និស្សិតផ្នែក​​វិស្វកម្មបរិស្ថានដោះដូរនឹងអ្នកឯកទេសផ្នែក​បរិស្ថាននៃសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត Saxion – ហូឡង់

(TVU) – នាថ្ងៃទី០៣ខែតុលាឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យា​បរិស្ថាននៃសាកលវិទ្យាល័យត្រាវិញរួមជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត Saxion (Saxion University of Applied Sciences)នៅ Enschede នៃប្រទេសហូឡង់បាន​ចាត់​តាំង​​​​កម្មវិធីក្រោមប្រធានបទ ​«ពិភាក្សានិងសំណេះសំណាលពីឱកាសសិក្សាមុខជំនាញវិស្វកម្ម​បរិស្ថាន» ដើម្បីជាឱកាសទៅ​សិក្សា ធ្វើការ និងបញ្ហាអាហារូបករណ៍សម្រាប់និស្សិតរៀនមុខជំនាញវិស្វកម្ម​​បរិស្ថាន ទន្ទឹមនឹងការ​បង្កើនអនុវត្តគម្រោង​ «ដោះដូរនិស្សិត» រវាងវិទ្យាស្ថាន​ទាំង​ពីរ។

7-1

ក្នុងកម្មវិធី និស្សិតទាំងអស់​បានដោះដូរទំនាក់ទំនងនឹងបណ្ដាសាស្ត្រាចារ្យ និងបណ្ឌិតជំនាញផ្នែកវិស្វកម្ម​បរិស្ថាននិងបច្ចេកវិទ្យានៃការចម្រោះ​ទឹក។ ផ្នែកខាងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត Saxion មានវត្តមាននៃលោកសាស្ត្រាចារ្យ Harry Futselaar។ ចំណែកខាងសាកលវិទ្យាល័យត្រាវិញមានវត្តមានរបស់លោកស្រីបណ្ឌិត Tran Thi Ngoc Bich និងលោកបណ្ឌិត Nguyen Thanh Tuu ដែល​ជា​អនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យា​បរិស្ថាននៃសាកល​វិទ្យាល័យ​ត្រាវិញ។

សាស្ត្រាចារ្យ Harry Futselaar បានសន្និដ្ឋានថា៖ «ទឹកជាធនធានធម្មជាតិមួយដែលមានសារៈសំខាន់យ៉ាង​ខ្លាំង​ ដូច្នេះយើងត្រូវមានផែនការជា​បន្ទាន់ដើម្បីការពារ និងប្រើប្រាស់ឡើង​វិញប្រកបដោយប្រសិទ្ធិភាព»។ លោកបាននិយាយថា តម្រូវការប្រើប្រាស់ និងស្ថានភាពកង្វះទឹកស្អាតទូទាំងពិភពលោកកំពុងប្រឈម​នឹងបញ្ហាដែល​គួរឱ្យ​កត់សម្គាល់។ លោកបានបង្ហាញទៀត​ថា អំពីបច្ចេកវិទ្យាចម្រោះទឹកដែលកំពុងបានអនុវត្តប្រើប្រាស់នៅហូឡង់គឺ​​បច្ចេកវិទ្យាចម្រោះទឹក Nano ហើយ​​បច្ចេក​វិទ្យា​នេះ​មាន​អត្ថប្រយោជន៍​គឺប្រព័ន្ធចម្រោះទឹកដោយ​​រំងាប់​បាក់តេរី​​ដែលបង្កគ្រោះថ្នាក់ ថែមទាំងបំបាត់ពណ៌ និងរសជាតិនៃទឹក ជួយឱ្យទឹកត្រឡប់​មកភាពបរិសុទ្ធ គ្មានពណ៌ គ្មានក្លិន។

កន្លង​មក សាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត Saxion បាន​សហការជាមួយសាកលវិទ្យាល័យ Ton Duc Thang ធ្វើការពិសោធ​ដោយជោគជ័យលើសំណាកទឹកក្នុងប្រព័ន្ធទន្លេ Saigonនិងទីក្រុងហូជីមិញ។ នាពេលខាងមុខ បច្ចេកវិទ្យានេះនឹងត្រូវបាន​អនុវត្តសម្រាប់និស្សិតនៃសាកលវិទ្យាល័យត្រាវិញនឹងទៅសិក្សាផ្ទាល់ដើម្បីចម្រោះទឹកនៅ​ទន្លេ Long Binh ក្នុងខេត្តត្រាវិញ។

