ប្រភពអក្សរសាស្ត្រខ្មែរ *
- សេចក្ដីលម្អិត
- ជំពូក៖ ឯកសារស្រាវជ្រាវ
- ចេញផ្សាយនា 01 តុលា 2013
- ចុចដង៖ 4711
ជាតិសាសន៍និមួយៗ មានភាសារបស់ខ្លួនតំណាលគ្នានឹងកំណើតនៃជាតិនោះ។ ភាសាកើតឡើងមិនថាភាសាណាឬភាសាណាទេ គឺមានតួនាទីដំបូងបង្អស់សម្រាប់និយាយស្តាប់គ្នាយល់ យើងដឹងដែរថាមនុស្សដែលប្រើប្រាស់តែងតែពង្រីកភាសារបស់ខ្លួនឱ្យផុតពីតួនាទីជាមូលដ្ឋាននោះទៅ រហូតបង្កើតបានតួអក្ខរៈជាលក្ខណៈពិសេសរបស់ជាតិខ្លួន ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ ពិតមែនហើយនេះជាដំណើរនៃធម្មជាតិ ត្រូវការចំរើនទៅមុខ ប្រៀបបានភាសាត្រូវការវិវត្តបង្កើតតួអក្សរដើម្បីកត់ត្រាសូរសម្លេង ឬរឿងរ៉ាវ ប្រវិត្តិសាស្ត្រ ព្រឹត្តិការផ្សេងៗ ឬក៏ដូចក្នុងវិស័យរដ្ឋបាល ពាណិជ្ជកម្ម។ល។ ក្នុងអត្ថបទនេះ យើងខ្ញុំនឹងខិតខំព្យាយាមបោះតម្រុយខ្លះៗ អំពីមូលដ្ឋាននាំអោយមានអក្សរសាស្ត្រខ្មែរដើម្បីទាញយកប្រយោជន៍ក្នុងបុព្វហេតុនៃការអប់រំដល់យុវជនខាងក្រោយ។
ពុទ្ធភាសិតមួយពោលថា «ការងារមិនច្របូកច្របល់គឺមង្គលដ៏ឧត្តម» គឺដឹងច្បាស់នូវការងារណាដែលត្រូវធ្វើមុន ការងារណាត្រូវធ្វើបន្ទាប់ និងការងារណាមិនគប្បីធ្វើ គឺនាំយើងឆ្ពោះទៅរកគោលដៅ។ មុននឹងចាប់យកស្រាវជ្រាវប្រភពអក្សរសាស្ត្រខ្មែរ ដំបូងដៃយើងរាល់គ្នាត្រូវឆ្លើយនូវសំនួរថា៖ អ្វីទៅជាអក្សរ? កត្តាណានាំឱ្យបង្កើតអក្សរ? បង្កើតដោយវិធីណា? ចំពោះអក្សរខ្មែរ តើមានប្រភពមកពីណា និងបានវិវត្តប៉ុន្មានលើកហើយមកដល់បច្ចុប្បន្ន។ សំនួរទាំងអស់នេះពិតជាមិនថ្មីទេចំពោះអ្នកសិក្សាអក្សរសាស្ត្រខ្មែរ។ ដោយការងឿងឆ្ងល់ចង់បានដឹងជាក់ច្បាស់ដូច្នេះ យើងខ្ញុំសូមផ្ញើនូវគំនិតខ្លះៗ នៃការស្រាវជ្រាវខាងលើជូនចំពោះអស់លោកអ្នកអាន ហើយក៏អំពាវនាវផងដែរអ្នកសាស្ត្រទាំងឡាយ សូមឱ្យបន្តការស្រាវជ្រាវរកឫសគល់អក្សរសាស្ត្រនោះ ឱ្យមានគោលឋានជាក់លាក់ឡើង ជូនជនរួមជាតិដើម្បីជាលម្អ ឬសម្រស់គួរមោទនភាព ឱ្យមានលក្ខណៈគ្រប់គ្រាន់ ក្លាយទៅជាមត៌កអក្សរសាស្ត្រសម្រាប់សិក្សានៃកូនខ្មែរ និងជាតិដទៃៗទៀត។
ជាបឋមអក្សរគឺអ្វី? អក្សរជាពាក្យសំស្ក្រឹត បាលីថាអក្ខរៈ ប្រែថាស្នាមគំនួសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្តីនិងសេចក្តីទាំងពួង ប្រើមិនចេះអស់ និងចែកចេញជាពីរពួក៖ ពួកស្រះ និងព្យញ្ជនៈ(សម្តេចព្រះសង្ឃរាជជួនណាត)។ ប៉ុន្តែកម្លាំងចលករណានាំឱ្យមនុស្សបង្កើតអក្សរ?
