រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ

(TVU) - ថ្ងៃទី​២៧ ខែវិច្ឆិកា ឯកឧត្តម​ កែរ រដ្ឋា រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​ សមាជិក​ក្រុមប្រឹក្សាភិបាល​​សាកលវិទ្យាល័យចេនឡា​ និងគណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ​ចេនឡា ព្រះ​រាជាណាចក្រ​កម្ពុជា​ បានអញ្ជើញមកទស្សនកិច្ច​​នៅសាកល​វិទ្យាល័យ​ត្រាវិញ។

1-1

ទទួល​ស្វាគមន៍​គណៈប្រតិភូ​មាន​លោក ​Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះ​សាលា​; សាស្ត្រាចារ្យរង​ បណ្ឌិត​ Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាល​សាលា; ​បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការ​រង​សាលា​; សាស្ត្រាចារ្យរង បណ្ឌិត ​Diep Thanh Tung សាកលវិទ្យាធិការ​រងសាលា​ និងបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សាពិគ្រោះ​សាលា​ ព្រម​ទាំង​តំណាងថ្នាក់ដឹកនាំ​អង្គភាពចំណុះ​សាលា។

ផ្នែក​ខាងគណៈប្រតិភូមានឯក​ឧត្តម​ កែរ រដ្ឋា រដ្ឋ​លេ​ខា​ធិការ​ក្រសួង​សុខាភិបាល​ សមាជិក​ក្រុម​ប្រឹក្សាភិបាល​សាកលវិទ្យាល័យចេនឡា; បណ្ឌិត អ៊ី លីម៉ា សាកល​វិទ្យាធិការរង​​សាកលវិទ្យាល័យចេនឡា និងក្រុម​ការ​ងារ​នៃសាកលវិទ្យាល័យចេនឡា ព្រះរាជា​ណាចក្រ​កម្ពុជា។

1-2

សាស្ត្រាចារ្យរង​ បណ្ឌិត​ Pham Tiet Khanh ប្រធានក្រុមប្រឹក្សា​ភិបាល​សាលាថ្លែង​សុន្ទរកថា​

សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សា​ភិបាល​សាលា​​​មានប្រ​សាសន៍​ថា៖ សាកលវិទ្យាល័យត្រាវិញ​ចាប់ផ្តើម​បណ្តុះ​បណ្តាល​និស្សិត​កម្ពុជា​នៅ​ឆ្នាំ ២០១២​។ មកដល់ពេលនេះ សា​លា​បាន​និង​កំពុង​បណ្តុះ​បណ្តាល​និស្សិត​កម្ពុជាបាន​ជាង១០០​នាក់ដែលកំពុង​សិក្សាទៅ​លើ​មុខ​ជំនាញ​ខុស​ៗគ្នា ក្នុង​នោះមាន​មុខ​ជំនាញ​ផ្នែក​សុខាភិបាល ដែល​មាន​និស្សិត​ជាច្រើន​បានបញ្ចប់​ការសិក្សា ទទួល​សញ្ញាប័ត្រ និងត្រឡប់មកកម្ពុជាវិញ បំពេញ​ការ​ងារ​ទាំងក្នុង​ប្រព័ន្ធរាជរដ្ឋាភិបាល ក៏​ដូច​ជា​ឯកជន។ នេះគឺ​ជាការ​ខិតខំប្រឹងប្រែងយ៉ាង​ខ្លាំង​របស់​សា​លា រួម​ជា​មួយ​នឹង​ការ​គាំ​ទ្រដ៏មានតម្លៃពីរាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស​គឺ​ក្រសួងសុខាភិបាល និងក្រសួងអប់រំ ​ យុវជន និងកីឡា។ សាលាតែងតែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កែលម្អ និងធ្វើបច្ចុប្បន្នភាព​គុណភាព​នៃកម្មវិធី​បណ្តុះ​បណ្តាល​ស្រប​តាមស្តង់ដារ​អន្តរជាតិ​។ ​សាលា​តែង​យក​ចិត្ត​ទុក​ដាក់​ដ៏​ពិសេស​ចំពោះ​និស្សិតអន្តរជាតិ ដើម្បី​ជួយអោយ​ប្អូនៗ សម្រប​សម្រួលខ្លួន​បាន​ល្អ​ទៅនឹង​បរិយាកាសបណ្តុះបណ្តាលនៅសាកល​វិទ្យាល័យ​ត្រា​វិញ​ បង្កើនឱកាសការងារសម្រាប់និស្សិតអន្តរជាតិបន្ទាប់ពីបញ្ចប់ការសិក្សា។ ប្រធានក្រុមប្រឹក្សា​ភិបាល​សាលា​សង្ឃឹមថា នាពេលអនាគត​ អង្គភាព​ទាំង​ពីរ​នឹង​មាន​ការ​រីក​ចម្រើន​ថែមទៀតលើ​កិច្ចសហប្រតិបត្តិការ។

