សំណើបន្តរក្សានូវគំរូមហាវិទ្យាល័យសហគមន៍

7

មហាសន្និបាត​​នៃ​សមាគមមហាវិទ្យាល័យ​សហគមន៍​វៀតណាម អាណត្តិ ​២០២១-២០២៦

នារសៀលថ្ងៃទី៣១ ខែមីនា នៅមហាវិទ្យាល័យសហគមន៍ Ha Tay (ស្រុក Chuong My ទីក្រុងហាណូយ) សមាគមមហាវិទ្យាល័យសហគមន៍វៀតណាមបានចាត់​តាំង​នូវ​មហាសន្និបាតសមាគមមហាវិទ្យាល័យសហគមន៍វៀតណាមអាណត្តិ​ ២០២១-២០២៦។ ក្នុងអាណត្តិកាល​ថ្មីនេះ​ សមាគមមហាវិទ្យាល័យសហគមន៍វៀតណាមស្នើឱ្យបន្តរក្សានូវ​គំរូ «មហាវិទ្យាល័យសហគមន៍» នាពេលខាងមុខ។

យោងតាមពត៌មាន​ពី​គណៈចាត់​តាំង​ បន្ទាប់ពីអស់​រយៈពេល២១ ឆ្នាំនៃការអនុវត្តគំរូ «មហាវិទ្យាល័យសហគមន៍» និង​អស់​រយៈពេល១៥​ ឆ្នាំនៃការកកើត​និងអភិវឌ្ឍន៍ ជាពិសេសគឺ​ក្នុងអាណត្តិចុងក្រោយ ២០១៦-២០២១ គណៈ​ប្រតិបត្តិការ​នៃសមាគមមហាវិទ្យាល័យសហគមន៍វៀតណាម រួមជាមួយនឹងបណ្ដា​អង្គភាពជា​សមាជិកបានសម្រេច​នូវ​ជោគជ័យសំខាន់ៗជាច្រើន។

កាល​ដើម​ឡើយ សមាគមមហាវិទ្យាល័យសហគមន៍វៀតណាម​រួម​​មាន​​សមាជិក​ចំនួន១១ ហើយ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ​​មាន​សមាជិក​ជាង៨០។ ប្រការនេះឱ្យ​ឃើញ​ថា អង្គការ និងគំរូប្រតិបត្តិការរបស់សមាគមបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង​ពី​បណ្ដា​សាកលវិទ្យាល័យ មហាវិទ្យាល័យ សាលាមធ្យមសិក្សា​ អ្នកជំនាញ និងគ្រូបង្រៀនឆ្នើម​នៅ​ទូទាំងប្រទេស។

ចំនួនដៃគូអន្តរជាតិដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចូលរួមក្នុងសកម្មភាពជាមួយសមាគមកំពុងកើនឡើងជា​រៀង​រាល់​ឆ្នាំ​។ ​តួ​យ៉ាង​ដូច​ជា​នៅ​ក្នុងឆ្នាំ​២០០៦ សមាគមមានទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិត្រឹម​តែ​៦ប៉ុណ្ណោះ រហូត​មក​ដល់ចុងឆ្នាំ២០២១ ចំនួនអង្គការអន្តរជាតិដែល​ក្លាយជាដៃគូ និងអនុវត្តសកម្មភាពសហប្រតិបត្តិការ​ជាមួយសមាគម និងអង្គភាពសមាជិកគឺកើន​ឡើង​ដល់​៧៨អង្គភាព (កើន១២​ដង)។ សមាគមរៀបចំសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើន កិច្ចសហប្រតិបត្តិការរវាងសមាជិកមានប្រសិទ្ធភាពខ្ពស់ ជួយតភ្ជាប់ និងបង្កើតលក្ខណៈ​ងាយ​ស្រួល​សម្រាប់សមាជិកដើម្បី​អភិវឌ្ឍរួមគ្នា។

ក្នុងអាណត្តិឆ្នាំ​២០១៦-២០២១ សមាគមបានធ្វើ​សេនាធិការ​ និងលើក​ឡើង​នូវរបប និងគោលនយោបាយដល់ក្រសួង មន្ទីរ និងសាខានានា អំពីបញ្ហាពាក់ព័ន្ធទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិ​ស័យ​ឧត្តមសិក្សា ការអប់រំវិជ្ជាជីវៈជាដើម ដែលក្នុង​នោះ​មានបញ្ហាទាក់ទងដោយផ្ទាល់ទៅនឹងការអភិវឌ្ឍន៍គំរូមហាវិទ្យាល័យសហគមន៍។

តាម​ប្រសាសន៍​នៃ​សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ដែល​ជា​ប្រធានសមាគមមហាវិទ្យាល័យសហគមន៍វៀតណាមគឺ​ បន្ទាប់ពីធ្វើ​ដំណើរ​ការ​អស់​រយៈពេល១៥ឆ្នាំ ដោយគោលបំណងដើម្បីផលប្រយោជន៍រួម និងការរីកចម្រើនរបស់សមាជិក​និងសមាគម សមាគមមហាវិទ្យាល័យសហគមន៍វៀតណាមតែងតែឆ្ពោះទៅ​រក​ និងបន្តអភិវឌ្ឍគំរូសិក្សាពេញមួយជីវិត រួមចំណែកយ៉ាង​សកម្ម​ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងបុគ្គលម្នាក់ៗក្នុងសហគមន៍ លើកកម្ពស់ការយល់ដឹងនៃសហគមន៏ដើម្បី​​យល់​ដឹងឱ្យ​បាន​​ត្រឹមត្រូវអំពីតួនាទីរបស់គំរូ​មហាវិទ្យាល័យសហគមន៍ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ​។

8

ទិដ្ឋភាព​អង្គ​សន្និបាត​​

មហាសន្និបាតអាណត្តិ២០២១-២០២៦ បានធ្វើឡើងក្នុងបរិបទដែលវិស័យ​អប់រំ និងបណ្តុះបណ្តាលទូទាំងប្រទេសកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវិដ-១៩។ សកម្មភាពជាច្រើនរបស់សមាគម ជាពិសេសសកម្មភាពសហប្រតិបត្តិការអន្តរជាតិ និងជំរុញ​អភិវឌ្ឍន៍​គម្រោងការ​បានជួបប្រទះការលំបាកយ៉ាង​ច្រើន។ ទោះជាយ៉ាងណាក៏ដោយ សមាគម និងអង្គភាពជា​សមាជិកតែងតែព្យាយាម និងសម្របខ្លួនដើម្បីជម្នះការលំបាក និងរក្សាបន្ត​អនុវត្ត​សកម្មភាពរបស់អង្គភាពរបស់​ខ្លួន​។

អង្គ​សន្និបាត​របស់សមាគមលើក​នេះមានភារកិច្ចក្នុងការបូកសរុប និងវាយតម្លៃគ្រប់​ជ្រុង​ជ្រោយ​នូវលទ្ធផលដែលសម្រេចបាន ក៏​ដូច​ជា​ចំណុចខ្វះខាតផងដែរ ​ហើយ​ឆ្លង​តាម​រយៈ​នោះ​អាច​នឹង​​​រៀន​សូត្រ​បាន​នូវ​បទពិសោធន៍ពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអាណត្តិ២០១៦-២០២១ របស់សមាគម។ ទន្ទឹមនឹងនោះ​គឺ​ធ្វើ​ការ​កែប្រែ​ បំពេញ​បន្ថែម​ប្រការ​មួយ​ចំនួន​នៅ​ក្នុង​លក្ខន្តិកៈ​នៃ​សមាគម​ ក៏​ដូច​ជា​ដាក់ចេញនូវទិសដៅ ភារកិច្ចសម្រាប់ការអភិវឌ្ឍន៍សមាគមក្នុងដំណាក់កាលឆ្នាំ២០២១-២០២៦។

នៅក្នុងអាណត្តិឆ្នាំ២០១៦-២០២១​ ក្នុងនិន្នាការនៃការសម្រួលដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ មូលដ្ឋានមួយចំនួនបានអនុវត្តដើម្បីប្រមូល​ផ្តុំ​គ្រឹះ​ស្ថាន​អប់រំវិជ្ជាជីវៈរួមគ្នាតែមួយដើម្បីក្លាយជាមហាវិទ្យាល័យបង្រួបបង្រួមតែ​មួយ​គត់​។ សាលាមួយចំនួនបន្ទាប់ពីការបញ្ចូលគ្នានៅតែរក្សាឈ្មោះចាស់​ដដែល​រួម​មាន​៖ មហាវិទ្យាល័យសហគមន៍ Dong Thap មហាវិទ្យាល័យសហគមន៍ Ca Mau សាលា​ខ្លះ​ដែល​ធ្វើ​ការ​ប្តូរឈ្មោះ ប៉ុន្តែទស្សនវិជ្ជា​​នៃ​ការ​អប់​រំ​ និងគំរូប្រតិបត្តិការនៃមហាវិទ្យាល័យសហគមន៍​គឺ​នៅតែ​​រក្សា​ដដែល។

ដោយឈរលើមូលដ្ឋានគឺ​បន្ត​ការ​រក្សានិងអភិវឌ្ឍនូវ​គំរូ «មហាវិទ្យាល័យសហគមន៍» ក៏​ដូច​ជា​បង្កើតលក្ខណៈ​ងាយ​ស្រួល​សម្រាប់​​គំរូឱ្យ​កាន់​តែ​អភិវឌ្ឍន៍ជាង​ទៀត​ សមាគមមហាវិទ្យាល័យសហគមន៍វៀតណាមស្នើឱ្យបន្តរក្សាគំរូ និងរក្សាម៉ាកយីហោ «មហាវិទ្យាល័យសហគមន៍» សម្រាប់មហាវិទ្យាល័យសហគមន៍ ហើយ​នឹងបង្កើតសាលាមួយចំនួនទៀត​តាមគំរូប្រតិបត្តិការនៃមហាវិទ្យាល័យសហគមន៍នាពេលខាងមុខ។ ទន្ទឹមនឹងនោះ ការសាកល្បងបង្កើតក្រុមប្រឹក្សាវាយតម្លៃកម្មវិធីសិក្សា​​ដោយឈរលើមូលដ្ឋាននៃ​ការ​ប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ និងសាស្ត្រាចារ្យដែលមានសមត្ថភាពពីសាកលវិទ្យាល័យជាសមាជិក ដើម្បីបើកមុខជំនាញ​ថ្មីពី​កម្រិតមធ្យមសិក្សា​ដល់​កម្រិត​បរិញ្ញា​​។

ជាពិសេស មហាសន្និបាត​លើក​នេះនឹងបោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី ដែលជាគ្រូបង្រៀនឆ្នើម​ និង អស់​ពី​ចិត្ត​ក្នុង​ការងារ​​ដើម្បីបន្តការ​កសាង និងអភិវឌ្ឍសមាគម និងគំរូមហាវិទ្យាល័យសហគមន៍នៅវៀតណាម។

ប្រភពអត្ថបទ៖ https://nhandan.vn/tin-tuc-gia000o-duc/de-xuat-tiep-tuc-duy-tri-mo-hinh-truong-cao-dang-cong-dong-691478/

ប្រែ​សម្រួល​ដោយ៖​ Seha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សំណើបន្តរក្សានូវគំរូមហាវិទ្យាល័យសហគមន៍