យើងក្រឡេកមើលទៅចុងយុគ្គសម័យថ្មថ្មីបំបែកនិងដើមយុគ្គសម័យសំរិទ្ធ(៤០០០ឆ្នាំមុនគ្រិស្កសករាជ) បណ្តាប្រព័ន្ធគំនួសសញ្ញាមិនទាន់មាននោះឡើយ ដល់ខាងក្រោយៗមកអារ្យធម៌សំរិទ្ធរីកចំរើន គេក៏រកឃើញនូវវត្ថុមានតាំងរូបតំណាងផ្សេងៗ ប្រព័ន្ធរូបតំណាងទាំងនោះក៏មិនទាន់ក្លាយទៅជាអក្សរដែរ ប៉ុន្តែវាមានលក្ខណៈទំនាក់ទំនងនៃការបង្កើតតួអក្សរខាងក្រោយនេះ។ ហេតុដូច្នេះ អាចនិយាយបានថានេះជាកំណត់ដានខាងដើមសម្រាប់នាំឱ្យកើតតួអក្ខរៈ។ ការអភិវឌ្ឍន៍នៃអក្សររូបតំណាងក្នុងយុគ្គសម័យសំរិទ្ធបានរីកចម្រើនយ៉ាងឆាប់រហ័សរហូតដល់ឆ្នាំ១៩០០មុន គ.ស ក៏ក្លាយជាអារ្យធម៌រង់រឿងកំពូល។ នៅយុគ្គសម័យនោះមនុស្សមានកំរិតចេះដឹងខ្ពស់ គេចេះខួសគំនួសប្រើប្រាស់រូបតំណាងសម្រាប់សម្គាល់នូវវត្ថុ ឬលេខ ក្នុងការទំនាក់ទំនងធ្វើពាណិជ្ជកម្មផ្សេងៗ គេកត់ត្រានៅលើឆ្អើងសត្វ សំរិទ្ធ ដីឥដ្ឋ ផ្ទាំងថ្ម ស្នូកអណ្តើក។ល។
ក្រោយយុគ្គសម័យសំរិទ្ធ អារ្យធម៌អេហ្សីប និងអារ្យធម៌ទន្លេសន្ធុ ប្រទេសឥណ្ឌាគឺជាខឿនវប្បធម៌ដ៏សម្បើមសម្រាប់សាកលលោក។ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវទទួលរងឥទ្ធិពលពីអារ្យធម៌ខាងលើយ៉ាងខ្លាំងខ្លា។ នៅដើមសតវត្សរ៍ទី ១ អាណាចក្រខ្មែរកាលនោះគឺនគរភ្នំ ក៏ត្រូវទទួលរងឥទ្ធិពលពីអារ្យធម៌ឥណ្ឌាដែរ ចម្បងគឺខាងវិស័យសាសនា មានទាំងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ដោយសារខាងដើមខ្មែរយើងគោរពបូជាចំពោះដួងព្រលឹងអារក្ស អ្នកតា ព្រះធរណី ព្រះគង្គា។ល។ បានជាព្រហ្មញ្ញសាសនាមានអាទិភាពលើសលុបជាងពុទ្ធសាសនា ហើយប្រជាជនម្ចាស់ស្រុកទទួលយកយ៉ាងឆាប់រហ័សនិងដោយសន្តិភាព។ ពេលខ្មែរគោរពប្រតិបត្តិតាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ខ្មែរក៏ទទួលរងឥទ្ធិពលនៃភាសាសំស្ក្រិត និងបាលី។ កំណាត់ហេតុនេះ បានបញ្ជាក់ថាអាណាចក្រខ្មែរ រងឥទ្ធិពលពីអារ្យធម៌ឥណ្ឌា ហើយនេះជាកត្តាដែលខ្មែរចាប់យកអក្ខរៈក្រមព្រហ្មី មកធ្វើជាខឿនក្នុងការបង្កើតតួអក្សរខ្មែរ ដោយស្នាដៃច្នៃប្រឌិតខ្ពស់របស់បុព្វបុរសខ្មែរយើង។
យើងសង្កេតឃើញថានៅលើពិភពលោកគេបង្កើតតួអក្ខរៈដោយវិធីពីរយ៉ាង៖ ទី១ បង្កើតដោយស្នាដៃនៃបុព្វបុរសគេផ្ទាល់ មានលក្ខណៈពិសេសផ្សេងដោយឡែក ឯករាជមិនមានទាក់ទងទៅនឹងប្រពៃណីនៃអក្សរផ្សេងៗ ឬអក្សរឫសណាឡើយ។ ទី ២ តាមរយៈកម្ចី គឺរចនាតាមប្រព័ន្ធតួអក្ខរៈណាមួយ និងច្នៃប្រឌិតឱ្យក្លាយទៅជាតួអក្ខរៈរបស់ខ្លួន។ វិធីបង្កើតតួអក្ខរៈទី១ មានចំនួនតិច