កម្មវិធីបានចាត់តាំងឡើងដើម្បីផ្តល់នូវឱកាសដោះដូរចំណេះដឹងនិងបទពិសោធន៍រវាងនិស្សិតផ្នែកទន្តពេទ្យ បង្កើនចំណងសាមគ្គីភាពរវាងនិស្សិតនិងបណ្ដាអង្គភាពបណ្តុះបណ្តាលទន្តពេទ្យនៅទូទាំងប្រទេស។
ឆ្លងតាមរយៈនេះ ពិធីប្រកួតប្រជែងតាមប្រព័ន្ធអនឡាញមានឈ្មោះថា Dentory បានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ ដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១ ជាព្រឹត្តិការណ៍ដំបូងបង្អស់ផ្ដើមកម្មវិធី Smile CoDe។ ក្នុងកម្មវិធីប្រកួតប្រជែងនេះ និស្សិតជំនាញផ្នែកទន្តពេទ្យនៃសាកលវិទ្យាល័យត្រាវិញក៏បានឧទ្ទេសនាមបង្ហាញអំពីកម្មវិធីសិក្សារបស់ខ្លួនដោយរូបភាព វិដេអូខ្លីៗនិយាយអំពីដំណើរការសិក្សាយ៉ាងរស់រវើក ជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប ឆ្លើយតបបាននូវតម្រូវការសិក្សានិងអនុវត្តជំនាញរបស់និស្សិតសាលា។
វិដេអូចូលរួមប្រកួតប្រជែងរបស់និស្សិតទន្តពេទ្យសាកលវិទ្យាល័យត្រាវិញ
https://www.facebook.com/SmileCoDe2021/videos/1085675175569859/
កម្មវិធីដោះដូរបទពិសោធន៍ Smile CoDe បានចាត់តាំងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ ២០២១ រួមមានកម្មវិធីដោះដូរបទពិសោធន៍ Dental Connection, game Show – Denthootប្រកាសលទ្ធផលនិងប្រគល់ជូនរង្វាន់សម្រាប់ពិធីប្រកួតប្រជែងតាមប្រពន្ធ័អនឡាញដែលមានឈ្មោះថា Dentory។
និស្សិតសាកលវិទ្យាល័យត្រាវិញចូលរួមសំណេះសំណាល ឧទ្ទេសនាមអំពីមុខជំនាញទន្តពេទ្យរបស់សាលា
ក៏ក្នុងឱកាសនោះដែរ និស្សិតសាកលវិទ្យាល័យត្រាវិញមានឱកាសឧទ្ទេសនាមនូវលក្ខណៈពិសេសអំពីមជ្ឈដ្ឋានសិក្សាក៏ដូចជាកម្មវិធីសិក្សារបស់សាលា។ នេះក៏ជាឱកាសសម្រាប់និស្សិតដោះដូរ ស្វែងយល់បន្ថែមអំពីវប្បធម៌ក៏ដូចជាវិធីបង្ហាត់បង្រៀននិងកម្មវិធីសិក្សារបស់បណ្តាសាលា ជាពិសេសជំនាញទន្តពេទ្យ។
ពិធីប្រកួតប្រជែងបង្ហាញអំពីលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រជំនាញទន្តពេទ្យសម្រាប់និស្សិតមានឈ្មោះថា Sci–Dent Competition បានចាត់តាំងឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជាសកម្មភាពទីបីនៃកម្មវិធីតភ្ជាប់និងអភិវឌ្ឍនិស្សិតទន្តពេទ្យទូទាំងប្រទេស។ សកម្មភាពនេះបានផ្តល់នូវទីលានកម្សាន្តដ៏មានប្រយោជន៍ដើម្បីនិស្សិតជំនាញទន្តពេទ្យបានចែករំលែកនូវគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាចំណេះដឹងជំនាញទន្តពេទ្យ។
