ពិធីចុះហត្ថលេខានិងបើក​ដំណើរ​ការ​​​វិទ្យាស្ថានភាសានិងវប្បធម៌កូរ៉េ KING SEJONG-ត្រាវិញ នៅសាកលវិទ្យាល័យត្រាវិញ

(TVU) – នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ពិធីចុះហត្ថលេខាតាម​ប្រព័ន្ធ​អនឡាញ​និងបើក​ដំណើរ​ការ​វិទ្យាស្ថានភាសានិងវប្បធម៌កូរ៉េ​King Sejong-ត្រាវិញបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យត្រាវិញ។

Pic8.MoU King Seojong

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិកដោយមានវត្តមានរបស់លោក Le Van Han - ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្តត្រាវិញ​ និង​ជា​អនុលេខាគណៈកម្មាធិការបក្សខេត្ត។ លោក Nguyen Van Dut - អនុប្រធានផ្នែក​​កិច្ចការបរទេស​នៃ​ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត និងប្រតិភូដែលត្រូវបានអញ្ជើញចូល​រួម​កិច្ច​ប្រជុំ​តាមប្រព័ន្ធ​អនឡាញដែល​រួម​មាន​ដូចជា៖​ សមាគម​​មហាវិទ្យាល័យសហគមន៍វៀតណាម​ បណ្ឌិត​សាស្ត្រាចារ្យរង​ Trinh Sam - ប្រធាន​វិទ្យាស្ថាន King Sejong-​ទីក្រុងហូជីមិញទី២ លោក Lee Jang Hyun - អ្នកគ្រប់គ្រង​វិទ្យាស្ថានKing Sejong-​ទីក្រុងហូជីមិញទី២ និងតំណាងដែល​អញ្ជើញ​មក​ពី​មន្ទីរ​ ស្ថាប័ន​នានា​របស់​ខេត្ត។

Pic8.MoU King Seojong2

រីឯ​ផ្នែក​ខាង​សាកលវិទ្យាល័យ​ត្រាវិញ អញ្ជើញ​ចូល​រួម​និង​ជា​អធិបតី​ភាព​មាន​បណ្ឌិត​សាស្ត្រាចារ្យរង​ Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ រួមជាមួយថ្នាក់ដឹកនាំនៃ​ក្រុមប្រឹក្សា និង​​ថ្នាក់ដឹកនាំនៃ​ករិយាល័យនានា​​​នៃសាកលវិទ្យាល័យត្រាវិញក៏​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​នេះផង​ដែរ​។

វិទ្យាស្ថានភាសានិងវប្បធម៌កូរ៉េ King Sejong-ត្រាវិញ (វិទ្យាស្ថាន King Sejong-ត្រាវិញ) គឺជាគម្រោងកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងសាកលវិទ្យាល័យត្រាវិញនិងសាកលវិទ្យាល័យSeojeong ប្រទេសកូរ៉េដែលឧបត្ថម្ភថវិកាដោយ​មូលនិធិ​នៃ​វិទ្យាស្ថាន King Sejong និង​​​រដ្ឋាភិបាលកូរ៉េ​ក្នុងគោលបំណងបង្រៀន ភាសា​និងផ្សព្វផ្សាយនូវ​វប្បធម៌កូរ៉េ​ដល់សហគមន៍។ បុគ្គលិកគ្រប់គ្រង និង​គ្រូ​បង្រៀន​​ត្រូវបំពេញតាមតម្រូវការផ្នែក​វិជ្ជាជីវៈរបស់មូលនិធិវិទ្យាស្ថាន​ King Sejong ហើយថ្លៃសិក្សាសមរម្យ​ក្នុង​គោល​បំណង​គឺ​ជំនួយដល់​​សហគមន៍។ វិទ្យាស្ថាន​មានកម្មវិធីបង្រៀនភាសាកូរ៉េខុសៗគ្នាជាច្រើនដូចជាការបង្រៀនតាមអនឡាញ​ដែលបង្រៀនដោយគ្រូបង្រៀននៅសាកលវិទ្យាល័យ Seojeong ឬ​ការរួមបញ្ចូលគ្នានៃការបង្រៀនតាមបែប​អន​ឡាញ​និងដោយ​ផ្ទាល់​ដែល​បង្រៀន​ដោយគ្រូបង្រៀន​នៅ​វិទ្យាស្ថាន​។ ថ្នាក់បង្រៀង​ផ្ទាល់ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌល​ព័ត៌មានវិទ្យានិង​ភាសាបរទេស Victory។ ក្រៅ​ពីនោះ​​ ​ វិទ្យាស្ថាន​ក៏​មានកម្មវិធីសិក្សា​ដែលត្រូវ​បានធ្វើ​ឡើង​សម្រាប់និស្សិតនៃសាកលវិទ្យាល័យត្រាវិញដើម្បីរៀនភាសាកូរ៉េ​និង​អាចមាន​សមត្ថភាព​ប្រឡង​​ទទួលបានវិញ្ញាបនបត្រ TOPIK កម្រិត​៣ ហើយអាច​គ្រប់​លក្ខណៈ​ដើម្បី​បានទទួលស្គាល់ជាភាសាបរទេសដែលមិនមែន​ជា​ឯកទេស។

