ថ្ងៃទី ២៩ ខែកញ្ញានៅសាកលវិទ្យាល័យត្រាវិញបានប្រារព្ធខួបអនុស្សាវរីយ៍ ១០០ ឆ្នាំនៃកំណើតរបស់វីរជនពលកម្ម និងជាវេជ្ជបណ្ឌិតប្រជាជន លោក ង្វៀន ធៀន ថាញ់ និងគម្រប់ ១០ ឆ្នាំនៃការបង្កើតមូលនិធិអាហារូបករណ៍របស់លោកនិងលោកស្រីសាស្រ្តាចារ្យ ង្វៀន ធៀន ថាញ់។
អញ្ជើញចូលរួមមានលោកសាស្ត្រាចារ្យបណ្ឌិត ង្វៀន ធៀន ញឹន លេខាធិការនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ព្រមទាំងម្តាយនិងក្រុមគ្រួសារ។ ថ្នាក់ដឹកនាំខេត្តត្រាវិញ អតីតថ្នាក់ដឹកនាំខេត្តគីវឡុង និងខេត្តត្រាវិញគ្រប់ជំនាន់ ព្រមទាំងសិស្សនិស្សិតនិងលោកគ្រូអ្នកគ្រូជាង ១.០០០ នាក់។
សាស្ត្រាចារ្យបណ្ឌិត ង្វៀន ធៀនថាញ់ ត្រូវបានគេស្គាល់ថា៖ «វេជ្ជបណ្ឌិត Filatov» ដែលជាអ្នកផ្តូចផ្តើមកសាងគ្រឹះចំពោះផ្នែកជំងឺចាស់ទុំ និងជាគ្រូឧទ្ទិសដ៏ស្និទ្ធស្នាល ជាអ្នកឯកទេសផ្នែកជំងឺគ្រុនចាញ់…ជីវិតនិងបុព្វហេតុអាជីពរបស់លោកគឺជាដំណើរនៃការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីការអភិវឌ្ឍវិស័យសុខាភិបាលយោធានិងសុខាភិបាលប្រជាជន។ គាត់គឺជាកម្មាភិបាលម្នាក់នៃជំនាន់ "មាស" ដែលជាសសរទ្រូងនៃសុខាភិបាលរបស់ប្រទេសដោយបន្សល់ទុកនូវគំរូនៃក្រមសីលធម៌ដែលដ៏ត្រចះត្រចង់សម្រាប់មនុស្សជាច្រើនជំនាន់។
លោក ឡេ វ៉ាន់ ហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានថ្លែងក្នុងពិធីនោះថា៖ មាតុភូមិត្រាវិញមានមោទនភាពដែលមានវីរជនដ៏ឆ្នើម មានការលះបង់ច្រើន មានងារសក្តិសមសម្រាប់ប្រទេសជាតិដូចសាស្រ្តាចារ្យបណ្ឌិត ង្វៀន ធៀន ថាញ់។ គណៈកម្មាធិការបក្សនិងប្រជាជនខេត្តតែងតែគោរពស្រឡាញ់លោក ហើយវិទ្យាល័យជំនាញត្រាវិញ មានកិត្តិយសទទួលយកឈ្មោះវិទ្យាល័យជំនាញង្វៀនធៀនថាញ់ ហើយនិងសាកលវិទ្យាល័យត្រាវិញក៏មានទីតាំងស្ថិតនៅលើផ្លូវដែលដាក់ឈ្មោះគាត់ដែរ ព្រមទាំងមូលនិធិអាហារូបករណ៍របស់លោកនិងលោកស្រីង្វៀនធៀនថាញ់សម្រាប់កុមារដែលមានស្រុកកំណើតនៅខេត្តត្រាវិញ។
ដោយនឹករលឹកអំពីគុណឪពុក ដែលបានបដិសេធបីដងចំពោះកាលានុវត្តអំណោយផលសម្រាប់គាត់ សាស្ត្រាចារ្យបណ្ឌិត ង្វៀន ធៀន ញឹន មានប្រសាសន៍ថា៖ «លើកដំបូងគឺនៅពេលដែលគាត់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងគាត់មិនបានទៅទេពីព្រោះគាត់មិនបានទទួលការបណ្តុះបណ្តាលវេជ្ជបណ្ឌិតដែលគាត់ចង់បាន។ លើកទី ២ ដែលគាត់ត្រូវបានសិក្សាបន្តថ្នាក់បណ្ឌិតនៅសហភាពសូវៀត គាត់ក៏បដិសេធ ហើយបង្ហាញពីបំណងចង់វិលត្រឡប់មកមាតុភូមិនៅសមរភូមិវៀតណាមខាងត្បូង ពីព្រោះគាត់បានគិតអំពីសុខភាពរបស់ប្រជាជន។ លើកទី ៣ ដែលគាត់និយាយថាទេគឺបន្ទាប់ពីឆ្នាំ ១៩៧៥ ពេលដែលគាត់កំពុងធ្វើការនៅមន្ទីរពេទ្យថុងញ៉ឹក គាត់ត្រូវបានស្នើអោយធ្វើជាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលប៉ុន្តែគាត់បដិសេធថា ធ្វើជាវេជ្ជបណ្ឌិតក៏ល្អព្រោះអាចព្យាបាលជំងឺអោយប្រជាជនបានច្រើន។»
លោកនិងលោកស្រីសាស្ត្រាចារ្យង្វៀនធៀនថាញ់បានប្រើប្រាក់ចូលនិវត្តន៍ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រនៅខេត្តត្រាវិញ។ ដើមឡើយមូលនិធិដែលបានចូលរួមដោយជីដូនជីតារបស់គាត់មានត្រឹមតែ ៥០០ លានដុងប៉ុណ្ណោះរហូតមកដល់ពេលនេះមូលនិធិអាហារូបករណ៍មានចំនួនទឹកប្រាក់សរុបជាង ១៥ ពាន់លានដុង។ មូលនិធិអាហារូបករណ៍បានយកចិត្តទុកដាក់និងជួយដល់សិស្សនិងនិស្សិតមាតុភូមិត្រាវិញ ដែលប្អូនៗជំនះការលំបាកនិងព្យាយាមក្នុងការសិក្សា។ ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិអាហារូបករណ៍រួមជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាល សមាគមជម្រុញការសិក្សា ការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកនិងទីក្រុងបានផ្តល់អាហារូបករណ៍ជាង ១៧០០ ចំណែកដល់សិស្ស-និស្សិតនៅខេត្តត្រាវិញដែលមានទឹកប្រាក់សរុបជាង ២,៥ ពាន់លានដុង និងប្រគល់អាហារូបករណ៍ដល់ប្អូនៗបន្តទៅទៀត។
ក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃកំណើតរបស់វីរជនពលកម្ម គ្រូពេទ្យប្រជាជនលោកង្វៀនធៀនថាញ់ និងគម្រប់ ១០ ឆ្នាំនៃការកកើតមូលនិធិអាហារូបករណ៍លោកនិងលោកស្រីសាស្រ្តាចារ្យង្វៀនធៀនថាញ់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមជាង ៥,៥ ពាន់លានដុង។ ជាពិសេសគ្រួសារលោកសាស្ត្រាចារ្យបណ្ឌិតង្វៀនធៀនថាញ់បន្តចូលរួមវិភាគទានចំនួន ២ ពាន់លានដុង។ ក្នុងឱកាសនេះមូលនិធិអាហារូបករណ៍របស់លោកនិងលោកស្រីសាស្រ្តាចារ្យង្វៀនធៀនថាញ់បានប្រគល់អាហារូបករណ៍ចំនួន ២៩៥ ដល់សិស្សនិងនិស្សិត។