បើកវគ្គបំពាក់បំប៉នទ្រឹស្តីនយោបាយសម្រាប់មុខសញ្ញាបញ្ចូលសមាជិកបក្ស
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 19 វិច្ឆិកា 2023
- ចុចដង៖ 17
(TVU) - នារសៀលថ្ងៃទី១០ ខែវិច្ឆិកា គណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញ បានសហការជាមួយគណៈកម្មាធិការបក្សប្លុកស្ថាប័ននិងអាជីវកម្មខេត្តត្រាវិញ បើកវគ្គបំពាក់បំប៉នទ្រឹស្តីនយោបាយសម្រាប់មុខសញ្ញាបញ្ចូលសមាជិកបក្សនៅសាលប្រជុំសាលាអនុវត្តគរុកោសល្យត្រាវិញ។
អញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះ ផ្នែកខាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សប្លុកស្ថាប័ននិងអាជីវកម្មខេត្ត មានសមមិត្ត Tran Thi Kim Phuong អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សប្លុក; សមមិត្ត Duong Binh Phuong សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សប្លុក។
ផ្នែកខាងគណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញ មានលោកបណ្ឌិត Phan Quoc Nghia សមាជិកគណៈកម្មាធិការបក្ស និងជាសាកលវិទ្យាធិការរងសាលា; សមមិត្ត Quach Thi Vu Hue សមាជិកគណៈកម្មាធិការបក្ស ប្រធានផ្នែកឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្ស; សមមិត្ត Nguyen Van Long សមាជិកគណៈកម្មាធិការបក្ស ប្រធានការិយាល័យនៃគណៈកម្មាធិការបក្ស ព្រមជាមួយនឹងសិក្ខាកាម១៤៨នាក់ ដែលជាមហាជនឆ្នើមមកពីបក្ខភាគផ្នែក និងសាខាបក្ស ក្រោមចំណុះបក្ខភាគសាលា។
ថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គ សមមិត្ត Tran Thi Kim Phuong អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សប្លុកស្ថាប័ននិងអាជីវកម្មខេត្តឱ្យដឹង៖ ការបណ្តុះបណ្តាល បំពាក់បំប៉ន ពង្រីកសមាជិកបក្សថ្មី គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់នៃការកសាងបក្ស ដើម្បីបំពាក់បំប៉ន លើកកម្ពស់ការយល់ដឹងអំពីទ្រឹស្ដីនយោបាយ ទស្សនៈ គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជួយឱ្យសិក្ខាកាមលើកកម្ពស់កម្រិតទ្រឹស្ដីនយោបាយ ការយល់ដឹងកាន់តែស៊ីជម្រៅជាងទៀតអំពីបក្សកុម្មុយនិស្តវៀតណាម ឧត្តមគតិ សីលធម៌ និងឥរិយាបថហូជីមិញ។
ឆ្លងតាមរយៈនោះ កសាងស្មារតីលត់ដំខ្លួន លត់ដំសីលធម៌ សកម្មក្នុងការចូលរួមនូវសកម្មភាព ត្រៀមខ្លួនទទួល និងសម្រេចបានល្អរាល់ភារកិច្ចដែលអង្គការបក្ស ស្ថាប័ន អង្គភាពប្រគល់ជូន ជួយឱ្យសិក្ខាកាមកសាងកម្លាំងចលករ ខិតខំដោយសកម្ម និងលត់ដំខ្លួនដើម្បីក្លាយជាសមាជិកបក្សកុម្មុយនិស្តវៀតណាម។
សមមិត្ត Tran Thi Kim Phuong សំណូមពរសិក្ខាកាមទាំងឡាយលើកកម្ពស់ស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់សិក្សារៀនសូត្រ គោរពលក្ខន្តិកៈថ្នាក់រៀនដោយម៉ឺងម៉ាត់ ម្ចាស់ការស្រាវជ្រាវឯកសារបន្ថែម បង្កើនការពិភាក្សាក្នុងថ្នាក់ និងក្រេបជញ្ជក់មេរៀន ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។
វគ្គបំពាក់បំប៉នប្រព្រឹត្តឡើងក្នុងអំឡុងពេល០៣ថ្ងៃ (ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣) សិក្ខាកាមសិក្សា ស្រាវជ្រាវនូវប្រធានចំនួន០៥ តាមការណែនាំរបស់គណៈឃោសនាអប់រំមជ្ឈិមរួមមាន៖ ប្រវត្តិសង្ខេបបក្សកុម្មុយនិស្តវៀតណាម; គោលកម្មវិធីកសាងប្រទេសក្នុងសម័យអន្តរកាលឈានឡើងលទ្ធិសង្គមនិយម; ខ្លឹមសារមូលដ្ឋាននៃលក្ខន្តិកបក្សកុម្មុយនិស្តវៀតណាម; រៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ និងឥរិយាបថហូជីមិញ; ខិតខំក្លាយជាសមាជិកបក្សកុម្មុយនិស្តវៀតណាម។
ក្រៅពីនោះ សិក្ខាកាមនៅទាំងបានបង្រៀននូវខ្លឹមសារមូលដ្ឋានអំពីអង្គការ និងសកម្មភាពរបស់បក្ស; ណែនាំសរសេរប្រវត្តិរូបរបស់អ្នកសូមចូលជាសមាជិកបក្ស និងបែបបទជាប់ពាក់ព័ន្ធមួយចំនួនទៀត។
បញ្ចប់វគ្គសិក្សា សិក្ខាកាមត្រូវបានវាយតម្លៃតាមរបៀបប្រឡងពហុជ្រើសរើស ដើម្បីធ្វើជាមូលដ្ឋានផ្តល់ជូនវិញ្ញាបនបត្រ ធ្វើជាល័ក្ខខ័ណ្ឌដើម្បីគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ពិនិត្យបញ្ចូលក្នុងកងជួរសមាជិកបក្ស។
អត្ថបទដោយ៖ Hoang Nam – Hoang Tinh
ប្រែសម្រួលដោយ៖ So Phune