​​ភ្លេងពិណពាទ្យ​មិន​មែន​ជា​ភ្លេង​សៀម​ទេ​​

​​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ដែល​យើងទាំងអស់គ្នា​បានឮ​ផ្ទាល់​នឹង​ត្រចៀក​ពី​មជ្ឈដ្ឋាន​ខ្លះថា ភ្លេងពិណពាទ្យ​ជា​ភ្លេង​សៀម ហើយ​គេ​នាំគ្នា​និយាយ​យ៉ាង​រអិលមាត់​ថា ភ្លេង​សៀមៗ​តែម្ដង​ដោយ​គ្មាន​ពិចារណា ។

​តាមពិត​ភ្លេងពិណពាទ្យ​ជា​ភ្លេង​របស់​ខ្មែរ​យ៉ាង​ពិតប្រាកដ​ដែល​យើង​គួ​តែ​ឈប់​ហៅថា ភ្លេង​សៀម​ចាប់ពី​ពេលនេះ​តទៅ ។​

​ភ្លេងពិណពាទ្យ​ចែកចេញជា​ពីរ​ប្រភេទ គឺ​តន្ត្រី​ពិណពាទ្យ​វង់​តូច (​មាន​គ្នា​ចំនួន ៥ នាក់​) និង​តន្ត្រី​ពិណពាទ្យ​វង់​ធំ (​មាន​គ្នា​ចំនួន ១១ នាក់​) ។​

​តាម​ការស្រាវជ្រាវ​នៅ​តាម​សិលាចារឹក​ជា​អក្សរ​សំស្ក្រឹត​មាន​ពាក្យ​ថា វាទ្យភណ្ឌ​តន្ត្រី​ និង​ពាទ្យ​ភណ្ឌ​តន្ត្រី ។ ពាក្យ​នេះ​មានន័យ​ថា ជា​វង់​តន្ត្រី​មួយ​ដែល​មាន​ឧបករណ៍ ៥ មុខ ។ ដូច្នេះ​គេ​បាន​សន្មត​ថា​ជា​វង់​តន្ត្រី​ពិណ​ពាទ្យ​វង់​តូច​ដែល​មាន​គ្នា​ចំនួន ៥ នាក់ ជា​អ្នក​សម្ដែង​ជាមួយ​នឹង​ឧបករណ៍​តន្ត្រី​រួមមាន ១/ ស្គរធំ​ពីរ​, ២/ សំភោ​រ​, ៣/ ស្រ​ឡៃ​, ៤/ រនាត​ឯក​, ៥/ គង់​វង់​ធំ (​មាន​ផ្លែ ១៦ ឬ ១៧) ។​

​វង់ភ្លេង​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​សំខាន់​សម្រាប់​ប្រគំ​កំដរ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​, ប្រពៃណី​ព្រះពុទ្ធសាសនា​, កំដរ​ក្នុងវង់​របាំ​បុរាណ​, ល្ខោន​បុរាណ​, ពិធីបួងសួង​សំពះ​គ្រូធំ​-​តូច ឬ​កំដរ​ក្នុង​ពិធី​បុណ្យសព តាំងពី​សម័យ​នោះ​មក​ទល់​សព្វថ្ងៃ​នេះ ដោយ​គេ​បាន​សន្និដ្ឋានថា មាន​ដើមកំណើត​បន្ទាប់ពី​វង់​តន្ត្រី​ស្គរ​យោល​ ឬ​ខ្លង​ឆ្នាក់​ដែល​បាន​កើតឡើង​នៅ​សតវត្សរ៍​ទី ២ និង​សតវត្សរ៍​ទី ៣ នៃ​គ្រិស្តសករាជ ។

