ដើម​កំ​ណើត​ភាសា​ខ្មែរ (*)

នៅ​ពេល​ដែល​យើង​ទាំង​ឡាយ​កំ​ពុងមាន​ជីវិត​អត្ថិភាព​ជា​មនុស្ស​ ជាង​នេះ​ទៅ​ទៀត​គឺ​បាន​កើត​មក​ជា​​ខ្មែរ មាន​វិសាលភាព​នៃ​ភាសា  អក្សរ​សាស្ត្រ​ឮ​ខ្ទរខ្ទារទូទាំង​ពិភព​លោក​ ជា​ទូ​ទៅ​មាន​​សេចក្តី​រីក​រាយ ​ជា​ប្រ​ភព​នៃ​សេចក្តី​ពេញ​ចិត្ត ​ភាព​ពិត​ប្រាកដ​មិន​មាន​មន្ទិល​សង្ស័យ​ចំ​ពោះ​អ្នក​អាន​ម្នាក់ៗ​នោះ​ឡើយ។ ហេតុ​នេះ​មុន​នឹង​ធ្វើ​ការ​សិក្សា​អំ​ពី​បញ្ហា​អ្វី​នីមួយៗ យើង​គប្បី​ស្វែង​យល់​ជា​ដំ​បូង​នូវ​មូល​ដ្ឋាន​គ្រឹះ​នៃ​បញ្ហា​ទាំង​ឡាយ​នោះ​ ដូច​នេះ​​​ការ​សិក្សាអំ​ពី​ភាសាក៏​ដូច្នោះ​ដែរ​ត្រូវ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំ​ពី ភាសា​ជា​អ្វី? ភា​សា​មានដើម​​កំ​ណើតមក​​ពីណា?​ តើ​នៅ​លើ​ពិភព​លោក​មាន​ភាសា​ប៉ុន្មាន? មាន​បែង​ចែក​ជា​អំ​បូរ​អ្វី​ខ្លះ? ។ល។ ប៉ុន្តែ​នៅ​ទី​នេះ​ខ្ញុំ​សូម​ធ្វើ​ការ​វិភាគសង្ខេប​​​អំ​ពី​​ភាសា​និង​ជុំ​វិញ​ប្រ​ធាន​បទ​«ដើម​កំណើត​ភាសា​ខ្មែរ​​»​ ដោយ​មាន​សេចក្តី​អធិប្បាយ​ដូច​ត​ទៅ៖

 ភាសា​ជា​អ្វី? នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ចេញ​ផ្សាយដោយ​ពុទ្ធសាសនបណ្ឌិត្យ (១៩៦៧-១៩៦៨) ភាសា​ត្រូវ​បាន​ផ្តល់​និយមន័យ​ដោយ​ខ្លី​ថា សម្តី ឬពាក្យ។​ អ្នក​ស្រី​ត្រឹង​ងា បាន​សរសេរ​នៅ​ក្នុង​សៀវ​ភៅ​អរិយធម៌​ខ្មែរ (១៩៧៥) របស់​គាត់​ថា ភាសា​គឺ ពាក្យ​សម្តី​ដែល​យើង​និយាយ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​សំ​ដែង​នូវ​ឆន្ទៈ​សញ្ចេតនា​ចិត្ត​គំ​និត​អ្វី​មួយ។ ចំ​ណែក​ភាសា​វិទូ​បាន​កំ​ណត់​ច្បាស់​ថា​ ភាសា​គឺ​ជាសូរ ជាសញ្ញា​សូរ​ ដែល​មនុស្ស​និយាយ​ដើម្បី​ទាក់​ទង​គ្នា ដើម្បី​សំ​ដែង​គំ​និត ហើយ​ដែល​គេ​អាច​ស្តាប់​ឮ​ដោយ​ត្រ​ចៀក។ ត្រង់​ចំ​ណុច​នេះ​ មិត្ត​អ្នក​អាន​ទាំង​ឡាយ​សូម​កុំ​​ភាន់​ច្រ​ឡំ​ថា​​ មុខ​វិជ្ជា​​​​​​ភាសាវិទ្យា​ ដូច​គ្នា​នឹង​មុខ​វិជ្ជា​​អក្សរ​សាស្ត្រ ​​ពុំ​មែន​ដូច​ការ​គិត​នោះ​ឡើយ សិក្សា​ភាសា​បាន​ដល់​ត្រឹម​ការ​សិក្សា​លើ​សូរ​សំឡេង​​ ការ​បន្លឺ​សូរ​ ឧទាហរណ៍ដូច​ការ​​​សិក្សា​នៃ​ភាសា​​តាម​តំ​បន់ សិក្សា​លើ​ភាសា​និយាយមាន​ចំ​ណុច​បន្លឺ​សូរ​សំ​ឡេង​ផ្សេងៗ​គ្នាទៅ​លើ​ពាក្យ​តែ​មួយ ចំ​ពោះ​សិក្សា​អក្សរ​សាស្ត្រ​គឺ​សិក្សា​លើ​​តួ​អក្ខរា​មាន​ក្បួនខ្នាត់​​វេយ្យាករណ៍​ច្បាស់​លាស់​​និង​ឯក​ភាព​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់ អាច​និយាយ​បាន​ថាភាសា​គឺ​ការ​និយាយ​តាម​ទំនៀម​ទម្លាប់​នៃ​សង្គមនោះៗ​ អក្សរ​គឺ​ឧបករណ៍​សម្រាប់​​កត់​សូរ​នៃ​ភាសានោះៗ​​។ ម្យ៉ាង​វិញ​ទៀត​គេ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ភាសា​មិន​មែន​ជា​សញ្ញា​ ឬ​ស្នាម​គំ​នួស​ដែល​គេ​ចារ​ ឬ​សរសេរ​ហើយ​ដែល​គេមើល​ឃើញ​ដោយ​ភ្នែក​នោះ​ទេ។​ ស្នាម​គំ​នួស​ដែល​ក្រោយ​មក​វិវត្ត​ជា​អក្សរ​ត្រូវ​ភាសា​វិទូ​ចាត់​ទុក​ថា​គ្រាន់​តែ​ជា​រូប​តំ​ណាង​នៃ​ភាសា​តែ​ប៉ុណ្ណោះ​ប្រៀប​ដូច​ជា​រូប​ថត ឬ​រូប​គំ​នូរ​នៃ​វត្ថុ ឬ​សត្វ​ណា​មួយ​ដូច្នោះ​ដែរ។

នៅ​លើ​លោក​យើង​នេះ​ ជន​ជាតិ​ណា​ក៏​មាន​ភាសា​របស់​ខ្លួន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រ​ចាំ​ថ្ងៃ​របស់​ខ្លួន​ដែរ។​ នៅ​ពេល​ដែល​មនុស្ស​ចេះ​រស់​នៅ​ជុំ​គ្នា​ជា​គ្រួ​សារ ជា​ក្រុម​កុល​សម្ព័ន្ធ​មនុស្ស​ត្រូវ​ការ​ទាក់​ទង​គ្នា សំ​ដែង​មនោសញ្ចេតនា​គ្រប់​បែប​យ៉ាង​ និង​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មនុស្ស​ចេះ​ប្រើ​ភាសា​គួប​ផ្សំ​នឹង​កាយ​វិការ​ផ្សេង​ៗ​របស់​ខ្លួន។ ស្ថាន​ភាព​បែប​នេះ​ហើយ​ដែល​អាច​ឱ្យ​គេ​ធ្វើ​ការ​អះ​អាង​ថា​ភា​សា​ជន​ជាតិ​មួយ​មាន​កំ​ណើត​ដំ​ណាល​គ្នា​នឹង​កំ​ណើតនៃ​ជន​ជាតិ​នោះ​ដែរ ឬ​និយាយ​ជា​រួម​ថា​ភាសា​កើត​ដំ​ណាល​គ្នា​នឹង​កំ​ណើត​មនុស្ស​ហើយ​បា​ន​វិវត្ត​ប្រែ​ប្រួល​ចំ​រើន​លូត​លាស់​ឬ​អន់​ថយ​ទៅ​តាម​សង្គម​នៃ​មនុស្ស​នោះ។​

តើ​ភាសា​ខ្មែរ​កើត​តាំង​ពី​ពេល​ណា​មក? ចម្លើយ​ដ៏​សាមញ្ញ​មួយ​គឺ ភាសា​ខ្មែរ​កើត​ដំ​ណាល​គ្នា​នឹង​ជន​ជាតិ​ខ្មែរ។ តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក​ របស់​អ្នក​ជាតិ​ពន្ធុ​វិទ្យា និង​អ្នក​បុរាណ​វិទ្យា បាន​ឱ្យ​ដឹង​ថា​ជន​ជាតិ​ខ្មែរ​មាន​កំ​ណើត​យ៉ាង​ហោច​ណាស់​ក៏​ ៤០០០​ឆ្នាំ​មុន គ.ស​ ដែរ។​ ទៅ​ថ្ងៃ​អនាគត​ប្រ​សិន​បើ​គេ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ កំ​ណើត​ជន​ជាតិ​ខ្មែរ​កាន់​តែ​មាន​ចំ​ណាស់​ជាង​នេះ នោះ​មាន​ន័យ​ថា​កំ​ណើត​ភាសា​ខ្មែរ​ក៏​កាន់​តែ​មាន​ចំ​ណាស់​ទៅ​តាម​នេះ​ដែរ។ មាន​សំ​នួរ​សួរ​ឡើង​ថា​ តើ​ភាសា​ខ្មែរ​ជា​កូន​ភា​សា​សំស្ក្រឹត​-​បាលី​មែន​ឬ​ទេ?