​ប្រ​ភព​អក្សរ​សាស្ត្រ​ខ្មែរ ​*

ជាតិ​សាសន៍​និមួយៗ មាន​ភាសា​របស់​ខ្លួន​តំ​ណាល​គ្នា​នឹង​កំ​ណើតនៃ​ជាតិ​នោះ​។ ភា​សា​កើត​ឡើង​មិន​ថា​ភាសា​ណា​ឬ​ភាសា​ណា​ទេ គឺ​មាន​តួ​នា​ទី​ដំ​បូង​បង្អស់​សម្រាប់​និយាយ​​ស្តាប់​គ្នា​យល់ ​យើង​ដឹង​ដែរ​ថា​មនុស្ស​ដែល​ប្រើ​ប្រាស់​តែង​តែ​ពង្រីក​ភាសា​របស់​ខ្លួន​ឱ្យ​ផុត​ពី​តួ​នាទី​ជា​មូល​ដ្ឋាន​នោះ​ទៅ​ រហូត​បង្កើត​បាន​តួ​អក្ខរៈ​​ជា​លក្ខណៈ​ពិសេស​របស់ជាតិ​ខ្លួន ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​ឌិត​ខ្ពស់។ ពិត​មែន​​ហើយ​នេះជា​ដំ​ណើរ​​នៃ​ធម្មជាតិ​ ​ត្រូវ​ការ​ចំ​រើន​​ទៅ​មុខ​ ប្រៀប​បាន​ភាសា​ត្រូវ​ការ​វិវត្ត​​​​បង្កើត​​តួ​​អក្សរដើម្បី​​​កត់​ត្រា​​សូរ​សម្លេង​ ឬ​រឿង​រ៉ាវ​ ប្រ​វិត្តិសាស្ត្រ​ ព្រឹត្តិការ​ផ្សេង​ៗ ឬក៏​ដូច​ក្នុង​វិស័យ​រដ្ឋបាល​ ​ពាណិជ្ជកម្ម​។ល។​ ​ក្នុង​អត្ថបទ​​នេះ យើង​​ខ្ញុំ​នឹងខិត​ខំ​​ព្យាយាម​បោះ​តម្រុយ​ខ្លះៗ​ អំ​ពី​មូល​ដ្ឋាន​នាំ​អោយ​មាន​​អក្សរ​សាស្ត្រ​ខ្មែរ​ដើម្បី​​​ទាញ​យក​​​ប្រ​យោជន៍​ក្នុង​បុព្វហេតុ​នៃ​ការ​អប់រំ​ដល់​យុវជន​ខាង​ក្រោយ។

