និស្សិតមុខជំនាញភាសាខ្មែរ ធ្វើកម្មសិក្សានៅក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (THACO AGRI) នៅប្រទេសកម្ពុជា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 13 កញ្ញា 2023
- ចុចដង៖ 22
(TVU) – ចាប់ពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញ (TVU) បានរៀបចំឲ្យនិស្សិតមុខជំនាញភាសាខ្មែរជំនាន់ឆ្នាំ២០២០ ចំនួន០៣រូប ធ្វើកម្មសិក្សានៅក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (THACO AGRI) នៅប្រទេសកម្ពុជា។
កម្មវិធីកម្មសិក្សាស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង THACO AGRI និង TVU ផ្តើមចេញពីតម្រូវការប្រើប្រាស់បុគ្គលិកដែលមានជំនាញខាងភាសាខ្មែរ នៅបណ្ដាមជ្ឈមណ្ឌលកសិកម្មរបស់ THACO AGRI នៅក្នុងប្រទេសកម្ពុជា។
នៅពេលចូលរួមក្នុងកម្មវិធីនេះ និស្សិតនឹងបានចូលរួមក្នុងបរិយាកាសកម្មសិក្សា សិក្សាអំពីជំនាញវិជ្ជាជីវៈ និងស្វែងយល់អំពីដំណើរការ និងសកម្មភាពផលិតកសិកម្មនៅបណ្ដាមជ្ឈមណ្ឌលកសិកម្មនៃក្រុមហ៊ុន THACO AGRI ។ ក្នុងអំឡុងពេលកម្មសិក្សា និស្សិតត្រូវបានក្រុមហ៊ុនធានាពីនីតិវិធីអន្តោប្រវេសន៍ ប្រាក់ឧបត្ថម្ភការងារក្នុងអំឡុងពេលកម្មសិក្សាស្មើនឹង ៦,000,000ដុង/ខែ និងផ្ដល់ជំនួយថវិកាក្នុងការធ្វើដំណើរទៅមក ការស្នាក់នៅ ការហូបចុក...។
លោក Do The Trinh ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកនៃមជ្ឈមណ្ឌលកសិកម្ម កូនម៉ុម មានប្រសាសន៍ថា ក្រុមហ៊ុនមានគោលការណ៍ជាច្រើនសម្រាប់និស្សិតមកធ្វើកម្មសិក្សា ហើយលោកក៏សង្ឃឹមថានិស្សិតនឹងបន្តធ្វើការ និងផ្សារភ្ជាប់ជាមួយក្រុមហ៊ុនបន្ទាប់ពីបញ្ចប់ការសិក្សា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន THACO AGRI ប្រចាំនៅប្រទេសកម្ពុជា កំពុងតែមានតម្រូវការជ្រើសរើសបុគ្គលិកជាច្រើន ដែលមានជំនាញផ្នែកភាសាខ្មែរ កសិកម្ម វារីវប្បកម្ម បសុពេទ្យ...។
តំណាងអោយខាងសាកលវិទ្យាល័យត្រាវិញដែលនាំនិស្សិតទៅធ្វើកម្មសិក្សា បណ្ឌិត Tang Van Thon មានកិច្ចប្រជុំការងារជាមួយតំណាងក្រុមហ៊ុន THACO AGRI កាលពីថ្ងៃទី៥ខែកញ្ញា។ លោកបានមានប្រសាសន៍ថា នេះជាឱកាសមួយដើម្បីជួយដល់និស្សិតជំនាញផ្នែកភាសាខ្មែរ ទទួលបានចំណេះដឹងជាក់ស្តែង មានឱកាសលំហាត់ការងារដោយផ្ទាល់ទាក់ទងនឹងមុខជំនាញ ជាពិសេសកិច្ចការបកប្រែភាសា និងផ្សព្វផ្សាយបណ្ដាមុខជំនាញរបស់សាកលវិទ្យាល័យត្រាវិញដែលកំពុងតែបណ្ដុះបណ្ដាល។ លើសទពីនេះទៀត ក៏បង្កើតឱកាសការងារសម្រាប់និស្សិតបន្ទាប់ពីបញ្ចប់ការសិក្សាផងដែរ។ យោងតាមផែនការ និស្សិតនឹងធ្វើកម្មសិក្សា នៅក្រុមហ៊ុនក្នុងរយៈពេល៦សប្តាហ៍ ក្រោមការណែនាំពីកម្មាភិបាលរបស់ក្រុមហ៊ុន។
អត្ថបទដោយ៖ Diem Phuc – Van Thon
ប្រែសម្រួលដោយ៖ Van Thon