​ តើ​មិត្ត​អ្នក​អាន​យល់​នូវ​ចម្លើយ​យ៉ាង​ណា?​ កន្លង​មក​មាន​ទស្សនៈ​ខ្លះ​អះ​អាង​ថា ភាសា​ខ្មែរ​ជា​កូន​ភាសា​សំ​ស្ក្រឹត​-​បាលី ឬ​ថា​ភាសា​សំស្ក្រឹត​-​បាលី​ជា​ម្តាយ​នៃ​ភាសា​ខ្មែរ។ តាម​ការ​ពិត ភាសា​ខ្មែរ​ជា​ភាសា​ដ៏​ចំ​​ណាស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ចំ​ណែក​ភាសា​សំ​ស្ក្រឹត​-​បាលី​បាន​ជះ​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​ភាសា​ខ្មែរ នៅ​ក្រោយ​គ្រឹស្ត​សករាជគឺ​នៅ​ដើម​សម័យ​នគរ​ភ្នំ​ ត្រង់​នេះ​សរ​បញ្ជាក់​ថា​មុន​ពេល​ដែល​ភាសា​បាលី-សំស្រ្តឹត​បាន​ជះឥទ្ធិពល​មក​លើ​មនុស្ស​នៅ​នគរភ្នំ​ មនុស្ស​នៅ​នគរភ្នំ​បាន​មាន​ភាសា​សម្រាប់​ប្រាស្រ័យ​ទាក់​ទង​គ្នា​រួច​ទៅ​ហើយ​ៗ​ភាសា​នោះ​គឺ​ភាសា​ខ្មែរ​។ ឥទ្ធិពល​ភាសា​នៃ​ភាសា​ទាំង​ពីរ​នេះ​បាន​ជ្រាប​ចូល​ក្នុង​ភាសា​ខ្មែរ​ត្រឹម​តែ​ស្រ​ទាប់​ខាង​ក្រៅ​ គឺ​វាក្យស័ព្ទ​​តែ​ប៉ុណ្ណោះ​(ខ្ចីពាក្យ)​តែ​ពុំ​បាន​ជ្រាប​ចូល​ខ្លាំង​ក្លា​ទៅ​ដល់​ស្រ​ទាប់​ក្នុង​គឺ​រចនា​សម្ព័ន្ធ​វេយ្យាករណ៍​នៃ​ភាសា​ខ្មែរឡើយ។ ដូច​នេះ​ភាសា​ខ្មែរ​ពុំ​មែន​កើត​ចេញ​មក​ពី​ភាសា​សំ​ស្ក្រឹត​-​បាលី​ ឬថា​ភាសា​សំ​ស្ក្រឹត​-​បាលី​ជា​ម្តាយ​នៃ​ភាសា​ខ្មែរ​នោះ​ទេ។ សរុប​មក​ការ​យល់​ថា​ភាសា​ខ្មែរ​កើត​ចេញ​មក​ពី​ភាសា​សំ​ស្ក្រឹត​-​បាលី​គឺ​ជា​ការ​ភាន់​ច្រ​ឡំ​មួយ​ ដោយ​សារ​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ស៊ី​ជម្រៅ​អំ​ពី​កំ​ណើត​ភាសា​ខ្មែរ។ យើង​ទទួល​ស្គាល់​ថា​នៅ​ក្នុង​ភាសា​ខ្មែរ​បច្ចុប្បន្ន​ មាន​លាយ​ឡំ​ដោយ​ពាក្យ​សំ​ស្ក្រឹត​-​បាលី​ជា​ច្រើន​មែន​ហើយ​​ តែ​ខ្មែរ​ប្រើ​ពាក្យ​ដែល​ខ្ចី​ពី​សំ​ស្ក្រឹត​-​បាលី​ និង​ពាក្យ​ខ្ចី​ពី​ភាសា​ផ្សេង​ៗ​ទៀត គ្រាន់​តែ​ដើម្បី​បង្គ្រប់​ការ​ខ្វះ​ខាត​ពាក្យ​តែ​ប៉ុណ្ណោះ ពុំ​បាន​ធ្វើ​ឱ្យ​ការ​កែ​ប្រែ​រចនា​សម្ព័ន្ធ​វេយ្យាករណ៍​ភាសា​របស់​ខ្លួន​ឡើយ។ ម្យ៉ាង​វិញ​ទៀត​ពាក្យ​កម្ចី​ទាំង​នោះ​ក៏​ត្រូវ​បាន​កែ​ប្រែ​ឱ្យ​ស្រប​ស្រួល​តាម​សម្តី​និង​ចំ​ណូល​ចិត្ត​ខ្មែរ​ផង​ដែរ។ ដើម្បី​បន្លឺ​នូវ​សេចក្តី​ឱ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​នោះ​ សូម​មិត្ត​អ្នក​អាន​ទាំង​ឡាយ​តាម​ដាន​អាន​នៅ​ទស្សនាវដ្តីលេខ​ក្រោយ​ៗ​ទៀត​ ស្តី​អំ​ពី​កំ​ណើត​អក្សរ​សាស្ត្រ​ខ្មែរ។​

