បុណ្យកឋិនទាន

dang-bong

ចាប់​តាំង​ពី​ថ្ងៃ​០១​រោចខែ​អស្សុជ​ ដល់​​ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្តិក​ ពុទ្ធសាសនិកជន​តែង​​នាំ​គ្នា​ធ្វើ​កឋិន​ទាន​ដើម្បី​វេរ​​ប្រគេន​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សាអស់​រយៈ​កាល​៣ខែ។

បុណ្យ​កិឋិន​ទាន​ជា​បុណ្យ​ពុទ្ធា​នុញ្ញាត​មួយ​ ព្រោះ​ព្រះ​សង្ឃ​មាន​ស្បង់​ចី​វរ​មិន​ស្អាត​ដោយ​ប្រ​លាក់​ភក់​ ទទឹក​ទឹក​ភ្លៀង នៅ​ពេល​ដែល​លោក​និមន្ត​បិណ្ឌ​បាត​នៅ​រដូវ​ចេញ​វស្សា​ ទើប​ព្រះ​ពុទ្ធ​ទ្រង់​អនុញ្ញាត​ឱ្យ​ព្រះ​សង្ឃ​ទទូល​ត្រៃ​ចីវរ​អំ​ពី​ទាយក​ទាយិកា​ដែល​ស្ម័គ្រ​ចិត្ត​វេរ​ប្រ​គេន។

ហេតុ​នេះ​ទើប​នៅ​ក្នុង​បុណ្យ​កឋិន​មាន​ត្រៃ​ចី​វរ​ជា​ប្រ​ធាន​លើ​​គ្រឿង​បរិក្ខារ​ឯ​ទៀត​ទាំង​អស់​ មាន​បាត្រ គ្រែ​ កន្ទេល​ ខ្នើយ មុង​ ចាន​និង​ប្រ​ដាប់​សម្រាប់​ព្រះ​សង្ឃ​ប្រើ​ប្រាស់​ជា​ដើម។

ដោយ​​ពុទ្ធ​បរិស័ទមាន​សទ្ធា​​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ និង​ស្មារតី​ភ្ញាក់​រលឹក​យល់​​​ត្រូវ​​ក្នុង​ការ​បរិច្ចាគ​ទាន​​សន្សំ​កុសល​ ឯកជន​ឬ​ក្រុម​គ្រួ​សារ​ណាមួយ​ អាច​នាំ​គ្នា​ប្រ​មូល​លុយ​​​កាស​ដើម្បី​ហែ​អង្គ​កឋិន​ទៅ​ចូល​វត្ត​ណា​មួយ​ដែល​ខ្លួន​ស្ម័គ្រ​ ហើយ​បាន​ទៅ​ទាក់​ទង​ ទូល​ព្រះ​ចៅ​អធិការ​វត្ត​​ទុក​ជា​មុន​ កុំ​ឱ្យ​ព្រះ​អង្គ​​ទទូល​គេ​ទៀត​។​ វត្ត​និមួយ​ៗ មាន​អំ​ណាច​ទទូល​បាន​តែ​កឋិន​មួយ​ទេ​ក្នុង​មួយ​ឆ្នាំ។ ធម្មតា​គេ​ច្រើន​រើស​រក​វត្ត​ណា​ដែល​ខ្សត់​ខ្សោយ​ជាង​គេ។


មុន​ថ្ងៃ​ចូល​បុណ្យ​ពីរ​បី​ថ្ងៃ​​​ ​សា​មី​​ដើម​បុណ្យ​និង​អ្នក​ស្រុក​ជិត​ខាង​បាន​សាមគ្គី​​គ្នា​​រៀប​ចំ​​​​រោង​បុណ្យ​​​​តាម​ទំ​នៀម​ទំ​លាប់​ខ្មែរ។​ នៅ​រាត្រី​ថ្ងៃ​ចូល​បុណ្យ​​គេ​និមន្ត​ព្រះ​សង្ឃ​ចំ​រើន​ព្រះ​បរិត​ ​សម្តែង​ធម៌​​ទេស​នា​ ​ពុទ្ធ​ពិសេក​។ ព្រឹក​ស្អែក​ឡើង​និមន្ត​ព្រះ​សង្ឃទទូល​ភត្ត​​ឧទ្ទិស​ភាគ​ផល លុះ​ដល់​ម៉ោង​១១​​ថ្ងៃ​ត្រង់ ​​​​គណៈ​កម្មការ​​នឹង​រៀប​ចំ​​​​ក្បួន​ដង្ហែ​អង្គ​កឋិន​​ឆ្ពោះ​ទៅ​កាន់​​វត្តដើម្បី​វេរ​ប្រ​គេន​ព្រះ​សង្ឃ។​​ ​​អ្នក​ទៅ​បុណ្យ​ស្លៀក​ពាក់​យ៉ាង​ល្អៗ យុវ័ន យុវតី​ កុមារារី​​ស្លៀក​ពាក់​ថ្មីៗ ដៃ​កាន់​ស្លាធម៌​​ កាន់​ទង់​សាសនា​ ទ្រង់​ក្រពើ ឧបាសក​-​ឧបាសិកា​ស្ពាយ​ បាត្រ ទូល​ត្រ័យ ដោយ​ទឹក​​ចិត្ត​ប​​រិសុទ្ធរួ​ម​គ្នា​កសាង​​កុសល​បូជា​ព្រះ​រតន​ត្រ័យ​ ដើម្បី​ប្រា​ថ្នា​សុំ​ឱ្យ​បាន​សេចក្តី​សុខ​ សេចក្តី​ចំ​រើន​ អាយុ​យឺន​យូរ​ មាន​ទ្រព្យ​សម្បត្តិ​ និង​សុំ​ឱ្យ​ទៅ​កើត​ក្នុង​ទេវលោក​។

ពេល​ទៅ​ដល់​វត្ត​ គេ​ហែ​អង្គ​កឋិន​ប្រ​ទក្សិណ​ព្រះ​វិហារ​៣​ជុំ ដោយ​មាន​ក្រុម​ឆៃ​យ៉ាំ​ និង​ក្រុម​ភ្លេង​ពិណ​ពាទ្យ​យ៉ាង​ឱឡា​រិក​។ ហែ​ប្រ​ទក្សិណ​គ្រប់​៣​ជុំ​ហើយ​ ក្បួន​ហែ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ គេ​រៀប​បរិក្ខារ​​ទាំង​អស់​ចំ​ពោះ​មុខ​​ព្រះ​ភ័ក្រ្តព្រះ​សង្ឃ។ ទាយក​ទាយិកា​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ​ រួច​អារាធនា​សមាទាន​សិល។ បន្ទាប់​មក​អាចារ្យ​រៀប​វេ​រ​អង្គ​កឋិន​ព្រម​ទាំង​គ្រឿង​បរិក្ខារ​ជាបរិវារ​កឋិន​ប្រ​គេន​ព្រះ​សង្ឃ​ ព្រះ​សង្ឃ​ទទូល​ហើយ​​​ក៏​ធ្វើ​កិច្ច​បង្វែរ​ប្រ​គេន​ចំ​ពោះ​ភិក្ខុ​សង្ឃ​មួយ​អង្គ​ ដែល​ចេះ​​ដឹង​យល់​ច្បាស់​ក្នុង​កិច្ច​ក្រាល​គ្រង​កឋិន​ឱ្យ​ទទូល​បំ​ពេញ​កិច្ច​នោះ​តាម​ច្បាប់​វិន័យ​ជា​កិច្ច​ឆ្លង​បុណ្យ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ឯកសារ​ស្រាវ​ជ្រាវ បុណ្យកឋិនទាន