និស្សិត Tran Minh Nhut៖ «ចំណង់ចំណូលចិត្តចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រគឺជាកត្តាជំរុញឱ្យទទួលបានជោគជ័យ»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 17 មករា 2022
- ចុចដង៖ 491
ក្នុងឆ្នាំ2021Tran Minh Nhut និស្សិតផ្នែកវិស្វកម្មបរិស្ថាន ឆ្នាំ២០១៧នៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបរិស្ថាន សាកលវិទ្យាល័យត្រាវិញ មានកិត្តិយសទទួលបានកត្តិនាមជានិស្សិត៥ល្អថ្នាក់មជ្ឈិម។ ក្រៅពីនោះ Minh Nhut ក៏មានកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់នៃសមិទ្ធិផលក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ។ បច្ចុប្បន្នប្អូនជាប្រធានក្លឹបស្រាវជ្រាវវិទ្យាសាស្ត្រចំណុះសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញផងដែរ។
ឆ្ងាយពីក្ដីស្រមើស្រមៃនៃគំរូ «ជក់ចិត្តជាមួយនឹងការអានសៀវភៅ» ដែលយើងគេជាច្រើនបានគិត។ ចំណាប់អារម្មណ៍ដំបូងដែលគ្រូបង្រៀន និងមិត្តភក្តិគិតដល់ Minh Nhut គឺជាបុរសម្នាក់ដែលរួសរាយរាក់ទាក់ ស្វាហាប់ រវាសរវៃក្នុងការងារ ហើយតែងត្រៀមខ្លួនដើម្បីចែករំលែកចំណង់ចំណូលចិត្តរបស់ប្អូនចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយមនុស្សគ្រប់គ្នា។
និស្សិត Tran Minh Nhut (ឈរទី៣រាប់ពីស្ដាំទៅ)
ទោះបីកំពុងនៅជានិស្សិតក៏ដោយ Minh Nhut មានសមិទ្ធិផលស្រាវជ្រាវវិទ្យាសាស្ត្រគួរឱ្យចាប់អារម្មណ៍ក្នុងវិស័យអនុវត្តបច្ចេកវិទ្យា និងរុក្ខជាតិក្នុងដំណោះស្រាយទឹកសំណល់។ ការសិក្សាមួយចំនួនដែលគួរលើកឡើងដូចជា៖«Kinetics of phosphate removal from home wastewater by constructed wetland with joyweed (Alternanthera Sp.)»បាន Minh Nhut ធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិស្ដីពី«ការអនុវត្តបច្ចេកវិទ្យាជីវសាស្រ្តក្នុងការផលិតកម្មកសិកម្ម និងជលវប្បកម្មប្រកបដោយនិរន្តរភាពជាលើកទីពីរ»; គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រថ្នាក់វិទ្យាស្ថានស្តីពី «ការវាយតម្លៃសមត្ថភាពដំណោះស្រាយប្រូតេអ៊ីន និងផូស្វ័រក្នុងទឹកសំណល់ដោយស្មៅជើងបង្កង (Alternanthera Philoxeroides)»; ក្រៅពីនេះ ក៏មានការបង្ហាញ poster ជាភាសាអង់គ្លេស ក្រោមប្រធានបទ «Assessment of Nitrogen removal in Ionic forms in domestic wastewater by Alligator weed (Alternanthera Philoxeroides) in constructed wetland systems»ក្នុងអង្គសិក្ខាសាលាជីវវិទ្យាអន្តរជាតិលើកទី៣ (3rd BIOLOGY CONFERENCE 2020) ចាត់តាំងឡើងនៅទីក្រុង Quy Nhon។
