សាកលវិទ្យាល័យត្រាវិញធ្វើពាណិជ្ជកម្មម៉ាស៊ីនបកសម្បកផ្លែដូងដោយស្វ័យប្រវត្តិ និងផ្ទេរ បច្ចេកវិទ្យាផលិតកម្មនៅខេត្ត បេនត្រែ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 20 មករា 2022
- ចុចដង៖ 487
(TVU) – នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២២ក្រុមស្រាវជ្រាវផលិតកម្មដែលដឹកនាំដោយលោកអនុបណ្ឌិត Đang Hoang Vu រួមជាមួយបណ្ឌិត Pham Quoc Phongជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងផលិតកម្ម សេវាកម្ម (CSP) នៃសាកលវិទ្យាល័យត្រាវិញបានប្រគល់ម៉ាស៊ីនបកសម្បកផ្លែដូងដល់សហគ្រាសកែច្នៃដូងនៅឃុំចូវប៊ិញស្រុកយ៉ុងត្រូមខេត្តបេនត្រែ។ នេះជាផលិតផលដែលត្រូវបានធ្វើពាណិជ្ជកម្មដោយជោគជ័យ ពីលទ្ធផលនៃគម្រោងស្រាវជ្រាវថ្នាក់ខេត្តស្ដីពី «ផលិតម៉ាស៊ីនបកសម្បកដូងទុំនៅខេត្តត្រាវិញ បម្រើការផលិតខ្សែនិងជក់ដូង។»
ក្រុមការងារបានរចនា និងផលិតតាមការកម្មង់ទិញដោយផ្អែកទៅលើសមត្ថភាពនៃការផលិតរបស់សហគ្រាស។ លោក Đang Hoang Vuដែលជាប្រធាននៃគម្រោងនេះបាននិយាយថា «ឧបករណ៍នេះត្រូវបានផលិតនៅកម្មន្តសាលមេកានិចនៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យត្រាវិញ។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនអំពី សុវត្ថិភាពនៅពេលធ្វើដំណើរការ និងធានាបាននូវគុណភាពរបស់ផ្លែដូងក៏ដូចជារក្សាបានគុណភាពរបស់សម្បកដូងសម្រាប់ការបំបែកជាសរសៃ។»
ម៉ាស៊ីននេះត្រូវបានរចនាឡើងដោយមានសមត្ថភាពបកបាន៥០០ផ្លែក្នុងមួយម៉ោង។ តាមរយៈប្រព័ន្ធបញ្ចូលផ្លែដូងចូលទៅក្នុងផ្នែកបកសម្បកដែលអាចធានាបាននូវសុវត្ថិភាពសម្រាប់កម្មករ។ លើសពីនេះ ម៉ាស៊ីនក៏មានខ្សែក្រវាត់ដែលជញ្ជូនផ្លែដូងដោយផ្ទាល់ទៅកាន់ផ្នែកបកសម្បក ជួយបង្កើនស្វ័យប្រវត្តិកម្មក្នុងការផលិត និងធានាបាននូវសុវត្ថិភាពសម្រាប់កម្មករ។
លោក Phu Xuan Tam ដែលជាម្ចាស់អាជីវកម្មបានឱ្យដឹងថា «ម៉ាស៊ីននេះនាំមកភាពម្ចាស់ការក្នុងការជួយកម្លាំងពលកម្ម សន្សំសំចៃ លើសពីនេះទៀតប្រភពភ្លើងអគ្គិសនីសម្រាប់ដំណើរការម៉ាស៊ីនក៏មានភាពងាយស្រួលផងដែរ ព្រោះវាប្រើប្រាស់បណ្តាញភ្លើងក្នុងផ្ទះដូចគ្នា។ ផ្លែដូងនៅពេលដែលបករួចវាងាយស្រួលសម្រាប់ការផលិតខ្ទិះដូង ហើយការធ្វើដំណើរការក៏ងាយស្រួលផងដែរ។»
លោក បណ្ឌិត Pham Quoc Phong បានឱ្យដឹងថា «បច្ចុប្បន្ននេះ ម៉ាស៊ីនបកសម្បកនេះមានតម្លៃសមរម្យ ហើយការប្រមូលដើមទុនវិនិយោគវិញក៏នឹងបានឆាប់រហ័សផងដែរ។ ជាមួយនឹងផលិតភាពរបស់ម៉ាស៊ីននេះ វានឹងជួយឱ្យអាជីវកម្មសន្សំការចំណាយ និងពេលវេលាផលិតទៀតផង។»
ការធ្វើពាណិជ្ជកម្មផលិតផលស្រាវជ្រាវដើម្បីបម្រើដល់សហគមន៍បានក្លាយទៅជានិន្នាការរបស់សាកលវិទ្យាល័យត្រាវិញក្នុងប៉ុន្មានឆ្នាំជិតៗនេះ រួមចំណែកលើកកម្ពស់គុណភាពនៃការបង្រៀន និងស្រាវជ្រាវរបស់កងជួរគ្រូបង្រៀននៃសាកលវិទ្យាល័យត្រាវិញ។
អត្ថបទដោយ៖ Hoang Vu – Hoang Nam
ប្រែសម្រួលដោយ៖ Seha Thach