ប្រអប់បាយអាចរលួយដោយខ្លួនឯង ជាផលិតផលដែលផលិតចេញពីកញ្ជាក់អំពៅ

គំនិតផ្ដួច​ផ្ដើម​​ «ផលិត​​ប្រអប់បាយ​ដែល​អាច​រលួយ​​ដោយ​ខ្លួនឯង​» របស់​​​ Nguyen Minh Chanh និង​ Huynh Phat Tai ជា​និស្សិត​ផ្នែក​បសុពេទ្យវគ្គ​​​​​ឆ្នាំ​២០២០​​​ត្រូវ​បាន​ជាប់​លេខ​២​​ក្នុងសម័យ​ប្រឡង «គំ និត​កែច្នៃ​បៃតង​»​ របស់​ខេត្ត​ត្រាវិញ​ឆ្នាំ​២០២១ ហើយការ​ផ្ដួច​ផ្ដើម​​នេះ​ផង​ដែរ​ក៏​បាន​រួម​ចំណែក​​ក្នុងការ​​​ដោះ​ស្រាយបញ្ហា​​កខ្វក់​បរិស្ថាន​នា​ពេល​​បច្ចុប្បន្ន។ ​​

ប្រើ​ប្រាស់​​វត្ថុ​ធាតុ​ដើម​​ដែល​មាន​ស្រាប់​​ដើម្បី​ការពារ​បរិស្ថាន

1-1

ផលិតផល​នេះ​ត្រូវ​បាន​ផលិត​ចេញ​ពី​កញ្ជាក់​អំពៅ ហើយ​វា​ក៏​អាច​រលួយ​​ក្នុង​ដី​ដោយ​ខ្លួន​ឯង​ ដោយ​​មិន​​ជះ​ឥទ្ធិពល​ទៅ​លើ​សត្វ និង​សុខភាព​របស់​មនុស្ស។ ផលិត​ផល​នេះ​អាច​ការពារ​​ការ​កើត​ឡើង​របស់​ពពួក​បាក់តេរី និង​មិន​ដុះ​ផ្សិត​ដែល​ជា​កត្តា​ធានា​នូវ​គុណភាព និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់។

គំនិត​កែ​ច្នៃ​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​កាត់​បន្ថយ​នូវ​​ការ​បោះ​ចោល​សំរាម ក៏​ដូច​ជា​ដើម្បី​​ការ​ពារ​បរិស្ថាន ការ​ពារ​សុខភាព​មនុស្ស និង​ជា​ប្រភព​ផ្ដល់​នូវ​ជី​ជាតិ​​​ឱ្យ​រុក្ខជាតិ​ទៀត​ផង។ ជាង​នេះ​ទៅ​ទៀត​ ការ​ផលិត​នេះ​គឺ​អាច​ប្រើ​ប្រាស់​​វត្ថុ​ធាតុ​ដើម​ដែល​មាន​ស្រាប់​​ និងដ៏​​សម្បូរ​​ពី​​​តំបន់​ជិត​ខាង​។ ប្រការ​នេះ​​អាច​នឹង​ដោះ​ស្រាយ​នូវ​បញ្ហា​ការងារ​​​ និង​សេដ្ឋកិច្ច​​សម្រាប់​​ប្រជា​ជន។

ដោយ​ហេតុ​ថា​ផលិតផល​នេះ​ត្រូវ​បាន​ផលិត​ចេញ​ពី​​វត្ថុធាតុ​ដើម​ជា​កាក​សំណល់​​​ និង​ពី​ធម្មជាតិ​សុទ្ធសាធ ហេតុ​ដូច្នេះ​ហើយ​​អាច​នឹង​ដោះ​ស្រាយ​បាន​នូវ​បញ្ហា​កខ្វក់​បរិស្ថាន។ ប្រសិន​បើ​ពពួក​សត្វ​ស៊ី​ចូល​ទៅ​ក្នុង​ពោះ​ក៏​មិន​មាន​ឥទ្ធិពល​អ្វី​ដែរ ហើយ​ក្រោយ​ពេល​ដែល​ប្រើ​ប្រាស់​រួចយើង​ក៏​​អាច​កប់​ទៅ​ក្នុង​ដី​ដើម្បី​បង្កើត​បាន​ជា​ជីជាតិ​​សម្រាប់​រុក្ខជាតិទៀត​ផង​។​

ផលិតផល​នេះ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​និង​អាច​ធ្វើ​ទៅ​បាន​

2-2

 

2-3

 

ប្អូន​ Nguyen Minh Chanh ជា​ប្រធាន​នៃ​​​គំនិត​ច្នៃ​ប្រឌិត​នេះ​បាន​ឱ្យ​ដឹង​ថា៖ បច្ចុប្បន្ន​ ការ​​កើន​ឡើង​នូវ​នគរូបនីយកម្ម​​​មួយ​ថ្ងៃ​កាន់​តែ​ខ្លាំង​នៅ​តាមទី​​​ក្រុង​ធំៗ​។ ជា​មួយ​នេះ​ផង​ដែរ​​គឺ​ជា​ការ​កើន​ឡើង​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ឯកជន​​បាន​ធ្វើ​​ឱ្យ​បរិស្ថាន​មួយ​ថ្ងៃ​កាន់​តែ​កខ្វក់​ខ្លាំង​ឡើង​ៗ ពិសេស​គឺនៅ​​តំបន់​ទីក្រុង​ធំៗ។

ក្រុម​អ្នក​​ផ្ដួច​ផ្ដើម​គំនិត​នេះ​បាន​ឱ្យ​ដឹង​ថា៖ ទម្លាប់​ប្រើ​ប្រាស់របស់​ដែល​ផលិត​ពី​​ប្លាស្ទិក​បាន​ធ្វើ​ឱ្យ​កខ្វក់​បរិស្ថាន​​មួយ​ថ្ងៃ​កាន់​តែ​ធ្ងន់​ធ្ងរ អ៊ី​ចឹង​​ទេ​យើង​គប្បី​​ផ្លាស់​ប្តូរ​ទម្លាប់​ប្រើ​ប្រាស់​ដោយយកវត្ថុធាតុ​ដើម​ដែល​សុវត្ថិភាព​​មក​​ប្រើ​ជំនួស​វិញ ហើយ​បច្ចុប្បន្ន​នេះ ផលិត​ផល​ដែល​​មាន​គុណភាព ល្អ​សម្រាប់​សុខភាព និង​មាន​លក្ខណៈ​ «បៃតង​» បាន​ក្លាយ​ជា​និន្នាការ​មួយ​របស់​មនុស្ស​គ្រប់​រូប។ ពិសេស​​គឺ​ក្នុង​ពេល​ដែល​មនុស្ស​ទូទាំង​ពិភព​លោក​អំពាវនាវ​ឱ្យ​កាត់​បន្ថយ​ក្នុង​ការ​ប្រើ​ប្រាស់​​ថង់​ប្លាស្ទិក​ ហើយ​នេះ​ក៏​​​ជា​​ផលិតផល​ដែលល្អ​សម្រាប់​បរិស្ថានដែល​​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គ្រប់​គ្នា។ ​ដូច្នេះ​ហើយ​គំនិត​នេះ​ក៏​បាន​ផ្តួច​ផ្ដើម​ឡើង​​​​ដោយ​មាន​គោល​បំណង​ការពារ​សុខភាព ការពារ​បរិស្ថាន​ និង​ធម្មជាតិ។

អំពី​របៀប​នៃ​ការ​ផលិត ប្អូន​ Huynh Tan Tai បាន​ឱ្យ​ដឹង​ថា៖ ការ​ផលិត​​​បាន​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ និង​ឧបករណ៍​ផលិត​​ឯកទេស​​ដើម្បី​កាត់​បន្ថយ​​ហានិភ័យ​ និង​ងាយ​ស្រួល​ក្នុង​ការ​ផ្តួច​ផ្ដើម​គំនិត។

