ជំនួយលើវិស័យអប់រំ និងបណ្តុះបណ្តាល ពង្រឹងចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា

NDO – នារសៀល​ថ្ងៃទី៣១ ខែសីហា គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹង​សាកលវិទ្យាល័យត្រាវិញដែលមានលោកបណ្ឌិត Nguyen Minh Hoa ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យត្រាវិញបាន​​តំណាងទទួលគណៈ​ប្រតិភូ

3-1

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានទទួលនូវវចនានុក្រមទ្វេភាសា ខ្មែរ - វៀតណាម និង​ វៀតណាម - ខ្មែរ ពីសាកលវិទ្យាល័យត្រាវិញ

ក្នុងកិច្ចជំនួបនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ជូ ប៊ុន​​​​​​​​​ អេង​ បានមានប្រសាសន៍ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងប្រពៃណីល្អ។ ការជំនួយ​របស់​កងទ័ព​វៀតណាម​បាន​ជួយ​ឲ្យប្រជាជន​កម្ពុជា​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដើម្បីកសាង​និងស្ថាបនា​ប្រទេសជាតិ​ឡើងវិញ។

ប៉ុន្មានឆ្នាំមកនេះ សាកលវិទ្យាល័យត្រាវិញបានជ្រើសរើសនិស្សិត ហើយបានឧបត្ថម្ភអាហារូបករណ៍ និងកន្លែងស្នាក់នៅក្នុង​អន្តេវាសិកដ្ឋានដោយមាននិស្សិតកម្ពុជាចំនួន ១២៦ នាក់។ក្នុងនោះមាននិស្សិតបរិញ្ញាបត្ររងចំនួន ១០នាក់ និស្សិតកម្រិតបរិញ្ញាបត្រមានចំនួន ១១៦នាក់។ ក្នុងនោះ និស្សិតកម្ពុជាសិក្សាខាងជំនាញផ្នែកវេជ្ជសាស្ត្រ គិលានុបដ្ឋាក ការធ្វើតេស្តវេជ្ជសាស្រ្ត ហិរញ្ញវត្ថុនិងធានាគារ ការគ្រប់គ្រងពាណិជ្ជកម្ម និងអេឡិចត្រូនិក។

ក្នុងជំនួបនេះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា សកម្មភាពផ្ដល់ជំនួយលើវិស័យអប់រំ និងបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យត្រាវិញ ជម្រុញអោយចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជាមួយ​ថ្ងៃ​កាន់តែ​ស្អិត​រមួតថែមទៀត។

កម្ពុជាត្រូវការយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការ និងការជំនួយរបស់វៀតណាម និងខេត្តត្រាវិញលើវិ​ស័យ​អប់រំនិងបណ្តុះបណ្តាល សុខាភិបាល វប្បធម៌ និងកីឡា។ នាពេលខាងមុខនេះ សាកលវិទ្យាល័យត្រាវិញនឹងបន្តផ្តល់នូវអាហារូបករណ៍ និងជួយបណ្តុះ​បណ្តាល​ដល់សិស្សនិស្សិតកម្ពុជា ។ នេះ​ជា​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ខ្ពស់​ដែល​នឹង​ជួយ​កម្ពុជា​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រ​ទេស​ជាតិ៕

ប្រភព៖https://nhandan.vn/ho-tro-giao-duc-dao-tao-that-chat-tinh-cam-huu-nghi-viet-nam-va-campuchia-post713151.html

ប្រែ​សម្រួល​ដោយ៖ Thach Nhen

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ជំនួយលើវិស័យអប់រំ និងបណ្តុះបណ្តាល ពង្រឹងចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា