ភាពលេចធ្លោនារាត្រីសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 20 មេសា 2022
- ចុចដង៖ 420
រាត្រីថ្ងៃទី៨ខែមេសា កម្មវិធីសិល្បៈអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២២ បានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងនៅសាលប្រជុំ E21.105 នៃសាកលវិទ្យាល័យត្រាវិញ។
ចូលរួមក្នុងកម្មវិធីមានវត្តមានរបស់ លោកស្រី Thach Thi Dan – សាកលវិទ្យាធិការរង លោកស្រី Quach Vu Hue – ប្រធានគណៈកម្មការយេនឌ័រនិងជនជាតិ សិល្បករឆ្នើម Kim Nghinh – ប្រធានការិយាល័យសិល្បៈ នៃក្រុមសិល្បៈរស្មីប្រទីបរួមជាមួយនឹងវត្តមានរបស់សិល្បករ សិល្បការិនីនៃក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញជាច្រើនរូបទៀត លោកគ្រូ អ្នកគ្រូ និស្សិត និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។
ប្រសាសន៍ក្នុងកម្មវិធី លោកស្រី Thach Thi Dan – សាកលវិទ្យាធិការរងបានឲ្យដឹងថា៖ “បុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យមួយដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិខ្មែរ ដោយសង្ឃឹមថាឆ្នាំថ្មីនឹងនាំមកនូវលាភសំណាងនិងសេចក្តីសុខ សេចក្តីចំរើន ភ្លៀងខ្យល់ទៀងទាត់ហើយទទួលបានរដូវអំណោយផល។ល។
ក៏ក្នុងឱកាសនេះដែរ លោកស្រីក៏បានថ្លែងនូវអំណរគុណដល់សិល្បករទាំងឡាយនៃក្រុមសិល្បៈរស្មីប្រទីប គណៈចាត់តាំងព្រមទាំងលោកគ្រូ អ្នកគ្រូ និស្សិតទាំងអស់ដែលបានចូលរួមហ្វឹកហាត់ដើម្បីមានរាត្រីសិល្បៈដ៏មានអត្ថន័យបែបនេះ។
ក្នុងរាត្រីសិល្បៈនេះមានឈុតជាច្រើនបានរៀបរៀងនិងសម្ដែងដោយនិស្សិតសាលានិងក្រុមសិល្បៈរស្មីប្រទីបបានញ៉ាំងកម្មវិធីសិល្បៈប្រកបដោយភាពសប្បាយរីករាយទាក់ទាញអ្នកទស្សនាដូចជា៖ ប្រគំឧបករណ៍ភ្លេងប្រពៃណី របាំបុរាណខ្មែរ ចំរៀងចាប៉ីដងវែងនិងច្រៀងរាំ។ល។
ប្អូន Son Ly Quy – និស្សិតផ្នែកឧបករណ៍ភ្លេងបុរាណខ្មែរនៃសាកលវិទ្យាល័យត្រាវិញបានច្រៀងចម្រៀងចាប៉ីដងវែងមួយបទក្រោមចំណងជើងថា៖“ចូលរួមទប់ស្កាត់កូវីដ” ប្អូនបានឲ្យដឹងថា៖ពេលទំនេរ ប្អូនតែងតែហ្វឹកហាត់ចម្រៀងចាប៉ី ប្រភេទចម្រៀងនេះដែរជាចំណង់ចំណូលចិត្តហើយក៏ជាបំណងប្រាថ្នាដើម្បីអភិរក្សនូវប្រភេទសិល្បៈបុរាណរបស់ខ្មែរនេះដែរ។
ចូលរួមអំណរបុណ្យចូលឆ្នាំថ្មី គណៈជនជាតិខេត្តត្រាវិញក៏បានផ្តល់អាហារូបករណ៍ចំនួន៥លានដុងដល់និស្សិតខ្មែរដែលមានជីវភាពលំបាកកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ។ ក្នុងពេលនោះដែរ គណៈចាត់តាំងកម្មវិធីក៏បានជូនអាហារូបករណ៍ចំនួន១០ចំណែក ដោយមួយចំណែកស្មើនឹង៥០០ពាន់ដុងដល់សិស្សចំនួន១០រូប។
បញ្ចប់នូវកម្មវិធីសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី តំណាងគណៈចាត់តាំងក៏បានប្រសិទ្ធពរជ័យដល់ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្ស និស្សិតទាំងអស់ ឆ្នាំថ្មីសូមបានប្រកបតែនឹងសេចក្ដីសុខ សេចក្ដីចំរើន រកស៊ីមានបាននិងបានជោគជ័យនូវគ្រប់កិច្ចការ៕
អត្ថបទដោយ៖ My An
ប្រែសម្រួលដោយ៖ Danh Phai