ចំណេរ​ក្រោយមក​ពោល​គឺ បន្ទាប់​ពី​សតវត្សរ៍​ទី ៣ អ្នកឯកទេស​ខាង​ជាតិពន្ធុ​តន្ត្រី​វិទ្យា គេ​មាន​ទេពកោសល្យ​ធ្វើការ​ស្រាវជ្រាវ​នូវ​ប្រព័ន្ធ​នៃ​សំនៀង និង​ប្រព័ន្ធ​នៃ​ឧបករណ៍​តន្ត្រី​ដែល​មាន​ពាក់ព័ន្ធ​ធ្វើឲ្យ​ថាមពល​នៃ​សំនៀងត​ន្ត្រី​មាន​សុ​ក្រិត​ភាព​ពេញលេញ ។​

​គេ​រកឃើញ​និង​កែច្នៃ​បង្កើតបាន​នូវ​ឧបករណ៍​គោះ​ដំ​មួយចំនួន​ទៀត​ដូចជា​ឧបករណ៍​រនាតធុង​, រនាត​ដែក​, រនាត​ថោ​ង​ធុង គងវង់​តូច (​មាន​ផ្លែ ១៦ ដូច​គង​វង់​ធំ​ដែរ​) និង​ស្រឡៃ​តូច ឬ ស្រឡៃ​ណ​ក ។ ឧបករណ៍​ដែល​រកឃើញ​ក្រោយ​ទាំង​ប៉ុន្មាន​នេះ គេ​បាន​បញ្ចូល​ទៅ​ក្នុង​វង់​តន្ត្រី​ពិណពាទ្យ​វង់​តូច​បន្ថែមទៀត ធ្វើឲ្យ​សំនៀង​ដើម​កាន់តែ​មាន​សុ​ក្រិត​ភាពស្វាហាប់ ពីរោះ​រណ្ដំ​លើសពី​សំនៀង​វង់​តន្ត្រី​ពិណពាទ្យ​ពីមុន ដោយ​ឲ្យឈ្មោះ​ថា : " វង់​តន្ត្រី​ពិណពាទ្យ​វង់​ធំ " មាន​គ្នា​ចំនួន ១១ នាក់ ជា​អ្នក​សម្ដែង​ និង​ឧបករណ៍ ១/ ស្គរធំ​ពីរ​, ២/ សំភោ​រ​, ៣/ រនាត​ឯក​, ៤/ រនាត​ធុង​, ៥/ រនាត​ដែក​, ៦/ រនាត​ថោង​ធុង​, ៧/ គង​វង់​ធំ​, ៨/ គង​វង់​តូច​, ៩/ ស្រឡៃ​ធំ​, ១០/ ស្រឡៃ​តូច និង ១១/ ស​វឹង ។
​វង់​តន្ត្រី​ពិណពាទ្យ​វង់​ធំ​នេះ​នៅពេល​ប្រគំ​ម្ដងៗ​ឮសូរ​សំនៀង​ខ្លាំង​ស្រួយ​ពីរោះ​រណ្ដំ​ប្រកបដោយ​ឯកទេស ​និង​ទេពកោសល្យ​ខ្ពស់​នៃ​អ្នកនិពន្ធ​ជំនាន់​ដើម ។ ក្នុង​បទ​ភ្លេង​នីមួយ​ៗមាន​លក្ខណៈ​ស្វាហាប់​គួរ​ឲ្យចាប់អារម្មណ៍​ពី​ចង្វាក់​និង​សាច់​បទ ។ តួនាទី​របស់​វង់​តន្ត្រី​នេះ​ពី​ជំនាន់​ដើម​មាន​ភារកិច្ច :

១/ សម្រាប់​ប្រគំ​អបអរសាទរ​ទទួល​ក្បួន​ទ័ព ដែល​ត្រឡប់​ចូល​ព្រះន​គរ​វិញ ក្រោយពី​បាន​ច្បាំង រួច​ហើយ​ទទួលបាន​ជ័យជំនះ ។​