ភាគច្រើនតួអក្សរដែលមានសុទ្ធសឹងបង្កើតតាមវិធីទី ២។ អក្សរខ្មែរមិនខុសពីកត្តាខាងលើនេះដែរ ភស្តុតាងគឺត្រង់សិលាចារឹកវ៉ូកាញ់នៅសតវត្សទី៣ ជាសិលាចារឹកកត់ត្រាពីរឿងរ៉ាវរបស់ព្រះពុទ្ធសាសនា នៅក្នុងរាជ្យរបស់ព្រះបាទស្រីមារៈ គឺសរសេរជាភាសាសំស្ក្រឹត។ បន្ទាប់មកទៀតគេបានរកឃើញសិលាចារឹកសរសេរជាភាសាខ្មែរដំបូងគេគឺនៅតំបន់អង្គរបុរី លើទួលមួយឈ្មោះថាទួលវត្តគំនូរ។ គេធ្វើការសន្និដ្ឋានថា ពេលនោះខ្មែរយើងចាប់ផ្ដើមសរសេរអត្ថបទសិលាចារឹកជាភាសាខ្មែរដំបូង គឺនៅដើមសតវត្សរ៍ទី៧ ដែលត្រូវនឹងឆ្នាំ៦១១ នៃគ្រិស្ដសករាជ។ អក្ខរវិធីដែលគេប្រើប្រាស់សម្រាប់សរសេរអត្ថបទសិលាចារឹកជាភាសាខ្មែរ គ្មានលក្ខណៈខុសគ្នាអ្វីពីសិលាចារឹកជាភាសាសំស្រ្កឹតនោះឡើយ។ អក្ខរវិធីនោះ មានកំណើតពីប្រព័ន្ធអក្សរព្រហ្មី ដែលមានន័យថាអក្សរបង្កើតដោយព្រះព្រហ្ម។
អក្សរខ្មែរតាំងពីដើមរហូតដល់បច្ចុប្បន្ន មានការវវិត្តច្រើនលើកហើយ។ បើយើងមើលទៅផ្ទាំងសិលាចារឹកបុរេអង្គរ ឃើញថាពិបាកនឹងអានណាស់ ដោយអក្ខរៈទាំងនោះមានគំនួសប្លេកពីតួអក្ខរៈសម័យទំនើប តែគួរដឹងថានេះជាតួអក្សរខ្មែរបុរាណ ពុំមែនអក្សរឥណ្ឌា រឺអេហ្សេបនោះទេ។
នៅក្នុងឯកសារវេយ្យាករណ៍ភាសាខ្មែររបស់លោក ចច ម៉ាស្ពេរ៉ូ ជាអ្នកស្រាវជ្រាវជនជាតិបារាំង បានសរសេរថាអក្សរខ្មែរតាំងពីដើមរហូតដល់បច្ចុប្បន្នមានការវិវិត្តចំនួន ១០លើកមកហើយ។ ចំពោះ សាស្ត្រាចារ្យផ្នែកសិលាចារឹក លោក យាងវីរបុត្រដែលធ្វើការស្រាវជ្រាវអំពីបញ្ហានេះបកស្រាយថា «អក្សរខ្មែរមានការវិវិត្តតាមគ្រប់សម័យកាលទាំងអស់គឺក្នុងមួយសរវត្សរ៍ អក្សរមានការវិវិត្តដល់ទៅ២ ឬ ៣លើក។» ប្អែកទៅលើអក្សរសិល្ប៍ ភាសាខ្មែរមានការវិវិត្ត៣ដំណាក់កាលធំៗ ភាសាខ្មែរបុរាណ(មុនអង្គរនិងអង្គរ) ភាសាខ្មែរសម័យកណ្ដាល និងភាសាខ្មែរសម័យទំនើប។
ជាទីអវសាន ដោយយើងខ្ញុំមានបំណងចង់ទាញអារម្មណ៍លោកអ្នកមានគំនិតទាំងឡាយ ឱ្យចូលចិត្តស្រឡាញ់អក្សរសាស្ត្រខ្មែរ ដែលជាកេរ្តិ៍ដំណែលបុព្វបុរសរបស់យើង ព្រមទាំងចង់បោះតម្រុយខ្លះៗដឹងនូវដំណើរវិវិត្តរបស់អក្សរសាស្ត្រខ្មែរតាំងពីដើមមកទុកជាគោលសម្រាប់កសាងអក្សរសាស្ត្រថ្មីឱ្យកាន់តែរីកចំរើន។ ម្យ៉ាងវិញទៀតយើងខ្ញុំសូមរំឭកដាស់តឿនដល់យុវជនជំនាន់ក្រោយឱ្យមានមនសិការប្រើការវិភាគ រិះគន់ស្ថាបនាដើម្បីជាប្រយោជន៍រួមជៀសវាងការភ្លាត់ភ្លាំង ហើយកត់សំគាល់នូវសេចក្ដីល្អៗបោះបង្ហាញក្នុងអត្ថបទបន្ត ជូនចំពោះលោកអ្នកអានខាងក្រោយៗទៀត។
* សាកល្បងសិក្សានិងស្រាវជ្រាវដោយហ្វិញ សាង