​ពុទ្ធ​ភាសិតមួយ​ពោល​ថា «ការ​ងារ​មិន​ច្រ​បូក​ច្របល់​គឺ​មង្គល​ដ៏​ឧត្តម​» គឺ​​ដឹង​ច្បាស់​នូវ​ការ​ងារណា​ដែល​​ត្រូវ​​ធ្វើ​មុន​ ការ​ងារ​ណា​ត្រូវ​ធ្វើ​បន្ទាប់​ និង​ការ​ងារ​ណា​មិន​គប្បី​​ធ្វើ គឺ​នាំ​យើង​ឆ្ពោះ​ទៅ​រក​គោល​ដៅ។​​ មុន​នឹង​ចាប់​យក​​ស្រាវ​ជ្រាវ​​ប្រ​ភព​​អក្សរ​សាស្ត្រ​ខ្មែរ ដំ​បូង​ដៃ​យើង​រាល់​​គ្នា​ត្រូវ​ឆ្លើយ​នូវ​សំ​នួរ​ថា៖ អ្វី​ទៅ​ជា​អក្សរ? ​កត្តា​ណា​នាំ​ឱ្យ​​បង្កើត​អក្សរ? បង្កើត​ដោយ​វិធី​ណា? ចំ​ពោះ​អក្សរ​ខ្មែរ​ តើ​មាន​ប្រ​ភព​មក​ពី​ណា និង​បាន​វិវត្ត​​​ប៉ុន្មាន​លើក​​ហើយ​មក​ដល់​​បច្ចុប្បន្ន។ សំ​នួរទាំង​អស់​នេះ​ពិត​ជា​មិនថ្មី​​ទេចំ​ពោះ​អ្នក​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ។​ ដោយ​​ការ​ងឿង​ឆ្ងល់​​ចង់​បាន​​ដឹង​ជាក់​ច្បាស់​​ដូច្នេះ​ យើង​ខ្ញុំ​សូម​ផ្ញើ​នូវ​គំនិត​ខ្លះៗ​ នៃ​ការ​ស្រាវជ្រាវ​ខាង​លើជូន​ចំពោះ​អស់​លោក​អ្នក​អាន​ ហើយ​ក៏​អំ​ពាវ​នាវ​ផង​​ដែរ​អ្នក​សាស្ត្រ​​ទាំង​ឡាយ​ សូម​ឱ្យ​​បន្ត​​ការ​ស្រាវ​ជ្រាវ​រក​ឫស​គល់​អក្សរ​សាស្ត្រ​នោះ ឱ្យ​មាន​គោល​ឋាន​ជាក់​លាក់​ឡើង ជូន​ជន​រួម​ជាតិ​ដើម្បី​ជា​​លម្អ​ ឬ​សម្រស់​​​​​គួរ​មោទនភាព​ ឱ្យ​​មាន​លក្ខណៈ​គ្រប់​គ្រាន់ ក្លាយ​ទៅ​ជា​មត៌ក​អក្សរ​​សាស្ត្រ​សម្រាប់​​សិក្សា​នៃ​​​កូន​​​ខ្មែរ និង​ជាតិ​ដទៃ​ៗ​ទៀត។

ជា​បឋម​អក្សរគឺអ្វី​? អក្សរ​ជា​​ពាក្យ​សំ​ស្ក្រឹត​ បាលី​ថាអក្ខរៈ​ ប្រែថា​ស្នាម​គំ​នួស​មាន​តួ​រាង​ផ្សេងៗ​សម្រាប់​ប្រើ​សរសេរ​កត់​ពាក្យ​សម្តី​និង​សេចក្តី​ទាំង​ពួង​​ ប្រើ​មិន​ចេះ​អស់​ និង​ចែក​ចេញ​ជា​ពីរ​ពួក៖ ពួក​ស្រះ​ និង​ព្យញ្ជនៈ(សម្តេច​ព្រះ​សង្ឃរាជ​ជួន​ណាត)។ ប៉ុន្តែ​កម្លាំង​ចលករ​ណា​នាំ​ឱ្យ​មនុស្ស​បង្កើត​អក្សរ?

យើង​ក្រ​ឡេក​​​មើល​ទៅ​ចុង​​យុគ្គ​​សម័យ​ថ្មថ្មី​​បំ​បែកនិង​ដើម​យុគ្គ​សម័យ​សំរិទ្ធ​(៤០០០ឆ្នាំមុន​គ្រិស្ក​សក​រាជ) បណ្តា​​​​​ប្រ​ព័ន្ធ​គំ​នួស​សញ្ញា​មិនទាន់​មាន​នោះ​ឡើយ ដល់​ខាង​ក្រោយៗ​​មក​អារ្យធម៌​សំ​រិទ្ធ​រីក​ចំ​រើន​ គេ​ក៏​​រក​ឃើញ​នូវ​វត្ថុ​មាន​តាំង​រូបតំ​ណាង​​ផ្សេងៗ ប្រ​ព័ន្ធ​រូប​តំ​ណាងទាំង​នោះ​ក៏​​មិន​ទាន់​ក្លាយ​ទៅ​ជា​អក្សរ​ដែរ ​ប៉ុន្តែ​វា​មានលក្ខណៈ​​ទំ​នាក់​ទំ​នងនៃ​ការ​​​​បង្កើត​តួ​អក្សរ​ខាង​ក្រោយនេះ។ ហេតុ​ដូច្នេះ​ អាច​និយាយ​បាន​ថា​​នេះ​ជា​កំ​ណត់​ដាន​ខាង​ដើម​​សម្រាប់​​នាំ​ឱ្យ​​កើត​​តួ​អក្ខរៈ​។ ការ​អភិវឌ្ឍន៍​​នៃ​អក្សរ​រូប​តំ​ណាង​ក្នុង​យុគ្គ​សម័យ​សំរិទ្ធ​បាន​​​រីក​ចម្រើន​​យ៉ាង​ឆាប់រហ័សរហូតដល់​ឆ្នាំ​១៩០០​មុន​​ គ.ស​​ ក៏​ក្លាយ​ជា​អារ្យធម៌​រង់​រឿង​កំពូល​។ នៅ​យុគ្គ​សម័យ​នោះ​មនុស្ស​មាន​កំរិត​​ចេះ​​​ដឹង​ខ្ពស់ គេ​ចេះ​ខួស​គំ​នួស​ប្រើ​ប្រាស់​​​រូប​តំណាង​សម្រាប់​សម្គាល់​នូវ​វត្ថុ​​ ឬ​លេខ​ ក្នុង​ការ​ទំនាក់​ទំ​នង​ធ្វើ​ពាណិជ្ជកម្ម​​ផ្សេង​ៗ គេ​កត់​ត្រា​​នៅ​លើ​ឆ្អើង​សត្វ សំ​រិទ្ធ ដី​ឥដ្ឋ ផ្ទាំង​ថ្ម ស្នូកអណ្តើក​។ល។​

