សាកលវិទ្យាល័យត្រាវិញ បើកពិធីដាក់ឱ្យពិនិត្យវាយតម្លៃគុណភាពកម្មវិធីសិក្សាតាមស្ដង់ដា ABET សម្រាប់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន

TVU – ថ្មីៗនេះ សាកលវិទ្យាល័យ​ត្រាវិញ​បាន​​រៀបចំ​បើក​ពិធី​​ដាក់ឱ្យពិនិត្យ​​វាយតម្លៃ​គុណភាព​កម្មវិធី​សិក្សា​តាម​ស្ដង់ដា​ ABET (Accreditation Board for Engineering and Technology – អង្គការ​ពិនិត្យ​វាយ​តម្លៃ​កម្មវិធី​​សិក្សា​ឯកទេស​ខាង​វិស្វកម្ម​ និង​បច្ចេកវិទ្យា​នៃ​សហរដ្ឋអាមេរិក)។ កម្មវិធីសិក្សា​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​​វាយតម្លៃ​គឺ​កម្មវិធី​សិក្សាបរិញ្ញាបត្រ​​បច្ចេកវិទ្យា​ព័ត៌មាន(Information Technology)​​នៃ​មហាវិទ្យាល័យ​បច្ចេកវិទ្យា​ សាកលវិទ្យាល័យ​ត្រាវិញ។

8-1

សម្រាប់ការ​វាយ​តម្លៃ​កម្មវិធីសិក្សានេះ​ ​អ្នក​ជំនាញ​ការ​ខាង​ពិនិត្យ​វាយ​តម្លៃ​របស់​ ABET ​រួម​មាន បណ្ឌិត Jeffrey Alan Lasky, បណ្ឌិត Peter ChunYu Yau និង​ បណ្ឌិត Chia-Chi Teng បាន​ចាប់​ផ្ដើម​កិច្ច​ការ​ពិនិត្យ​និង​វាយ​តម្លៃ​ពីភាគីខាងក្រៅ ​ពី​ថ្ងៃ​ទី​៥ដល់​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០២១កន្លង។

កម្មវិធី​សិក្សាថ្នាក់​បរិញ្ញាបត្រ​ ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​ត្រូវ​បាន​វាយតម្លៃ​ទៅ​លើ​លក្ខណវិនិច្ឆ័យ​​ចំនួន​៨ ​រួម​មាន៖ អ្នក​សិក្សា (Students), គោលដៅ​នៃ​​កម្មវិធីសិក្សា (Program Educational Objectives), លទ្ធផលសិក្សា​ដែល​រំពឹង​ទុក​​ (Student Outcomes), ការ​កែ​លម្អ​​ជានិរន្ត (Continuous Improvement), កម្មវិធី​សិក្សា (Curriculum), បុគ្គលិក​បណ្ដុះ​បណ្ដាល (Faculty), សម្ភារៈបរិក្ខា (Facilities), ការគាំទ្រពីសាកលវិទ្យាល័យ (Institutional Support) និងលក្ខណវិនិច្ឆ័យ​ផ្សេង​ៗ​ទៀត​នៃ​កម្មវិធី​សិក្សា​​​ (Program Criteria)

8-2

8-3

 8-4

 

ABET ជាអង្គការ​ពិនិត្យ​វាយ​តម្លៃ​កម្មវិធី​​សិក្សា​ឯកទេស​ខាង​បច្ចេកទេស និង​បច្ចេកវិទ្យា​នៃ​សហរដ្ឋអាមេរិក។ ​នេះ​គឺ​ជាអង្គភាព​ពិនិត្យ​វាយ​តម្លៃ​កម្មវិធី​​សិក្សាមួយ​​ដ៏​មាន​កិត្យានុភាព​នៅ​លើ​ពិភព​លោក​ដែល​ត្រូវ​បានសហគមន៍ធុរកិច្ច និងសាកលវិទ្យាល័យនានា ឱ្យ​តម្លៃល្អក្រៃលែង។

