កម្មវិធីស្វាគមន៍និស្សិតថ្មី ឆ្នាំ២០២៣ បានប្រព្រឹត្តឡើងយ៉ាងអូអរ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 14 កញ្ញា 2023
- ចុចដង៖ 57
(TVU) – នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីស្វាគមន៍និស្សិតថ្មី ជំនាន់សិក្សាឆ្នាំ២០២៣ ដោយមាននិស្សិតថ្មី និងនិស្សិតរៀមច្បងរាប់ពាន់រូបចូលរួម។ និស្សិតទាំងឡាយ មានចិត្តរំភើបរីករាយយ៉ាងខ្លាំងក្នុងថ្ងៃជំនួបស្វាគមន៍ឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤ នេះ។
ពិធីស្វាគមន៍និស្សិតថ្មីមានពីរផ្នែក គឺពិធីកិច្ចទទួលស្វាគមន៍ និងកម្មវិធីជួបសំណេះសំណាលផ្ទាល់ជាមួយគ្រូបង្រៀន នៅតាមដេប៉ាតឺម៉ង់នៃមហាវិទ្យាល័យ វិទ្យាស្ថាន ព្រមជាមួយកម្មវិធីដោះដូរវប្បធម៌ សិល្បៈ ល្បែងប្រជាប្រិយ ម្ហូបអាហារជាដើម។ និស្សិតថ្មីត្រូវបានលោកគ្រូអ្នកគ្រូ និងសិស្សច្បងជំនាន់មុនៗ ទទួលស្វាគមន៍ និងណែនាំដើម្បីសម្របខ្លួនចូលក្នុងបរិបទសិក្សាថ្មីនៅសាកលវិទ្យាល័យ។
ថ្លែងក្នុងពិធីជំនួបស្វាគមន៍ បណ្ឌិត ថាច់ ធីយ៉ឹង សាកលវិទ្យាធិការរង បានអបអរសាទរសិស្សានុសិស្ស ទាំងអស់ដែលបានក្លាយជានិស្សិតថ្មីរបស់សាកលវិទ្យាល័យត្រាវិញ។ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យត្រាវិញ បានថ្លែងអំណរគុណដល់និស្សិតទាំងឡាយដែលទុកចិត្តជ្រើសយកសាកលវិទ្យាល័យត្រាវិញធ្វើជាគ្រឹះស្ថានសម្រាប់ សិក្សា ស្រាវជ្រាវ និងអនុវត្តក្ដីប្រាថ្នាវិជ្ជាជីវៈរបស់ខ្លួននាពេលអនាគត។
លោកស្រីសាកលវិទ្យាធិការរងមានប្រសាសន៍ថា ដំណាក់កាលសិក្សានៅមហាវិទ្យាល័យ គឺជារបត់មួយដ៏សំខាន់ក្នុងឆាកជីវិតរបស់មនុស្ស ហើយនេះក៏ជា អំឡុង ពេលដ៏ល្អសម្រាប់ហាត់ ពត់លត់ដំខ្លួនផងដែរ។ នេះគឺជាដំណាក់កាលដើម្បីស្វែងរកចំណេះដឹង ស្ថាបនាខ្លួន ពង្រីកសមត្ថភាព ច្នៃប្រឌិត ទៅតាមមុខជំនាញ វិជ្ជាជីវៈនីមួយៗដែលខ្លួនស្រឡាញ់។ វាក៏ផ្ដល់ឱកាសដើម្បីនិស្សិតខិតខំស្វ័យសិក្សា លត់ដំដោយខ្លួនឯងដើម្បីវិវឌ្ឍន៍ខ្លួន។
ក្នុងឱកាសនេះ សាកលវិទ្យាល័យត្រាវិញ បានជូនអាហារូបករណ៍ចំនួន ៦១ ចំណែកដោយមានតម្លៃសរុបប្រមាណជាង ១៧៦ លានដុង។ អាជីវកម្មនានាក៏បានជូនទឹកប្រាក់ជាង ១២០លានដុង និងអំណោយមួយចំនួនដល់និស្សិតថ្មី និងនិស្សិតដែលមានជីវភាពលំបាក។
ក្នុងកម្មវិធីស្វាគមន៍នេះ និស្សិតរៀមច្បង និងនិស្សិតថ្មី បានចូលរួមលេងល្បែងកម្សាន្ត ភ្លក់ម្ហូបអាហារច្រើនប្រភេទនៅតាមស្តង់នានា បានបុគ្គលិកធនាគារប្រឹក្សាបើកគណនីធនាគារ ចូលរួមកម្មវិធីដោះដូរវប្បធម៌។ល។ នេះជាកម្មវិធីតម្រង់ទិសមួយដើម្បីជួយឱ្យនិស្សិត ថ្មីយល់ច្បាស់អំពីសាកវិទ្យាល័យ អំពីមហាវិទ្យាល័យ ដែលពួកគាត់នឹងទៅសិក្សារៀនសូត្រ ហើយអាចនឹងសម្របសម្រួលខ្លួនដើម្បីចូលរួម គ្រប់សកម្មភាពរបស់មហាវិទ្យាល័យនាពេលខាងមុខ។ នាឱកាសនេះដែរ និស្សិតថ្មីត្រូវបានចែករំលែកព័ត៌មានសំខាន់ៗជាចាំបាច់ និងបានរួមដំណើរ ឧបត្ថម្ភគាំទ្រ ដោះដូរព័ត៌មានគ្នាទៅវិញទៅមករវាងនិស្សិតជំនាន់ថ្មីនិងនិស្សិតរៀមច្បង និងជាមួយកងជួរគ្រូបង្រៀនរបស់សាលា។
ប្អូនTrinh Thi Truc Linh និស្សិតថ្មីមួយរូប បានចែករំលែកដោយក្ដីរំភើបថា៖ ប្អូនមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានជួបលោកគ្រូ អ្នកគ្រូ និងបងៗនិស្សិតរៀមច្បង បានចងទំនាក់ទំនងជាមួយមិត្តភ័ក្ដិថ្មីៗជាច្រើន និងចូលរួមនូវសកម្មភាពកម្សាន្តសប្បាយនៅសាលា ធ្វើឱ្យប្អូនមានក្ដីសុខក្រៃលែង។ បរិវេណនៃសាកលវិទ្យាល័យធំទូលាយណាស់ មានដើមឈើច្រើន ត្រជាក់ត្រជុំ ហើយលោកគ្រូអ្នកគ្រូទទួលប្អូនៗយ៉ាងកក់ក្ដៅ រម្យទមណាស់៕
អត្ថបទដោយ៖ Tran Thanh Ngan 2k4
ប្រែសម្រួលដោយ៖ So Phune