ក្រោយយុគ្គ​សម័យ​​សំរិទ្ធ​ ​អារ្យធម៌​អេហ្សីប និង​អារ្យធម៌​ទន្លេ​សន្ធុ ​ប្រ​ទេស​ឥណ្ឌាគឺ​ជា​ខឿន​វប្បធម៌​ដ៏​សម្បើម​សម្រាប់​​សាកល​លោក។ បណ្តា​ប្រ​ទេស​នៅ​​តំ​បន់​​អាស៊ី​អាគ្នេយ៍​ត្រូវ​​ទទួល​រងឥទ្ធិពល​ពី​អារ្យធម៌​ខាង​លើ​យ៉ាង​ខ្លាំង​ខ្លា។ នៅ​ដើម​សតវត្សរ៍​ទី​ ១ អាណាចក្រ​​ខ្មែរកាល​នោះ​គឺ​នគរភ្នំ​​​ ក៏​ត្រូវ​​ទទួល​រង​ឥទ្ធិពល​ពី​អារ្យធម៌​ឥណ្ឌា​​ដែរ ចម្បងគឺខាង​​​វិស័យ​សាសនា​ មាន​ទាំង​​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា។ ដោយ​សារ​ខាង​ដើម​​ខ្មែរ​យើង​​គោរព​បូជា​​ចំពោះ​​ដួង​ព្រ​​លឹង​អារក្ស​ អ្នក​តា ​ ព្រះ​ធរណី ព្រះ​គង្គា។ល។ បាន​ជា​​​​ព្រហ្មញ្ញ​សាសនា​​មាន​​អាទិភាព​លើស​លុប​ជាង​ពុទ្ធសាសនា ហើយ​​ប្រ​ជាជន​ម្ចាស់​ស្រុក​ទទួល​យក​យ៉ាង​ឆាប់​រហ័សនិង​ដោយ​សន្តិភាព។ ពេល​ខ្មែរ​​គោ​រព​ប្រ​តិបត្តិ​តាម​ព្រហ្មញ្ញ​សាសនា​ និង​ពុទ្ធសាសនា ខ្មែរ​ក៏​ទទួលរង​​ឥទ្ធិពលនៃ​ភាសា​​សំស្ក្រិត​ និង​បាលី។ កំណាត់​ហេតុ​​នេះ ​​បាន​បញ្ជាក់​ថា​​អាណាចក្រ​​ខ្មែរ​ រង​ឥទ្ធិពល​ពី​​អារ្យធម៌​ឥណ្ឌា​ ហើយ​នេះ​ជាកត្តា​ដែល​​ខ្មែរ​ចាប់​យក​អក្ខរៈ​​ក្រម​​​ព្រហ្មី​​ មក​ធ្វើ​ជា​ខឿន​ក្នុង​ការ​បង្កើត​តួ​អក្សរ​ខ្មែរ​​ ​ដោយ​ស្នា​ដៃ​ច្នៃ​ប្រ​ឌិត​ខ្ពស់​​របស់​បុព្វ​បុរសខ្មែរ​យើង។

