អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ លោកបណ្ឌិត Nguyen Minh Hoa អនុលេខាគណៈ កម្មាធិការបក្ស សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញសង្ឃឹមថា ការជួបសំណេះសំណាលនេះជាឱកាសសម្រាប់និស្សិតរបស់សាលាយល់កាន់តែច្បាស់អំពីដំណើរការតស៊ូឆ្លងកាត់គ្រប់ការលំបាក និងការទទួលបានភាពជោគជ័យក្នុងអាជីពជាតារាសម្ដែង Hong Anh ដែលជាកូនអ្នកស្រុកត្រាវិញ ដោយហេតុនោះ បានបង្កើតជាកម្លាំងចិត្តដល់សិស្សានុសិស្សឱ្យខិតខំពុះពារជំនះការលំបាកក្នុងការសិក្សា និងក្នុងដំណើរជីវិត។
ក្នុងកិច្ចសន្ទនាសំណេះសំណាលជាមួយនិស្សិត តារាសម្ដែង Hong Anh បានចែករំលែកថា៖ «ដើម្បីទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ មានការជួបប្រទះនឹងចម្រូងបន្លាជាច្រើនណាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការងារនីមួយៗត្រូវការភាពបត់បែន និងការខិតខំប្រឹងប្រែងដើម្បីបណ្តុះចំណេះដឹង និងជំនាញបំណិននៅដំណាក់កាលនីមួយៗ។ ចំណង់ចំណូលចិត្តនឹងក្លាយជាឈ្នាន់ដែលជំរុញយើងឲ្យសម្រេចគោលដៅរបស់ខ្លួន»។
តារាសម្ដែងរូបនេះបានបញ្ជាក់ថា៖ ជួនកាលនាងជួបប្រទះនឹងសម្ពាធ និងភាពតានតឹងក្នុងការងារ។ ការលើកទឹកចិត្តពីក្រុមគ្រួសាររបស់នាង និងការតស៊ូព្យាយាមជាកម្លាំងជំរុញឱ្យនាងឆ្លងផុតការលំ បាកទាំងពួង។
និស្សិត Huynh Truong Son ថ្នាក់បរិញ្ញាបច្ចេកទេសរូបភាពវេជ្ជសាស្រ្តបានចែករំលែកថា៖ “ដោយបានដឹងថាតារាសម្ដែង Hong Anh នឹងមកជួប និងសំណេះសំណាលជាមួយនិស្សិត ខ្ញុំនិងមិត្តខ្ញុំបានមកដល់ទីតាំងយ៉ាងឆាប់ និងមុនម៉ោងជាងគេដើម្បីរង់ចាំ។ ក្នុងក្រសែភ្នែករបស់ពួកខ្ញុំ បងស្រី Hong Anh ជាមនុស្សរួសរាយរាក់ទាក់ជាមួយអ្នករាល់គ្នា»។
តារាសម្តែង Hong Anh បានបង្ហាញខ្លួនជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីនិស្សិតនៃសាកលវិទ្យាល័យត្រាវិញនិងបានថតរូបអនុស្សាវរីយ៍ជាច្រើនជាមួយនិស្សិតផងដែរ។
ក្នុងអំឡុងពេលនៃការសំណេះសំណាល និស្សិតជាច្រើនបានសួរសំណួរដល់តារាដោយផ្ទាល់។ ទន្ទឹមនឹងនោះគឺជាកម្មវិធីសិល្បៈដ៏រស់រវើកពុះកញ្រ្ជោល ដោយការសម្តែងដ៏ពិសេស និងប្លែកៗពីសិស្សនិស្សិតជាអ្នកសម្ដែងផ្ទាល់ ដើម្បីជាអំណោយស្មារតីសម្រាប់ជូន "ផ្កាឈូកមាស" Hong Anh។
អត្ថបទដោយ៖Hoang Nam – Trong Đien
ប្រែសម្រួលដោយ៖ Van Thon