សាកលវិទ្យាល័យត្រាវិញ - ក្តីប្រាថ្នាដើម្បីឆ្ពោះ​ទៅ​កាន់​ពិភពលោក

ឆ្លង​កាត់​រយៈកាល​ជាង២០​ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ពីមហាវិទ្យាល័យសហគមន៍ត្រាវិញ និងការអនុវត្តដ៏​ជោគជ័យនៃគម្រោងមហាវិទ្យាល័យសហគមន៍វៀតណាម-កាណាដា សាកលវិទ្យាល័យត្រាវិញ (TVU)ដើរ​ទន្ទឹមជា​មួយ​​ការ​កសាង និងការអភិវឌ្ឍរបស់​ខេត្ត បន្តការ​បញ្ជាក់​នូវគោលដៅ និងបេសកកម្មរបស់​ខ្លួន​​ក្នុង​ការ​បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់​សម្រាប់ខេត្ត​ និងតំបន់។ សាកល​វិទ្យា​ល័យ​ត្រា​វិញ​មានបេសកកម្ម និងសេចក្តីប្រាថ្នាដើម្បីឈានទៅដល់ពិភពលោកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ និងស្រាវជ្រាវ​វិទ្យា​សាស្ត្រ ក៏​ដូច​ជា​ការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយគុណភាពទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

3-1

សាកលវិទ្យាល័យ ស្ថិតនៅកណ្តាលទីក្រុង (រូបភាព៖ Dong Lam)

ខេត្តត្រាវិញមានឆ្នេរសមុទ្រប្រវែងជាង ៦៥គីឡូម៉ែត្រ ហ៊ុំព័ទ្ធដោយទន្លេ Tienនិងទន្លេ Hauដែលមានច្រកទ្វារចំនួន ២គឺ Co Chienនិង Cung Hau។ បន្ទាប់ពី ៣០ ឆ្នាំនៃការបង្កើតខេត្ត​ឡើងវិញ ទន្ទឹម​នឹង​ការ​ឈាន​ឡើងដ៏​អស្ចារ្យ​គួប​ផ្សំ​ជា​មួយ​​នឹងសេចក្តីប្រាថ្នា បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ចរបស់ខេត្តត្រាវិញបានផ្លាស់ប្តូរយ៉ាងច្រើន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្តបន្ទាប់ជាមួយនឹងសមិទ្ធិផលធំៗជាច្រើន ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ រឹងមាំ និងអភិវឌ្ឍយ៉ាងទូលំទូលាយ។ ជាពិសេស ប្រព័ន្ធអប់រំរបស់ខេត្តមានការអភិវឌ្ឍយ៉ាងខ្លាំង រួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បង្កើតកម្លាំងចលករដើម្បីពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ខេត្ត របស់​តំបន់​វាល​រាប​ទន្លេ​គឺវឡុង​ និងទូទាំងប្រទេស។

ចាប់តាំងពីបាន​កកើតមក សាកលវិទ្យាល័យ​ត្រាវិញ​បានបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់​សម្រាប់ខេត្ត​ត្រាវិញ​ និងសម្រាប់ទូទាំង​​តំបន់។ គ្រឹះស្ថានឧត្តមសិក្សាដែលមានបណ្តុះ​បណ្តាល​ច្រើនជំនាញ កម្រិតសិក្សានិងទម្រង់បណ្តុះបណ្តាលសម្បូរបែប ផ្តល់នូវកម្មវិធីសិក្សា​ប្រកបដោយគុណភាពខ្ពស់​ និងសមាហរណកម្មអន្តរជាតិ។ ប៉ុន្មានឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យត្រាវិញ​បានវិនិយោគបង្កើត​មុខ​ជំនាញ​ជា​ច្រើន​ក្នុងទិសដៅនៃការធ្វើពិពិធកម្ម ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ធុរកិច្ច និងទាមទារធនធានមនុស្សគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់​ខេត្ត​ និងទូទាំង​តំបន់។