សមមិត្រ Pham Le Phuong Thao អនុប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញបានចែករំលែកថា «Minh Nhut គឺជានិស្សិតឆ្នើមម្នាក់ តែងតែពោរពេញដោយថាមពល និងចង់ធ្វើឲ្យបានល្អគ្រប់បែបយ៉ាង។ ជាងនេះទៅទៀត ប្អូនជាសមាជិកមួយរូបដែលប្រកបដោយភាពរីករាយ និងមានទំនួលខុសត្រូវក្នុងសមាគម ហើយតែងទទួលយកមតិយោបល់ពីសមាជិកគ្រប់ៗគ្នា ដោយអាកប្បកិរិយាភាពវិជ្ជមានយ៉ាងខ្លាំង។ អ្នកណាដែលស្គាល់ប្អូនអាចមើលឃើញថាប្អូនជាបុរសដែលមានទំនុកចិត្ត មានគោលដៅនិងឧត្តមគតិច្បាស់លាស់ ហើយមិនដែលបង់រំលងឱកាសសម្រាប់ការបង្ហាញពីសមត្ថភាព និងការខិតខំរបស់ខ្លួនឡើយ។»
ពេលចូលរៀននៅសាកលវិទ្យាល័យ បរិយាកាសពោរពេញទៅដោយថាមភាពនៃសាលាក៏បានជំរុញទឹកចិត្តប្អូនឱ្យខិតខំប្រឹងប្រែងរៀនសូត្រចំណេះដឹងថ្មីៗ ខិតខំស្វែងរកបទពិសោធន៍ និងប្រកួតប្រជែងខ្លួនឯងក្នុងវិធីសាស្រ្តថ្មីៗ ដែលពោរពេញទៅដោយវិទ្យាសាស្ត្រក្នុងវិស័យកម្មវិធីបច្ចេកទេសក្នុងដំណោះស្រាយនិងកែលម្អបរិស្ថាន។ដោយសារសមត្ថភាពធម្មជាតិរបស់ប្អូនបូកនឹង «កាតាលីករ»ជាក្តីស្រឡាញ់ចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ និងការណែនាំយ៉ាងស្វាហាប់របស់គ្រូបង្រៀនមកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបរិស្ថាន Minh Nhut បាននិងកំពុងខិតទៅជិតនឹងការសិក្សាប្រកបដោយវិទ្យាសាស្ត្រដូចជាតម្រង់ទិសឱ្យកាន់តែច្បាស់អំពីមាគ៌ាស្រាវជ្រាវវិទ្យាសាស្ត្រនាពេលអនាគត។
បណ្ឌិត Tran Thi Ngoc Bich នាយករងនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបរិស្ថានបានចាប់អារម្មណ៍នឹងនិស្សិត Minh Nhut ចាប់តាំងពីការបង្រៀនដំបូងនៅក្នុងថ្នាក់អំពីមាឌតូច ភាពរហ័សរហួន និងស្ម័គ្រចិត្តចូលរួម និងគាំទ្រមិត្តរួមថ្នាក់បង្កើតគំរូពិសោធន៍, ប្រព័ន្ធបច្ចេកទេសដំណោះស្រាយកាកសំណល់ និងទឹកសំណល់។ ក៏ដូចជារៀងរាល់យប់ជ្រៅធ្វើការនៅក្នុងមន្ទីរពិសោធន៍ដើម្បីស្វែងរកលទ្ធផលត្រឹមត្រូវបំផុតសម្រាប់ប្រធានបទស្រាវជ្រាវ។ ក្រៅពីនេះ Minh Nhut នៅទាំងបានបង្ហាញពីតួនាទីរបស់គាត់ជាប្រធានថ្នាក់ ក៏ដូចជាភាពស្វាហាប់របស់គាត់នៅពេលចូលរួមក្នុងចលនា គម្រោងគាំទ្រសហគមន៍ជាដើម។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្អូនក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាការរៀនសូត្រ Minh Nhut ស្ថិតក្នុងចំណាត់ថ្នាក់កំពូលជាច្រើនឆ្នាំបន្តបន្ទាប់អំពីសមិទ្ធិផលនៃការស្រាវជ្រាវនិងការសិក្សា។ លើសពីនេះទៅទៀត Minh Nhut ក៏ទទួលបានអាហារូបករណ៍យ៉ាងល្អឥតខ្ចោះពីកម្មវិធី Erasmus+ សម្រាប់និស្សិតដែលមានស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រឆ្នើម ដើម្បីធ្វើកម្មសិក្សារយៈពេល៥ខែនៅប្រទេសហូឡង់ក្នុងវិស័យដំណោះស្រាយទឹកក្នុងឆ្នាំ២០២២។ Minh Nhut ជាគំរូដែលគួរឱ្យចាប់អារម្មណ៍ នឹងផ្សព្វផ្សាយនូវចំណង់ចំណូលចិត្តចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាការសិក្សាដល់និស្សិតនៃសាកលវិទ្យាល័យត្រាវិញជាទូទៅ ជាពិសេសគឺនិស្សិតផ្នែកវិស្វកម្មបរិស្ថាន។
