TVU – តាមរយៈសកម្មភាពប្រឹក្សាណែនាំអាជីព និងជ្រើសរើសសិស្សនាខែឧសភា មហាវិទ្យាល័យកសិកម្ម និងជលវប្បកម្ម នៃសាកលវិទ្យាល័យត្រាវិញ បានសហការជាមួយអង្គភាពឧបត្ថម្ភមួយចំនួនដើម្បីជូនអំណោយ និងអាហារូបករណ៍ដល់សិស្សានុសិស្សនៃសាលាវិទ្យាល័យក្នុងខេត្ត។
សរុបទឹកប្រាក់នៃអាហារូបករណ៍លើកនេះគឺ៣០លានដុងដែលបានការឧបត្ថម្ភដោយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត VIBO ក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ C.P Viet Nam, ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតជលផល Tam Viet។អាហារូបករណ៍ត្រូវបានប្រគល់ជូនសិស្សានុសិស្សចំនួន៣០រូបពុងរៀននៅ សាលាវិទ្យាល័យLong Huu (ទីរួមខេត្ត Duyen Hai) សាលាវិទ្យាល័យ Dai An (ស្រុក Tra Cu) និងសាលាវិទ្យាល័យ Hoa Minh (ស្រុក Chau Thanh) សាលានីមួយៗទទួលបាន១0 លានដុងសម្រាប់សិស្សចំនួន ១0រូប ដែលជំនះពុះពារលើការលំបាកក្នុងការសិក្សារបស់ខ្លួន។
លោកអនុបណ្ឌិត Nguyen Van Tho ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកសិកម្ម និងជលវប្បកម្មបានមានប្រសាសន៍ថា សាកលវិទ្យាល័យត្រាវិញ តែងតែរួមដំណើរជាមួយនឹងប្អូនៗសិស្សានុសិស្សដែលមានស្ថានភាពគ្រួសារលំបាក ប៉ុន្តែឧស្សាហ៍រៀនសូត្រ ហើយសង្ឃឹមថានឹងផ្តល់កម្លាំងចិត្តដល់សិស្សទាំងនោះខិតខំសិក្សាបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អក្នុងការរៀនសូត្រ។ ទន្ទឹមនឹងនោះ សាលាក៏ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលតាមរយៈការផ្សារភ្ជាប់គ្នារវាងសាលា និងក្រុមហ៊ុនអាជីវកម្ម ដើម្បីជួយឱ្យសិស្សទទួលបានជំនាញយ៉ាងស៊ីជម្រៅ និងឱកាសការងារល្អបំផុត។ លោកបានថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភដែលបានរួមដំណើរជាមួយសាកលវិទ្យាល័យក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលរបស់ខេត្តនាពេលកន្លងមក។
លោក Nguyen Anh Dung - ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកនៃក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ C.P Viet Nam - អង្គភាពឧបត្ថម្ភអាហារូបករណ៍សង្ឃឹមថា សិស្សានុសិស្សតែងតែខិតខំព្យាយាមរៀនសូត្រហើយទំនុកចិត្តក្នុងការជ្រើសរើសមុខវិជ្ជាជីវៈ និងសាលារៀនដើម្បីពេលបញ្ចប់ការសិក្សារួចអាចស្វែងរកការងារធ្វើឲ្យបានសមស្រប រួមចំណែកកសាងភូមិស្រុកអោយបានស្រស់ស្អាតនិងសម្បូរបែប។
លោកអនុបណ្ឌិតNguyen Van Tho និងតំណាងអង្គភាពឧបត្ថម្ភបានប្រគល់ជូនអាហារូបករណ៍ដល់សិស្សានុសិស្ស
អ្នកឧបត្ថម្ភផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សសាលាវិទ្យាល័យLong Huu
អត្ថបទដោយ៖ Nguyen Thi – Nhat Hao – Hoang Long
ប្រែសម្រួលដោយ៖ Diem Phuc