ក្តីប្រាថ្នាដើម្បីឆ្ពោះ​ទៅ​កាន់​ពិភពលោក

ជំហររបស់សាកលវិទ្យាល័យត្រាវិញត្រូវបានលើកកម្ពស់​ឥតឈប់ឈរតាមរយៈសកម្មភាពជាក់ស្តែងជា​ច្រើន មិនត្រឹមតែក្នុងប្រព័ន្ធអប់រំឧត្តមសិក្សានៅប្រទេសវៀតណាមតែ​ប៉ុណ្ណោះទេ ថែមទាំងក្នុងឆាកអន្តរជាតិទៀតផង។ ប៉ុន្មានឆ្នាំកន្លង​មកនេះ សាកលវិទ្យាល័យត្រាវិញសម្រេចបានសមិទ្ធិផលជាច្រើន មាន​​ការអភិវឌ្ឍយ៉ាង​ខ្លាំង​​​ហើយ​ប្រការ​នេះ​បាន​រួមចំណែកដល់​ការ​អភិវឌ្ឍខេត្ត។

សាកល​វិទ្យា​ល័យ​ត្រាវិញ​មានកិត្តិយសដែល​បាន​ទទួល​នូវ​គ្រឿង​ឥស្សរិយយស​​ថ្នាក់ទីពីរពីប្រធានរដ្ឋ​។ សាកលវិទ្យាល័យត្រាវិញ​ជា​សាកលវិទ្យាល័យចំណុះ​ខេត្ត​​ដំបូងគេ​ក្នុងចំណោមសាកល​វិទ្យាល័យ​ទាំង​ ២៣​ នៅទូទាំងប្រទេស ដែល​ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ប្រគល់​​ភារកិច្ចសាកល្បង​ផ្លាស់ប្តូរយន្តការប្រតិបត្តិការនៅឆ្នាំ ២០១៧​ ដោយមានគោលដៅអភិវឌ្ឍទៅជាសាកលវិទ្យាល័យដែលផ្តោតលើ​ការ​អនុវត្ត​ស្របតាមស្តង់ដារអន្តរជាតិ។

សាកល​វិទ្យាល័យត្រាវិញ​កំពុងអភិវឌ្ឍឥតឈប់ឈរនូវគុណភាពនៃការបណ្តុះបណ្តាលធ្វើ​សមាហរណកម្ម​​អន្តរជាតិ និងធានាគុណភាពនៃការអប់រំសម្រាប់មុខ​ជំនាញ​ជាច្រើន។ បច្ចុប្បន្ននេះ សាកល​វិទ្យា​ល័យត្រាវិញ​​គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកល
វិទ្យាល័យទាំង ​៩ ​​ដំបូង​គេ​បង្អស់​​ដែល​ត្រូវ​បានទទួលស្គាល់ដោយយោងតាមស្តង់ដារថ្មីរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ មកទល់ពេលនេះ នៅក្នុងតំបន់វាល​រាប​ទន្លេ​គឺវឡុង​ សាកលវិទ្យាល័យ​ត្រាវិញ​គឺជាសាកល​វិទ្យា​ល័យ​មួយក្នុងចំណោមសាកលវិទ្យាល័យ​ដែលមានកម្មវិធីសិក្សា​ជាច្រើនទទួល
បានការទទួលស្គាល់គុណភាពអប់រំអន្តរជាតិស្របតាមស្តង់ដារគុណភាពរបស់ AUN-QA, FIBAA, ABETដែលក្នុង​នោះ​មាន ១៣ ​កម្មវិធីសិក្សា​។         សាកលវិទ្យាល័យត្រាវិញអភិវឌ្ឍប្រកបដោយនិរន្តរភាព ជា«សាកលវិទ្យាល័យបៃតង» បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាស Talloires រយៈពេល៩​ឆ្នាំ; និង​​ជាសាកលវិទ្យាល័យក្នុង​ចំណោម​សាកល​វិទ្យា​ល័យចំនួន​ ២ របស់​ប្រទេសវៀតណាម​​ជាប់​លំដាប់​ថ្នាក់ក្នុង​ក្រុម​​ ២០០ ​​សាកលវិទ្យាល័យនៅ​លើពិភព​លោក​អភិវឌ្ឍ​ប្រកបដោយនិរន្តរភាព​និងមិនប៉ះពាល់ដល់បរិស្ថាន​​។ ជាប់ចំណាត់ថ្នាក់ទី ៧១ ក្នុងចំណោម​ ​១០០ ​នៃ WURI Rankingឆ្នាំ្ ២០២១​ (កើនឡើង ១៥ ​ថ្នាក់​បើ​ធៀបនឹងឆ្នាំ ២០២០)។