សាជា​ថ្មី​ ភាសា​របស់​ជន​ជាតិ​នីមួយៗ​ មាន​ការ​វិវត្ត​មិន​ដូច​គ្នា​ទេ។ ភាសា​ខ្លះ​មាន​ការ​រីក​ចម្រើន​លឿន​ ឯ​ភាសា​ខ្លះ​ទៀត​ មិន​សូវ​រីក​ចម្រើន​ ហើយ​ភាសា​ខ្លះ​ក៏​បាន​បាត់​បង់​អត្ថិភាព​របស់​ខ្លួន​ចេញ​ពី​ការ​ប្រើ​ប្រាស់របស់​មនុស្ស​ក្នុង​សង្គម​។ គេ​កត់​សំ​គាល់​ឃើញ​ផង​ដែរ​ថា ជន​ជាតិ​មួយ​ដែល​ចេះ​បង្កើត​សញ្ញា (អក្សរ) ដើម្បី​កត់​ត្រា​ភាសា​របស់​ខ្លួន ជន​ជាតិ​នោះ​តែង​មាន​វប្បធម៌​ជឿន​លឿន​មាន​ការ​រីក​ចម្រើន​ខាង​គំ​និត​និង​មាន​ការ​រស់​នៅ​ប្រ​សើរ​ជាង​ជន​ជាតិ​មួយ​ទៀត​ដែល​ពុំ​ទាន់​មាន​ការ​ប្រើ​ប្រាស់​អក្សរ​​ដើម្បី​កត់​ត្រា​ភាសា​របស់​ខ្លួន​។​ ត្រង់​អត្ថន័យ​​នេះ​ ខ្ញុំ​ក៏​បាន​លើក​ឡើង​នូវ​​គោល​គំ​និត​ខ្លះ​ៗ​ស្តី​អំ​ពី​ «​អក្សរ​សាស្ត្រខ្មែរ​ ​និង​សង្គម​បច្ចុប្បន្ន» ដែល​មាន​​ចេញ​ផ្សាយ​នៅលេខ​ពិសេស​​ អំ​ណរ​បុណ្យ​សែន​ដូន​តា​ឆ្នាំ​រោង​ចត្វាស័ក​​ គ.ស​ ២០១២។ ដោយ​ខ្ញុំបាទ​​លើក​ឡើង​អំ​ពី​តម្លៃ​នៃ​ការ​សិក្សា​​ផ្សារ​ភ្ជាប់​នឹង​សង្គម ដើម្បី​អភិរក្ស​និង​អភិវឌ្ឍ​ខឿន​វប្បធម៌​ខ្មែរឱ្យ​បាន​ស្ថិរភាព​។ ទី​អវសាន​ខ្ញុំ​សូម​ផ្តាំ​ផ្ញើដល់​​យុវជន​ខ្មែរ​គ្រប់​រូប​ គប្បី​ប្រើ​ពេល​វេលា​​របស់​យើង​​ឱ្យបាន​​សម​ស្រប់​និង​មាន​អត្ថប្រ​យោជន៍​សម្រាប់​អភិវឌ្ឍ​ខ្លួន​​និង​សង្គម​ជាតិ​ ដូច​មាន​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​បាន​អានជួប​និង​ពេញ​ចិត្ត​ចំ​ពោះ​វាគឺ៖ ឱកាស​ដែល​បាន​មក​ជា​មនុស្ស​កំពុង​តែ​អស់​ទៅ​វិញ​រាល់​យប់​ថ្ងៃ ពេលវេលា​ដែល​នៅ​ជា​មនុស្ស​ក្នុង​ជាតិ​​នេះ​សល់មិន​ច្រើន​ទេ ​ទាំងដែល​មិន​បាន​ដឹង​ប្រាកដ​ថា​ត្រូវ​​អស់​ទៅ​ពេល​ណា​ទៀត​ផង ដូច្នេះទើប​​មិន​ត្រូវ​ហួង​ហែង​អ្វីៗ​​ពេក​នោះ​ឡើយ ត្រូវ​ខំ​អប់រំ​ចិត្ត​ដោយ​ការ​ចំ​រើន​បញ្ញា។

* សាកល្បង​សិក្សា​ស្រាវជ្រាវ​ដោយ ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ឯកសារ​ស្រាវ​ជ្រាវ ដើម​កំ​ណើត​ភាសា​ខ្មែរ (*)