ផ្ដល់ជូនអាហារូបករណ៍ជាង៩០០លានដុងសម្រាប់និស្សិតដែលជំនះភាពលំបាក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 ធ្នូ 2022
- ចុចដង៖ 210
(GSV-GV.TVU)– នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា និស្សិតជាង៥០០នាក់ បានជួបជុំគ្នានៅសាលប្រជុំD5 មណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ ដើម្បីចូលរួមកម្មវិធីសិល្បៈអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងរំលឹកអនុស្សាវរីយ៍៤០ឆ្នាំនៃទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០/១១/១៩៨២ - ២០/១១/២០២២) រួមជាមួយនឹងការផ្តល់ជូនអាហារូបករណ៍ដល់និស្សិតដែលជម្នះការលំបាក ក្នុងបរិយាកាសរីករាយអមជាមួយនឹងឈុតសម្តែងពិសេសជាច្រើននិងគួរឱ្យរំភើបចិត្ត។
ចូលរួមក្នុងកម្មវិធីនេះ មានវត្តមានរបស់ លោកបណ្ឌិត Nguyen Tan Dung អនុប្រធានក្រុមប្រឹក្សា; លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ តំណាងគណៈប្រតិបត្តិនៃសហភាពយុវជនខេត្តត្រាវិញ បណ្ដាអ្នកឧបត្ថម្ភ បុគ្គល សហគ្រាស ជាមួយនឹងគ្រូបង្រៀនបណ្ដាមហាវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌលចំណុះសាលា។
សុន្ទរកថាស្វាគមន៍ លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសហគ្រាស បណ្ដាអ្នកឧបត្ថម្ភទាំងក្នុងនិងក្រៅប្រទេស ដែលបានរួមដំណើរជាមួយយើងខ្ញុំក្នុងរយៈពេលបង្កើតនិងអភិវឌ្ឍន៍សាលា។ ក្នុងឱកាស ទិវាគ្រូបង្រៀនវៀតណាម សូមប្រសិទ្ធពរជ័យជូនដល់ទាំងអស់លោកអ្នកភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតនៃសាលាទាំងមូល មានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច។ ទន្ទឹមនោះ សាកលវិទ្យាធិការរង បានកោតសរសើរចំពោះសមិទ្ធិផលរបស់សិស្សនិស្សិតនិងគណៈប្រតិបត្តិការសម្ព័ន្ពយុវជន និងសមាគមនិស្សិតសាលាបានចាត់តាំងសកម្មភាពជាច្រើនអបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកាឆ្នាំនេះ។
លោកស្រីរំពឹងទុក នាពេលខាងមុខ សិស្សនិស្សិតទាំងឡាយ និងអង្គភាពនានានឹងបន្តរួមដំណើរជាមួយ ក្នុងការអភិវឌ្ឍន៍ចលនាសម្ព័ន្ធយុវជននិងសមាគមនិស្សិតនៃសាកលវិទ្យាល័យ ឲ្យមានការរីកចម្រើនថែមទៀត។
កម្មវិធីមានឈុតសម្តែងសិល្បៈចម្រុះជាច្រើនប្រភេទដូចជា៖ ច្រៀងឆ្លងឆ្លើយ ច្រៀងជាពួក របាំ ច្រៀងរាំ រាំទំនើប... ដោយមានខ្លឹមសារសរសើរអំពីបក្ស អ៊ំហូ សរសើរទឹកចិត្តស្រលាញ់មាតុភូមិ ប្រទេសជាតិ លោកគ្រូ អ្នកគ្រូ និងសាលា។
បានដឹងថា ឆ្នាំនេះ សម្ព័ន្ធយុវជននិងសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញបានរៀបចំពិធីមហោស្រពកីឡាប្រពៃណី ដើម្បីអបអរសាទរអនុស្សាវរីយ៍ ៤០ឆ្នាំ នៃទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០/១១/១៩៨២ - ២០/១១/២០២២) និងអបអរសាទរមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទី១១ អាណត្តិ ២០២២ - ២០២៧។
មហោស្រពគីឡាបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩/១០ ដល់ថ្ងៃទី ១៨/១១/២០២២ ដោយបានទាក់ទាញកីឡាករជាង ៥០០នាក់មកពីអង្គភាពក្រោមការដឹកនាំរបស់សម្ព័ន្ធយុវជន សមាគមនិស្សិតនៃសាកលវិទ្យាល័យ ចូលរួមក្នុងការប្រកួតប្រជែងរួមមាន៖ បាល់ទាត់និស្សិតប្រុស-ស្រី; បាល់ទះនិស្សិតប្រុស-ស្រី; ក្រុមកីឡាវាយសី; ការប្រកួតសហទ័ព Mobile និងការប្រកួត “កីឡាកាយវប្បកម្មរបស់សិស្សនិស្សិត”។
គណៈកម្មការរៀបចំមហោស្រពកីឡាបានប្រគល់រង្វាន់ជ័យលាភី លេខ១ ចំនួន០៧រង្វាន់ លេខ២ ចំនួន០៧ រង្វាន់ លេខ៣ ចំនួន០៧រង្វាន់ រង្វាន់លើកទឹកចិត្តចំនួន០៧រង្វាន់សម្រាប់គ្រប់វិញ្ញាសា និង០២រង្វាន់ដល់កីឡាករឆ្នើមក្នុងការប្រកួតបាល់ទាត់និស្សិតប្រុស-ស្រី។ ក្រៅពីនេះ អង្គភាពពាក់ព័ន្ធក៏បានរៀបចំសកម្មភាពជាច្រើននៅអង្គភាព ដើម្បីបង្កើតបរិយាកាសរំភើបរីករាយដល់និស្សិតរបស់សាលាទាំងមូល។
ក្នុងឱកាសនេះ មូលនិធិសប្បុរសធម៌បញ្ញា; មូលនិធិអាហារូបករណ៍ វីរជន Nguyen Thai Binh; អាហារូបករណ៍ Fondation de la Chenelière របស់សាស្តាចារ្យ Vu Van Truong; អាហារូបករណ៍សម្រាប់អង្គការសប្បុរសធម៌នៅបារាំង "Les Amis de France"; ក្រុមអតីតនិស្សិតវៀតណាមនៅសាកលវិទ្យាល័យ Los Banos (ហ្វីលីពីន); អាហារូបករណ៍រង្វង់ដៃសន្តិភាពរបស់អនុបណ្ឌិត Tran Khanh Tuyet។
ក្រុមហ៊ុនភាគហ៊ុនទន្តសាស្ត្រ Viet Đang(ទីក្រុងហូជីមិញ); អង្គការសប្បុរសធម៌ Tzu-Chi តៃវ៉ាន់នៅវៀតណាម និងក្រុមហ៊ុន Bao Minh ត្រាវិញ បានបរិច្ចាគថវិកាចំនួន ៣០លានដុង ដល់មូលនិធិអាហារូបករណ៍របស់សាលាសម្រាប់ជូននិស្សិតចំនួន១៥៦នាក់ ដែលឆ្លងកាត់ភាពលំបាកក្នុងការសិក្សា។ តម្លៃសរុបនៃអាហារូបករណ៍ខាងលើជាង៩០០លានដុង។
តំណាងដល់បណ្ដានិស្សិតដែលបានទទួលអាហារូបករណ៍ ប្អូន Nguyen Ngo Thanh Hang និស្សិតថ្នាក់បរិញ្ញាបត្រទន្តវទនសាស្ត្រឆ្នាំ២០១៨ បានថ្លែងអំណរគុណនិងសម្តែងនូវសេចក្តីរីករាយដែលបានទទួលអាហារូបករណ៍ពីអ្នកឧបត្ថម្ភ។
Thanh Hang បានឲ្យដឹងថា បណ្ដាអាហារូបករណ៍ដ៏មានតម្លៃទាំងនេះបង្កើតលក្ខណៈសម្រាប់ប្អូនៗស្ងប់ចិត្តក្នុងការសិក្សា។ ប្អូននិងបណ្ដាមិត្តដែលបានទទួលអាហារូបករណ៍នឹងខិតខំសិក្សានិងអនុវត្តឱ្យបានល្អ ដើម្បីបំពេញតាមការរំពឹងទុករបស់លោកគ្រូ អ្នកគ្រូ និងអ្នកឧបត្ថម្ភ៕
អត្ថបទដោយ៖ Hoang Nam – Nhut Hao
ប្រែសម្រួលដោយ៖ Thach Sang