យោងតាមសាស្ត្រាចារ្យ Harry Futselaar ផងដែរ៖ សិស្សនិស្សិតគឺជា​ស្រទាប់​បញ្ញាវន្ត​ ម៉្លោះ​ហើយ​ងាយស្រួលស្រូបយកបច្ចេកវិទ្យាថ្មីៗ មានភាពស្វាហាប់ ហ៊ានសាកល្បង និងហ៊ានធ្វើ។ កិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​បរិស្ថាន-សាកលវិទ្យាល័យត្រាវិញ ដើម្បីអនុវត្តគម្រោង «ដោះប្តូរនិស្សិត» រវាងវិទ្យាស្ថាន​ទាំងពីរ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សក្នុងការពិសោធជាមួយបច្ចេកវិទ្យាពិតៗ​។ល។ ជាក់ស្តែង យើងនឹងនាំនិស្សិតពី ០២ ទៅ ២៥​នាក់ រួមទាំងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត Saxion និងនិស្សិតមួយចំនួនមកពីប្រទេសឥណ្ឌូនេស៊ី នឹងមកប្រទេសវៀតណាម ដើម្បីសិក្សា និងស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​បរិស្ថាននៃសាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យត្រាវិញ នឹងបញ្ជូននិស្សិត   នៃមុខជំនាញបរិស្ថាន​​ទៅកាន់ប្រទេសហូឡង់ ដើម្បីសិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត Saxion។ ហើយប្រសិនបើ អ្នកមានជំនាញគ្រប់គ្រាន់ អ្នកអាចអនុវត្តទាំងស្រុងនៅក្នុងក្រុមហ៊ុនមួយចំនួនដែលទាក់ទងនឹងបច្ចេកវិទ្យាចម្រោះ​​ទឹកនៅក្នុងប្រទេសហូឡង់តាម​បែប​ CO.OP ដោយសិក្សា និងធ្វើការក្នុងរយៈពេល ៥ខែ។

7-2

ក្នុងកម្មវិធីសំណេះសំណាល សិស្សានុសិស្សបានស្ដាប់មិត្ត Tran Minh Nhut ជាអតីតនិស្សិតថ្នាក់បច្ចេកវិទ្យាបរិស្ថានជំនាន់ឆ្នាំ២០១៧ ចែករំលែក​ទពិសោធន៍ក្នុងការសិក្សានិងស្រាវជ្រាវរបស់ខ្លួន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត Saxion អស់រយៈកាល០៥ខែមកនេះ។ Minh Nhut ជានិស្សិតបានទទួលអាហារូបករណ៍ពេញពីកម្មវិធីErasmus + សម្រាប់និស្សិតដែលមានស្នាដៃក្នុងការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យា។

Minh Nhut បានថ្លែងថា៖ «ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៅ​ប្រទេសហូឡង់ ខ្ញុំមិនដឹងពឹងពាក់នរណានិងមានអារម្មណ៍ប្លែកណាស់​ដោយភាពខុសគ្នានៃវប្បធម៌ បរិស្ថាន ជាពិសេសគឺភាសា។ រៀនភាសាអង់គ្លេសពីសៀវភៅ និងភាសាអង់គ្លេសប្រើប្រាស់ជាក់​ស្ដែង ខុសគ្នាឆ្ងាយណាស់ មានបច្ចេកសព្ទអង់គ្លេសខ្លះដែលខ្ញុំមិនអាចយល់បាន វាធ្វើឱ្យខ្ញុំពិបាកខ្លាំងណាស់។ យ៉ាងណាក៏ដោយ Minh Nhut បានសង្កត់ធ្ងន់ថា៖ «ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ វានឹងជួយបង្កើតសម្ពាធគ្រប់គ្រាន់សម្រាប់យើងក្នុងការក្រេបយកនិងបំពេញចំណេះដឹង ចេះសម្របខ្លួន ប្រសិនបើអ្នកមានការប្តេជ្ញាចិត្តគ្រប់គ្រាន់ និងបង្វែរ​វាទៅជាសកម្មភាពជាដើម។ល។ អ្វីដែលអ្នកអាចធ្វើបានដោយខ្លួនឯងគឺ ជំនាញទន់ និងរៀនរស់នៅដោយខ្លួនឯង។ នៅឆ្ងាយពី​ស្រុកកំណើត​ អ្នកនឹងត្រូវរៀនពីរបៀបថែរក្សាខ្លួនអ្នក បង្កើតតម្លៃផ្ទាល់ខ្លួនរបស់អ្នកនៅបរទេស។ នេះ​នឹង​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ក្នុង​ការ​លត់ដំ និងកែលម្អខ្លួនឲ្យកាន់​តែ​មានភាព​រីកចម្រើនទៅមុខទៀត។ ខ្ញុំបានសាកល្បងវា និងធ្វើបាន អ្នកក៏អាចធ្វើបានដែរ។ Let’s “try and do”!»