យើង​សង្កេត​ឃើញ​ថានៅ​​លើ​ពិភព​លោកគេ​​​​​បង្កើតតួ​អក្ខរៈ​ដោយ​​​វិធី​ពីរ​យ៉ាង​៖ ទី១ ​បង្កើត​ដោយ​ស្នា​ដៃ​នៃ​បុព្វ​បុរសគេ​ផ្ទាល់​​​ មាន​លក្ខ​ណៈ​ពិសេស​ផ្សេង​ដោយ​ឡែក ឯករាជ​មិន​​មាន​ទាក់​ទងទៅ​នឹង​ប្រ​ពៃ​ណី​​នៃ​អក្សរ​ផ្សេងៗ ឬ​អក្សរ​ឫសណា​ឡើយ។ ទី ២ តាម​​​រយៈកម្ចី​ គឺ​រចនា​តាម​ប្រ​ព័ន្ធ​តួ​អក្ខរៈ​ណា​មួយ​ និង​ច្នៃ​ប្រឌិត​ឱ្យ​ក្លាយ​ទៅ​ជា​តួ​អក្ខរៈ​របស់​ខ្លួន។ វិធី​​បង្កើតតួ​អក្ខរៈ​​ទី​១ ​មាន​ចំ​នួន​តិច​ ភាគ​ច្រើន​តួ​អក្សរដែល​​មាន​​​សុទ្ធ​សឹង​បង្កើត​តាម​វិធី​ទី​ ២។ ​​អក្សរ​ខ្មែរ​មិន​ខុស​ពី​កត្តា​ខាង​លើ​នេះ​ដែរ ភស្តុតាង​គឺ​ត្រង់​សិលាចារឹក​វ៉ូកាញ់​​នៅ​សតវត្សទី​៣ ជា​សិលាចារឹក​​កត់​ត្រា​ពី​រឿង​រ៉ាវ​​របស់​ព្រះ​ពុទ្ធ​សាសនា នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទស្រីមារៈ គឺ​សរ​សេរ​ជា​ភាសា​សំស្ក្រឹត។ បន្ទាប់​មក​ទៀត​គេ​បាន​រក​ឃើញ​សិលា​ចារឹក​សរសេរ​ជា​ភាសា​ខ្មែរ​ដំ​បូង​គេ​គឺ​នៅ​តំបន់​អង្គរ​បុរី លើ​ទួល​មួយ​ឈ្មោះ​ថា​ទួល​វត្ត​គំនូរ។ គេ​ធ្វើការ​សន្និដ្ឋាន​ថា ពេល​នោះ​​ខ្មែរ​យើង​ចាប់​ផ្ដើម​សរសេរ​អត្ថបទ​សិលា​ចារឹក​ជា​ភាសា​ខ្មែរ​ដំបូង​​ គឺនៅដើម​​សតវត្សរ៍​ទី​៧ ដែល​ត្រូវ​នឹង​ឆ្នាំ​៦១១ នៃ​គ្រិស្ដ​សករាជ។ ​អក្ខរ​វិធី​ដែល​គេ​ប្រើប្រាស់​សម្រាប់​សរសេរ​អត្ថបទ​សិលា​ចារឹក​ជា​ភាសា​ខ្មែរ គ្មាន​លក្ខណៈ​​ខុស​គ្នា​អ្វី​ពី​សិលា​ចារឹក​ជា​ភាសា​សំស្រ្កឹត​នោះ​ឡើយ។ អក្ខរ​វិធី​នោះ មាន​កំណើត​ពី​ប្រព័ន្ធ​អក្សរ​ព្រហ្មី ដែល​មាន​ន័យ​ថាអក្សរ​បង្កើត​ដោយ​ព្រះព្រហ្ម។

