នាថ្ងៃទី ២៨ ខែមីនា សាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យ ចេនឡានៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងវិស័យផ្លាស់ប្តូរសាស្ត្រាចារ្យ និងនិស្សិត ដើម្បីរួមគ្នាលើកកម្ពស់គោលដៅនៃការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់សហគមន៍។
ទទួលគណៈប្រតិភូមានលោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ និងថ្នាក់ដឹកនាំនៃបណ្ដាមហាវិទ្យាល័យ និងអង្គការចំណុះសាលា។ រីឯខាងសាកលវិទ្យាល័យចេនឡាមានលោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការរង និងគណៈប្រតិភូរួមដំណើរមកទស្សនកិច្ច និងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ។
ក្នុងអង្គប្រជុំ លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចេនឡា បានស្នើអនុវត្តកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យផ្លាស់ប្តូរសាស្ត្រាចារ្យ និងនិស្សិត ជាពិសេសលើវិស័យសុខាភិបាល។
លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនៃគណៈប្រតិភូ នៅសាកលវិទ្យាល័យត្រាវិញ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការសំណើសហប្រតិបត្តិការដែលសាកលវិទ្យាល័យចេនឡាបានស្នើឡើងក្នុងវិស័យ ផ្លាស់ប្តូរសាស្ត្រាចារ្យ និងនិស្សិត ក្នុងគោលបំណង បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សហគមន៍។
បន្ទាប់ពីការពិភាក្សាគ្នា ភាគីទាំងពីរបានឯកភាពនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្លាស់ប្តូរសាស្ត្រាចារ្យ និងនិស្សិត។ ក្រោយពេលបញ្ចប់អង្គប្រជុំ គណៈប្រតិភូបានទៅទស្សនាមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ មហាវិទ្យាល័យទន្តវទនសាស្ត្រ និងមន្ទីរពេទ្យនៃសាកលវិទ្យាល័យត្រាវិញ។
អត្ថបទដោយ៖ Thanh Thuy – Hoang Tinh
ប្រែសម្រួលដោយ៖ Sa Phone