1-3

ឯកឧត្តម​ កែរ រដ្ឋា រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ សមាជិកក្រុមប្រឹក្សា​ភិបាល​សាកលវិទ្យាល័យចេនឡា ថ្លែងសុន្ទរកថា​ក្នុងអង្គប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម​ កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សា​ភិបាល​សាកលវិទ្យាល័យចេនឡា បានមានប្រសាសន៍ថា៖ កម្ពុជា​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើការ​ថែទាំ​សុខភាពជូន​ប្រជាជន និងសហគមន៍ ហេតុ​ដូច្នេះ​ហើយ​ការ​ផ្តោត​ទៅ​លើ​លើក​កម្ពស់​សេវាវេជ្ជសាស្រ្ត​​បម្រើ​ជូន​ប្រជាជន និង​ការ​បណ្តុះ​បណ្តាល​ ធន​ធាន​មនុស្ស​ដែល​មានគុណភាព​ខ្ពស់​ក្នុង​វិស័យ​ថែទាំ​សុខភាព​ ​គឺជាភារកិច្ច​ចម្បង​របស់​ក្រសួងសុខាភិបាល។ សាកលវិទ្យាល័យចេនឡា ជាគ្រឹះស្ថាន​បណ្តុះ​បណ្តាល​ផ្នែក​វេជ្ជសាស្រ្ត​នៅ​កម្ពុជា​ សាលា​តែង​តែ​ខិតខំ​ពង្រឹង​ធន​ធាន​មនុស្ស​ក្នុង​វិស័យសុខាភិបាល​ ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​ជូន​ដល់សហគមន៍។

រដ្ឋលេខាធិការ​ក្រ​សួង​សុខាភិបាល​សង្ឃឹម​ថា អនុស្សរណៈកិច្ច​​សហប្រតិបត្តិការ​ដែល​បាន​ចុះ​ហត្ថលេខា​ពីមុន​រវាង​សាកលវិទ្យាល័យ​ចេន​ឡា​ និងសាកល​វិទ្យាល័យ​ត្រា​វិញ​នឹង​ត្រូវ​បាន​អនុវត្ត​ជា​បណ្តើរៗ​ នេះ​ជា​​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ការ​ស្រាវជ្រាវ ​ផ្លាស់​ប្តូរ​និស្សិត​ គ្រូឧទ្ទេស​ និងផ្លាស់​ប្ដូរ​បទពិសោធន៍រវាងអង្គភាពទាំង​ពីរ​ ​ក៏​ដូច​ជា​ពង្រឹង​ថែម​ទៀត​នូវ​ចំណង​​មិត្តភាពកម្ពុជា-វៀតណាម។

