អ្នកដែលជាប់និទ្ទេសខ្ពស់បំផុតនាសម័យប្រឡងចូលសាកលវិទ្យាល័យត្រាវិញទទួលបានពិន្ទុ១០គត់សម្រាប់មុខវិជ្ជាភាសាអង់គ្លេស

GSV-GV.TVU) ប្អូន​ Tran Nhat Quang ជា​សិស្សនៃ​វិទ្យាល័យ Nguyen Thien Thanh ដែលជានិស្សិតថ្មី ​ជំនាញ​ខាង​ពេទ្យ ក្លាយជាអ្នក​ប្រឡង​ជាប់និទ្ទេស​ខ្ពស់​បំផុត​នៃ​សាកលវិទ្យាល័យត្រាវិញ ដោយទទួលបានពិន្ទុសរុប​៣មុខវិជ្ជា ក្នុងការប្រឡងចូលសាកលវិទ្យាល័យក្នុងឆ្នាំ ២០២១ ឡើងដល់ ២៧.២៥ ពិន្ទុ។ ជាង​នេះ​ទៅ​ទៀតនោះ​គឺ​ Nhat Quang ទទួល​បាន​ពិន្ទុ​១០​គត់​សម្រាប់​មុខ​វិជ្ជា​ភាសាអង់គ្លេស។

មាន​ឱកាសសិក្សា​ភាសា​អង់គ្លេស​​តាំង​ពីវ័យ​​ក្មេង

8-2

នៅ​ពេល​និយាយ​​អំពីគ្រួសារ Nhat Quangបាន​ឱ្យ​ដឹង​ថា៖ ប្អូន​ពិត​ជា​មាន​សំណាងយ៉ាង​ខ្លាំង​ដែលបានកើតក្នុងគ្រួសារដែលមានឪពុកម្តាយជាគ្រូបង្រៀនភាសាអង់គ្លេស។ តាំងពីតូចមក ប្អូន​មានឱកាស​ជា​ច្រើន​ហើយ​ឪពុកម្តាយក៏​បង្ក​លក្ខណៈ​ឱ្យប្អូន​បាន​ស្តាប់ បាន​អាន និងទស្សនា​ភាពយន្តជា​ភាសា​អង់គ្លេស ព្រម​ទាំង​ទទួល​បាន​ការ​​លើកទឹកចិត្តពី​ពួកគាត់​ផង​ដែរ។​ ដោយ​មាន​ការ​​ស្រឡាញ់​ភាសាបរទេស​តាំង​ពី​តូច​​ ប្អូន​តែង​សកម្ម​ក្នុង​ការ​សិក្សា​ភាសាអង់គ្លេស​តាម​ប្រព័ន្ធ​អ៊ិនធឺណែត​ ហេតុ​ដូច្នោះ​ហើយ​បាន​ជា​ចំណេះ​ដឹង​​ភាសា​អង់គ្លេស​របស់​ប្អូន​បានល្អ​ដូចសព្វថ្ងៃ​។

នៅពេលដែលទទួល​បាន​ព័ត៌មាន​ថា​ខ្លួន​ជា​អ្នក​ប្រឡង​ជាប់​និទ្ទេស​ខ្ពស់​បំផុត​នៃសាកលវិទ្យាល័យត្រាវិញ Nhat Quang សប្បាយចិត្តយ៉ាង​ខ្លាំង ហើយ​បាន​និយាយថា​៖ ជាមួយនឹងពិន្ទុសរុប ២៧,២៥ ប្អូន​មិនហ៊ាន​នឹក​ស្មានថានឹងក្លាយជាអ្នកប្រឡង​ជាប់​និទ្ទេស​ខ្ពស់​បំផុតរបស់​សាកលវិទ្យាល័យត្រា​វិញ​នោះទេ។ នៅពេលទទួល​បាន​ព័ត៌មាន​ពី​លោកគ្រូ អ្នកគ្រូ​​​ប្អូន​មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។ ប្អូន​សែន​ដឹង​គុណចំពោះ​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដែលជាគំរូដ៏​ល្អសម្រាប់ប្អូន។ ប្អូន​​សន្យា​ថា​នឹងខិត​ខំ​រៀន​សូត្រ​​ដើម្បី​កុំ​ឲ្យខក​បំណង​របស់​ឪពុក​ម្ដាយ និង​លោកគ្រូ អ្នក​​គ្រូ។​ ​

