ការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង

ប្រភព៖ https://baodongkhoi.vn/giao-luu-van-hoa-viet-nam-han-quoc-16122022-a108979.html

ជា​លើក​ដំបូង​នៅ​មជ្ឈមណ្ឌល​វប្បធម៌ និង​ភាពយន្ត​ខេត្ត បាន​ចាត់​តាំង​មហោស្រព​វប្បធម៌​វៀតណាម-កូរ៉េខាងត្បូង​។ ព្រឹត្តិការណ៍នេះមាន​ការ​ចំណាប់អារម្មណ៍និងចូល​រួម​យ៉ាង​កុះ​ករ​ពី​សំណាក់សិស្សនិស្សិត​និងប្រជាជនមក​ពី​គ្រប់​មជ្ឈដ្ឋាន។ មហោស្រពនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌-ភាពយន្តខេត្ត និង​វិទ្យាស្ថានKing Sejong ត្រាវិញ។

viet-nam-han-quoc

ជ្រុងមួយនៃកន្លែងតាំងសៀវភៅ “វៀតណាម-កូរ៉េខាងត្បូងភ្ជាប់រាល់ទំព័រសៀវភៅនីមួយៗ” នាឱកាសពិធីមហោស្រពវប្បធម៌វៀតណាម-កូរ៉េខាងត្បូងនៅខេត្តបេនត្រែ។ 

សកម្មភាពផ្លាស់ប្តូរវប្បធម៌

តាំង​ពី​ព្រលឹម​ នៅ​កន្លែង​ចាត់​តាំង​មហោស្រព​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សប្បាយអ៊ូអរ ដោយមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើនរវាងប្រទេសទាំងពីរ។ លោក Nguyen Hoai Anh នាយកមជ្ឈមណ្ឌលវប្បធម៌និងភាពយន្តខេត្តបានជូនដំណឹងថា៖ “ក្នុងពិធី​មហោស្រពនេះ ​យើងខ្ញុំមានសកម្មភាពឧទ្ទេសនាមអំពីវប្បធម៌បេនត្រែដូចជា៖ ចងស្លឹកដូង ធ្វើនំក្រៀប ក៏ដូចជាឧទ្ទេសនាមអំពីវប្បធម៌កូរ៉េខាងត្បូង។ អ្នក​ទាំង​អស់​គ្នា​អាចហូបនូវម្ហូបអាហារ ពាក់នូវសំលៀកបំពាក់ប្រពៃណី និងចូលរួមក្នុងល្បែងប្រជាប្រិយរបស់កូរ៉េខាងត្បូង។ ជាពិសេស សកម្មភាពដែលទាក់ទាញយុវវ័យ គឺជាកន្លែងសម្រាប់សាកល្បងថតរូបជាមួយនឹងសម្លៀកបំពាក់ប្រពៃណីកូរ៉េខាងត្បូង (ហាន់បុក)។ ទើប​បាន​សាកល្បងហាន់បុកបងស្រី Tran Thi Quynh Lam (ទីក្រុងបេនត្រែ) បានចែករំលែកថា៖ “ពីមុនមកខ្ញុំមិនដែលសាកល្បងសម្លៀកបំពាក់កូរ៉េខាងត្បូងទេ ដូច្នេះហើយមានអារម្មណ៍គួរឱ្យចាប់ចិត្តណាស់។ សម្លៀកបំពាក់នៅទីនេះក៏ស្អាតដែរ។ សកម្មភាពមហោស្រព​នេះពិត​ជា​មានអត្ថន័យ ហើយ​រួមចំណែកលើកស្ទួយវប្បធម៌នៃប្រទេសទាំងពីរប្រកបដោយវិចិត្រភាព”។​

ទីកន្លែងសម្លៀកបំពាក់បុរាណវៀតណាមរបស់អង្គភាព Chieu Minh Cac ក៏ទទួលបានការយកចិត្តទុកដាក់ពិសេសផងដែរ។ យុវជនជាច្រើនបានពាក់អាវ Tâc និងអាវ Nhat Binh ជាលើកដំបូង ហើយបានសម្តែងនូវក្តីរីករាយ និងរំភើបរបស់ពួកគេ។​ប្អូន Ngoc Huyen (ទីក្រុងបេន​ត្រែ) បាននិយាយថា “ខ្ញុំបានស្រាវជ្រាវអំពីវត្ថុបុរាណវៀតណាមនៅលើអ៊ីនធឺណិតជាច្រើន ប៉ុន្តែពីមុនមកខ្ញុំមិនដែលសាកល្បងពាក់វាទេ។ ថ្ងៃនេះខ្ញុំអាចពាក់អាវប្រពៃណីរបស់ជាតិយើង។ ខ្ញុំ​មាន​មោទនភាព​ណាស់ សម្លៀកបំពាក់​វៀតណាមពិត​ជា​ស្អាត។ ​

ក្នុងមហោស្រពនេះ ទីកន្លែង​វប្បធម៌នៃការអាន “វៀតណាម - កូរ៉េខាងត្បូងតភ្ជាប់ទំព័រសៀវ​ភៅនីមួយៗ” ដែលបានចាត់តាំង​ដោយបណ្ណាល័យ Nguyen Dinh Chieu ក៏បានរៀបចំចំណងជើងសៀវភៅ​មួយ​ចំនួន​ទាក់ទងនឹងវប្បធម៌កូរ៉េខាងត្បូង ដែលបានគាំទ្រដោយវិទ្យាស្ថាន King Sejong ត្រាវិញដើម្បីបម្រើអ្នកអានវ័យក្មេង។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ លោក Pham Nguyen Bao Tran និស្សិតនៃសាខាសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ​នៅខេត្តបេនត្រែ​បានឲ្យ​ដឹង​ថា “នៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ ខ្ញុំមានឱកាសស្វែងយល់បន្ថែមអំពីវប្បធម៌កូរ៉េខាងត្បូង និងស្លៀកពាក់សម្លៀកបំពាក់កូរ៉េខាងត្បូង។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសសម្រាប់យុវជន ដើម្បីឲ្យអ្នក​ទាំង​អស់​គ្នាបានផ្លាស់ប្តូរ និងយល់​កាន់តែច្បាស់អំពីវប្បធម៌វៀតណាម-កូរ៉េខាងត្បូង។ ខ្ញុំបានទស្សនា ទីកន្លែងសៀវភៅវៀតណាម-កូរ៉េខាងត្បូង។ ខ្ញុំយល់ឃើញថា សៀវភៅដែលរៀបចំដោយបណ្ណាល័យ Nguyen Dinh Chieu មានភាពសម្បូរបែបទាំង​ប្រធានបទ ​និងវិស័យ”។

បង្កើន​ចំណងសាមគ្គីភាព និងមិត្តភាព

ការផ្លាស់ប្តូរវប្បធម៌គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសម្រាប់មនុស្សលោកចែករំលែក ហើយបញ្ចូលនូវតម្លៃមនុស្សជាតិដ៏ថ្លៃថ្នូរ និងចម្រុះពណ៌ ដោយឈរលើមូលដ្ឋាននៃការគោរព ការយោគយល់គ្នាទៅវិញទៅមក ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌នៃភូមិស្រុក។ មកដល់ពិធីបុណ្យនេះ មិនត្រឹមតែយុវជននៅបេនត្រែបានទទួលវប្បធម៌កូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងមិត្តភក្តិមកពីកូរ៉េខាងត្បូងជា​ច្រើន​ក៏មានឱកាសទទួលបានវប្បធម៌វៀតណាម ជាពិសេសវប្បធម៌បេនត្រែផងដែរ។ លោក Park Sung Young គ្រូបង្រៀនភាសាកូរ៉េខាងត្បូងនៅវិទ្យាស្ថាន King Sejong ត្រាវិញបានសម្តែងថា៖ “ប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ណាស់ ហើយបេនត្រែគឺជាកន្លែងពិតជា​អស្ចារ្យ។ ប្រទេសវៀតណាមគឺជាកន្លែងដ៏ល្អសម្រាប់រស់នៅ និងសិក្សា។

លោក Park Jong Arm នាយកប្រតិបត្តិនៃវិទ្យាស្ថានKing Sejong ត្រាវិញបានសម្តែងថា៖ “ខ្ញុំរីករាយណាស់ដែលបានចូលរួមក្នុងមហោស្រពវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ដែលប្រារព្ធឡើងនៅទីក្រុងបេនត្រែ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដែលបេនត្រែបានរៀបចំយ៉ាងពិសេសនូវមហោស្រពនេះ ដើម្បីអបអរសាទរខួបលើកទី ៣0 នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង។ ថ្ងៃនេះខ្ញុំនឹងនាំយកម្ហូប​អាហារ និងវប្បធម៌កូរ៉េខាងត្បូងមកជូនប្រជាជននៅទីនេះ។ ខ្ញុំ​ចង់​និយាយ​ថា​ពេល​ដែល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ពិធី​នេះ ខ្ញុំ​មានអារម្មណ៍យល់​ដឹង​​នូវ​ស្នាម​ញញឹម​ដ៏​មាន​សង្ឃឹម និង​បេះដូង​ដ៏​មាន​តម្លៃ​របស់​អ្នក​រាល់​គ្នា​ដែល​បាន​រៀបចំ​​ព្រឹត្តិការណ៍​នេះ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​យើងខ្ញុំ​នាំ​យក​វប្បធម៌​កូរ៉េខាងត្បូង​មក​កាន់បេនត្រែ»

នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ វៀតណាម និងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរដែលមានទំនាក់ទំនងល្អជាយូរអង្វែង។ បណ្ដាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ល្អរវាងវៀតណាម និងកូរ៉េខាងត្បូង ទិសដៅសហប្រតិបត្តិការត្រឹមត្រូវត្រូវបានបង្កើតឡើងលើគ្រប់វិស័យ។ ដោយយល់ច្បាស់នូវគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បេនត្រែតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការបរទេសរវាងវៀតណាម និងកូរ៉េខាងត្បូងដោយផ្តោតលើទំនាក់ទំនងការទូតសេដ្ឋកិច្ចរវាង បេនត្រែនិងដៃគូកូរ៉េខាងត្បូង។ មហោស្រពវប្បធម៌វៀតណាម - កូរ៉េខាងត្បូង គឺជាការគូសបញ្ជាក់ និងឆ្លើយតបទៅនឹងខួបលើកទី ៣0 នៃព្រឹត្តិការណ៍ការទូតសំខាន់ៗរបស់ប្រទេសទាំងពីរ ព្រមទាំងបន្តបើកផ្លូវថ្មីក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយតាមរយៈទំនាក់ទំនងការទូតវប្បធម៌។

“ពីព្រឹត្តិការណ៍នេះ យើងខ្ញុំបានឯកភាពជាមួយ វិទ្យាស្ថានKing Sejong ក្នុងការរៀបចំសកម្មភាពតភ្ជាប់ ដើម្បីលើកកម្ពស់វប្បធម៌នៃប្រទេសទាំងពីរ។ តាមរយៈនោះ​​​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ។ យើងខ្ញុំសង្ឃឹមថាមនុស្សគ្រប់រូបដែលចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ជាពិសេសគឺយុវជននឹងបានឆ្លងកាត់ការពិសោធន៍វប្បធម៌ជាមួយគ្នា ម្នាក់ៗនឹងក្លាយជាអ្នកនាំសារផ្សព្វផ្សាយវប្បធម៌នៃប្រទេសទាំងពីរ លើកកម្ពស់ និងពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរមួយ​ថ្ងៃ​កាន់តែរឹងមាំ។

(នាយកមជ្ឈមណ្ឌលវប្បធម៌ និងភាពយន្តខេត្ត លោក Nguyen Hoai Anh)

 

អត្ថបទ​ដោយ៖ Thanh Đong

ប្រែ​សម្រួល​ដោយ៖ Diem Phuc