សាកល​វិទ្យាល័យ​ត្រាវិញ​បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិជាង ៩០ វិទ្យា​ស្ថាន​ និងគ្រឹះស្ថាន​អប់​រំ​​ក្នុងវិស័យជាច្រើនដូចជា៖ កិច្ចសហប្រតិបត្តិការបណ្តុះ
បណ្តាល ការផ្លាស់ប្តូរនិស្សិត ការផ្លាស់ប្តូរសាស្ត្រាចារ្យ សិស្ស និស្សិត អ្នកស្ម័គ្រចិត្ត អ្នកជំនាញអន្តរជាតិ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការអនុវត្តគម្រោងជំនួយ ការស្រាវជ្រាវអនុវត្តការលើកកម្ពស់គម្រោងជាច្រើនទាក់ទងនឹងការផ្តល់មូលនិធិ អាហារូបករណ៍រយៈពេលខ្លី និងរយៈពេលវែងសម្រាប់សាស្ត្រាចារ្យ និងនិស្សិត បង្កើតមន្ទីរពិសោធន៍
- កន្លែងច្នៃប្រឌិតសម្រាប់និស្សិត សាស្ត្រាចារ្យ បណ្តុះបណ្តាលអន្តរជាតិ។ បច្ចុប្បន្ននេះ​ TVU គឺជាសមាជិកនៃអង្គការ CDIO -ជាអង្គការដែលលើកកម្ពស់ក្របខ័ណ្ឌអប់រំដើម្បីលើកកម្ពស់គុណភាព​នៃការបណ្តុះបណ្តាលនៅបណ្ដា​សាកលវិទ្យាល័យជំនាញ​ខាង​បច្ចេកទេសលើ​ពិភពលោក។ ជាង​នេះ​ទៅ​ទៀត​​​សាកល​វិទ្យា​ល័យ​ត្រាវិញ​គឺជាសមាជិកទី ១៥១ ​​នៃសមាគមមហាវិទ្យាល័យ សហគមន៍ កាណាដា ដែលបច្ចុប្បន្នជាសមាគមមហាវិទ្យាល័យ និងវិទ្យាស្ថានកាណាដា (CICan)

 3-3

https://www.youtube.com/watch?v=4vufyZfzcuI

សាកល​វិទ្យាល័យ​ត្រា​វិញ​ត្រូវបាន​លោក Le Van Han -ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ​បញ្ជាក់​និង​ទទួល​ស្គាល់​​ចំពោះតួនាទីដ៏ធំធេងក្នុងការបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាលើការលើកកម្ពស់កម្រិតបញ្ញា និងគុណភាពធនធានមនុស្សសម្រាប់ខេត្តត្រាវិញ​ និងតំបន់។

បេសកកម្ម «នាំមកនូវឱកាសសិក្សាមាន​គុណភាពសម្រាប់​សហគមន៍»

TVU គឺជាកន្លែងបណ្ដុះ​គំនិតថ្មីក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការ​បណ្ដុះ​ធុរកិច្ច​ថ្មី​ «START UP»បង្កើតទំនាក់ទំនងរវាងសិស្ស សាលារៀន និងអាជីវកម្ម។ មន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ គ្លីនិកទូទៅ គ្លីនិកធ្មេញ គឺជាកន្លែងថែទាំសុខភាពដ៏ល្អសម្រាប់និស្សិត និងសហគមន៍។