ដោយ​មាន​បំណង​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត​មួយ​រូប​

Nhat Quang បានចែករំលែកថា៖ «ប្អូន​មានបំណង​ប្រាថ្នា​ចង់ក្លាយជាវេជ្ជបណ្ឌិត ដើម្បីព្យាបាលជំងឺ និងការពារសុខភាពជូន​ប្រជាជន។ ការដែល​ខ្លួន​ក្លាយជាអ្នក​​ប្រឡង​ជាប់និទ្ទេស​ខ្ពស់​ជាង​គេ​នៅ​ឆ្នាំនេះគឺជាជំហានដំបូងក្នុងការសម្រេចនូវ​ក្ដី​ប្រាថ្នា​​របស់ប្អូន ហើយវា​ក៏​ជាអំណោយដ៏​ពិសេសមួយ​ផង​ដែរ​ដែលប្អូន​សម្រាប់​ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ ដែលជា​អ្នក​បានជំរុញ​និង​លើក​ទឹក​ចិត្ត​ឱ្យប្អូន​ដើម្បី​ចូល​សិក្សា​ជំនាញខាង​ពេទ្យ​នេះ​។ ជាមួយនឹងជំហានចាប់ផ្តើមដ៏ល្អមួយនេះ ប្អូន​នឹងខិត​ខំ​ប្រឹងប្រែងបន្ថែមទៀតក្នុងការសិក្សា ដើម្បី​អភិវឌ្ឍ​ខ្លួន ​ និងបង្កើនចំណេះដឹង​ ក៏​ដូច​ជាបំណិនផ្សេងៗ​ទៀត​ដែលលោក​គ្រូ អ្នក​គ្រូ​ផ្ដល់​ឱ្យប្អូន​នាពេលអនាគត»។

នៅពេលសួរអំពីវិធីសាស្រ្តក្នុង​ការ​រៀន​សូត្រ​ ប្អូន​ Quang បានឱ្យ​ដឹង​ថា៖ «វាជាដំណើរការនៃ​ការ​ខិត​ខំរបស់ប្អូន​​ ហើយ​វា​​មិនមានអាថ៌កំបាំងអ្វីពិសេសនោះទេ។ ពេល​វេលា​សិក្សានៅ​សាលាប្អូន​តែង​ខិត​ខំ​ដើម្បី​យល់​មេរៀន​ រួច​ត្រឡប់​មក​ផ្ទះ​វិញ​ ប្អូន​​ពិនិត្យ​មើល​មេរៀនសារ​ឡើង​វិញ​ ពោល​គឺ​​​​ត្រូវ​ធ្វើ​​យ៉ាង​ណា​ដើម្បី​រៀន​ដល់​ណា​ចេះ​ចាំ​ដល់​នោះ​​»។

ជាមធ្យម ​ Nhat Quang ចំណាយពេលសិក្សាចំនួន​៣ម៉ោងក្នុងមួយថ្ងៃ។ មុន​ពេល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ប្អូន​បាន​ចំណាយ​ពេល​សិក្សា​បន្ថែម​ទៀត​​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ​។ ក្រៅ​ពី​ម៉ោង​រៀន ប្អូន​​តែង​​​ស្តាប់​ចម្រៀង​ និង​មើល​ភាពយន្ត ហើយក៏​ធ្មេច​ភ្នែកគេង​បន្តិច​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ សម្រាប់​ការ​រៀន​បន្ត​ទៅ​មុខ​ទៀត៕

អត្ថបទ៖ Hoàng Nam

ប្រែសម្រួលSê Ha Thach