សហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញជូនកុំព្យូទ័រយួរដៃ ដល់និស្សិតដែលខំពុះពារការលំបាក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 05 ធ្នូ 2021
- ចុចដង៖ 502
ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២១ លោកស្រី Quach Thi Vu Hue អតីតប្រធានសហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ ប្រធានគណៈយែនឌ័រនិងជនជាតិរួមជាមួយនឹងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យកសិកម្ម- ជលផលព្រមជាមួយនឹងសម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូបានប្រគល់កុំព្យូទ័រយួរដៃម៉ាក HP ចំនួន២គ្រឿងដល់និស្សិតពីររូបគឺប្អូនThach ChuongNgocTuyen ជានិស្សិតផ្នែកគរុកោសល្យអក្សរសាស្ត្រឆ្នាំ២០២០ ចំណុះមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងប្អូន Dinh Hoang Hai ជានិស្សិតផ្នែកពេទ្យពសុសត្វឆ្នាំ២០២០ ចំណុះមហាវិទ្យាល័យកសិកម្ម - ជលផល។
ប្អូនទាំងពីររូបនេះគឺជានិស្សិតដែលខំពុះពារការលំបាកដើម្បីរៀនសូត្រ។ ជីវភាពរស់នៅសព្វថ្ងៃជួបការលំបាកជាច្រើន ប៉ុន្តែពួកប្អូនមិនដែលមានគំនិតថានឹងបោះបង់ចោលការរៀនសូត្រឡើយ។ ប្អូន Ngoc Tuyen គឺជាអតីតសិស្សពូកែមួយរូបនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ ហើយសព្វថ្ងៃប្អូនជានិស្សិតឆ្នាំទី២ផ្នែកគរុកោសល្យអក្សរសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ។ ប្អូនជ្រើសរើសមុខជំនាញនេះព្រោះមានបំណងចង់ក្លាយជាគ្រូបង្រៀននៅពេលអនាគត។
ក្នុងអង្គពិធីប្រគល់អំណោយលោកស្រី Quach Thi Vu Hue បានឲ្យដឹងថា «យល់បាននូវភាពលំបាករបស់ប្អូនទាំងពីរ សហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញបានរៃអង្គាសប្រាក់ពីលោកគ្រូ អ្នកគ្រូ មិត្តភក្ដិដើម្បីទិញកុំព្យូទ័រយួរដៃជូនប្អូនទាំងពីរដើម្បីបំរើក្នុងការរៀនតាមប្រព័ន្ធអនឡាញឲ្យមានប្រសិទ្ធភាពជាង។ នេះគឺជាកាដូដែលលោកគ្រូ អ្នកគ្រូជូនប្អូនទាំងពីរដោយសង្ឃឹមថាប្អូនៗនឹងប្រើប្រាស់វាក្នុងការសិក្សាយ៉ាងមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍខ្លួននិងញ៉ាំងក្ដីប្រាថ្នារបស់ខ្លួនឲ្យក្លាយជាការពិត។
នៅក្នុងពិធីប្រគល់នោះដែរ ប្អូនទាំងពីរនិងក្រុមគ្រួសារក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូក៏ដូចជាសាលាដែលតែងតែយកចិត្តទុកដាក់ដល់ប្អូនៗ។ ប្អូនNgoc Tuyen បានឲ្យដឹងថា «នេះគឺជាកាដូដ៏មានតម្លៃដែលតាំងពីមុនមកប្អូនមិនដែលទទួលបាន។ ប្អូនសូមថ្លែងនូវអំណរអរគុណដល់លោកគ្រូ អ្នកគ្រូ ហើយសន្យាថានឹងខិតខំរៀនសូត្រដើម្បីតបស្នងនូវគុណបំណាច់របស់ជីតា ក៏ដូចជាការជំនួយឧបត្ថម្ភពីសំណាក់លោកគ្រូ អ្នកគ្រូនិងសាលា»។
អត្ថបទ៖ Công đoàn Trường ĐH Trà Vinh
ប្រែសម្រួល៖ Ngọc Châu