ប្រភពចាប៉ីដងវែងខ្មែរ
- សេចក្ដីលម្អិត
- ជំពូក៖ ឯកសារស្រាវជ្រាវ
- ចេញផ្សាយនា 18 មីនា 2013
- ចុចដង៖ 1992
ជាឧបករណ៍ភ្លេងប្រពៃណីខ្មែរមួយប្រភេទដែលមានប្រអប់ស្នូកមួយ និងដងមួយ ។ នៅលើដងប្រវែងជា មួយម៉ែត្រ ៤០ ទៅ មួយម៉ែត្រ ៥០ គេឃើញមានខ្សែ ២ ឬ ៤ សម្រាប់ដេញប្រគំទោល ឬ ក៏រួមជាមួយតន្ត្រីផ្សេងៗឯទៀត ។
ជាទូទៅអ្នកលេងចាប៉ី គឺដេញចាប៉ីផងច្រៀងនិទានរឿងព្រេងខ្មែរបុរាណ ឬ ក៏រៀបរាប់ព្រឹត្តិការណ៍អ្វីមួយក្នុងបំណងដាស់តឿនអប់រំ ។ ជួនកាលសម្លេងពីរោះរណ្តំបូកនឹងរឿងរ៉ាវសំខាន់ផង អាចធ្វើឱ្យមនុស្សជក់ចិត្ត ឬ ហូរទឹកភ្នែក ។
តើចាប៉ីកើតមកពីសម័យណា ? ឧបករណ៍ភ្លេងនេះជាមរតកវប្បធម៌របស់សម័យក្លិង្គចូលស្រុក ឬ ក៏មានប្រភពចេញពីឥណ្ឌា ដោយខ្មែរយើងយកមកកែច្នៃឱ្យមានលក្ខណៈជាតិរបស់ខ្លួន ?
៙ ប្រភពនៃចាប៉ីដងវែង :
អ្នកមានជំនក់ចិត្តបានធ្វើការស្រាវជ្រាវដល់ប្រភពនៃចាប៉ីខ្មែរជាង ២៥ ឆ្នាំមកហើយ ហើយរហូតមកទល់ពេលនេះគ្មានឯកសារណាមួយដែលបញ្ជាក់ថា បុព្វបុរសខ្មែរនាសម័យបុរេប្រវត្តិសាស្ត្របាននិយម ឬ ប្រើឧបករណ៍ភ្លេងប្រភេទនេះទេ ។
យ៉ាងណាមិញគេក៏បានជួបប្រទះនូវវត្តមានរបស់ឧបករណ៍នេះ ក្នុងចំណោមឧបករណ៍ភ្លេងរបស់បងប្អូនខ្មែរលើ ដែលជាជនជាតិរួមឈាមជាមួយខ្មែរ ក៏ប៉ុន្តែរស់នៅតាមព្រៃភ្នំ ។ តែបើគេពិនិត្យឧបករណ៍ភ្លេងក្លិង្គបុរាណឥណ្ឌា និងឧបករណ៍ភ្លេងខ្មែរ យើងនឹងឃើញនូវភាពស្រដៀងគ្នា ។ គឺកត្តានេះហើយដែលជំរុញឱ្យអ្នកស្រាវជ្រាវផ្នែកឧបករណ៍ភ្លេងខ្មែរជឿជាក់ថា ចាប៉ីកើតចេញពីខឿនវប្បធម៌ក្លិង្គ ។
បើក្រឡេកមើលសម័យនគរភ្នំវិញ បណ្ឌិតមីសែលត្រាណេ បានឱ្យដឹងថា ឯកសារភាគច្រើននៃរូបចម្លាក់ទាក់ទិនទៅនឹងឧបករណ៍ភ្លេងនេះត្រូវបានគេ ជួបប្រទះក្នុងស្ថានីយប្រវត្តិសាស្ត្រនាដើមសតវត្សរ៍ទី ១ ដល់ទី ៦ នៃគ្រិស្តសករាជជាពិសេសនៅអូកែវ និងអង្គរបុរី ខេត្តតាកែវ ។
គួរបញ្ជាក់ដែរថា នាដើមសតវត្សរ៍ទី ៧ នៃគ្រិស្តសករាជ ចាប៉ីដងវែងនេះក៏បានត្រូវខ្មែរប្រើប្រាស់នៅខេត្តកំពង់ធំយើងដែរ ដូចជាម្តុំស្រុកសម្បូរ បើយើងសំអាងលើចម្លាក់ផ្តែរមួយ ។ ដូចឧបរកណ៍ឯទៀតខ្មែរនាសម័យចេនឡាបានប្រើចាប៉ី ដើម្បីជាតង្វាយថ្វាយព្រះសិវៈ ។
លោកមីសែលត្រាណេ បានបញ្ជាក់ទៀតថា មកទល់ពេលនេះ យើងពុំទាន់រកឃើញនៅឡើយ នូវអ្នកស្ថាបនានៃឧបករណ៍ភ្លេងនេះ ក្នុងសម័យវប្បធម៌នគរភ្នំ និងចេនឡា នៅប្រទេសឡាវ និងប្រទេសសៀមនៅឡើយ ។ ភស្តុតាងដែលគេបានជួបប្រទះសុទ្ធសឹងតែស្ថិតនៅសតវត្សរ៍ទី ១៩ ហើយនិងសតវត្សរ៍ទី ២០ កន្លងទៅនេះទាំងអស់ ។
ការស្រាវជ្រាវបានឱ្យដឹងទៀតថា : ក្នុងប្រទេសទាំង ២ ខាងលើនេះ ថៃ រូបនីយកម្មបានបណ្តាលឱ្យជនជាតិខ្មែរដែលបានក្លាយជាជនជាតិភាគតិចសឹងតែឈប់ប្រើគ្រឿងភ្លេងនេះទៅហើយ លើកលែងតែនៅខេត្តស៊ីសាកេតមួយប៉ុណ្ណោះ ។ ឯនៅប្រទេសវៀតណាមវិញ នៅខេត្តខ្លះគេនៅប្រើចាប៉ីដងវែងនេះច្រើនជាបង្គួរដែរ ។
ឆ្លងតាមការស្រាវជ្រាវជាបន្តបន្ទាប់ បណ្ឌិតមីសែលត្រាណេ បានអះអាងថា ការប្រៀបធៀបចម្លាក់ឧបករណ៍ភ្លេងនាសម័យនគរភ្នំ និងឧបករណ៍បច្ចុប្បន្នអាចផ្តល់ព័ត៌មានស្តីពីប្រភព និងចំណាស់របស់ដងចាប៉ីវែងរបស់ខែ្មរយើង ៕