នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញបានជូនទឹកដោះគោសុធ្ធចំនួន ១.០៤៨ កេស ដែលស្មើនឹងជាង ៥ម៉ឺនប្រអប់សម្រាប់កុមារដែលកំពុងជួបការលំបាកនៅតាមស្រុក ទីរួមខេត្តនានានៃខេត្តត្រាវិញ។
កម្មវិធី «តំណក់ទឹកដោះគោសម្រាប់ប្អូនៗ» បានបំផុសផ្សព្វផ្សាយដោយសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញបានប្រមូលថវិកាប្រមាណ ៣០០ លានដុងពីអ្នកឧបត្ថម្ភទាំងឡាយនៅក្នុងនិងក្រៅប្រទេស។ ថវិកាទាំងអស់នេះត្រូវបានសម្ព័ន្ធយុវជននៃសាលាយកទៅទិញទឹកដោះគោហើយប្រគល់ជូនសម្ព័ន្ធយុវជនស្រុកនិងក្រុងចំនួន ៩ នៃខេត្តត្រាវិញដើម្បីចែកជូនដល់ប្អូនៗកុមារ។ ក្នុងនោះសម្ព័ន្ធយុវជនស្រុកយ្វៀនហាយទទួលបានចំនួន ៦៤១កេស ស្រុកថ្កូវចំនួន ១៤៦កេស និងទីក្រុងត្រាវិញចំនួន ១០៣កេស ហើយចំនួនដែលនៅសល់គឺត្រូវបានចែកចាយទៅកាន់ស្រុកផ្សេងទៀតតាមចំនួនកុមារដែលកំពុងតែជួបការលំបាក។
បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការរង បានមានប្រសាសន៍ថា «ដោយសារស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សាកលវិទ្យាល័យត្រាវិញបានផ្តល់អាទិភាពសម្រាប់សកម្មភាពដើម្បីសហគមន៍។ ជាងនេះទៅទៀត សាកលវិទ្យាល័យបានឃោសនា ចលនាសាស្ត្រាចារ្យ និងនិស្សិតដើម្បីចូលរួមជួរមុខក្នុងការបង្ការនិងប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នៅមន្ទីរពេទ្យបណ្តោះអាសន្ននានារបស់ខេត្តដោយចូលរួមក្នុងការចាក់វ៉ាក់សាំង ច្នៃអាលកុលសម្រាប់លាងដៃជូនសម្រាប់សាលាវិទ្យាល័យ ស្ថាប័ននានា ក៏ដូចជាជួយទិញកសិផលរបស់កសិករដូចជាផ្លែមៀនជាដើម ព្រមទាំងជូនសម្ភារៈប្រើប្រាស់ចាំបាច់ដល់ប្រជាជនក្រីក្រទៀតផង។»
ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញក៏បានឧបត្ថម្ភវ៉ែនតាបែបរបាំងចំនួន ៣០០ ដល់កងកម្លាំងដែលចូលរួមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នៅស្រុកយ្វៀនហាយនិងស្រុកថ្កូវ រួមជាមួយជូនមីចំនួន ២០កេសជូនដល់ប្រជាជនដែលជួបការលំបាកនៅស្រុកកូវង៉ាងផងដែរ។
ឆ្លងតាមរយៈសកម្មភាពដើម្បីសហគមន៍បែបនេះ សិស្ស-និស្សិតបានបណ្តុះនូវស្មារតីនៃការស្រលាញ់ ការរាប់អានគ្នាទៅវិញទៅមក ក៏ដូចជាបានលត់ដំនូវជំនាញវិជ្ជាជីវៈដែលបានរួមបញ្ចូលនៅក្នុងកម្មវិធីស្ម័គ្រចិត្តទាំងនេះទៀតផង ហេតុទាំងនេះបានបង្កើតនូវស្រទាប់យុវជនដែលប្រកបដោយសុជីវធម៌ល្អនិងមានសមត្ថភាពជំនាញខ្ពស់។
_____
ប្រែសម្រួលដោយ៖ Seha Thach