យោងតាមសាស្ត្រាចារ្យ Harry Futselaar៖ «រឿងដំបូងដែលអ្នកត្រូវការគឺអាកប្បកិរិយា ដើម្បីទៅសិក្សានៅបរទេស អ្នកត្រូវតែមានការតាំងចិត្តយ៉ាងមុតមាំក្នុងការសិក្សា និងបង្ហាញវាដោយសកម្មភាពជាក់ស្តែងដើម្បីបង្ហាញដល់ពួកយើងដូចជា៖ ឥឡូវនេះ អ្នកត្រូវតែរៀនបន្ថែមនិងកែលម្អភាសាបរទេស ដោយសារវាជាបរិយាកាសទំនាក់ទំនងភាសាអង់គ្លេស ១00% ប្រសិនបើអ្នកមិនពូកែភាសាអង់គ្លេសទេ វានឹងពិបាកសម្រាប់ពួកយើងក្នុងការទំនាក់ទំនង និងគាំទ្រអ្នកក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ វាពិបាកណាស់ក្នុងការស្វែងរកឯកសារ។ល។»

7-3

យោងតាមលោកស្រី បណ្ឌិត Tran Thi Ngoc Bich - អនុប្រធាននៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​បរិស្ថាន នាពេលខាងមុខ អ្នកត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយគ្រូបង្រៀនក្នុងវិទ្យាស្ថាន ចូលរួមក្នុងគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថាន ដើម្បីសម្របខ្លួនឯងអំពីបរិយាកាសការងារ។ អ្នកត្រូវបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការស្រូបយក និងថាមពលវិជ្ជមាន ដើម្បីលោក​គ្រូ អ្នក​គ្រូ​ «ផ្ញើ​នូវ​ទំនុក​ចិត្ត​» ផ្តល់ឱកាសអភិវឌ្ឍន៍ដល់សិស្សដែលមានសក្តានុពលដែលសក្ដិសមនឹង​​ទទួល​បាន​​។

7-4

លោក Nguyen Thanh Tuu - អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​បរិស្ថានបានឲ្យដឹងថា នាពេលខាងមុខ វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​បរិស្ថាន- សាកលវិទ្យាល័យត្រាវិញ នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាល «លើកកម្ពស់ការយល់ដឹងរបស់និស្សិត​អំពីដំណោះស្រាយថាមពលកកើតឡើងវិញ និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ» អប់រំនិស្សិត​ឱ្យលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន ពោលគឺការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងសមហេតុផល។ ការកែច្នៃទឹកក្នុងស្រុក; កសាងកសិកម្មបៃតង និយាយថាទេចំពោះថ្នាំបង្ការសត្វល្អិត និងថ្នាំសម្លាប់សត្វល្អិត ទាញយកប្រយោជន៍ពីសត្រូវធម្មជាតិ ដើម្បីរក្សាភាពបរិសុទ្ធនៃទឹកក្រោមដី។ល។

7-5

 អត្ថបទដោយ៖ Chan Thanh Ngan – Phung Hoang Long

ប្រែសម្រួលដោយ៖ Thach Hoang Em

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតផ្នែក​​វិស្វកម្មបរិស្ថានដោះដូរនឹងអ្នកឯកទេសផ្នែក​បរិស្ថាននៃសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត Saxion – ហូឡង់