នៅក្នុងពិធីនេះផង​ដែរ បណ្ឌិត​សាស្ត្រាចារ្យរង Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានប្រគល់​សេចក្តីសម្រេចតែងតាំងបណ្ឌិត Chau Thi Hoang Hoa - អនុប្រធានការិយាល័យ​សហប្រតិបត្តិការអន្តរជាតិ​នៃសាកលវិទ្យាល័យត្រាវិញ​ជា​ប្រធាន​វិទ្យាស្ថានKing Sejong។ 

បណ្ឌិត​សាស្រ្តាចារ្យរង​ Pham Tiet Khanh បានមានប្រសាសន៍ថា «សាកលវិទ្យាល័យ​ត្រាវិញ​សូមគោរព​ចំពោះការគាំទ្រនិងជំនួយ​ពី​សំណាក់​ បណ្ឌិត​សាស្រ្តាចារ្យរង Trinh Sam លោក Lee Jang Hyun សាស្ត្រាចារ្យនៃ​វិទ្យាស្ថាន​ King Sejong-ទីក្រុងហូជីមិញ​លេខ២​ លោក Park Young Arm មូលនិធិ​វិទ្យាស្ថាន​ King Sejong ​រួមជាមួយការ​ចូលរួម​និងការជឿទុកចិត្ត​ពីសំណាក់​ថ្នាក់ដឹកនាំខេត្ត ក៏ដូច​ជា​ពី​អង្គការ ស្ថាប័ន​​នានា​និងសមាជិកនៃសមាគមមហាវិទ្យាល័យ​សហគមន៍​វៀតណាម​​និងការិយាល័យ​នានា​នៃសាកលវិទ្យាល័យត្រាវិញក្នុងការអនុវត្តគម្រោងនេះ ដើម្បីឱ្យវិទ្យាស្ថានអាច​សម្រេចបាន​នូវ​បេសកកម្ម​របស់​ខ្លួន​គឺ​​បង្រៀននិងផ្លាស់ប្តូរវប្បធម៌ ហើយ​ព្រម​ទាំង​ជា​​ទី​កន្លែងសម្រាប់តភ្ជាប់ ផ្លាស់​ប្តូរ​វប្បធម៌វៀតណាម-កូរ៉េនៅខេត្ត​ត្រាវិញ​និងខេត្តជិតខាង​។ ប្រ​ការ​នេះ​បាន​រួមចំណែកជួយ​ឱ្យ​​​សាកលវិទ្យាល័យត្រាវិញសម្រេច​បាន​ជោគជ័យ​ក្នុងតួនាទីជាច្រកទ្វារនៃ​កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់​ខេត្ត​ត្រា​វិញ​»។ 

