អង្គសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ VNIVT ២០២១ ក្រោមប្រធានបទ «បញ្ហាដែលបានជ្រើសរើសមួយចំនួនស្ដីពីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT)»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 22 ធ្នូ 2021
- ចុចដង៖ 434
នៅថ្ងៃទី១៣ និង ១៤ ខែធ្នូ ឆ្នាំ២០២១ - សាស្ត្រាចារ្យនៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យត្រាវិញ បានចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី២៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ហាជ្រើសរើសមួយចំនួននៃបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (VNICT)» ដោយបានសាកលវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ នៃសាកលវិទ្យាល័យ Thai Nguyen សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមរៀបចំនៅទីក្រុង Thai Nguyen តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងដោយផ្ទាល់។
គិតមកដល់បច្ចុប្បន្ន សិក្ខាសាលាត្រូវបានប្រព្រឹត្តឡើងចំនួន២៤លើក ដោយមានប្រធានបទសំខាន់ៗផ្សេងៗគ្នាដែលមនុស្សជាច្រើនកំពុងចាប់អារម្មណ៍អំពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ ក្រោមប្រធានបទ «បញ្ញាសិប្បនិម្មិតក្នុងការបង្វែរឌីជីថល» ត្រូវបានចាត់ទុកថាជាវិស័យក្តៅបំផុតនាពេលបច្ចុប្បន្ននេះ។ ដូច្នេះហើយ អង្គសិក្ខាសាលាបានទាក់ទាញអ្នកចូលរួមជិត៣០០នាក់ ដែលជាអ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យនានា។
លោក Nguyen Truong Thang ប្រធានវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន ហើយក៏ជាប្រធានគណៈកម្មការរៀបចំអង្គសិក្ខាសាលាបានឲ្យដឹងថា៖ «សិក្ខាសាលាលើកនេះទទួលបានអត្ថបទជាង២០០ ពីអ្នកនិពន្ធនៅទូទាំងប្រទេស។ បន្ទាប់ពីការត្រួតពិនិត្យក្នុងលក្ខណៈឯករាជ្យចំនួនពីរលើក គណៈកម្មការរៀបចំអង្គសិក្ខាសាលាបានជ្រើសរើសអត្ថបទដែលល្អបំផុតបាន១១៥អត្ថបទដើម្បីបោះពុម្ពជាអត្ថបទពេញលេញនៅក្នុងកម្រងអត្ថបទដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្មដោយមានលេខកូដសម្គាល់តាមស្តង់ដាអន្តរជាតិ (ISBN) និងបានគិតពិន្ទុអំពីអត្ថបទវិទ្យាសាស្ត្រនៃក្រុមប្រឹក្សាជាតិស្ដីពីការផ្ដល់ឋានៈជាសាស្រ្តាចារ្យ និងសាស្ត្រាចារ្យរង»។
អង្គសិក្ខាសាលាលើកនេះ សាកលវិទ្យាល័យត្រាវិញមានអត្ថបទចំនួនពីរដែលត្រូវបានជ្រើសរើសដើម្បីបោះពុម្ពផ្សាយនិងធ្វើបទបង្ហាញនៅអនុគណៈកម្មការសន្តិសុខព័ត៌មាននៃសិក្ខាសាលា រួមមាន៖ «ការលាក់ព័ត៌មានពីរជាន់ដែលមានមូលដ្ឋានលើ PVO» - ដោយ អនុបណ្ឌិត Tram Hoang Nam, អនុបណ្ឌិត Huynh Van Thanh, បណ្ឌិត Vo Phuoc Hung និងសាស្ត្រាចារ្យរងបណ្ឌិត Nguyen Thai Son និងអត្ថបទទីពីរគឺ «ដំណោះស្រាយលាក់បាំងដែលអាចបញ្ច្រាស់បានដោយផ្អែកលើការពង្រីកពីរស្រទាប់ក្នុងប្លុករូបនីមួយៗ» ដោយ អនុបណ្ឌិត Huynh Van Thanh, អនុបណ្ឌិត Tram Hoang Nam, បណ្ឌិត Vo Phuoc Hung និងសាស្ត្រាចារ្យរងបណ្ឌិត Nguyen Thai Son។
សិក្ខាសាលានេះគឺជាវេទិកាវិទ្យាសាស្ត្រដើម្បីជួយឲ្យអ្នកស្រាវជ្រាវ គ្រូបង្រៀន និងអ្នកគ្រប់គ្រងក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍មានឱកាសដោះដូរចំណេះដឹង ចែករំលែកបទពិសោធន៍ ក៏ដូចជាស្វែងរកនូវកិច្ចសហប្រតិបត្តិការទៅវិញទៅមក៕
អត្ថបទដោយ៖ Van Thanh
ប្រែសម្រួលដោយ៖ Seha Thach