បើកដំណើរការបណ្តាញគាំទ្រការចាប់ផ្ដើមអាជីវកម្មសម្រាប់និស្សិតជាលើកដំបូងនៅតំបន់វាលរាបទន្លេគឺវឡុង

ត្រាវិញ - នាថ្ងៃទី ១១ ខែមីនា សន្និសីទលើកទីមួយដើម្បីបើកដំណើរការបណ្តាញ​​គាំទ្រនិស្សិតចាប់ផ្តើមអាជីវកម្មនៅតំបន់វាលរាប​ទន្លេ​គឺវឡុង លើក​ទី​១​អាណត្តិកាល ២០២២ - ២០២៤ ត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យត្រាវិញ។

mang-luoi-ho-tro-sinh-vien-khoi-nghiep-131538 97

បណ្តាញគាំទ្រនិស្សិតក្នុងការចាប់ផ្ដើមអាជីវកម្មជាលើកដំបូងនៅតំបន់វាលរាប​ទន្លេ​គឺវឡុងទើបតែត្រូវបានបើកដំណើរការ។ រូបថត៖ HH.

បណ្តាញគាំទ្រនិស្សិតក្នុងការចាប់ផ្តើមអាជីវកម្មនៅតំបន់វាលរាបទន្លេគឺវឡុងត្រូវបានបង្កើតឡើងដោយសាលាចំនួន១៧ (​សាកលវិទ្យាល័យចំនួន៩ និងគ្រឹះ​ស្ថាន​ឧត្តមសិក្សាចំនួន៨) នៅក្នុងតំបន់វាលរាបទន្លេគឺវឡុង។ នេះ​ក៏​ជា​បណ្តាញ​គាំទ្រ​ការ​ចាប់​ផ្តើមអាជីវកម្ម​​សម្រាប់​និស្សិតជា​លើកដំបូង​​នៅ​តំបន់វាលរាបទន្លេគឺវឡុង។

គោលបំណងនៃទម្រង់នេះគឺដើម្បីលើកកម្ពស់ស្មារតី ចំណេះដឹង និងជំនាញនៃការ​ចាប់​ផ្តើមអាជីវកម្ម​​ក្នុងចំណោមនិស្សិត និងអតីតនិស្សិត។ ទន្ទឹមនឹងនោះ កសាងទំនាក់ទំនងជិតស្និទ្ធរវាងគ្រឹះស្ថានឧត្តមសិក្សា និងមហាវិទ្យាល័យ ដោយជំរុញសកម្មភាពសហប្រតិបត្តិការក្នុង​គោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញនៃការ​ចាប់​ផ្តើមអាជីវកម្ម​ របស់និស្សិត និងអតីតនិស្សិត។

ក្រៅ​ពី​នេះ គឺមាន​ការ​បង្កើត​គេហទំព័រ​ដើម្បី​ទទួល​បាន​គំនិត​ផ្ដួចផ្ដើម​របស់សិស្សានុសិស្ស។ បង្កើតវេទិកាមួយដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងការអនុវត្តគំនិតចាប់ផ្តើមអាជីវកម្ម ក៏ដូចជាការដោះដូរគំនិត និងគម្រោងចាប់ផ្តើមអាជីវកម្ម។ ទន្ទឹម​នឹង​នោះសកម្មភាព​នេះ​​អាច​​តភ្ជាប់សមាជិកអនុវត្តគម្រោងអន្តរជាតិ និងស្រាវជ្រាវលើការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

លោកស្រី Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា៖ការចាប់ផ្តើមអាជីវកម្មគឺជាសកម្មភាពសំខាន់មួយនៃ​បណ្ដាសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់សកម្មភាពបណ្តុះបណ្តាប្រកប​ដោយ​ភាព​ច្នៃប្រឌិត។ ការចាប់ផ្តើមអាជីវកម្មពីសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សានានា ជួយបំពាក់នូវចំណេះដឹង និងជំនាញដើម្បីចាប់ផ្តើមអាជីវកម្មរួមចំណែកក្នុងការរក្សា និងអភិវឌ្ឍនូវគំនិតផ្ដួច​ផ្ដើម​របស់និស្សិតឱ្យក្លាយទៅជាការពិត។ ដូច្នេះហើយ សាលាសមាជិកត្រូវបញ្ចូលសកម្មភាពចាប់ផ្តើមអាជីវកម្មនៅក្នុងផែនការយុទ្ធសាស្រ្តរបស់ពួកគេ។ លើសពីនេះទៀត សមាជិកត្រូវបានលើកទឹកចិត្តឱ្យចេញយន្តការ និងគោលនយោបាយដើម្បីឧបត្ថម្ភដល់និស្សិតដែលចាប់ផ្តើមអាជីវកម្មនៅសាលា។

នៅក្នុងសន្និសីទនេះដែរ សមាជិកនៃបណ្តាញគាំទ្រដល់និស្សិតចាប់ផ្តើមអាជីវកម្មនៅតំបន់វាល​រាប​ទន្លេគឺវឡុង​ បានយល់ព្រមជ្រើសរើស លោកបណ្ឌិត​Nguyen Minh Hoaសាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យ​ត្រាវិញជាប្រធានក្រុមប្រឹក្សាភិបាល និងអនុប្រធានចំនួន​២រួមមាន៖ លោកបណ្ឌិត​ Nguyen Van Thanhសាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យគៀងយ៉ាង និង អនុបណ្ឌិត Nguyen Minh Phuong នាយករងមហាវិទ្យាល័យសហគមន៍ដុងថាប។

 

អត្ថបទដោយ៖​Minh Đam

ប្រែ​សម្រួល​ដោយ៖​Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកដំណើរការបណ្តាញគាំទ្រការចាប់ផ្ដើមអាជីវកម្មសម្រាប់និស្សិតជាលើកដំបូងនៅតំបន់វាលរាបទន្លេគឺវឡុង