ក្នុង​កិច្ច​ប្រ​ជុំនេះ សាកលវិទ្យាល័យត្រាវិញ​បាន​រាយ​ការណ៍អំពី​ស្ថានភាព​កិច្ច​ការ​ជម្រើស​និស្សិត​ និងការ​បណ្តុះបណ្តាលនិស្សិតផ្នែក​សុខាភិបាលនៅសាលា។ គណៈ​គ្រប់​គ្រង​និស្សិត​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​ ផ្តល់គាំទ្រ​ពី​កន្លែង​ស្នាក់​នៅ ​និង​ដោះ​ស្រាយ​ទាន់​ពេល​ការ​លំ​បាក​ដល់​និស្សិត​​កម្ពុជា​ដែល​កំពុង​សិក្សា​ និងស្នាក់​នៅ​សាកលវិទ្យាល័យត្រាវិញ។ សា​លា​តែង​តែ​រៀបចំ​សកម្មភាព​ផ្លាស់​ប្តូរ​វប្បធម៌​ក្នុងឱកាស​ បុណ្យទាន​ម្ដងៗ​ ​ផ្តល់ជូន​អាហារូបករណ៍​ដល់​និស្សិត​អន្តរជាតិ​ និង​សកម្មភាពជាច្រើន​ទៀត​ដើម្បី​ជួយ​និស្សិតកម្ពុជា​សម្រប​ខ្លួន​ក្នុងបរិយាកាសសិក្សា និងការរស់នៅនៅសាកលវិទ្យាល័យត្រាវិញ។

ភាគីទាំងពីរ​បានពិភាក្សា​ពី​កម្មវិធីបណ្ដុះបណ្ដាលផ្នែក​សុខាភិបាល និង​ផែន​ការ​អនុវត្តកិច្ច​សហប្រតិបត្តិ​ការ​នា​ពេល​ខាង​មុខ​​ ជាពិសេសកិច្ចសហប្រតិបត្តិ​ការ​រវាង​សា​កល​វិទ្យាល័យ​ចេន​ឡា ​និងសាកលវិទ្យាល័យ​ត្រា​វិញ ក្នុង​ការផ្លាស់​ប្តូរ​និស្សិត​ និងគ្រូ​ឧទ្ទេស​ ចែករំលែកបទ​ពិសោធន៍​ក្នុង​ការសិក្សា ការ​បង្រៀន និងស្រាវជ្រាវវិទ្យាសាស្រ្ត...

ថ្ងៃនេះ​ដដែល គណៈប្រតិភូ​បាន​ទៅទស្សនា​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ត្រា​វិញ ​​មហាវិទ្យាល័យ ​អង្គភាពចំណុះ​ និងទៅ​ទស្សនារមណីយដ្ឋាន​នៅក្រុងត្រាវិញ។

រូបភាពមួយ​ចំនួន​ទទួល​គណៈ​ប្រតិភូ

1-4

លោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះ​នៃសាកលវិទ្យាល័យ​ត្រា​វិញ ​បានជូន​វត្ថុអនុស្សាវរីយ៍ដល់​ ឯកឧត្តម​ កែរ​ រដ្ឋា រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិ​បាល​ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យចេនឡា និងលោកជំទាវ​ វ៉ាន់ សុផល សមាជិកក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យចេនឡា។

1-5

 

ឯកឧត្តម​ កែ រដ្ឋា រដ្ឋលេខា​ធិការ​ក្រសួង​សុខា​ភិ​បាល​ សមាជិកក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យចេនឡា ជូនផ្ទាំង​គំនូរ​អនុស្សាវរីយ៍ដល់សាកលវិទ្យាល័យត្រាវិញ​។

1-6

 

បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការ​រងសាកលវិទ្យាល័យ​ត្រា​វិញ​​បានជូន​វត្ថុអនុស្សាវរីយ៍ដល់​​បណ្ឌិត អ៊ី លីម៉ា សាកល​វិទ្យាធិការ​រង​សាកលវិទ្យាល័យចេនឡា។

1-7

1-9

1-10

1-11

អត្ថបទ​និង​រូប​ភាព​ដោយ៖ Tran Tram - Quang Vinh

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