ទិវាស្វាគមន៍និស្សិតថ្មីដោយភាពកក់ក្ដៅនិងផ្សារភ្ជាប់នូវសេចក្ដីស្រឡាញ់រាប់អាន

GD&TĐ​ ថ្ងៃទី ៣ ខែតុលា សាកលវិទ្យាល័យត្រាវិញបានប្រារព្ធទិវាស្វាគមន៍និស្សិតឆ្នាំទី១ ក្រៅពីនេះក៏មានការចូលរួមរបស់សិស្សានុសិស្សពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀតផង ។

3-1

លោកសាស្រ្តាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញបានជូនអាហារូបករណ៍ដល់និស្សិត។

ថ្ងៃដំបូងក្លាយជានិស្សិតនៃសាកលវិទ្យាល័យត្រាវិញ

ចាប់ផ្ដើមពីម៉ោង ៦ព្រឹក ប្អូនៗនិស្សិតថ្មីឆ្នាំទី១ បានធ្វើដំណើរពីខេត្តកាម៉ាវ តំបន់ខ្ពង់រាបតីង្វៀន ខេត្តអានយ៉ាង,បានប្រមូលផ្ដុំគ្នាមកសាកលវិទ្យាល័យត្រាវិញប្រកបដោយអារម្មណ៍រំភើបញាប់ញ័រ ពេលបានក្លាយទៅជានិស្សិត។

បានដឹងថា ដើម្បីលើកកម្ពស់នៃបទពិសោធន៍របស់និស្សិតអន្តរជាតិនិយាយរួម និង សិស្សានុសិស្ស និស្សិតក្នុងស្រុកនិយាយដោយឡែក តាម​រយៈសកម្មភាពទំនាក់ទំនងវប្បធម៌ ការទស្សនានិង ការឆ្លងកាត់បទពិសោធន៍ជាក់ស្ដែង នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលសាកលវិទ្យាល័យត្រាវិញបានយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ ជាពិសេសក្នុងរយៈពេលកន្លងមកនេះ។

3-2

បណ្ដាមហាវិទ្យាល័យឯកទេសធ្វើពិធីទទួលស្វាគមន៍និស្សិតដើម្បីមកកាន់មហាវិទ្យាល័យរបស់ខ្លួនអមជាមួយនឹងកម្មវិធីសិល្បៈ។

ប្អូន Le Tu Quyen មកពីស្រុក Tran Van Thoi ខេត្ត កាម៉ាវ បានឲ្យដឹងថា៖ ក្នុងនាមខ្លួន​ ដែលបានក្លាយជានិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត នៃសាកលវិទ្យាល័យត្រាវិញ គឺជាក្តីប្រាថ្នា ដោយការខិតខំប្រឹងប្រែងរៀនសូធ្យយ៉ាងច្រើនដើម្បីនឹងសម្រេចបាន។ ថ្ងៃនេះជាថ្ងៃទួលស្វាគមន៍ប្អូនៗ ហើយប្អូនបាននិស្សិត​រៀមច្បងណែនាំនិងឧទ្ទេសនាមអំពីមហាវិទ្យា​​​​​​​ល័យ​និងមុខជំនាញបណ្ដុះបណ្ដាល ព្រមទាំងបានចូលរួមលេងល្បែងឆ្លើយពាក្យបណ្ដៅយ៉ាងសប្យាយរីករាយ។ ​ បណ្ដាសកម្មភាពទាំងអស់នេះ គឺជាការជំរុញទឹកចិត្តឲ្យប្អូនកាន់តែខិតខំប្រឹងរៀនសូធ្យឲ្យបានល្អដើម្បីរួមចំណែកក្នុងការកសាងប្រទេសជាតិ ។

3-3

 ការឆ្លើយពាក្យបណ្ដៅសប្បាយ ទទួលរង្វាន់របស់និស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត បានទាកទាញនិស្សិតយ៉ាងច្រើនចូលរួម។

