អំពីខ្លែងខ្មែរ
- សេចក្ដីលម្អិត
- ជំពូក៖ ឯកសារស្រាវជ្រាវ
- ចេញផ្សាយនា 12 ធ្នូ 2013
- ចុចដង៖ 1510
ជាបឋមសូមជម្រាបថា ជានិច្ចកាល ការហោះហើរដើរលើអាកាស ជាការស្រមៃឬសេចក្តីប៉ងប្រាថ្នា របស់មនុស្សគ្រប់សញ្ជាតិទាំងអស់ ដូចជាជនជាតិក្រិចបុរាណក្នុងករណី អ៊ីការ៍ (Icare) ជាដើម ក៏ប៉ុន្តែមិនបានជោគជ័យជាស្ថាពរនោះទេ ។ គេត្រូវរង់ចាំដល់ឆ្នាំ១៩០៤ ទើបគម្រោងការនេះ ទទួលបាននូវជោគជ័យជាលើកដំបូងបង្អស់ ។ តាមពិតទៅគឺកងទ័ពជើងគោកអង់គ្លេសទេ ដែលបានបង្កើតមុនគេនូវខ្លែងមួយយ៉ាងធំ ដើម្បីសង្កេតការណ៍ ដោយមានផ្ទុកមនុស្សនៅជាមួយផង ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ជោគជ័យនេះមិនមែនជាសមិទ្ធផលរបស់ជនជាតិអង់គ្លេសតែម្នាក់ឯងនោះទេ។ ដោយហេតុថា ខ្លែងត្រូវបានប្រសូតឡើងនៅលើទឹកដីចិនឯណោះ ជាលើកដំបូងបង្អស់។
ការផ្តួចផ្តើមប្រើខ្លែងលើកដំបូង ត្រូវបានអនុវត្តឡើងជាង ២០០០ឆ្នាំ មកហើយដោយជនជាតិចិន ដើម្បីបញ្ជូនសញ្ញាឬសារ ជំនួសការប្រើផ្សែងភ្លើង រវាងកងទ័ពជិតឆ្ងាយ ។ ជាពិសេសក្នុងរជ្ជកាលហាន់ (២០០ឆ្នាំមុនគ្រឹស្តសករាជ ដល់ ២០០ឆ្នាំ ក្រោយគ្រឹស្តសករាជ កងទ័ពចិនបានផលិតខ្លែងចម្បាំង អមដោយបំពង់ឫស្សី ដែលពេលហោះបញ្ចេញនូវសម្លេង ដើម្បីបំបាក់ស្មារតីបច្ចាមិត្ត ពិសេសចំពោះទាហាន ដែលទើបតែចូលបម្រើថ្មីៗក្នុងជួរទ័ព ជាហេតុដែលធ្វើឲ្យពួកគេរត់ខ្ចាត់ខ្ចាយ ព្រោះខ្វះបទពិសោធន៍ និងសេចក្តីអង់អាចក្លាហាន ។
នៅសម័យនគរភ្នំកាលពីដើមស.វទី១ ដល់ស.វទី៧ នៃគ.ស ជនជាតិខ្មែរក៏ចេះបង្ហោះខ្លែងដែរ ដោយយកខ្លែងចិនជាតួយ៉ាង ។ គឺក្នុងអន្តរកាលនេះហើយ ដែលកប៉ាល់ប៉ាស៊ីហ្វិក ប្រទេសឥណ្ឌានិងប្រទេសអឺរ៉ុបមួយចំនួន បានទទួលប្រពៃណីខ្លែងនេះពីចិនដែរ ។ ការផ្សព្វផ្សាយវប្បធម៌ខ្លែងនេះបានធ្វើឡើងដោយសារ វិស័យពាណិជ្ជកម្មអន្តរជាតិ និងតាមផ្លូវទូក រវាងប្រទេសចិននិងប្រទេសទាំងអស់នោះ ។ នៅសតវត្សរ៍ទី១២ ជនជាតិអឺរ៉ុបថែមទាំងចេះធ្វើខ្លែង បញ្ចេញសម្លេងជាភ្លេងផង ដោយចោះរន្ធខ្យល់និងរិតបន្តឹងខ្សែលើតួខ្លែង ម្ល៉ោះហើយនៅពេលដែលប៉ះនឹងខ្យល់ ក៏បង្កើតបានជាសម្លេងតូរ្យតន្ត្រីតែម្តង ។