TVU មានគោលនយោបាយល្អៗជាច្រើនសម្រាប់​អ្នកសិក្សាដូចជា៖ រៀន​ដោយ​ឥត​បង់ថ្លៃ​សិក្សាឬ​បង់​មួយ​ចំណែក​​​​ថ្លៃ​សាលា​ អាហារូបករណ៍លើកទឹកចិត្តនិស្សិតនារីឱ្យសិក្សាផ្នែកវិស្វកម្ម និងបច្ចេកវិទ្យា និងប្រាក់កម្ចីសម្រាប់និស្សិតសម្រាប់​ការ​បណ្ដុះ​ធុរកិច្ច​ថ្មី​។ល​ ប្រការ​ទាំង​នេះ​​បានគាំទ្រ​​ដល់និស្សិតក្នុងការសិក្សា ស្រាវជ្រាវ បង្កើតគំនិត ស្រាវជ្រាវ និងបង្កើតផលិតផល​ដើម្បីបម្រើសហគមន៍។

មជ្ឈមណ្ឌលឯកសារសម្រាប់​ការ​សិក្សារបស់សាលាមានទីធ្លាធំទូលាយ ស្អាត និងមានខ្យល់អាកាសល្អ ប្រភពសៀវភៅជាច្រើនដែលភ្ជាប់អ៊ីនធឺណិត និងបណ្ណាល័យអេឡិចត្រូនិក ឯកសារសិក្សាឌីជីថល សៀវភៅ និងទស្សនាវដ្តីក្នុងស្រុកនិងក្រៅស្រុក បម្រើសេវាកម្មឥតគិតថ្លៃ ២៤/៧ ដើម្បីជួយ​ដល់​ការសិក្សារបស់សិស្ស។ លើសពីនេះទៀត​ អន្តេវាសិកដ្ឋានទំនើបដែលមានទំហំធំសម្រាប់​ស្នាក់​នៅ​ជូន​ ៣៥០០និស្សិត​​ បំពាក់ដោយសម្ភារៈបរិក្ខារទំនើប។ បរិវេណសាលាគ្របដណ្តប់ដោយដើមឈើបៃតង និងកន្លែងសិក្សាដោយខ្លួនឯង កន្លែងកីឡា ដើម្បីជួយសម្រួលដល់សិស្សានុសិស្ស សម្រាកលំហែកាយបន្ទាប់ពីម៉ោងសិក្សា។

3-2

មណ្ឌល​ទី​១​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ (រូបភាព៖ Dong Lam)

បច្ចុប្បន្ននេះ សាកលវិទ្យាល័យត្រា​វិញមាន​បណ្តុះបណ្តាល​កម្រិត​បរិញ្ញាបត្រចំនួន ៥២មុខ​ជំនាញ​ ​ កម្រិតអនុបណ្ឌិត ​ចំនួន ២៧ មុខ​ជំនាញ ​កម្រិតបណ្ឌិតចំនួន ១០ មុខ​ជំនាញ និងកម្រិតវេជ្ជបណ្ឌិតឯកទេសកម្រិត​ទី ១ ​ចំនួន ៥ មុខជំនាវេជ្ជ​សាស្រ្តផ្ទៃក្នុង វះកាត់ សម្ភពនិងរោគស្ត្រីវេជ្ជសាស្ត្រកុមារទន្តសាស្ត្រ។ លើសពីនេះ សាកល​វិទ្យា​ល័យ​មានសាលាគរុកោសល្យអនុវត្ត​ មន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ កន្លែងស្រាវជ្រាវ និងបណ្តុះបណ្តាល ដែល​ផ្តល់នូវ​ប្រព័ន្ធសម្រាប់​ការ​បណ្ដុះ​បណ្ដាល​យ៉ាងពេញលេញសម្រាប់ខេត្តត្រាវិញ និងតំបន់។

សាកលវិទ្យាល័យត្រាវិញ (TVU)ផ្តោតលើការលើកកម្ពស់ការបណ្តុះបណ្តាលដែលទាក់ទងនឹងការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា សកម្មភាព​ឧបត្ថម្ភ គាំ​ទ្រ​ដល់​​
សហគមន៍ និងសហគ្រិនភាពរបស់និស្សិត។ សាលាបានខិតខំប្រឹងប្រែងដើម្បី​​
បង្កើត​ទំនាក់​ទំនងជាង​៩០០ក្រុមហ៊ុនអាជីវកម្ម​ក្នុង​គោល​បំណង​ភ្ជាប់សកម្មភាព​ធ្វើ​កម្មសិក្សា​​ ក៏​ដូច​ជា​
បណ្តុះបណ្តាលនិស្សិតស្រប​​តាម​គោល​ដៅ​នៃ​តម្រូវ​ការ​របស់​និយោជក​​​ ក៏ដូចជាពង្រីកកម្មវិធីបណ្តុះបណ្តាល
Co-op(ការបណ្តុះបណ្តាលដែល​ផ្សារ​ភ្ជាប់គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​ និងអាជីវកម្ម) – ទម្រង់​បណ្តុះបណ្តាលមួយ​ដ៏​ពិសេស​​របស់ TVU ដែលជួយឱ្យ​និស្សិត​ទទួលបានបទពិសោធន៍វិជ្ជាជីវៈ ពង្រីកការរៀនសូត្រក្រៅ​ថ្នាក់រៀន និងមានកម្រៃ​សម្រាប់​សិក្សា ខណៈពេលដែលជួយអាជីវកម្មកាត់បន្ថយការចំណាយលើការបណ្តុះបណ្តាល និងពេលវេលាបណ្តុះបណ្ដាលបន្ទាប់ពីការជ្រើសរើសឱ្យ​ចូល​ធ្វើ​ការ​ រួមចំណែកដល់ការបង្កើតការងារសម្រាប់និស្សិត​បន្ទាប់ពីបញ្ចប់ការសិក្សា។

លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanhប្រធានក្រុមប្រឹក្សានៃ​សាកល​វិទ្យាល័យ​ត្រាវិញ​បានមានប្រសាសន៍ថា៖ អស់​រយៈ​ពេល២០ឆ្នាំនៃការបន្តបេសកកម្មរបស់សាកលវិទ្យាល័យគឺ២០ឆ្នាំនៃសេចក្តីប្រាថ្នា បង្កើត​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​ស្រប​តាមមាគ៌ានៃ​ការ​កសាង និងអភិវឌ្ឍន៍របស់​ខេត្ត។ ឥឡូវនេះ ជំពូកថ្មីក្នុងប្រវត្តិសាស្រ្តនៃការអភិវឌ្ឍនៃសាកលវិទ្យាល័យត្រាវិញបានបន្តបើកជាមួយនឹងបំណងប្រាថ្នាដើម្បីឈាន​ឡើង​ និងបង្កើត​នូវ​សមិទ្ធផល​​នានា​ក្នុង​នាម​ជា​សាកលវិទ្យាល័យវ័យក្មេងដែលមានបំណងប្រាថ្នាដ៏អស្ចារ្យគឺទន្ទឹម​ជា​មួយ​ខេត្ត​ត្រា​វិញ​ដើម្បី​ឆ្ពោះ​​ទៅ​កាន់​ពិភពលោក ក៏​ដូច​ជា​ដើម្បី​ក្លាយជាសាកលវិទ្យាល័យ​ឆ្លាតវៃនាពេលអនាគត បន្តបញ្ជាក់អំ​ពីគុណភាពនៃការបណ្តុះបណ្តាល បង្កើតនូវ​គុណ​តម្លៃបន្ថែមទៀតសម្រាប់បេសកកម្ម «នាំមកនូវឱកាសសិក្សាមាន​គុណភាពសម្រាប់​សហគមន៍» និងរួមគ្នាបង្កើត​នូវ​តម្លៃស្នូលគឺ​ «អស់​ពី​ចិត្ត-តម្លាភាព-ភាពច្នៃប្រឌិត-ស្និទ្ធិស្នាល​» សម្រាប់សហគមន៍។

អត្ថបទ​ដោយ៖ Dong Lam

ប្រែសម្រួល៖ Se Ha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ - ក្តីប្រាថ្នាដើម្បីឆ្ពោះ​ទៅ​កាន់​ពិភពលោក