លោក​ Le Van Han - ប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត​ត្រាវិញ​​ និង​ជា​អនុលេខាបក្សខេត្ត​បាន​មាន​ប្រសាសន៍​ថា៖ «ខេត្តត្រាវិញមានតម្រូវការនិងសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ បច្ចុប្បន្នសហគ្រាសកូរ៉េគឺជាដៃគូមួយក្នុងចំណោមដៃគូដែលមានទុនវិនិយោគធំនៅខេត្តត្រាវិញ។ ជាងនេះទៅទៀតនៅខេត្តត្រាវិញក៏​មានយុវជនជា​ច្រើន​ដែលស្រឡាញ់នូវ​វប្បធម៌កូរ៉េហើយចង់ស្វែងរកឱកាសដើម្បី​ទៅសិក្សានិងធ្វើការនៅប្រទេសកូរ៉េផង​ដែរ។ ដូច្នេះ ការ​បង្កើត​វិទ្យាស្ថាន​ Sejong-ត្រាវិញ​ដែល​ជា​ទី​កន្លែង​បង្រៀន​និង​ផ្លាស់​ប្តូរ​វប្បធម៌​ដូច្នេះ​គឺជា​ការ​ចាំបាច់ណាស់។ ខ្ញុំសង្ឃឹមថាឆ្លង​តាមរយៈគម្រោងនេះ ការបង្រៀននិងរៀនភាសាកូរ៉េនៅសាកលវិទ្យាល័យត្រាវិញនឹងមាន​ការ​អភិវឌ្ឍ​​ប្រកបដោយស្ថិរភាព​​និងរួមគ្នាជាមួយមន្ទីរ​អប់រំនិងបណ្តុះបណ្តាលដើម្បី​បង្រៀន​ភាសា​កូរ៉េ​នៅ​តាម​​គ្រឹះស្ថាន​អប់រំ​​​ក្នុង​នាម​ជា​ភាសា​បរទេស​។ វិទ្យាស្ថាន​គប្បី​មានកម្មវិធីជាច្រើនដើម្បីជំនួយ​ដល់អ្នកដែលកំពុងធ្វើការនៅតាម​មណ្ឌល​ឧស្សាហកម្ម ពលករធ្វើ​ការ​តាមរដូវ​កាល​​នៅប្រទេសកូរ៉េដោយ​សហការ​ជា​មួយ​មន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ច ឬគ្រួសារដែលបាន​​រៀបការ​មាន​ទំនាក់​ទំនង​​វៀតណាម-​កូរ៉េ»។ 

ការបង្កើតវិទ្យាស្ថានភាសានិងវប្បធម៌កូរ៉េKing Sejong នៅសាកលវិទ្យាល័យត្រាវិញគឺជាឱកាសដ៏មានតម្លៃសម្រាប់សាកលវិទ្យាល័យក្នុងការជំរុញចលនានៃការរៀនភាសានិងវប្បធម៌កូរ៉េសម្រាប់​និស្សិតនិងសម្រាប់​សហគមន៍។ ទន្ទឹម​នឹងនោះ​ ព្រឹត្តិការណ៍នេះគឺជា​របត់ដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលកំពុងតែ​រីក​ចម្រើន​របស់សាកលវិទ្យាល័យត្រាវិញជាមួយដៃគូដែល​មកពីប្រទេសកូរ៉េផង​ដែរ៕

_____

ប្រែ​ដោយ​៖ Seha Thach  

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីចុះហត្ថលេខានិងបើក​ដំណើរ​ការ​​​វិទ្យាស្ថានភាសានិងវប្បធម៌កូរ៉េ KING SEJONG-ត្រាវិញ នៅសាកលវិទ្យាល័យត្រាវិញ