ដូចពោលខាងលើខ្លែងមានប្រភព ចេញពីប្រទេសចិនយ៉ាងប្រាកដ ហើយបានមកដល់ប្រទេសខ្មែរ តាមវិស័យពាណិជ្ជកម្មអន្តរជាតិ នៅសម័យវប្បធម៌នគរភ្នំ ឬហ្វូណន ហើយចាប់ពីនោះមក ពីជំនាន់មួយទៅជំនាន់មួយទៀត ការបង្ហោះខ្លែង ក៏ក្លាយជាទំនៀមទម្លាប់របស់ខ្មែរទៅ ។
ដូចនេះប្រភពចិននៃខ្លែងខ្មែរ មិនមែនជាសម្មតិកម្មទេ ក៏ប៉ុន្តែជាព្រឹត្តិការណ៍ពិត ដែលបានកន្លងផុតទៅក្នុងអតីតកាលដ៏យូរលង់។ អ្វីដែលសំខាន់នោះ គឺជនជាតិខ្មែរដែលប្រកបដោយប្រាជ្ញាវាងវៃ បានកែច្នៃខ្លែងមកពីនាយឲ្យសមស្របតាមលក្ខណៈជាតិរបស់ខ្លួន។ ដូច្នេះហើយបានជាខ្លែងខ្មែរ មានលក្ខណៈខុសពីខ្លែងចិនយ៉ាងប្រាកដ ។ កុំភ្លេចថា នៅចុងស.វទី៦ សិលាចារឹកនៅវាលកន្ទេល ចារឡើងក្នុងរាជរបស់ព្រះបាទភវវរ្ម័នទី១ បានឲ្យដឹងថា មានដង្វាយជាខ្លែងនិងព្រះគម្ពីរពីរ គឺរឿងរាមកេរ្តិ៍ និងមហាភារតៈ ទៅចំពោះព្រះអាទិទេពនៃព្រហ្មញ្ញសាសនាផងដែរ ។
ជាទូទៅ ខ្លែងដែលប្រជាពលរដ្ឋខ្មែរបង្ហោះមាន ៤ ប្រភេទ គឺខ្លែងឯក ឬខ្លែងព្នង ខ្លែងប្រម៉ង់ ខ្លែងហៅប៉ៅ និងខ្លែងកណ្តូង ។ ដូច្នេះតទៅនេះ យើងនឹងសូមអធិប្យាយនូវប្រភេទខ្លែងនីមួយៗ ។
ក- ខ្លែងឯក ឬខ្លែងព្នង
ចំពោះខ្លែងនេះ ដែលសំខាន់ជាងប្រភេទខ្លែងដ៏ទៃទៀតៗ ដោយទំហំរបស់វាមានតែមនុស្សមជ្ឈឹមវ័យ ឬមានចំណាស់ទេ ដែលអាចធ្វើនិងបង្ហោះវាបាន ។ ដើម្បីធ្វើខ្លែងឯក គេត្រូវការនូវចំណាយជាច្រើន ពីព្រោះវាពិបាកធ្វើណាស់ ។ សូមបញ្ជាក់ថា បុព្វហេតុ ដែលបណ្តាលឲ្យគេហៅឯក គឺមកពីខ្លែងនោះអាចបន្លឺសម្លេងបាន ដោយសារប៉ីឯក ដែលគេដាក់លើក្បាលខ្លែង ដើម្បីបញ្ចេញសម្លេងដ៏ពិរោះរណ្តំតាមចង្វាក់ពាក្យ ៥.៦.ឬ៧ ។
ខ- ខ្លែងប្រម៉ង់ ខ្លែងហៅប៉ៅ និងខ្លែងកណ្តូង
ខ្លែងប្រម៉ង់ ភាគច្រើនបង្ហោះលេងដោយកម្លោះ ឬកុមារនៅរដូវរំហើយ ពីខែបុស្សដល់ខែផលគ្គុណ ពោលគឺក្រោយពីច្រូតកាត់រួច ។ តែបុរសក៏និយមដែរសម្រាប់ល្បួងគូសង្សារបស់គេ ដោយបង្ហោះខ្លែងទៅជិតផ្ទះស្ត្រី អមដោយចម្រៀងស្នេហាផង ។
រីឯពាក្យពេចន៍ដ៏ពិរោះនោះមានដូចតទៅ ៖
១- ខ្លែងអើយ ឱពាក្យខ្លែង (២ដង) បងបន្លាយឲ្យខ្លែងវែងតាមចិត្តខ្លែងប្រឹង
២- បើហែក ឱក្រដាសឲ្យនៅសល់តែឆ្អឹង (២ដង) តាមចិត្តខ្លែងប្រឹង ទាន់ជំនោរកក្តិកថ្មី ។ល។៕F
(ម.ត្រាណេ)