ដោយជ្រាបនិងយល់ច្បាស់នូវភាពលំបាករបស់និស្សិត មានមហាវិទ្យាល័យជាច្រើនបានបង្កើតនូវផ្សារឥតគិតថ្លៃ រួមមានមុខទំនិញដូចជា អាហារនិងភេសជ្ជៈដែលនិស្សិតធ្វើដោយផ្ទាល់ខ្លួន។ រីឯលើវេទិការវិញមានកម្មវិធីពិសេសមួយដែលមិនអាចខ្វះបាន នោះគឺពីធីផ្ដល់អាហារូករណ៍ដល់និស្សិតក្នុងពេលប្រកបដោយសេចក្ដីកក់ក្ដៅមួយនេះ។

3-4

អាហារពិសេសដោយស្នាដៃបងៗនិស្សិត​ជំនាន់​មុនផ្ញើជូនដល់ប្អូនៗដែលជានិស្សិតថ្មី ដើម្បីសម្ដែងនូវការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលជាទីបំផុតសម្រាប់ប្អូនៗ។

ប្អូន Tran Thi Anh Thu ជានិស្សិតថ្មីនៃថ្នាក់​គណនេយ្យបានចែករំលែកយ៉ាងសោកសង្រេងថា៖ នៅផ្ទះ សាច់ញាតិរបស់ប្អូនតែងបារម្ភពីទីកន្លែងរស់នៅថ្មី កន្លែងហូបចុកថ្មី និងបញ្ហាសុខភាពផ្ទាល់ខ្លួន ដោយសាតែប្អូនទើបតែមករស់នៅទីនេះ។ ប៉ុន្តែនៅទីនេះប្អូនមានអារម្មណ៍ហាក់ដូចជាទីលំនៅឋានថ្មីមួយនេះ ប្រកបដោយភាពដ៏កក់ក្តៅ និងពោរពេញទៅដោយក្ដីស្រឡាញ់រាប់អាន។ ម្យ៉ាងវិញទៀតលោកគ្រូ អ្នកគ្រូ និងសិស្សច្បងតែងចែករំលែកអំពីការលំបាកចំពោះមុខ ដែលអាចកើតមានឡើងចំពោះនិស្សិតថ្មី ការចែករំលែកនេះជាដំណោះស្រាយសម្រាប់ពួកប្អូនអាចដោះស្រាយរាល់បញ្ហាដែលអាចកើតមានក្នុងពេលអនាគតដោយមិនមានឪពុកម្ដាយនៅជិត។ ប្អូន​មាន​ទំនុក​ចិត្ត​ថា ​ខ្លួន​នឹង​ធំដឹងក្ដីក្រោមគេហដ្ឋានប្រកបដោយពណ៌​បៃតង​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ។

ផ្ញើសារជូនពរដល់និស្សិតថ្មី លោក សាស្រ្តារង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញបានអបអរសាទរចំពោះប្អូនៗទាំងអស់ដែលទទួលបានជោគជ័យក្នុងការសិក្សារហូតដល់​បានក្លាយជានិស្សិតរបស់សាលា។

លោក​គ្រូ​បានកើនរំលឹក​ថា ប្អូន​ៗនឹងចាប់ផ្ដើមនៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារដើម្បី​មកសិក្សារៀន​​សូធ្យហេតុដូច្នេះហើយ​ពួកប្អូន​ត្រូវ​រស់នៅដោយខ្លួនឯងនិងធ្វើដោយខ្លួនឯងទាំងអស់ ​។ ទន្ទឹមនឹងនោះពួកប្អូនត្រូវតែរក្សាទំនាក់ទំនងជាមួយនឹងគ្រួសាររបស់ពួកប្អូនជានិច្ច ដើម្បីទទួលយកនូវការរួមដំណើរ ការលើកទឹកចិត្តរបស់គ្រួសារយើងជារៀងរហូត។ ការសិក្សារៀនសូធ្យ និងការប្រើថវិកាត្រូវមានគម្រោងច្បាស់លាស់និងត្រឹមត្រូវ ហើយឧស្សាហរណ៍ចូលបណ្ណាល័យមើលសៀវភៅដើម្បីលើកកម្ពស់និងពង្រឹងចំណេះដឹងក៏ដូចស្មារតីសិក្សា។ក្រៅពីនេះប្អូនចូលរួមក៏ត្រូវចូលរួមបណ្ដាសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីហ្វឹកហាត់នូវបំណិនការងារ បើជួបរឿងលំបាកត្រូវតែផ្ដល់ដំណឹងដល់អ្នកគ្រូ លោកគ្រូ និងគ្រូអចិន្រៃយ៍ដែលជាអ្នកនៅក្បែរជានិច្ចដើម្បីជំនួយគាំទ្រ។

