​ប្រភព​ចាប៉ីដងវែង​ខ្មែរ​

ជា​ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​មួយ​ប្រភេទ​ដែល​មាន​ប្រអប់​ស្នូ​កមួយ និង​ដង​មួយ ។ នៅ​លើ​ដង​ប្រវែង​ជា មួយ​ម៉ែត្រ ៤០ ទៅ មួយ​ម៉ែត្រ ៥០ គេឃើញ​មាន​ខ្សែ ២ ឬ ៤ សម្រាប់​ដេញ​ប្រគំ​ទោល ឬ ក៏​រួម​ជាមួយ​តន្ត្រី​ផ្សេងៗ​ឯទៀត ។

​ជាទូទៅ​អ្នកលេង​ចា​ប៉ី គឺ​ដេញចាប៉ី​ផង​ច្រៀង​និទាន​រឿងព្រេង​ខ្មែរ​បុរាណ ឬ ក៏​រៀបរាប់​ព្រឹត្តិការណ៍​អ្វីមួយ​ក្នុង​បំណង​ដាស់តឿន​អប់រំ ។ ជួនកាល​សម្លេង​ពីរោះ​រណ្តំ​បូ​ក​នឹង​រឿង​រ៉ាវ​សំខាន់​ផង អាច​ធ្វើឱ្យ​មនុស្ស​ជក់ចិត្ត ឬ ហូរ​ទឹកភ្នែក ។​

​តើ​ចាប៉ី​កើត​មក​ពី​សម័យ​ណា ? ឧបករណ៍​ភ្លេង​នេះ​ជា​មរតក​វប្បធម៌​របស់​សម័យ​ក្លិង្គ​ចូល​ស្រុក ឬ ក៏​មាន​ប្រភព​ចេញពី​ឥណ្ឌា ដោយ​ខ្មែរ​យើង​យក​មក​កែច្នៃ​ឱ្យមាន​លក្ខណៈ​ជាតិ​របស់​ខ្លួន ?​

 

​៙ ប្រភព​នៃ​ចាប៉ីដងវែង :

​អ្នក​មាន​ជំនក់​ចិត្តបាន​ធ្វើការ​ស្រាវជ្រាវ​ដល់​ប្រភព​នៃ​ចាប៉ី​ខ្មែរ​ជាង ២៥ ឆ្នាំ​មកហើយ ហើយ​រហូតមកទល់​ពេលនេះ​គ្មាន​ឯកសារ​ណាមួយ​ដែល​បញ្ជាក់ថា បុព្វបុរស​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​បាន​និយម ឬ ប្រើ​ឧបករណ៍​ភ្លេង​ប្រភេទ​នេះ​ទេ ។

យ៉ាងណាមិញ​គេ​ក៏​បាន​ជួបប្រទះ​នូវ​វត្តមាន​របស់​ឧបករណ៍​នេះ ក្នុង​ចំណោម​ឧបករណ៍​ភ្លេង​របស់​បងប្អូន​ខ្មែរលើ ដែល​ជា​ជនជាតិ​រួម​ឈាម​ជាមួយ​ខ្មែរ ក៏ប៉ុន្តែ​រស់នៅ​តាម​ព្រៃ​ភ្នំ ។ តែបើ​គេ​ពិនិត្យ​ឧបករណ៍​ភ្លេង​ក្លិង្គ​បុរាណ​ឥណ្ឌា និង​ឧបករណ៍​ភ្លេងខ្មែរ យើង​នឹង​ឃើញ​នូវ​ភាពស្រដៀងគ្នា ។ គឺ​កត្តា​នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​អ្នក​ស្រាវជ្រាវ​ផ្នែក​ឧបករណ៍​ភ្លេងខ្មែរ​ជឿជាក់ថា ចាប៉ី​កើតចេញពី​ខឿនវប្បធម៌​ក្លិង្គ ។​

