ប្រកាសសេចក្តីសម្រេចបង្កើតមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 11 មីនា 2024
- ចុចដង៖ 146
ប្រភព៖ កាសែតត្រាវិញ – https://www.baotravinh.vn/trong-tinh/cong-bo-quyet-dinh-thanh-lap-truong-y-duoc-35410.html
នៅរសៀលថ្ងៃទី ០១ ខែមីនា គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីប្រកាសសេចក្តីសម្រេចលេខ ១៣/QĐ-HĐT ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ ស្តីពីការបង្កើតមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រចំណុះសាកលវិទ្យាល័យត្រាវិញ។ គ្រូពេទ្យប្រជាជន - សាស្ត្រាចារ្យ - បណ្ឌិត - វេជ្ជបណ្ឌិត Ta Van Tram ជានាយកសាលា។
លោកសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ ប្រគល់សេចក្តីសម្រេច និងជូនកម្រងផ្កាជូនពរគ្រូពេទ្យប្រជាជន - សាស្រ្តាចារ្យ - បណ្ឌិត - វេជ្ជបណ្ឌិត Ta Van Tram ទទួលតំណែងជានាយកមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ។
អញ្ជើញចូលរួមកម្មវិធីមានថ្នាក់ដឹកនាំមន្ទីរស្ថាប័នខេត្ត; គណៈគ្រប់គ្រងសាកលវិទ្យាល័យត្រាវិញ មន្ទីរសុខាភិបាល មន្ទីរអប់រំនិងបណ្តុះបណ្ដាលខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង គណៈនាយកមន្ទីរពេទ្យនានានៅទីក្រុងហូជីមិញ ព្រមជាមួយនឹងលោកគ្រូ អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យត្រាវិញយ៉ាងច្រើនកុះករ។
មហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រចំណុះសាកលវិទ្យាល័យត្រាវិញ ត្រូវបានបង្កើតឡើងស្ថិតលើមូលដ្ឋានរួមបញ្ចូលគ្នានៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ និងមហាវិទ្យាល័យទន្តវទនសាស្ត្រ; គឺជាគ្រឹះស្ថានឯកទេសសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្រ្ដ និងស្រាវជ្រាវវិទ្យាសាស្ត្រតាមទិសដៅអនុវត្តក្នុងការព្យាបាល ដើម្បីក្លាយជាទម្រង់សាលា-វិទ្យាស្ថានដ៏ឆ្នើម ច្នៃប្រឌិត និងសម្របខ្លួនខ្ពស់នៅក្នុងតំបន់។
លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ថ្លែងសុន្ទរកថាអបអរសាទរចំពោះគណៈគ្រប់គ្រងនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ។
មហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ បណ្តុះបណ្តាលពហុជំនាញ និងរៀនបន្តឡើងក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល;ស្រាវជ្រាវ ផ្ទេរជូនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; អភិវឌ្ឍអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីបម្រើសហគមន៍; អនុវត្តទម្រង់សាលា - វិទ្យាស្ថានក្នុងការផ្សារភ្ជាប់ស្អិតល្មួតជាមួយប្រព័ន្ធមន្ទីរពេទ្យ មជ្ឈមណ្ឌលសុខាភិបាល និងដំណាក់សុខាភិបាលក្នុងតំបន់ ជាពិសេសគឺទីក្រុងហូជីមិញ។
លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ប្រគល់សេចក្តីសម្រេចដល់គណៈគ្រប់គ្រងមហាវិទ្យាល័យវេជ្ជសាស្រ្តនិងឱសថសាស្ត្រ។
អត្ថបទនិងរូបដោយ៖ Truong Nguyen
ប្រែស្រួលដោយ៖ So Phune