អក្សរ​ខ្មែរតាំង​ពី​ដើម​រហូតដល់​បច្ចុប្បន្ន​​​ មាន​ការ​វវិត្ត​ច្រើន​លើក​ហើយ។ បើ​យើង​មើល​ទៅ​ផ្ទាំង​សិលាចារឹក​បុរេ​អង្គរ​ ឃើ​ញ​​ថា​ពិ​បាក​នឹង​អាន​ណាស់ ដោយ​អក្ខរៈ​ទាំង​នោះ​​មាន​គំ​នួសប្លេក​ពី​តួ​អក្ខរៈ​​សម័យ​ទំ​នើប​ តែ​គួរ​ដឹង​ថា​នេះ​ជា​តួ​អក្សរ​ខ្មែរ​បុរាណ​ ពុំ​មែន​អក្សរ​ឥណ្ឌា រឺ​អេហ្សេប​នោះ​ទេ។

នៅ​ក្នុង​ឯក​សារ​វេយ្យាករណ៍​ភាសា​ខ្មែរ​របស់​លោក​​ ចច ម៉ាស្ពេរ៉ូ ជា​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​បារាំង បាន​សរ​សេរ​ថា​អក្សរខ្មែរ​តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន​មាន​ការ​វិវិត្ត​ចំ​នួន​ ១០​លើក​មក​ហើយ។ ចំ​ពោះ​ សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក លោក​ យាង​វីរបុត្រ​ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំ​ពី​បញ្ហានេះ​​បក​ស្រាយ​ថា «អក្សរ​ខ្មែរ​មាន​ការ​វិវិត្ត​តាម​គ្រប់​សម័យ​កាល​ទាំង​អស់​គឺ​ក្នុង​មួយ​សរវត្សរ៍ អក្សរ​មាន​ការ​វិវិត្ត​ដល់​ទៅ​២ ឬ​ ៣លើក។» ប្អែក​ទៅ​លើ​អក្សរសិល្ប៍​ ភា​សា​ខ្មែរ​មាន​ការ​វិវិត្ត​៣​ដំ​ណាក់​កាល​ធំៗ ភាសា​​​ខ្មែរ​បុរាណ​(មុន​អង្គរនិង​អង្គរ) ភាសា​ខ្មែរ​សម័យ​កណ្ដាល និង​ភាសា​ខ្មែរ​សម័យ​ទំនើប។

ជា​ទី​អវសាន ដោយយើ​ងខ្ញុំ​​មាន​បំណង​ចង់​ទាញ​អារម្មណ៍​លោក​​អ្នក​មាន​គំនិត​ទាំងឡាយ ឱ្យ​​ចូល​ចិត្ត​ស្រឡាញ់​​អក្សរ​សាស្ត្រ​ខ្មែរ ដែល​ជា​កេរ្តិ៍​ដំណែល​បុព្វ​បុរស​របស់​យើង ព្រម​ទាំង​ចង់​បោះ​តម្រុយ​ខ្លះៗ​​ដឹង​នូវ​ដំណើរ​វិវិត្ត​របស់​​អក្សរ​សាស្ត្រ​ខ្មែរ​តាំង​​ពី​ដើម​មក​ទុក​ជា​គោល​សម្រាប់​កសាង​អក្សរ​សាស្ត្រ​ថ្មី​ឱ្យ​កាន់​តែ​​​រីក​​ចំរើន។ ​ម្យ៉ាង​វិញ​ទៀត​យើង​​ខ្ញុំ​សូម​រំឭក​ដាស់​​តឿន​ដល់​​យុវជន​ជំ​នាន់​ក្រោយ​ឱ្យ​មាន​មនសិការ​​ប្រើ​ការ​វិភាគ រិះ​គន់ស្ថាបនា​​ដើម្បី​ជា​ប្រយោជន៍​រួម​ជៀស​វាង​ការ​ភ្លាត់​ភ្លាំង ហើយ​កត់​សំគាល់​នូវ​សេចក្ដី​ល្អៗ​បោះ​បង្ហាញ​ក្នុង​អត្ថបទ​បន្ត​ ជូន​ចំពោះ​លោក​អ្នក​អាន​​ខាង​ក្រោយ​ៗ​ទៀត។

 

* សាកល្បង​​សិក្សា​និង​ស្រាវ​ជ្រាវ​​ដោយ​ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ឯកសារ​ស្រាវ​ជ្រាវ ​ប្រ​ភព​អក្សរ​សាស្ត្រ​ខ្មែរ ​*