អ្នកជំនាញឱ្យ​ដឹង​ថា​ សាកលវិទ្យាល័យណាក៏ដោយ នៅពេលដែលកម្មវិធីសិក្សា​ណាមួយ​ត្រូវបានទទួលស្គាល់ស្រប​តាមស្តង់ដា ABET គឺជាការទទួលស្គាល់ជាអន្តរជាតិសម្រាប់គុណភាពបណ្តុះបណ្តាលនៃកម្មវិធីដែលបានវាយតម្លៃ ដោយ​ធានា​បាន​នូវ​គុណភាព​នៃសម្ភារៈបរិក្ខា បុគ្គលិក​បណ្ដុះ​បណ្ដាល ​កម្មវិធី​សិក្សា​ជឿន​លឿន និង​​វិធីសាស្រ្តបង្រៀនសកម្ម ជួយសិស្សឱ្យអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងបំពេញតម្រូវការរបស់សិស្ស បង្កើនតម្រូវការជ្រើសរើសបុគ្គលិករបស់សហគ្រាស។

អាស្រ័យហេតុនេះហើយ​ និស្សិតសាកលវិទ្យាល័យត្រាវិញណា ដែលកំពុងសិក្សាមុខជំនាញដែល​បានអង្គការABET​ទទួលស្គាល់នោះ នឹងមានអត្ថប្រយោជន៍ជាច្រើននៅពេល ស្វែងរកការងារធ្វើ ក៏​ដូច​ជា​ធ្វើ​សមាហរណកម្មជាមួយទីផ្សារការងារអន្តរជាតិ និងអភិវឌ្ឍខ្លួនឯងបានល្អ។

នាពេល​កន្លងមក សាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សា​ចំនួន ១១ ត្រូវបានការទទួលស្គាល់អំពី​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដា​អន្តរជាតិដូច AUN-QA និង FIBAA។ ហើយនេះជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យឈាន​មុខ​​នៅតំបន់វាល​រាប​​ទន្លេគឺវឡុង ដោយមានកម្មវិធីសិក្សា​ជាច្រើនដែលសម្រេចបានការទទួលស្គាល់គុណភាពបណ្ដុះ​បណ្ដាល​តាមស្តង់ដាអន្តរជាតិ AUN-QA និង FIBAA។ ​ក្នុង​នោះ​មាន​កម្មវិធីសិក្សា​ចំនួន៥​ បាន​សម្រេច​​ស្រប​តាមស្តង់ដានៃ​ AUN-QA គឺ បរិញ្ញាបត្រ​កសិកម្មបរិញ្ញាបត្រវារីវប្បកម្ម​ បសុពេទ្យ ​បរិញ្ញាបត្រ​គិលានុបដ្ឋាក និង បរិញ្ញាបត្រ​​ភាសាខ្មែរ។​ ក្រៅ​ពី​នោះ មាន​កម្មវិធីសិក្សា​ចំនួន៦​ ដែលសម្រេច​បាន​ស្រប​តាមស្តង់ដាគុណភាពបណ្ដុះ​បណ្ដាល​នៃ​​ FIBAA រួម​មាន៖ បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រ​ហិរញ្ញវត្ថុ-ធនាគារ ព្រម​ទាំង​កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម​ អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច។​ ក្នុងរយៈកាលខាងមុខនេះ សាកលវិទ្យាល័យត្រាវិញនឹងបន្តការដាក់​ឱ្យ​ពិនិត្យ​វាយ​តម្លៃ​តាម​ស្ដង់ដា​ AUN-QA ចំពោះកម្មវិធី​​​ វិទ្យាសាស្ត្រសុខាភិបាល និង​ជា​ស្ដង់​ដា​ ABET ចំពោះមុខ​ជំនាញ​វិស្វកម្ម និង​បច្ចេកវិទ្យានានា។

អត្ថបទ​ដោយ៖ Tin Di, Van Khanh

ប្រែ​សម្រួល​ដោយ៖​ Seha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ បើកពិធីដាក់ឱ្យពិនិត្យវាយតម្លៃគុណភាពកម្មវិធីសិក្សាតាមស្ដង់ដា ABET សម្រាប់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន