ពិធីបេះផ្កាស្លាក្នុងមង្គលការខ្មែរ

សព្វថ្ងៃនេះ ពិធីបេះផ្កាស្លាជាមង្គលមួយ ដែលខ្មែរគ្រប់គ្នា ស្ទើរបំភ្លេចចោល ទាំងស្រុងទៅហើយ ពិតមែនតែនៅមានគ្រួសារខ្លះ នៅប្រារព្វពិធីមង្គលនេះ នៅឡើយ។ នេះគឺជាពិធីទីមួយ ដែលចាស់ទុំមេបា ត្រូវដង្ហៃកម្លោះ ទៅបេះផ្កាស្លា មុនថ្ងៃឤពាហ៍ពិពាហ៍ ឈានចូលមកដល់។ ជាទូទៅ ក្នុងពិធីនេះ យើងតែងតែឃើញមាន ការចូលរួមពី ចាស់ទុំព្រឹ់ទ្ឋាចារ្យ បងប្អូនញាតិមិត្តជិតខាង ឪពុកម្តាយខាងកូនកម្លោះ រួមទាំងសាម៉ីខ្លួនកូនកម្លោះផង។ គេនិយមរៀបចំដង្ហែកូនកម្លោះ នៅពេលព្រឹកព្រលឹម ក្នុងថ្ងៃទីមួយ នៃអាឤពាហ៍ពិពាហ៍ ដោយនាំគ្នាជ្រោមជ្រែងកូនកម្លោះ ឆ្ពោះទៅរកដើមស្លា ដែលបានជ្រើសរើសទុកជាមុនរួចហើយ ថាជាដើមស្លាដែលមានផ្កាច្រើន ហើយមានទីតាំងនៅជិតផ្ទះ ជាងគេ។

ឯការប្រគុំភ្លេង ក្នុងពិធីបេះផ្កាស្លានេះទៀតសោត ក៏មានសារៈសំខាន់ណាស់ ក្នុងពេលដង្ហែកូនកម្លោះ និងនៅក្នុង ពិធីសែនព្រេន ដើម្បីសុំបេះផ្កាស្លា។ ភ្លេងប្រពៃណីដែលត្រូវប្រគំសំរាប់ក្នុងពិធីបេះផ្កាស្លា មានបទចៅព្រាហ្មណ៍ ម្លប់ដូង កន្លង់រត្ន័ ស្តេចយាង ជាដើម។ នៅពេលដង្ហែកូនកម្លោះត្រឡប់ពីបេះផ្កាស្លា គេក៏ប្រគំបទភ្លេងនេះបន្តថែមទៀត ដើម្បីបង្កើននូវភាពសប្បាយរីករាយ ដោយការច្រៀងបន្ទរ ព្រមទាំងការរាំឡកយ៉ាងក្អាកក្អាយរបស់អ្នកភូមិ និងសាច់ញាតិដែលមកចូលរួមដ៏កុះករនោះ។

ទំនៀមទំលាប់ពិធីក្រុងពាលីសុំបេះផ្កាស្លា

ពិធីក្រុងពាលីសុំបេះផ្កាស្លា បានត្រូវរៀបចំឡើង ដើម្បីរំលឹកដល់ស្តេចក្រុងពាលី ដែលគង់នៅនគរគោកធ្លក នាបុរេកាល។ ក្រោយពីស្តេចក្រុងពាលី សោយទីវង្គតទៅ ព្រះអង្គបានផ្តែផ្តាំថា មុននឹងរៀបចំពិធីអ្វីមួយ បើចាស់ទុំទាំងឡាយ សែនរំលឹកដល់ព្រះអង្គ នោះព្រះអង្គនឹងប្រទានពរ នូវសេចក្តីសុខសប្បាយ និងសម្បតិ្តហូរហៀរ។ បើពុំនោះសោត ក្តីអន្តរាយ នឹងកើតមានជាដរាប ចំពោះគ្រួសារនោះ។ ប្រជាជនខ្មែរបានគោរព ជំនឿនេះ រហូតមក ដល់សព្វថ្ងៃ។ ក្នុងពិធីបេះផ្កាស្លាគេត្រូវរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី មុននឹងឡើងបេះផ្កាស្លា ដោយមានរៀបចំបាយសី ស្រាស នំចំណី អំបោះឆៅ និងផ្លែឈើធូបទៀន ដើម្បីសែនព្រេន សុំសេចក្តីសុខចម្រើន។ ឯចំណែកអ្នកឡើងបេះផ្កាស្លាវិញ គឺេគរើសតែបុរសណាដែលមានភរិយារួចហើយ ហើយជាគ្រួសារដែលមានសុភមង្គលល្អប្រពៃ មិនមានវិបត្តិគ្រួសារ រវាងប្តីនិងប្រពន្ធ ព្រោះគេមានជំនឿថា បុរសបែបនេះមានរាសីខ្ពង់ខ្ពស់ អាចយិតយោង អនាគតក្រុមគ្រួសារ របស់គូស្រករថ្មី អោយមានសុភមង្គល ល្អប្រសើរ ត្រជាក់ត្រជុំ ដូចគ្នាដែរ។ បុរសនោះត្រូវឡើងកាត់ ផ្កាស្លាណាដែលល្អ ចំនួនបី ហើយនឹងបានទទួលលាភរង្វាន់ ជារបស់ ឬ មាសប្រាក់ ពីសាច់ញាតិក្រុមគ្រួសារខាងប្រុស ដែលគេចំណាំហៅថា កាសគួចព្រលឹង។ ឯផ្កាស្លាទាំងបី ត្រូវគេយកទៅដាក់លើជើងពានមាស ពានប្រាក់ ដង្ហែវិលមកកាន់គេហដ្ឋានខាងស្រី នាព្រលឹម ថ្ងៃដដែលនោះ ហើយផ្កាស្លានោះ នឹងត្រូវគេយកមកប្រឡេះ ជាគ្រាប់រាយៗ ដើម្បីបាចប្រោសព្រំ អោយកូនកម្លោះនិងកូនក្រមុំ ក្នុងពេលសំពះផ្ទឹម ជាតំណាងការប្រទានពរជ័យ ពីឪពុកម្តាយ ព្រឹទ្ឋាចារ្យ និងញាតិផៅ ទាំងឡាយ។

បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរមិននិយម ប្រារព្ឋពិធីបេះផ្កាស្លា តាមរបៀបនោះទេ ដោយសារថវិកាមានកំណត់ផង ហើយពេលវេលាមង្គលការ ក៏មានកំណត់ពេល តិចជាងមុនផង ទីក្រុងក៏កាន់តែរីកសាយធំទៅ ដូច្នេះ ពិធីដង្ហែកូនកម្លោះ ទៅកាត់ផ្កាស្លា ពីទីក្រុង ទៅភូមិដែលមានដើមស្លា ពិតជាត្រូវការពេលវេលាច្រើនណាស់ ហើយពិបាកនឹងរកយានយន្ត ដឹកជញ្ជូនសាច់ញាតិទាំងក្រុម ទៅប្រារព្វនេះផង។ ដូច្នេះហើយ ទើបច្ចុប្នន្បនេះ េគនាំគ្នាលប់បំបាត់ពិធីនេះចោល ដោយរត់ទៅទិញផ្កាស្លា ពីផ្សារ ឬពីភូមិណាមួយ តែប៉ុណ្ណោះ ដែលជាហេតុបណ្តាយអោយ កូនចៅជំនាន់ក្ោយ លែងស្គាល់ពិធីប្រពៃណីដ៏សំខាន់មួយនេះ ៕