ភាពលំបាកគឺជា «រឿងតូចតាច»
និយាយអំពីការលំបាកតាំងពីដើមដំបូងក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ Minh Nhut បានប្រាប់ថា៖ «នឹកឃើញលើកដំបូង ដែលធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រគឺនៅខែធ្នូ ឆ្នាំ២០១៩ ពេលដែលខ្ញុំជានិស្សិតឆ្នាំទី៣។ លើកដំបូងដែលខ្ញុំបានឆ្លងកាត់ការស្រាវជ្រាវវិទ្យាសាស្រ្តដែលបានបង្កឱ្យមានការលំបាកនិងឧបសគ្គជាច្រើនសម្រាប់និស្សិតឆ្នាំទី៣ដូចជាខ្ញុំ។»
«បំណិន ជំនាញនៃការយល់ដឹងអំពីបញ្ហា ការវិភាគទិន្នន័យ ឬការបង្ហាញអត្ថបទមកខ្ញុំគឺគ្រាន់តែជា «ក្រដាសស» ប៉ុណ្ណោះ។ នៅដំណាក់កាលចុងក្រោយនៃគម្រោង មានយប់ខ្លះដែលខ្ញុំត្រូវចូលគេងយ៉ាងយឺត ដើម្បីកែសម្រួលស្ទើរតែទាំងស្រុង ទៅតាមការណែនាំរបស់គ្រូ។ ប៉ុន្តែខ្ញុំនិងមិត្តភក្តិទាំងអស់បានលើកទឹកចិត្តគ្នាទៅវិញទៅមក រួមគ្នាព្យាយាមដើម្បីសម្រេចឱ្យបានភារកិច្ច។»
ប្រហែលជាសម្រាប់ Minh Nhut មិនមានបទពិសោធន៍ដ៏មានតម្លៃណាជាងការលំបាក និងបញ្ហាប្រឈមក្នុងដំណើរឆ្ពោះទៅរកចំណេះដឹង៖ «ខ្ញុំគិតថារាល់ការលំបាក និងឧបសគ្គដែលយើងជួបប្រទះ នឹងនាំមកនូវមេរៀនដ៏មានតម្លៃ និងសំខាន់ជាងទៀតគឺ នៅពេលដែលយើងជឿជាក់យ៉ាងមុតមាំលើខ្លួនយើង និងឧត្តមគតិ ដែលយើងបានជ្រើសរើស។ សម្រាប់ខ្ញុំ ការលំបាកគ្រាន់តែជាផ្នែកមួយនៃដំណើរការទាំងស្រុងប៉ុណ្ណោះ រឿងសំខាន់គឺរបៀបប្រឈមមុខនិងជម្នះវា។»
ក្ដីសុបិនក្នុងការផ្សាយនូវចំណង់ចំណូលចិត្ត
Minh Nhut បានឱ្យដឹងថា៖ការវាស់វែងមនុស្សម្នាក់មិនត្រឹមតែស្ថិតនៅលើតួលេខ និងសមិទ្ធផលរបស់គាត់ប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតគឺតម្លៃដែលពួកគេនាំមកជូនសហគមន៍និងសង្គម។ និស្សិតរូបនេះតែងគិតថាថ្ងៃណាមួយអាចក្លាយជាអ្នកផ្សព្វផ្សាយនូវសេចក្តីស្រឡាញ់ការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាឧត្តមគតិនៃជីវិតដ៏ល្អដល់ជំនាន់ក្រោយជាពិសេសគឺយុវជនជំនាន់ Gen Z។
Minh Nhut បានរំលឹកបន្ថែមទៀតថា «អ្វីដែលសំខាន់បំផុតគឺការខិតខំប្រឹងប្រែង តស៊ូ និងភាពជាប់លាប់នឹងគោលដៅ ចូររក្សាស្មារតីវិជ្ជមាន និងសុទិដ្ឋិនិយមទោះជាក្នុងស្ថានភាពណា ប្រាកដជាអ្នកនឹងសម្រេចបាននូវគោលដៅទាំងនោះ។»
អត្ថបទដោយ៖Phuong Thao
ប្រែសម្រួលដោយ៖ Van Thon