបន្ទប់ពិសោធន៍ ប្អូន Nguyen Hung Anh ជាសិស្សវិទ្យាល័យជំនាញ Nguyen Thien Thanh (Tra Vinh) បានអោយដឹងថា៖ “បានអនុវត្តការពិសោធន៍នូវសារធាតុគ្រប់ប្រភេទ និងសំយោគធាតុគីមីបានជួយអោយប្អូនបានបង្កើនចំណេះដឹងបន្ថែមអំពីមុខជំនាញ។ នៅក្នុងថ្នាក់រៀន ប្អូនបានរៀនពីប្រតិកម្មគីមីសាស្រ្តឆ្លងតាមរយៈទ្រឹស្តីប៉ុណ្ណោះ។ ថ្ងៃនេះមានឱកាសមកសាកលវិទ្យាល័យត្រាវិញដើម្បីអនុវត្តផ្ទាល់ បានឃើញប្រតិកម្មគីមីសាស្រ្តជាក់ស្តែង។ ប្អូននិងមិត្តភ័ក្តិជាច្រើនរូបទៀតពេញចិត្តខ្លាំងណាស់”។
មុននេះ រៀងរាល់សប្តាហ៍តែងមានសិស្សានុសិស្សប្រមាណពី៣០០-៥០០នាក់មកពីវិទ្យាល័យនានានៃខេត្តបេនត្រែ វិញឡុង ដុងថាប ត្រាវិញ...មាន
ឱកាសទទួលបាននូវដំណើរចុះកម្មសិក្សានិងធ្វើទស្សនកិច្ចសិក្សាដ៏គួរជាទីពេញចិត្តនៅសាកលវិទ្យាល័យត្រាវិញផងដែរ។
TVU ក៏បានទំនាក់ទំនងជាមួយនឹងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនានាដើម្បីរៀបចំកម្មវិធីពិគ្រោះតម្រង់ទិសវិជ្ជាជីវៈដែលមានបណ្តាសកម្មភាពដ៏សម្បូរបែបនៅរៀងរាល់សប្តាហ៍តាមរយៈFanpageរបស់សាលាជូនសិស្សដែលមិនអាចធ្វើដំណើរមកទស្សនា TVU ផងដែរ៕
អត្ថបទដោយ៖ Hoang Nam – Hoang Long
ប្រែសម្រួលដោយ៖ Si So Phune