ពិធីប្រកួតប្រជែងនេះមានបេក្ខសិស្សជានិស្សិតទន្តពេទ្យចំនួន១៣រូបចូលរួមធ្វើបទបង្ហាញ ដោយមានប្រធានបទចំនួន៨ ជាភាសាអង់គ្លេស និងបទបង្ហាញចំនួន៥ទៀតជាភាសាវៀតណាម។ គណៈកម្មការជាលោកគ្រូ អ្នកគ្រូចំនួន១០រូប មកពីអង្គភាពបណ្តុះបណ្តាលជំនាញទន្តពេទ្យទូទាំងប្រទេស។ និស្សិតជំនាញទន្តពេទ្យនៃសាកលវិទ្យាល័យត្រាវិញចូលរួមកម្មវិធីដោយប្រធានបទ ស្ថានភាពធ្មេញពុកឬដង្កូវធ្មេញរបស់សិស្សានុសិស្សនៃសាលាមតេយ្យចំនួន១៧សាលា នៅទីក្រុងត្រាវិញ នាឆ្នាំ២០២១ ទទួលបានការយកចិត្តទុកដាក់ជាច្រើន។
ប្អូន Bui Huu Khoi ជានិស្សិតជំនាញទន្តពេទ្យនៃសាកលវិទ្យាល័យត្រាវិញបានឲ្យដឹងថា Smile CoDe ជាកម្មវិធីដ៏មានអត្ថន័យសម្រាប់ពួកប្អូន ដើម្បីដោះដូរចំណេះដឹង ក៏ដូចជាជំនាញសំខាន់ៗសម្រាប់ទន្តពេទ្យគ្រប់រូបនៅអនាគត។ ទន្ទឹមនឹងនោះ កម្មវិធីក៏ជួយឲ្យប្អូនៗបានសាងនូវអនុស្សាវរីយ៍ដ៏ល្អ និងចេះឲ្យតម្លៃលើពេលវេលាសិក្សាជាមួយមិត្តភ័ក្តិជានិស្សិតក៏ដូចជាគ្រូបង្រៀននៅសាកលវិទ្យាល័យត្រាវិញ។ ប្អូនសង្ឃឹមថា អ្វីដែលពួកប្អូនបាននាំមកទីនេះ នឹងផ្តល់នូវកម្លាំងចិត្ត ចង់សិក្សាស្រាវជ្រាវដល់ប្អូនៗនិស្សិតទន្តពេទ្យថ្មី។
លោកអនុបណ្ឌិត គ្រូពេទ្យ Pham Tuan Huy អនុប្រធានដេប៉ាតឺម៉ង់ទន្តពេទ្យសាធារណៈ នៃសាកលវិទ្យាល័យត្រាវិញក៏បានចូលរួមជាសមាជិកនៃគណៈកម្មការពិធីប្រកួតប្រជែងបង្ហាញអំពីលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រជំនាញទន្តពេទ្យសម្រាប់និស្សិតមានឈ្មោះថា Sci–Dent Competition បានមានប្រសាសន៍ថា៖ កម្មវិធី Smile CoDe រួមមានសកម្មភាពជាច្រើនដោយមានការចូលរួមពីសាលានានាទូទាំងប្រទេស ដើម្បីជាទីលានកម្សាន្តសម្រាប់និស្សិតទន្តពេទ្យសិក្សារៀនសូត្រ ដោះដូរចំណេះដឹង ក៏ដូចជាជំនាញ និងបង្កើនទំនាក់ទំនងមិត្តភាពរវាងនិស្សិតនឹងគ្នា។ បទបង្ហាញវិទ្យាសាស្ត្រជំនាញ Sci-Dent Competition គឺជាឱកាសមួយដ៏ល្អសម្រាប់និស្សិតទន្តពេទ្យនៃសាកលវិទ្យាល័យត្រាវិញបានជួបជុំ ដោះដូរចំណេះដឹង និងជំនាញជាមួយនិស្សិតសាលាឯទៀត។
អត្ថបទ៖ Tin Di
ប្រែសម្រួល៖ Omnara