២/ សម្រាប់​ប្រគំ​កំដរ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ទ្វារទសមាស​, ព្រះរាជ​ពិធី​បួងសួង​, ព្រះរាជ​ពិធី​តាំងតុ​, ព្រះរាជ​ពិធី​អុំទូក​, អក​អំបុក​, សំពះ​ព្រះ​ខែ​, ព្រះរាជ​ពិធី​ចុះ​ផែ និង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ៘​

៣/ ខាង​ផ្នែក​ប្រណៃណី​ព្រះ​ពុទ្ធសាសនាគឺ : ប្រគំ​កំដរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​, បុណ្យ​កឋិន​, បុណ្យផ្កា​, បុណ្យបញ្ចុះសីមា​, ស្រង់​ព្រះ និង​កំដរ​បុណ្យ​ខ្មោច ៘​

៤/ សម្រាប់​ប្រគំ​កំដរ​ជាមួយ​របាំ​បុរាណ​ដូចជា : របាំ​ជូនពរ​, របាំ​ទេព​មនោ​រម្យ​, របាំ​អប្សរា​, របាំ​មនី​មេខ​លា​, របាំ​សុវណ្ណ​មច្ឆា ៘​

៥/ សម្រាប់​ប្រគំ​កំដរ​ជាមួយ​ល្ខោន​បុរាណ​ដូចជា : ល្ខោន​ខោល​, ល្ខោន​ស្រមោល​ស្បែក​ធំ​, ស្បែក​តូច​, អាយ៉ង​, ល្ខោន​ពាក់​មុខ និង​ល្ខោន​បុរាណ​រឿង​រាមកេរ្តិ៍​ជាដើម ៘​

​​​ជួនកាល​វង់ភ្លេង​នេះ​អាច​ចូលរួម​ប្រគំ​ក្នុង​ពិធីបុណ្យ​ឡើង​អ្នកតា​, បួងសួង​, បន់ស្រន់​សូម​ឲ្យ​ប្រទេស​យើង​បាន​សុខសន្តិភាព មាន​ទឹកភ្លៀង​បង្អុរ​ចុះ​បរិ​បូណ៌ឲ្យ​ប្រជាកសិករ​ប្រកប​របរ​កសិកម្ម​ផ្សេងៗ​បាន​ផល្លានុផល​ពេញលេញ ជី​វភាព​ធូរធារ​សម្បូរ​សប្បាយ កុំឲ្យ​មាន​រោគាពាធិ​ជំងឺ​តង្កាត់​អ្វី​ឡើយ ។ មុខងារ​ចាំបាច់​បំផុត​របស់​វង់​តន្ត្រី​នេះ គឺ​ផ្សារភ្ជាប់​នឹង​ពិធី​សំពះ​ព្រះគ្រូ​តូច​ និង​គ្រូ​ធំ ។

​​បន្ថែម​លើ​ការបង្ហាញ​ខាង​លើ​នេះ នៅ​មាន​ភស្តុតាង​រូបចម្លាក់​សិលា​ចារឹក​តាម​ផែន​ប្រាសាទបុរាណ​របស់​ខ្មែរ​យើង​ ជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ជាក់ស្ដែង​ដែល​នោះ​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ខ្មែរ​យ៉ាង​ពិតប្រាកដ​តំណាង​ឲ្យ​ស្នាដៃ​ និង​ទេពកោសល្យ​របស់​បុព្វបុរស​យើង ​ដែល​បាន​ប្រតិស្ឋាន​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយៗ បាន​ឃើញ​ច្បាស់​គ្រប់ៗ​គ្នា ។ ជា​ការចាំបាច់​សូម​បងប្អូន​ហៅថា : " ភ្លេងពិណពាទ្យ " វិញ​ទើប​ត្រឹមត្រូវ គឺ​មិនមែន​ភ្លេង​សៀម​ទេ ៕

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ឯកសារ​ស្រាវ​ជ្រាវ ​​ភ្លេងពិណពាទ្យ​មិន​មែន​ជា​ភ្លេង​សៀម​ទេ​​