ក្រោយ​​ពេល​ដែលគាប​​​យក​ទឹក កញ្ជាក់​អំពៅ​នឹង​ត្រូវ​បាន​ប្រមូល​និង​កែច្នៃ​ជា​លើក​ដំបូង រួច​មក​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​អំពី​គុណភាព​របស់​កញ្ជាក់អំពៅ​​ដើម្បី​ធានា​បា​ន​​​គុណភាព​សម្រាប់​ការ​ផលិត​​ដែល​ក្នុង​នោះ​​កញ្ជាក់​អំពៅ​មិន​ត្រូវមាន​ការ​កកើត​របស់​ពពួក​អតិសុខុមប្រាណនាំ​ឲ្យ​បំផ្លាញ​កញ្ជាក់​អំពៅ។

កញ្ជាក់​អំពៅ​នៅ​ពេល​ដែលបាន​​ពិនិត្យ​រួច​រាល់​​នឹង​កិន​​ឱ្យ​ហ្មត់ រួច​មក​រម្ងាប់មេ​​រោគ​ក្នុង​សីតុណ្ហភាព និង​សម្ពាធ​ខ្ពស់។ បន្ទាប់​មក​​កញ្ជាក់​អំពៅ​នឹង​ត្រូវ​បាន​ធ្វើ​សាប៊ូកម្ម​ដើម្បី​បំបែក​ទៅ​ជា​សរសៃ ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​​ការ​តភ្ជាប់របស់​សរសៃ​កញ្ជាក់​អំពៅ​​កាន់​តែ​ខ្លាំង​ឡើង។ បន្ទាប់​មក​ទៀត​នឹង​បន្ថែម​វត្ថុធាតុ​​ផ្សំ​ផ្សេងៗ​ទៀត​ដើម្បី​ការពារ​កុំ​ឱ្យ​​ជ្រាប​ទឹក​​ រូច​​ផ្លាស់​ប្តូរ​អត្រា​ជាតិ​សំណើម​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ផលិត​ជា​ប្រអប់។

ដំណាក់​កាល​ចុង​ក្រោយគឺ​​គាប​ទៅ​ជា​ប្រអប់ នេះ​គឺ​ជា​ដំណាក់​កាល​សំខាន់​បំផុត​​ព្រោះ​វា​នឹង​បញ្ចេញ​ចោល​នូវ​ជាតិ​ទឹក​៩០%ពី​ផលិតផល​​ដោយ​គួប​ផ្សំ​ជា​មួយ​ការ​​ប្រើ​កម្ដៅ​ដើម្បី​បង្កើត​ជា​ផលិតផល​ចុង​ក្រោយ។ ​បន្ទាប់​មក​ទៀត​គឺ​ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​ និ​ង​បែង​ចែក​ទៅ​ជា​ប្រភេទ​​ផលិតផល​ខុសៗ​គ្នា​​ ដែល​ក្នុង​នោះ​គឺ​ពិនិត្យ​​រក​ជាតិ​ដែក​ដើម្បី​ធានា​សុវត្ថិភាព​អាហារ​នៅ​ពេល​ក្រោយ​ ​ក្រោយ​មក​ទៀត​គឺ​វេចខ្ចប់​និង​​នាំ​ចេញ​ទៅ​ទីផ្សារ។

ចំណុច​ពិសេស​របស់​ផលិត​ផល​នេះ​គឺ​ផលិត​ពី​វត្ថុធាតុ​ដើម​​មក​ពី​ធម្មជាតិ ល្អ​សម្រាប់​សុខភាព​មនុស្ស​និង​បរិស្ថាន​។ ផលិត​ផល​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថានឹង​ក្លាយ​ជា​ផលិត​ផល​​ពេញ​និយម​ក្នុង​ថ្ងៃ​អនាគត៕​

បក​ប្រែ​ដោយ៖Seha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រអប់បាយអាចរលួយដោយខ្លួនឯង ជាផលិតផលដែលផលិតចេញពីកញ្ជាក់អំពៅ