កម្មវិធីសិក្សាចំនួន៣ទៀតរបស់សាកលវិទ្យាល័យត្រាវិញត្រូវបានបណ្ដាញសាកលវិទ្យាល័យអាស៊ាន(AUN) ទទួលស្គាល់ជាប់លំដាប់ថ្នាក់អន្តរជាតិអំពីគុណភាពបណ្តុះបណ្ដាល
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 08 វិច្ឆិកា 2021
- ចុចដង៖ 890
(TVU) – ថ្មីៗនេះមានកម្មវិធីសិក្សាចំនួន៣នៃសាកលវិទ្យាល័យត្រាវិញត្រូវបានទទួលស្គាល់សម្រេចបានគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដា AUN-QA (គណៈកម្មការផ្នែកធានាគុណភាពរបស់បណ្ដាញសាកលវិទ្យាល័យអាស៊ាន) ដែលរួមមាន៖ បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្រភាសាខ្មែរ និងបរិញ្ញាបត្រកសិកម្ម
និស្សិតផ្នែកគិលានុបដ្ឋាកក្នុងពេលសិក្សាអនុវត្ត
ទីកន្លែងសិក្សានិងស្រាវជ្រាវសម្រាប់និស្សិតផ្នែកកសិកម្ម
បន្ទប់សិក្សាឯកទេសផ្នែកភាសាខ្មែរនៃមហាវិទ្យាល័យភាសា វប្បធម៌ សិល្បៈខ្មែរណាមបូ
តាមរបាយការណ៍ដែលបានផ្ញើជូនសាកលវិទ្យាល័យត្រាវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ស្ដីពីលទ្ធផលនៃការវាយតម្លៃពីគណៈលេខាធិការវាយតម្លៃរបស់ AUN-QA បានឱ្យដឹងថា កម្មវិធីសិក្សាទាំង៣ដែលត្រូវបានដាក់ចូលដើម្បីធ្វើការវាយតម្លៃនោះឆ្លើយតបបានយ៉ាងល្អនូវរាល់លក្ខណវិនិច្ឆយ លក្ខខណ្ឌនៃស្ដង់ដា AUN-QA។ ជាពិសេស កម្មវិធីបរិញ្ញាបត្រគិលានុបដ្ឋាកត្រូវបានអោយតម្លៃល្អលើសពីការការរំពឹងទុក(សម្រចបានពិន្ទុ ៥/៧)។
សាកលវិទ្យាល័យត្រាវិញបានក្លាយជាសមាជិកដៃគូ (associate member) របស់បណ្ដាញសាកលវិទ្យាល័យអាស៊ានចាប់តាំងពីខែកក្កដា ឆ្នាំ២០១៤។ តាំងពីនោះមក សាកលវិទ្យាល័យត្រាវិញបានខិតខំដោយឥតឈប់ឈរក្នុងការកសាងនិងអភិវឌ្ឍប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់វិទ្យាស្ថានខ្លួនឯង។ការសម្រេចបានជោគជ័យក្នុងការដាក់ឱ្យវាយតម្លៃកម្មវិធីសិក្សាទាំងបីនោះបានបង្កើនកម្មវិធីសិក្សារបស់សាកលវិទ្យាល័យត្រាវិញដែលជាប់ចំណាត់ថ្នាក់ស្ដង់ដាអន្តរជាតិឡើងទៅចំនួន៩ ហើយក៏បានធ្វើឱ្យសាកលវិទ្យាល័យត្រាវិញក្លាយជាសាកលវិទ្យាល័យឈានមុខគេនៅតំបន់វាលរាបទន្លេគឺវឡុងដោយមានកម្មវិធីសិក្សាគុណភាពខ្ពស់ស្របតាមស្ដង់ដាអន្តរជាតិដូចជា FIBAA, AUN-QA។ កម្មវិធីសិក្សាចំនួន៥ស្របតាមស្តង់ដា AUN-QA គឺបរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រជលវប្បកម្ម បរិញ្ញាបត្របសុពេទ្យ បរិញ្ញាបត្រភាសាខ្មែរ និងបរិញ្ញាបត្រគិលានុបដ្ឋាកនិងកម្មវិធីសម្រេចបានស្ដង់ដា FIBAA មានកម្មវិធីសិក្សាចំនួន៤គឺបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រហិរញ្ញវត្ថុ-ធនាគារ។
លោកសាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ «លទ្ធផលដែលទទួលបាននេះគឺជាការខិតខំប្រឹងប្រែងទាំងគ្រូនិងសិស្សក្នុងការកែលម្អគុណភាពបណ្ដុះបណ្ដាលស្របតាមស្ដង់ដារបស់តំបន់និងអន្តរជាតិសម្រាប់ទាំងកម្រិតគ្រឹះស្ថានអប់រំនិងកម្រិតកម្មវិធីសិក្សា។» លោកបានបញ្ជាក់បន្ថែមទៀតថា «អស់រយៈជាង២០ឆ្នាំ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវទិសដៅ បេសកកម្មរបស់សាលា សាកលវិទ្យាល័យត្រាវិញតែងខិតខំក្នុងការជំរុញនិងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល កសាងនូវបរិយាកាសសិក្សាជឿនលឿន ស្និទ្ធស្នាល និងអនុវត្តខ្ជាប់នូវរាល់វិធីសាស្ត្របង្រៀន បង្កើតបាននូវបរិយាកាសសម្រាប់ការសិក្សា ស្រាវជ្រាវ ធ្វើការនិងបម្រើដល់សហគមន៍យ៉ាងងាយស្រួល ឆ្ពោះទៅកាន់ប្រព័ន្ធសិក្សាអប់រំបើកទូលាយ និងសិក្សារៀនសូត្រពេញមួយជីវិត។ សាកលវិទ្យាល័យត្រាវិញក៏បាននិងកំពុងពង្រីកការចូលរួមដាក់កម្មវិធីសិក្សាដើម្បីធ្វើការវាយតម្លៃតាមស្តង់ដាអន្តរជាតិ AUN និង FIBAA នៅបណ្ដាក្រុមមុខជំនាញដូចជា វិទ្យាសាស្ត្រសុខភាព ភាសា សេដ្ឋកិច្ច-នីតិសាស្ត្រ ព្រមទាំងស្តង់ដា ABET សម្រាប់មុខជំនាញខាង បច្ចេកវិទ្យាជាដើម និងបន្តការលើកកម្ពស់គុណភាពបណ្តុះបណ្ដាលឆ្ពោះទៅកាន់ស្តង់ដាអប់រំបណ្ដុះបណ្ដាលអន្តរជាតិ ព្រមទាំងកសាងនូវបរិយាកាសសិក្សា ស្រាវជ្រាវជឿនលឿន ថ្មីទំនើប និងសមាហរណកម្ម»។
ថ្នីៗនេះ សាកលវិទ្យាល័យត្រាវិញត្រូវបានជាប់ចំណាត់ថ្នាក់ទី៧១/១០០របស់ WURI Ranking ឆ្នាំ២០២១ ដែលជាសាកលវិទ្យាល័យមានឥទ្ធិពលនិងការចូលរួមយ៉ាងសកម្មចំពោះសង្គមនិងជាប់ចំណាត់ថ្នាក់ទី ១៧/៥០អំពីតម្លៃនៃការបណ្ដុះធុរកិច្ចថ្មី និងចំណាត់ថ្នាក់ទី ៤៨/៥០អំពីកិច្ចសហប្រតិបត្តិការនិងដោះដូរនិស្សិតអន្តរជាតិ ក៏ដូចជាឱកាសនៃការដោះដូរនិស្សិតក្នុងការសិក្សាជាមួយបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅក្រៅប្រទេស។ សាកលវិទ្យាល័យត្រាវិញបានជាប់ចំណាត់ថ្នាក់ក្នុងក្រុម១០០សាកលវិទ្យាល័យដែលមានឥទ្ធិពលនិងការចូលរួមយ៉ាងសកម្មចំពោះសង្គមជាច្រើនឆ្នាំបន្តបន្ទាប់របស់ WURI Ranking និងជាសាកលវិទ្យាល័យឋិតក្នុងក្រុម២០០សាកលវិទ្យាល័យបៃតង និងស្និទ្ធស្នាល - UI GreenMetric Ranking។ សាកលវិទ្យាល័យត្រាវិញក៏បានធ្វើដំណើរការដោយអនុវត្តនូវប្រព័ន្ធគ្រប់គ្រងផ្នែកគុណភាពតាមស្ដង់ដា ISO 9001-2000 ចាប់ពីឆ្នាំ២០០៦ ISO 9001-2008, ISO 9001-2015 ហើយគឺជាសាកលវិទ្យាល័យឈានមុខគេនៅវាលទំនាបទន្លេគឺវឡុងដែលមានកម្មវិធីសិក្សាស្របតាមស្ដង់ដាអន្តរជាតិដូច FIBAA,AUN-QA និង ABET សម្រាប់ក្រុមមុខជំនាញ ឯកទេសខាងវិទ្យាសាស្ត្រសុខភាព កសិកម្ម ភាសា សេដ្ឋកិច្ច-នីតិសាស្ត្រ និងបច្ចេកវិទ្យាជាដើម។
AUN-QA (Asean University Network – Quality Assurance – ផ្នែកធានាគុណភាពរបស់បណ្ដាញសាកលវិទ្យាល័យអាស៊ាន)៖ លក្ខណវិនិច្ឆ័យនៃស្តង់ដារួមមានចំនួន១១ដែលក្នុងនោះមានលក្ខខណ្ឌទាំងអស់គឺចំនួន៥០។ ការវាយតម្លៃការធានាគុណភាពផ្ទៃក្នុងកំណត់ការដាក់ពិន្ទុលើកម្រិតខ្នាតពិន្ទុ៧ រួមមាន៖១ =មិនគ្រប់គ្រាន់ទាំងស្រុង; ២ = មិនគ្រប់គ្រាន់និងត្រូវការការធ្វើឱ្យប្រសើរឡើង; ៣ = មិនគ្រប់គ្រាន់ ប៉ុន្តែការធ្វើឱ្យប្រសើរឡើងបន្តិចបន្តួចទៀតនឹងធ្វើឱ្យទៅជាគ្រប់គ្រាន់; ៤ =គ្រប់គ្រាន់ដូចរំពឹងទុក; ៥ =ប្រសើរជាងការរំពឹងទុក; ៦ =ឧទាហរណ៍នៃគំរូ; ៧ = ល្អឥតខ្ចោះ (ឧទាហរណ៍នៃចំណាត់ថ្នាក់ពិភពលោក ឬគំរូឈានមុខគេបំផុត)។ ពិន្ទុនៃការវាយតម្លៃគឺត្រូវបានគណនាផ្អែកលើមធ្យមភាគនព្វន្តនៃលក្ខខណ្ឌទាំង៥០។ ពិន្ទុ ៤ គឺជាពិន្ទុបង្ហាញថារាល់លក្ខណវិនិច្ឆ័យត្រូវបានអនុវត្តពេញលេញស្របតាមស្ដង់ដា AUN – QA។
ក្នុងនោះ លក្ខណវិនិច្ឆ័យទាំង១១រួមមាន៖ (១) លទ្ធផលសិក្សាដែលរំពឹងទុក, (២) កម្មវិធីសិក្សាសម្អិត, (៣) រចនាសម្ព័ន្ធ, (៤) យុទ្ធវិធីបង្រៀននិងរៀន, (៥)ការវាយតម្លៃនិស្សិត, (៦)គុណភាពនៃបុគ្គលិកបណ្តុះបណ្ដាល, (៧)គុណភាពនៃបុគ្គលិកជំនួយ, (៨)គុណភាពនិងជំនួយនិស្សិត, (៩)សម្ភារៈបរិក្ខា និងហេដ្ឋារចនាសម្ព័ន្ធ, (១០)ការបង្កើនគុណភាព, (១១)ធាតុចេញ៕
អត្ថបទដោយ៖ Đồng Khởi
ប្រែសម្រួលដោយ៖ Seha Thach