​ស្ម័គ្រ​ចិត្តនៅ​​​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩

គិត​ចាប់ពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ មាន​សាស្ត្រាចារ្យចំនួន​ ០៩ នាក់ និងនិស្សិតស្ម័គ្រចិត្តចំនួន ៥៤ នាក់មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថសាស្ត្រ​ និងមហាវិទ្យាល័យទន្ដវទនសាស្ត្រ​នៃ​សាកលវិទ្យាល័យត្រាវិញបានស្ម័គ្រចិត្តចូលរួមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ​ជំងឺ​កូវីដ-១៩​​នៅមន្ទីរពេទ្យបណ្ដោះ​អាសន្ន​លេខ​១ និង លេខ​២ និង​នៅ​តាម​មជ្ឈមណ្ឌល​សុខាភិបាល​ស្រុក និង​ខេត្តត្រាវិញ​ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

Pic8. covid help4

 

ក្នុង​ការជួយឧបត្ថម្ភលើកនេះ ក្រុម​សាស្ត្រាចារ្យនឹង​​ជួយឧបត្ថម្ភ​​​នៅមន្ទីរពេទ្យបណ្តោះ​អាសន្ន​លេខ១ (មន្ទីរពេទ្យរបេងខេត្ត​ត្រាវិញ) និងមន្ទីរពេទ្យណ្តោះ​អាសន្នលេខ២ (មជ្ឈ​មណ្ឌលសុខាភិបាល​ស្រុកចូវថាញ់) រីឯ​​ក្រុម​និស្សិតវិញ​គឺ​ជួយឧបត្ថម្ភ​នៅតាម​មជ្ឈ​មណ្ឌលសុខាភិបាល​ស្រុកនានា​ក្នុង​ខេត្ត​។ 

អ្នកស្ម័គ្រចិត្តទាំង​អស់​នេះ​ត្រូវបានពិនិត្យ និង​ធ្វើ​តេស្តវីរុស​ ​SARS-CoV-2 និងបានទទួលការបណ្តុះបណ្តាល​អំពី​​ជំនាញសុវត្ថិភាព វិធានការ 5K និងចំណេះដឹងក្នុងការបង្ការ​ជំងឺ​កូវីដ-១៩​​ ក៏​ដូច​ជា​ការ​ថែទាំអ្នកដែល​ផ្ទុក​​ជំងឺ​កូវីដ-១៩​ ដែលកំពុងទទួល​ការ​ព្យាបាលនៅមន្ទីរពេទ្យបណ្តោះអាសន្ននានា។

ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ មន្ទីរពេទ្យនៃ​សាកលវិទ្យាល័យត្រាវិញបាន​សហការជាមួយមជ្ឈមណ្ឌលសុខាភិបាល​ក្រុង​ត្រាវិញដើម្បី ផ្ដល់​ជំនួយ​អំពីសម្ភារៈ និងបុគ្គលិកក្នុងការ​ចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ ដល់កម្មាភិបាល​ និងបុគ្គលិក​ដែលធ្វើការនៅតាម​ទីភ្នាក់ងាររដ្ឋបាល និងអង្គភាពនានា​នៅខេត្ត​ត្រាវិញ។

ហើយ​នៅក្នុង​ខែកក្កដា និងខែ​សីហា ឆ្នាំ២០២១ នេះ​ផង​ដែរ​ បុគ្គលិក​ និងសាស្រ្តាចារ្យរបស់​សាលា​បានចូលរួមវិភាគទានជិត​ ២០០ លានដុងដើម្បីឧបត្ថម្ភ​​ដល់​កិច្ចការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកំពុងបន្តរួមវិភាគ​ទាន​សម្រាប់​​ឧបត្ថម្ភ​បន្ត​ទៀត។ លើក​នេះ​ផង​ដែរ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​បាន​ឧបត្ថម្ភអង្ករ​ចំនួន​ ០១ តោន និង​បន្លែចំនួន​ ៥០០ គីឡូក្រាមសម្រាប់ប្រជាជននៅទីក្រុងហូជីមិញផង​ដែរ​។ 

Pic8.Covid Help3

 

Pic8.Covid Help2

គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញសហការជាមួយសម្ព័ន្ធសហករណ៍ខេត្ត​ត្រាវិញដើម្បីជួយ​ទិញ​មៀន​​ពី​ប្រជាកសិករ​​នៅស្រុកកូវកែខេត្តត្រាវិញចំនួន ៥២.៤៤៥ គីឡូក្រាម 

ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន គ្រូបង្រៀននិងនិស្សិតនៃមហាវិទ្យាល័យគ្រប់គ្រង​កិច្ចការ​រដ្ឋបាល​និង​ការិយាល័យ​នៃសាកលវិទ្យាល័យត្រាវិញព្រម​ទាំង​​អ្នកស្ម័គ្រចិត្ត​បានផ្តល់អាហារដោយឥតគិតថ្លៃជាង ២៤.០០០ចំណែក​​ដល់អ្នកជំងឺ មនុស្សចាស់ មា​មីង ​បង​ប្អូន​ អ្នក​លក់ឆ្នោត អ្នក​ប្រចាំ​ការត្រួតពិនិត្យតាម​កុង​ត្រូល និងអ្នក​ប្រចាំការនៅ​មណ្ឌល​ចត្តាឡីស័ក​ និង​កម្មករ​ ពលករជាដើម​ ក្នុង​គោល​បំណង​រួមចំណែកក្នុងការផ្សព្វផ្សាយ​នូវ​សេចក្ដី​ស្រឡាញ់​​រាប់​អាន​គ្នា​​ក្នុង​គ្រា​ដែល​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​ដ៏​ស្មុគ​ស្មាញ​នៃ​ជំងឺ​កូវីដ​-១៩។

បុគ្គលិក សាស្ត្រាចារ្យ និងសប្បុរសជន​ទាំង​ឡាយ​បាន​ឧបត្ថម្ភ​ទឹក​ដោះគោចំនួន ៥ម៉ឺនប្រអប់​ដល់កុមារដែល​ឋិត​នៅ​ក្នុង​តំ​បន់ដែលរងផលប៉ះពាល់​នៃជំងឺកូវីដ-១៩ ទូទាំង​ខេត្តត្រាវិញ។

ប្រែសម្រួលដោយ៖ Seha Thach