​បើ​ក្រឡេក​មើល​សម័យ​នគរ​ភ្នំ​វិញ បណ្ឌិត​មី​សែ​ល​ត្រា​ណេ បានឱ្យដឹងថា ឯកសារ​ភាគច្រើន​នៃ​រូបចម្លាក់​ទាក់ទិន​ទៅ​នឹង​ឧបករណ៍​ភ្លេង​នេះ​ត្រូវបាន​គេ ​ជួបប្រទះ​ក្នុង​ស្ថានីយ​ប្រវត្តិសាស្ត្រ​នា​ដើម​សតវត្សរ៍​ទី ១ ដល់​ទី ៦ នៃ​គ្រិស្តសករាជ​ជាពិសេស​នៅ​អូ​កែវ និង​អង្គរបុរី ខេត្តតាកែវ ។​

​គួរ​បញ្ជាក់ដែរថា នា​ដើម​សតវត្សរ៍​ទី ៧ នៃ​គ្រិស្តសករាជ ចាប៉ីដងវែង​នេះ​ក៏​បាន​ត្រូវ​ខ្មែរ​ប្រើប្រាស់​នៅ​ខេត្ត​កំពង់ធំ​យើង​ដែរ ដូចជា​ម្តុំ​ស្រុក​សម្បូរ បើ​យើង​សំអាង​លើ​ចម្លាក់​ផ្តែរ​មួយ ។ ដូចឧ​បរក​ណ៍​ឯទៀត​ខ្មែរ​នា​សម័យ​ចេនឡា​បាន​ប្រើ​ចា​ប៉ី ដើម្បី​ជា​តង្វាយ​ថ្វាយ​ព្រះ​សិវៈ ។​

​លោក​មី​សែ​ល​ត្រា​ណេ បាន​បញ្ជាក់ទៀតថា មកទល់ពេលនេះ យើង​ពុំ​ទាន់​រកឃើញ​នៅឡើយ នូវ​អ្នក​ស្ថាបនា​នៃ​ឧបករណ៍​ភ្លេង​នេះ ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ និង​ចេនឡា នៅ​ប្រទេស​ឡាវ និង​ប្រទេស​សៀម​នៅឡើយ ។ ភស្តុតាង​ដែល​គេ​បាន​ជួបប្រទះ​សុទ្ធសឹងតែ​ស្ថិត​នៅ​សតវត្សរ៍​ទី ១៩ ហើយ​និង​សតវត្សរ៍​ទី ២០ កន្លងទៅ​នេះ​ទាំងអស់ ។​

​ការស្រាវជ្រាវ​បានឱ្យដឹង​ទៀត​ថា : ក្នុង​ប្រទេស​ទាំង ២ ខាងលើនេះ ថៃ រូបនីយកម្ម​បាន​បណ្តា​ល​ឱ្យ​ជនជាតិ​ខ្មែរ​ដែល​បាន​ក្លាយជា​ជនជាតិភាគតិច​សឹងតែ​ឈប់​ប្រើ​គ្រឿង​ភ្លេង​នេះ​ទៅ​ហើយ លើកលែង​តែ​នៅ​ខេត្ត​ស៊ីសាកេត​មួយ​ប៉ុណ្ណោះ ។ ឯ​នៅ​ប្រទេស​វៀតណាម​វិញ នៅ​ខេត្ត​ខ្លះ​គេ​នៅ​ប្រើ​ចាប៉ីដងវែង​នេះ​ច្រើន​ជា​បង្គួ​រដែរ ។​

​ឆ្លង​តាម​ការស្រាវជ្រាវ​ជា​បន្តបន្ទាប់ បណ្ឌិត​មី​សែ​ល​ត្រា​ណេ បាន​អះអាង​ថា ការប្រៀបធៀប​ចម្លាក់​ឧបករណ៍​ភ្លេង​នា​សម័យ​នគរ​ភ្នំ និង​ឧបករណ៍​បច្ចុប្បន្ន​អាច​ផ្តល់​ព័ត៌មាន​ស្តីពី​ប្រភព និង​ចំណាស់រ​បស់ដង​ចាប៉ី​វែង​របស់​ខែ្មរ​យើង ៕​

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ឯកសារ​ស្រាវ​ជ្រាវ ​ប្រភព​ចាប៉ីដងវែង​ខ្មែរ​