3-5

 រាល់បណ្ដានំប៉័ងនិងគុយទាវមួយគោមត្រូវបានបងៗសិក្សាវគ្គមុនជូនទៅដល់ប្អូនៗនិស្សិតថ្មីសោយស្រូបអាហារដើម្បីកាត់បន្ថយនូវការគម្លាន។

ពេលវេលាសម្រាប់ទំនាក់ទំនង

ទិវាទទួលស្វាគមន៍និស្សិតថ្មីនៃសាលាសាកលវិទ្យាល័យត្រាវិញ កាន់តែមានអត្ថន័យដោយ​​មានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។​​ ក្នុងឱកាសនេះ ប្អូនៗសិស្សានុសិស្ស និស្សិតបានចែករំលែកចំណាប់អារម្មណ៍នូវចំណុចល្អៗ ដែលកំពុងតែរងចាំនៅពេលខាងមុខក្នុងឋានៈនឹងបានក្លាយជានិស្សិត។ ប្អូនៗក៏មិនបំភ្លេចនូវពាក្យ ដែលបានសន្យានឹងខិតខំប្រឹងប្រែងសិក្សារៀនសូធ្យទាំងអស់គ្នាដើម្បីកសាងជីវិត អាជីព និងមាតុភូមិរបស់ខ្លួន។

3-6

ការប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងសិក្សារៀនសូធ្យឲ្យល្អរបស់បណ្ដានិស្សិតសាកលវិទ្យាល័យត្រាវិញនិងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ។

នាឱកាសដ៏ឱឡារឹកនេះដែរ សិស្សានុសិស្សជាមួយនឹងអ្នកគ្រូ លោកគ្រូដែលមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ មានចំនួន ៤៥ រូប បានធ្វើការទស្សនានិងទទួលយកបទពិសោធន៍ជាក់ស្ដែងតាមរយៈការរស់នៅក្នុងអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ។ ប្អូនៗបានសម្របសម្រួលខ្លួន ជាមួយនឹងបរិយាកាសយ៉ាងឱឡារឹកនេះ។ ក្រៅពីនេះពួកគាត់ក៏បានចូលរួមសកម្មភាពជាច្រើនដូចជាធ្វើដំណើរទស្សនាទីក្រុងត្រាវិញ ទស្សនាមហាវិទ្យាល័យ បណ្ណាល័យ អគារសម្រាប់ការច្នៃប្រតិដ្ឋបន្ទប់ធ្វើពិសោធន៍ និងមន្ទីរពេទ្យនៃសាកលវិទ្យាល័យត្រាវិញ។

ក្រៅពីនេះ គ្រូនិងសិស្សសាលាវិទ្យាល័យព្រះស៊ីសុវត្ថិក៏បានធ្វើដំណើរទៅកាន់សាលាគរុកោសល្យអនុវត្ត ដើម្បីប្ដូរបទពិសោធន៍ និងចុះអត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងបាល់ទាត់រវាងសាលាទាំងពីរ។

3-7

បណ្ដានិស្សិតសាកលវិទ្យាល័យត្រាវិញនិងសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ

តំណាងថ្នាក់ដឹកនាំវិទ្យាល័យព្រះស៊ីសុវត្ថិ បានឲ្យដឹងថា សាលានេះមានប្រវត្តិតាំងពីសម័យបារាំងមកម្ល៉េះ ជាកន្លែងសិក្សាសម្រាប់ព្រះរាជបុត្រដែលជាវង្សត្រកូលព្រះមហាក្សត្រនិងឥស្សរជនក្នុងតំបន់។ សព្វថ្ងៃនេះ សាលា​អនុវត្តភារកិច្ច​ការងារ​អប់រំ​ប្រជាជន​ទាំង​មូល ដោយ​មាន​សិស្ស​ចំនួន ៤០០០នាក់។

ទិសដៅផែនការអប់រំតាមនៅសម័យទំនើបគឺ អប់រំសិស្សឱ្យមានបំណិនចេះវាយតម្លៃព័ត៌មាន ចេះធ្វើការងាក្រុម ចេះការបង្កើតនូវក្ដីបំណងប្រាថ្នា ចេះវិភាគ ដោះស្រាយបញ្ហា និងមានចំណេះដឹងអំពីបំណិនផ្ដើមអាជីព។ ចក្ខុវិស័យ និងបេសកកម្មនៃការបង្រៀនសិស្សត្រូវតែរួមបញ្ចូលគ្នាទាំងចំណេះដឹង និងទាំងបំណិន។

វិទ្យាល័យព្រះស៊ីសុវត្ថិបានដាក់ចេញនូវគោលដៅចំនួន៥គឺ៖ ស្វ័យភាព បទពិសោធន៍ជាក់ស្តែង ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ភាពច្នៃប្រតិដ្ឋក្នុងការបង្រៀន​ និងរៀនជាមួយគ្រូ និងសិស្ស។

3-8

ទំនាក់ទំនងកីឡារវាងសិស្សសាលាគរុកោសល្យអនុវត្តចំណុះសាកលវិទ្យាល័យត្រាវិញនិងសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។

 
រាល់បទពិសោធន៍ជាក់ស្តែងរបស់និស្សិតបរទេស នៅសាកលវិទ្យាល័យត្រាវិញពិតមានប្រយោជន៍ខ្លាំងណាស់សម្រាប់ភាគីទាំងពីរ។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានមានការចរចាគ្នាអំពីភូមិសាស្ត្រ វប្បធម៌ និងកិច្ចការសិក្សារៀនសូត្រ។ រាល់ចំណេះដឹងទាំងនេះបានជួយឲ្យសិស្សានុសិស្សមានការយល់ដឹងបន្ថែមអំពីភាពជាក់ស្ដែងលើវប្បធម៌ និងសង្គម ក៏ដូចជាឆ្លងកាត់បទពិសោធន៍សិក្សាជាក់ស្តែងក្នុងនាមជានិស្សិតនៅសាកលវិទ្យាល័យត្រាវិញផងដែរ។ ប្អូនៗក៏បានអ្នកគ្រូលោកគ្រូសាកលវិទ្យាល័យត្រាវិញ ផ្ដល់យោបល់ប្រឹក្សាពីការជ្រើសរើសនិស្សិតចូលសិក្សា ​ដើម្បីឲ្យប្អូនៗមានព័ត៌មានបន្ថែមអំពីមុខជំនាញល្បីៗរបស់សាកលវិទ្យាល័យត្រាវិញ សម្រាប់ជាធនធាននៃការសម្រេចចិត្តជ្រើសរើសមុខជំនាញ ជ្រើសរើសសាលាសិក្សានាថ្ងៃអនាគត។ 

ប្រភព៖ https://giaoducthoidai.vn/ngay-hoi-chao-don-tan-sinh-vien-am-ap-ket-noi-nhung-yeu-thuong-post610363.html

ប្រែ​សម្រួល​ដោយ៖​ Thach Nhen

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវាស្វាគមន៍និស្សិតថ្មីដោយភាពកក់ក្ដៅនិងផ្សារភ្ជាប់នូវសេចក្ដីស្រឡាញ់រាប់អាន